ទិន្នផល​ទុរេន​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​រង​ផល​ប៉ះពាល់ ដោយសារ​អាកាសធាតុ​ក្តៅ

ដោយ ទីន ហ្សាការីយ៉ា
2024.05.08
ទិន្នផល​ទុរេន​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​រង​ផល​ប៉ះពាល់ ដោយសារ​អាកាសធាតុ​ក្តៅ ចម្ការទុរេនមួយកន្លែង​នៅស្រុកឈូក ខេត្ត​កំពត។
រូប៖ ក្រសួង​ព័ត៌មាន

បញ្ហា​អាកាសធាតុ​ឡើង​កម្ដៅ​បាន​បំផ្លាញ​ផលដំណាំ​ទុរេន​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​។ កសិករ​ដាំ​ទុរេន​ត្អូញត្អែរ​ថា ឆ្នាំនេះ​ពួកគាត់​ទទួល​ការ​ខាតបង់​ធ្ងន់ធ្ងរ ដោយសារ​រលក​កម្ដៅ​បាន​បំផ្លាញ​ទិន្នផល និង​សម្លាប់​ដើម​ទុរេន​អស់​មួយ​ចំនួន​ហើយ តម្លៃ​ទុរេន​បែរ​ជា​ធ្លាក់ចុះ​ទៅ​វិញ។

ទុរេន គឺជា​ដំណាំ​ហូប​ផ្លែ​តាម​រដូវ ដែល​មាន​តម្លៃ​ល្អ និង​ទីផ្សារ​ទូលាយ​។ ប៉ុន្តែ​ការ​ដាំ​ទុរេន​ត្រូវ​ប្រឈម​នឹង​បញ្ហា​សំខាន់ៗ​មួយ​ចំនួន មាន​ដូចជា ចំណាយ​ដើមទុន​ច្រើន និង​ការ​ថែទាំ​ខ្ពស់ ហើយ​ប្រសិនបើ​ទុរេន​ប្រឈម​នឹង​ជំងឺ ឬ​សត្វល្អិត​មក​យាយី និង​អាកាសធាតុ​មិន​អំណោយ​ផល​នោះ​កសិករ​នឹង​ត្រូវ​ខាតបង់​ច្រើន​ជាង​ដំណាំ​ផ្សេងៗ។

ជាក់ស្ដែង​នៅក្នុង​រដូវប្រាំង ដ៏​ក្ដៅ​ហួតហែង និង​គ្មាន​ភ្លៀង​កក់ខែ ដែល​អូស​បន្លាយ​តាំង​ពី​ដើម​ឆ្នាំ​មក​នេះ​បាន​ធ្វើ​បាប​កសិករ​អ្នក​ដាំ​ទុរេន​សឹង​គ្រប់គ្នា ដោយសារ​ភាពរាំងស្ងួត បាន​បំផ្លាញ​ទិន្នផល និង​តម្លៃ​ធ្លាក់ចុះ។

កសិករ​ម្ចាស់​ចម្ការ​ទុរេន នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ លោកស្រី ម៉ៅ សាម៉ែន ត្អូញត្អែរ​ថា ទិន្នផល​ទុរេន​ឆ្នាំនេះ ថយ​ចុះ​ជាង​ឆ្នាំមុនៗ​ស្ទើរ​ពាក់​កណ្ដាល ដោយសារ​អាកាសធាតុ​ក្ដៅ​ខ្លាំង នាំ​ឱ្យ​មិន​សូវ​ចេញ​ផ្កា ឬ​ពេល​ចេញ​ផ្លែ​មក​បែរជា​ប្រេះ​សំបក​មុន​អាយុ​កំណត់​ដែល​ត្រូវ​បេះ​។ អ្នកស្រី​បន្ត​ថា ដោយសារ​ទុរេន​មិនសូវ​មាន​គុណភាព និង​ពិបាក​លក់​ចេញ បាន​ធ្វើ​ឱ្យ​លោកស្រី ខាតចុង​ខាតដើម និង​ខ្វះខាត​ដើមទុន​សម្រាប់​ដាំ​នៅ​ឆ្នាំ​ក្រោយ​ទៀត។

