អត្រាពលរដ្ឋរស់នៅក្រោមបន្ទាត់ភាពក្រីក្រនៅកម្ពុជា អាចនឹងកើនឡើងរហូតដល់ទៅជិត ១៨ភាគរយ ដោយសារតែផលប៉ះពាល់នៃវិបត្តិជំងឺរាតត្បាតសាកលកូវីដ១៩។ នេះបើផ្អែកតាមការរកឃើញចុងក្រោយរបស់អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា ឬហៅកាត់ថា UNDP។ មន្ត្រីជាន់ខ្ពស់ក្រសួងផែនការមិនទាន់វាយតម្លៃយ៉ាងណាចំពោះការរកឃើញរបស់អង្គការ UNDP នេះទេ ខណៈខាងក្រសួងនៅមិនទាន់កំណត់តួលេខផ្លូវការនៃអត្រាភាពក្រីក្រដោយសារតែផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ នេះនៅឡើយទេ។
របាយការណ៍ចុងក្រោយមួយស្ដីពីការវាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩ នៅថ្ងៃទី០៨ តុលា របស់អង្គការ UNDP ការរកឃើញថា អត្រាពលរដ្ឋរស់នៅក្រោមបន្ទាត់ភាពក្រីក្រ អាចនឹងកើនឡើងរហូតដល់ ១៧,៦ភាគរយ ឬជិត ១៨% ។ អង្គការនេះ ថារបាយការណ៍វាយតម្លៃនេះ ធ្វើឡើងដោយមានការពិគ្រោះយោបល់យ៉ាងល្អិតល្អន់ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូដទៃទៀត។
"The modeling of economic and social impacts can help us better understand the impact of the global pandemic on Cambodia and how we can best design stimulus packages in response," said . <br/> <br/>Full Report: <br/>Press Release:
បើតាមការវាយតម្លៃរបស់ UNDP កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២០នេះ អាចនឹងធ្លាក់ចុះមកដល់ -៤,១% ក្រោមសូន្យ ដែលមានន័យថា គ្មានកំណើនទាល់តែសោះ ហើយរដ្ឋត្រូវចាក់ថវិកាជួយសង្គ្រោះសេដ្ឋកិច្ចជាតិ។
ក្រោមសេណារីយ៉ូនេះ អង្គការ UNDP រកឃើញថា អត្រានៃភាពក្រីក្រនៅកម្ពុជាអាចកើនឡើងដល់ទៅជិត ២ដង រហូតដល់ទៅ ១៧,៦% ខណៈចំនួនពលរដ្ឋអត់ការងារធ្វើ កើនឡើងរហូតដល់ជិត ៥% (៤,៨%)។
តំណាងអង្គការ UNDP ប្រចាំកម្ពុជា លោក នីក បឺរេស្វត (Nick Beresford) ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការ UNDP ថា ការវាយតម្លៃពីផលប៉ះពាល់សង្គមសេដ្ឋកិច្ចនេះ អាចជួយឲ្យគេដឹងអំពីផលប៉ះពាល់នៃជំងឺរាតត្បាតសាកលកូវីដ១៩ មកលើប្រទេសកម្ពុជា និងរបៀបរៀបចំកញ្ចប់ថវិកាជួយសង្គ្រោះសេដ្ឋកិច្ចឆ្លើយតបនឹងបញ្ហានេះ។ លោកថា ការវាយតម្លៃនេះ បង្ហាញឲ្យឃើញច្បាស់ថា សេវាគាំពារសង្គម គួរត្រូវចាត់ទុកថា ជាការវិនិយោគ ជាជាងការចំណាយ ព្រោះវាអាចជួយជំរុញកំណើនផង និងកាត់បន្ថយភាពក្រីក្រផង។
មន្ត្រីជាន់ខ្ពស់ និងជាអគ្គនាយកផែនការ នៃក្រសួងផែនការ លោក ថេង បញ្ញាធន ប្រាប់អាស៊ីសេរីនៅថ្ងៃទី០៨ តុលា ថា ក្រសួងនៅមិនទាន់គណនាឡើងវិញឲ្យបានជាក់លាក់អំពីអត្រាភាពក្រីក្រនេះនៅឡើយទេ ព្រោះខាងវិទ្យាស្ថានជាតិស្ថិតិមិនទាន់បិទបញ្ចប់ការប្រមូលទិន្នន័យនៅឡើយ។ លោកថា លោកនៅមិនទាន់អាចវាយតម្លៃបានយ៉ាងណាទេចំពោះការរកឃើញរបស់អង្គការ UNDP អំពីអត្រាភាពក្រីក្រចុងក្រោយនេះ៖ «UNDP គាត់ launch report របស់គាត់ ការវាយតម្លៃរបស់គាត់ ខ្ញុំអត់បានដឹងដែរ។ ប៉ុន្តែ គ្រាន់តែថា បើសិនជាការវាយតម្លៃរបស់គាត់ថា អត្រាភាពក្រីក្រដល់ជាង ១៦ ឬ១៧ % បើខ្ញុំគិតមើលប្រហែលជាគាត់យកលេខស្អីដែលថាប្រជាជនដែលរដ្ឋាភិបាលកម្ពុជាកំពុងតែប្រើប្រាស់សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ យកទៅចែកនឹងចំនួនប្រជាជននៅកម្ពុជាទាំងមូលតែម្ដងដោយសារតែឥឡូវប្រជាជនយើងប្រហែលជារង្វង់ ១៦លាននាក់ ... ។ ប៉ុន្តែ ជានីតិវិធីនៃការគណនាអត្រាភាពក្រីក្ររបស់ជាតិ គឺយើងមិនធ្វើដូច្នេះទេ គឺយើងប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ចសង្គមកិច្ចយកមកធ្វើការគណនា»។
