សហភាព​អឺរ៉ុប​បន្ត​ផ្ដល់​ជំនួយ និង​ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ

0:00 / 0:00

ស្នងការ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​ភាព​ជា​ដៃគូ​អន្តរជាតិ អ្នក​ស្រី ជូតា យូភើលឡៃណាន់ (Jutta Urpilainen) មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ផ្ដល់​​ជំនួយ និង​ជំរុញ​ដល់​រដ្ឋាភិបាល​ឱ្យ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។ មន្ត្រី​សង្គម​ស៊ីវិល​ថា​រដ្ឋាភិបាល​កម្ពុជា​គួរ​ងាក​មក​គោរព​សិទ្ធិ​មនុស្ស និង​ស្ដារ​​លទ្ធិ​ប្រជាធិបតេយ្យ​ដើម្បី​ផល​ប្រយោជន៍​ពលរដ្ឋ។

អ្នក​ស្រី ជូតា យូភើលឡៃណាន់ បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ពី​ថ្ងៃ​ទី១២ ដល់​ថ្ងៃ​ទី១៣ មីនា ដើម្បី​ជំរុញ​ប្រទេស​កម្ពុជា​ឱ្យ​គោរព​សិទ្ធិ​មនុស្ស ការ​អភិវឌ្ឍន៍​​ដោយ​និរន្តរភាព​ និង​ការ​ច្នៃ​ប្រឌិត​បៃតង​ជា​ស្នូល។

នៅ​ចុង​បញ្ចប់​បេសកកម្ម អ្នក​ស្រី ជូតា យូភើលឡៃណាន់ ក៏​បាន​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក សុខ ចិន្តាសោភា និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត លើ​កិច្ច​ពិភាក្សា​នៃ​កិច្ច​សហ​ប្រតិបត្តិការ​យូរ​អង្វែង​របស់​សហភាព​អឺរ៉ុប​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា។ អ្នក​ស្រី ជូតា យូភើលឡៃណាន់ ក៏​បាន​លើក​ឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​ និង​អភិបាល​កិច្ច​ល្អ​ជា​មួយ​មេ​ដឹកនាំ​កម្ពុជា​ផង​ដែរ។ នេះ​បើ​តាម​ការ​ការ​លើក​ឡើង​របស់​ អ្នក​ស្រី ជូតា យូភើលឡៃណាន់ (Jutta Urpilainen) នៅ​លើ​បណ្ដាញ​សង្គម​អ៊ិក្ស (X)។

អ្នក​ស្រី ជូតា យូភើលឡៃណាន់ ក៏​បាន​ចូលរួម​ពិធី​ចុះ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់ ៧៩លាន​អឺរ៉ូ ឬ​ប្រមាណ ៨៥លាន​ដុល្លារ​លើ​កម្មវិធី​ថ្មី​របស់​សហភាព​អឺរ៉ុប​ចំនួន៤ ដើម្បី​អភិវឌ្ឍ​វិស័យ​សំខាន់ៗ មាន​ដូច​ជា កសិកម្ម សំលៀក​បំពាក់ ស្បែក​ជើង និង​ទំនិញ ការ​ធ្វើ​ដំណើរ​ ការអប់រំ និង​ការ​ស្រាវជ្រាវ ពាណិជ្ជកម្ម​ និង​វិស័យ​ឯកជន​ផង​ដែរ។

EU_Commissioner_meets_Cambodian_Foreign_Affairs_Minister_031424.jpg
ជំនួបរវាង​តំណាង​សហភាពអឺរ៉ុប ដឹកនាំ​ដោយ​អ្នក​ស្រី ជូតា យូភើលឡៃណាន់ (Jutta Urpilainen) ស្នងការ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​ភាព​ជា​ដៃគូ​អន្តរជាតិ (ឆ្វេងទី៣) និង​មន្ត្រី​ក្រសួងការបរទេស ដឹកនាំដោយលោក សុខ ចិន្ដាសោភា កាល​ពី​ថ្ងៃ​ទី១៣ ខែមីនា ឆ្នាំ២០២៤។ រូប៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ

ទោះ​​បី​ជា​ក្នុង​ជំនួប​នេះ​មិន​បាន​បញ្ជាក់​លំអិត​ថា បញ្ហា​សិទ្ធិ​មនុស្ស​ក៏​ដោយ តែ​កន្លង​មក​សហភាព​អឺរ៉ុប​តែង​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មការ​អឺរ៉ុប​តាមរយៈ​របាយការណ៍​ចំនួន ២៤ទំព័រ ប្រាប់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ឱ្យ​ឃើញ​ជាក់ស្ដែង​ពី​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ដើម្បី​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ (EBA) ពេញលេញ​ឡើងវិញ ខណៈ​ការ​ដក ២០% នៃ​ការ​អនុគ្រោះ​ពន្ធ​អស់​រយៈ​ពេល​ជិត ៤ឆ្នាំ​មក​នេះ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ខាតបង់។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ លោក​ ជុំ សុន្ទរី និង​អ្នកនាំ​​ពាក្យ​នាយក​រដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ បាន​ទេ នៅ​ថ្ងៃ​ទី១៣ ខែ​មិនា។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា សហភាព​អឺរ៉ុប​គឺ​ម្ចាស់​ជំនួយ​ធំ​មួយ​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ប៉ុន្តែ​លោក​ថា​ជំនួយ​របស់​សហភាព​អឺរ៉ុប​កន្លង​មក ក៏​បាន​ភ្ជាប់​នឹង​លក្ខខណ្ឌ​ឱ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ។

លោក នី សុខា៖«ប្រសិន​បើ​រដ្ឋាភិបាល​យើង​ចង់​ឱ្យ​មាន​ទំនាក់​ទំនង​ល្អ ហើយ​ចង់​បន្ត​ឱ្យ​ផ្ដល់​នូវ​ជំនួយ ជា​ពិសេស បញ្ហា​រឿង​ការ​ពិនិត្យ​ ការ​ពិចារណា​រឿង(EBA)ឡើង​វិញ គិត​ថា រដ្ឋាភិបាល​គួរ​តែ​មាន​ការ​ឆ្លើយ​តប​ឱ្យ​បាន​ធ្វើ​យ៉ាង​ណា​ជា​វិជ្ជមាន​តាម​ការ​ស្នើ​ឡើង​របស់​សហគមន៍​អឺរ៉ុប ដើម្បី​ជា​ផល​ចំណេញ​ដល់​ប្រទេស​កម្ពុជា​យើង»។

លោក នី សុខា បន្ត​ថា រដ្ឋាភិបាល​គួរ​តែ​ដោះលែង​អ្នក​ទោស​មនសិការ បើក​ឱ្យ​មាន​ការ​បោះឆ្នោត ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​ទទួល​យក​បាន និង​ការ​បើក​លំហ​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​អាច​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ឱ្យ​បាន​ពេញលេញ។ លោក នី សុខា ថា ការ​ធ្វើ​បែប​នេះ​ កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ទៀត​ពី​សហភាព​អឺរ៉ុប​ រួម​ទាំង​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ទាំង​ស្រុង​មក​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។