លោកស្រី ម៉ៅ សាម៉ែន៖ «បើ​យើង​ស្រោច​ទឹក គ្រាន់តែ​ថា​យើង​អាច​ស្រោច​បាន​កុំឱ្យ​ដើម​វា​ងាប់​។ តែ​រឿង​ផ្លែ​វា​ដែល​ត្រូវ​កម្ដៅថ្ងៃ​ខ្លាំង​ហ្នឹង យើង​អត់​អាច​ការពារ​វា​បានទេ​។ បើសិន​ជាដើម​ណា​ស្ទើរ​ស្លឹក​អី​អ៊ីចឹង វា​ត្រូវ​ខ្យល់​ត្រូវ​ថ្ងៃ​ក្ដៅ​ខ្លាំង​អ៊ីចឹង វា​ប្រេះ​វា​ខូច​ហើយ​។ ជួនកាល​ប្រេះ​ខូច​អស់​មួយ​ដើម ជួនកាល​ដើម​ខ្លះ​វា​អត់​សូវ​ត្រូវ វា​ប្រេះ​ខូច​អស់​ខ្លះៗ​អី​អ៊ីចឹង»

ជាទូទៅ កសិករ​ប្រមូល​ផល​ទុរេន​នៅ​រដូវក្ដៅ ចន្លោះ​ពី​ពាក់កណ្ដាល​ខែ​ឧសភា ដល់​ខែ​កក្កដា​។ បើ​ទោះបី វា​ផ្ដល់​ផល​ច្រើន​នៅ​រដូវប្រាំង តែបើ​អាកាសធាតុ​ក្ដៅ​ខ្លាំងពេក វា​ក៏​មាន​ផល​ប៉ះពាល់​ដល់​គុណភាព និង​រសជាតិ​របស់​វា​ផង​ដែរ​។ ជាក់ស្ដែង នៅ​ដើមឆ្នាំ​២០២៤ នេះ អាកាសធាតុ​បាន​ហក់​ឡើង​ដល់​សីតុណ្ហភាព​ជាង ៣០​អង្សា​សេ រហូតដល់​ជាង ៤០​អង្សា​សេ ដែល​ធ្វើ​ឱ្យ​ផ្លែ​ទុរេន​ដែល​ត្រៀម​ប្រមូល​ផល​បាន​ប្រេះ​សំបក​ចូល​ខ្យល់។

មិន​ខុសពី​ម្ចាស់​ចម្ការ​ទុរេន​នៅ​ខេត្ត​ត្បូងឃ្មុំ មួយ​នោះ​ទេ តែ​ចំពោះ​អ្នក​ដាំ​ទុរេន​នៅ​ខេត្ត​បាត់ដំបង វិញ បាន​ជួប​ទុក្ខ​ទ្វេដង ដោយសារ​ផ្លែ​ទុរេន​មិន​អំណោយ​ផល​ហើយ ថែមទាំង​ងាប់​ដើម​អស់​មួយចំនួន​ថែមទៀត។

ជាក់ស្ដែង កសិករ​ម្ចាស់​ចម្ការ​ទុរេន នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង លោក ប៉ាន់ សុភឿន ថ្លែង​ថា បញ្ហា​អាកាសធាតុ​ក្ដៅ បណ្ដាល​ឱ្យ​ផ្លែ​ទុរេន​ជ្រុះ​ខូច មិន​សូវ​មាន​ទម្ងន់ និង​ទំហំ​តូច ទុំ​លឿន​ជាង​មុន ប្រេះ​បែក ហើយ​មិន​លូត​លាស់​ដល់​គុណភាព និង​ទំហំ​តាម​ស្តង់ដារ ដែល​អាច​លក់​បាន​តម្លៃ​ថ្លៃ​នោះ​ទេ​។ លោក​បន្ត​ថា រលក​កម្ដៅ​នា​រដូវប្រាំង​នេះ បាន​ធ្វើ​ឱ្យ​ដើម​ទុរេន​របស់​លោក​ងាប់​ជាង ៣០​ដើម ដែល​នេះ​គឺជា​ការខាតបង់​មួយ​ដ៏​ធ្ងន់ធ្ងរ សម្រាប់​អ្នក​ដាំ​ទុរេន​ខ្នាត​តូច​ដូច​លោក។

