មន្ត្រីសង្គមស៊ីវិលស្នើដល់រដ្ឋាភិបាល ជ្រើសរើសមន្ត្រីជំនាញកសិកម្មមានបទពិសោធន៍ ចេញពីសហគមន៍ជាអាទិភាព។ ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងសារនយោបាយ អំពីការបញ្ជូនមន្ត្រីជំនាញកសិកម្មទៅតាមមូលដ្ឋាន ។
មន្ត្រីសង្គមស៊ីវិល ស្នើដល់រដ្ឋាភិបាល ពិចារណាពីលក្ខណៈសម្បត្តិរបស់មន្ត្រីជំនាញកសិកម្ម ដែលនឹងត្រូវចុះទៅមូលដ្ឋាន តាមឃុំសង្កាត់នានាដោយ ផ្ដល់អាទិភាពអ្នកស្ម័គ្រចិត្តនៅមូលដ្ឋាន ដែលមានបទពិសោធន៍ជាក់ស្ដែង ក្នុងការដាំដុះ និងចិញ្ចឹមសត្វ។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន ថ្លែងនៅលើហ្វេសប៊ុក (Facebook)ថា ដើម្បីជ្រើសរើសមន្ត្រីជំនាញកសិកម្មនៅមូលដ្ឋាន រដ្ឋាភិបាលត្រូវពិចារណា រើសអ្នក ដែលមានទាំងសញ្ញាបត្រ និងបទពិសោធន៍ជាក់ស្ដែង ថែមទាំងមានសមត្ថភាពធ្វើផែនការ ការកៀរគរធនធាន និងប្រើប្រាស់ធនធានសហគមន៍ដែលមាន។ លោក ថេង សាវឿន ឲ្យដឹងទៀតថា អ្នកជំនាញ ដែលត្រូវជ្រើសរើសនោះ ត្រូវតែមានជំហរឯករាជ្យ មានទំនាក់ទំនងល្អគ្រប់ភាគី និងដឹងពីតម្រូវការ និងកង្វល់របស់កសិករ។
លោក ថេង សាវឿន៖ «គឺថាត្រូវតែរៀបចំមន្ត្រីជំនាញ រួមជាមួយនិងអ្នកជំនាញវិស័យកសិកម្មក្នុងការចុះអន្តរាគមន៍ និងដោះស្រាយភ្លាមៗ ហើយពិសេសទៅទៀតនោះ គឺការបណ្ដុះបណ្ដាលមន្ត្រីកម្រិតថ្នាក់ស្រុក ថ្នាក់ឃុំ និងថ្នាក់ខេត្តឲ្យមានជំនាញក្នុងការសម្របសម្រួល ជំនាញក្នុងការរកស្វះស្វែងក្នុងការដោះស្រាយ»។
ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងសារពីការជ្រើសរើសមន្ត្រីជំនាញកសិកម្ម ដើម្បីបញ្ជូនទៅមូលដ្ឋាន។
លោក ហ៊ុន ម៉ាណែត៖ «អ៊ីចឹងការពង្រឹងមន្ត្រីកសិកម្មទៅឃុំ សុំរើសឲ្យបានត្រូវ តម្លាភាព យុត្តិធម៌ឲ្យចំជំនាញ ហើយការពង្រាយមានផែនការច្បាស់លាស់ ហើយធានាឲ្យបាននូវប្រសិទ្ធភាពការងារឲ្យបងប្អូន ធានាក្របខណ្ឌថវិកា ធានាអីដើម្បីជួយ ជំនាញបន្តទៀត»។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងរដ្ឋមន្ត្រីក្រសួងកសិកម្មលោក ឌិត ទីណា ដើម្បីសុំការឆ្លើយតបចំពោះបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី៣០ សីហា។
ទាក់ទងនឹងបញ្ហានេះ កសិករដាំស្រូវ នៅខេត្តបាត់ដំបងលោក នី វណ្ណៈ រីករាយនៅពេលដែលរដ្ឋាភិបាលគ្រោងនឹងដាក់មន្ត្រីជំនាញកសិកម្មទៅតាមឃុំនីមួយ។ លោកស្នើដល់ក្រសួងកសិកម្មស្វែងរកទីផ្សារកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពកសិករ។
លោក នី វណ្ណៈ៖ «អាហ្នឹងកាន់តែល្អបង យើងមានអ្នកឲ្យយោបល់យើងកាន់តែច្រើន យើងកាន់តែល្អហើយបង។ ជាចុងក្រោយហ្នឹងគ្មានអ្វីទេមានតែចង់សំណូមពរឲ្យតែស្រូវថ្លៃប្រហែលតែឆ្នាំនេះ រាល់ឆ្នាំទៅបានហើយ»។
ប្រទេសកម្ពុជាមានឃុំសង្កាត់ចំនួន ១៦៥២។ រដ្ឋាភិបាលអាណត្តិទី៧នេះ មានផែនការដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនៅគ្រប់ឃុំសង្កាត់នៅទូទាំងប្រទេសជាពិសេសឃុំសង្កាត់ណា ដែលមានសក្ដានុពលខ្ពស់ផ្នែកកសិកម្ម។ ទោះជាបែបនេះ ក្ដីសង្គមស៊ីវិល ស្នើដល់រដ្ឋាភិបាលពិចារណាជ្រើសរើសមន្ត្រី ដែលមានទាំងចំណេះដឹង និងបទពិសោធន៍ ជាពិសេសធ្លាប់ទទួលបានជោគជ័យពីការធ្វើកសិកម្ម ក្នុងសហគមន៍មូលដ្ឋានរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។