រីឯ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន្ត មានប្រសាសន៍ថា រដ្ឋាភិបាលមិនគាំទ្រ ឬបដិសេធយ៉ាងណាចំពោះការវាយតម្លៃរបស់អង្គការអន្តរជាតិនានា ព្រោះស្ថាប័នទាំងនោះប្រើប្រាស់ម៉ូដែល នៃការគណនារៀងៗខ្លួន។ លោកថា រដ្ឋាភិបាលនៅតែរក្សាជំហរថា កំណើនសេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងរង្វង់ -១,៩% ក្រោមសូន្យ៖ «វាជាសិទ្ធិរបស់គេដែលគេធ្វើការវាយតម្លៃ។ សម្រាប់រាជរដ្ឋាភិបាលយើងនៅតែប្រកាន់ខ្ជាប់នៅក្នុងលេខបឋមដែលបានធ្លាប់ជូនដំណឹង គឺនៅក្នុងរង្វង់ - ១ , ៩ % នេះនៅក្នុងក្របខ័ណ្ឌនៃការវាយតម្លៃអំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា»។
យ៉ាងណាក៏ដោយ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ប្រសិនបើវិស័យកាត់ដេរនៅតែប្រឈមនឹងហានិភ័យខ្លាំងដូចបច្ចុប្បន្ននេះ ទំហំនៃផលប៉ះពាល់ និងពលរដ្ឋដែលរស់នៅក្រោមបន្ទាត់ក្រីក្រអាចច្រើនជាងការវាយតម្លៃរបស់អង្គការ UNDP នេះ៖ «យើងឃើញថា កម្ពុជាក៏ដូចជាបណ្ដាប្រទេសអាស៊ានដទៃទៀតដែរ គឺកម្លាំងផលិតដ៏ចម្បងគឺយុវជនដែលពួកគេចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសេដ្ឋកិច្ច។ យើងនៅតែមានការយកចិត្តទុកដាក់ដែរ ទៅលើវិស័យកាត់ដេរ ដែលក៏ជាការស្រូបទាញនៅកម្លាំងពលកម្មច្រើនដែរ។ ដូច្នេះ បើសិនជាវិស័យកាត់ដេរនៅតែប្រឈមដូចសព្វថ្ងៃនេះ យើងយល់ថា ការព្យាករណ៍នេះ លទ្ធផល ឬមួយផលប៉ះពាល់ជាក់ស្ដែងវាអាចនឹងធ្ងន់ធ្ងរជាងនេះដែរ»។
ក្រៅពីការវាយតម្លៃរបស់អង្គការ UNDP នេះ កាលពីខែកញ្ញា ទាំងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (World Bank) បានធ្វើការព្យាករណ៍ចុងក្រោយថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០នេះ គឺសុទ្ធតែធ្លាក់ចុះក្រោមសូន្យ មកនៅត្រឹម -៤% ឬ -២% ដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩។ ការព្យាករណ៍នេះ បង្ហាញឲ្យឃើញថា សេដ្ឋកិច្ចកម្ពុជាកំពុងធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មានពីមុនមក ដែលលោក ហ៊ុន សែន តែងអួតថា កម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ជារៀងរាល់ឆ្នាំនោះ។
Economic shocks caused by are likely to hit poor people hardest. This could mean lower shared prosperity in coming years. A high level of shared prosperity correlates with reductions in poverty and inequality.
ប្រសិនបើការវាយតម្លៃអំពីអត្រាភាពក្រីក្រនៅកម្ពុជារបស់អង្គការ UNDP ជាការត្រឹមត្រូវ នោះចំនួនពលរដ្ឋរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ឬចំណាយក្រោម ១,៩០ដុល្លារ ឬជិត២ដុល្លារក្នុងមួយថ្ងៃ មានសរុបប្រមាណជិត ៣លាននាក់។ នៅទូទាំងពិភពលោក ធនាគារពិភពលោក World Bank ប៉ាន់ស្មានថា ផលប៉ះពាល់នៃជំងឺរាតត្បាតសាកលកូវីដ១៩ បានរុញច្រានឲ្យពលរដ្ឋប្រមាណ ៨៨លាននាក់បន្ថែមទៀតនៅក្នុងពិភពលោក ត្រូវធ្លាក់ចូលក្នុងភាពក្រីក្រ ធ្វើឲ្យចំនួនពលរដ្ឋក្រីក្រសរុបនៅទូទាំងពិភពលោកកើនឡើងរហូតដល់ ១៥០លាននាក់ គិតត្រឹមឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។