លោក ប៉ាន់ សុភឿន៖ «ខាត​បង​! ខាត​ហើយ​ឆ្នាំនេះ​។ ចំណាយ​លើទឹក​ផង ចំណាយ​លើ​ជី​ផង អស់​ច្រើន​ឆ្នាំនេះ ហើយ​កើត​ផល​បាន​តិច​ជាង​ឆ្នាំមុន​ឆ្ងាយ អស់​ពាក់​កណ្ដាល»

កាលពី​ថ្ងៃទី​២ ខែ​មីនា ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី​២ ចាប់ពី​ខែ​មីនា ដល់​ខែ​ឧសភា ថា សីតុណ្ហភាព​នៅ​រដូវប្រាំង​ឆ្នាំ​២០២៤ នឹង​កើនឡើង ហើយ​មិនសូវ​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​នៅ​រដូវវស្សា​ឡើយ ដោយ​តំបន់​ខ្លះ​អាច​មាន​សីតុណ្ហភាព​ឡើង​ដល់ ៤៣​អង្សា​សេ។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា ដើម្បី​សុំ​ការ​បកស្រាយ​បានទេ នៅ​ថ្ងៃទី​៧ ខែ​ឧសភា។

បច្ចុប្បន្ន ផ្លែ​ទុរេន​នៅក្នុង​ចម្ការ មាន​តម្លៃ ១​ម៉ឺន ៨​ពាន់​រៀល​(១៨.០០០)​ក្នុង​មួយ​គីឡូក្រាម ចំពោះ​ផ្លែ​ប្រេះ​មិនសូវ​ល្អ មានតម្លៃ ១​ម៉ឺន ៥​ពាន់​រៀល​(១៥.០០០) ក្នុង​មួយ​គីឡូក្រាម​។ ចំណែក​នៅ​លើ​ទីផ្សារ ទុរេន​អាច​មាន​តម្លៃ​ចន្លោះ​ពី ២​ម៉ឺន​២​ពាន់​(២២.០០០) ទៅ​២​ម៉ឺន​៥​ពាន់​រៀល​(២៥.០០០)​ក្នុង​មួយ​គីឡូក្រាម។

អ្នកជំនាញ​ផ្នែក​កសិកម្ម​ដំណាំ​ទុរេន លោក ប៊ុន នាង មានប្រសាសន៍​ថា តាមរយៈ​ការ​ចុះ​ជួប​កសិករ​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន ដូចជា​កំពង់ចាម ត្បូងឃ្មុំ និង​រតនគិរី ឃើញថា ពួកគេ​ខាតបង់​ដូចៗ​គ្នា ដោយសារ​ផ្លែ​ទុរេន ខូច​នៅ​លើ​ដើម​អស់​ពាក់កណ្ដាល ចំណែកឯ​ដើម​ទុរេន ដែល​ពេញ​អាយុ​ប្រមូល​ផល បាន​ងាប់​អស់​មួយចំនួន​។ លោក​សង្កេត​ឃើញ​ថា អ្នក​ដាំ​ទុរេន​ឆ្នាំនេះ ជួប​ទុក្ខ​ទ្វេដង ដោយសារ​ពួកគាត់​បាន​ចំណាយ​លើទឹក​ស្រោច និង​ថ្នាំ​បំប៉ន​អស់​ជាច្រើន រីឯ​ផល​ទុរេន​បែរជា​ចុះថោក​ទៅវិញ ដែល​ធ្វើ​ឱ្យ​ម្ចាស់​ចម្ការ​មួយចំនួន​ក្ស័យធន និង​ជំពាក់​ធនាគារ។

លោក ប៊ុន នាង៖ «ឃើញ​ពួកគាត់​បាក់​ទឹកចិត្ត​ខ្លាំង​មែនទែន ព្រោះ​អីយើ​ង​យល់​រាល់​ការ​ចំណាយ​ប្រាំមួយ​ឆ្នាំ ប្រាំពីរ​ឆ្នាំ តាំងពី​ដាំ​មក ថ្វី​ដ្បិតតែ​គាត់​ធ្លាប់​បាន​ផល​ទៅវិញ​ម្ដង​ពីរ​ដង​ហើយ​ក្ដី ប៉ុន្តែ​ទឹកចិត្ត​ស្ដាយស្រណោះ​ទ្រព្យសម្បត្តិ​ដែល​យើង​ធ្លាប់​មាន​ហ្នឹង ក៏​នៅតែ​ស្ដាយ រីឯ​លុយកាក់​វិញ​គឺ​ប៉ះពាល់​ខ្លាំង រហូតដល់​ឃើញ​មាន​ពួកគាត់​ទៅ​ចរចា​ជាមួយ​ធនាគារ​ដើម្បី​ពន្យារ​ការ​បង់ (សងបំណុល​) ហើយក៏​ឃើញ​មន្ត្រី​ធនាគារ​ចុះទៅ​ចម្ការ​គាត់​ដែរ​ដើម្បី​វិភាគ​វាយតម្លៃ ហើយ​បើ​យើង​សរុប​ន័យ​មក គឺ​ប៉ះពាល់​សេដ្ឋកិច្ច​ធំ»

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឱ្យ​ដឹង​ថា កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ទុរេន​ចំនួន​ជាង ៥​ពាន់​ហិកតារ​(.២៨៩) ក្នុង​នោះ​ផ្ទៃដី​ប្រមូល​ផល​មាន​ជាង ៣​ពាន់​ហិកតារ​(.៤០៣) ដែល​ទទួល​បាន​បរិមាណ​ផល​ប្រមាណ​ជាង ៣​ម៉ឺន​តោន ក្នុង​មួយឆ្នាំ​។ ទោះជា​យ៉ាងណា របាយការណ៍​មិន​បាន​បង្ហាញ​ពី ទំហំ​ទិន្នន័យ​ទុរេន​ដែល​ខូចខាត​នៅ​ឡើយ។

ទន្ទឹម​នឹង​បញ្ហា​ទុរេន​ខូច តម្លៃ​ធ្លាក់ចុះ កសិករ​ក៏​កំពុង​ប្រឈម​នឹង​ការប្រកួតប្រជែង​ជាមួយ​ទុរេន ដែល​នាំចូល​ពី​ក្រៅប្រទេស​ផង​ដែរ​។ ជាក់ស្ដែង​ចាប់តាំងពី​ដើមខែ​មេសា មក​គេ​ឃើញ​មាន ទុរេន​ផ្លែ​ធំៗ ដាក់​លក់​តាម​ដងផ្លូវ និង​ក្នុង​ផ្សារ មានតម្លៃ​ត្រឹម​តែមួយ​ម៉ឺន​រៀល (១០.០០០) ក្នុង​មួយ​គីឡូក្រាម ដោយ​អ្នកលក់​អះអាង​ថា ជា​ទុរេន​មកពី​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ ឬ​បាត់ដំបង​ជាដើម​។ ប៉ុន្តែ​កសិករ ដែល​ដាំ​ទុរេន​តាម​តំបន់​ទាំងនេះ អះអាង​ថា ទុរេន​ក្នុង​ចម្ការ​របស់​ពួកគាត់ មិន​ទាន់​ដល់​ពេល​ប្រមូល​ផល​នៅឡើយ​ទេ ខណៈ​ទុរេន​ដែល​គេ​ដាក់​លក់​នោះ​អាច​ជា​របស់​នាំចូល​ពី​ប្រទេស​ជិតខាង ដែល​ប្រើប្រាស់​ជី និង​សារ​ធាតុគីមី ដើម្បី​ប្រមូល​ផល​បាន​លឿន។

កសិករ​ស្នើ​ដល់​រដ្ឋាភិបាល បង្កើត​គោលនយោបាយ​ជួយ​ដល់​កសិករ ដែល​រង​ផល​ប៉ះពាល់ និង​ខាតបង់​ដោយសារ​បញ្ហា​អាកាសធាតុ​ប្រែប្រួល ដើម្បី​ជួយ​សម្រួល​ឱ្យ​ពួកគាត់ មាន​លទ្ធភាព​ស្ដារ​ការ​ដាំដុះ​ដើម​ទុរេន​ឡើងវិញ​នៅ​ឆ្នាំ​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។