ក្រុម​អ្នកជំនាញ​​មិន​រំពឹង​​ថា កម្ពុជា​អាច​​ដកខ្លួន​រួច​ពី​​ក្រុមប្រទេស​​មាន​ការ​អភិវឌ្ឍន៍​តិចតួច​​បំផុត (LDC) ក្នុង​ពេល​​ឆាប់ៗ​នេះទេ​

0:00 / 0:00

ក្រុមអ្នកជំនាញ​មើលឃើញ​ថា កម្ពុជា​នៅ​ពុំទាន់​បាន​ត្រៀម​ខ្លួន​រួចរាល់​នៅឡើយ​ទេ​ដើម្បី​រួចផុត​ពី​ឋានៈ​ក្រុមប្រទេស​មាន​ការអភិវឌ្ឍន៍​តិចតួច​បំផុត LDC បើទោះ​បី​ជា​​ទិន្នន័យ​សេដ្ឋកិច្ច​បង្ហាញ​​ថា ប្រទេសនេះ​អាច​​បំពេញ​​តាម​លក្ខខណ្ឌ​ដែល​អាច​ចាត់ទុកថា​ ​រួចផុត​ពី​ឋានៈ​នេះ​យ៉ាងណា​ក៏ដោយ។

ការនៅ​មិនទាន់​ត្រៀមខ្លួន​រួចរាល់​នេះ គឺ​ដោយសារ​តែកម្ពុជា​កំពុង​ជួប​នូវ​វិបត្តិកូវីដ១៩ ដែល​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ​ដុនដាប​មិនធ្លាប់​មាន​ពីមុនមក ហើយ​អាច​ត្រូវ​ចំណាយ​ពេល​​យូរ​​ដើម្បី​ស្តា​សេដ្ឋកិច្ច​ឡើងវិញ​ ឱ្យ​បាន​ដូច​កាលពី​កម្រិត​នៅ​មុនពេល​ជួប​វិបត្តិ​កូវីដ១៩។ ក្រៅពីនោះ កម្ពុជា​ក៏ទំនងជា​នៅចង់​ទទួល​បាន​អត្ថប្រយោជន៍​ពី​ឋានៈ​​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍន៍​តិចតួច​បំផុត LDC នៅឡើយ។ អត្ថប្រយោជន៍​នេះ មាន​ដូចជា កម្ពុជា​មិន​ចង់បាត់បង់​ការផ្តល់​ការអនុគ្រោះ​ពិសេស​ពី​សំណាក់​ក្រុម​ប្រទេស​អ្នក​មាន ដូចជា ការមិន​គិត​ពន្ធ ការគិត​អត្រា​ការប្រាក់​កម្ចី​ក្នុងកម្រិត​តិចតួច​តាមបែប​កម្ចី​សម្បទាន​​ពិសេសជាដើម។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​នាយក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ហៅកាត់ថា AVI បណ្ឌិត ឈាង វណ្ណារិទ្ធ វាយតម្លៃ​ថា កម្ពុជា​អាច​ត្រូវការ​ពេល​យ៉ាងហោចណាស់​​ពីរ​ឆ្នាំទៀត ដើម្បី​អាច​រួចផុត​ពី​ឋានៈ​នៃ​ក្រុមប្រទេស​មាន​ការអភិវឌ្ឍន៍​តិចតួច​​បំផុត​នេះ ដោយសារ​តែ​​កំពុង​ជួប​វិបត្តិ​កូវីដ១៩៖ « ឥឡូវនេះ ស្ថានការណ៍​យើង​កំពុង​វាយ​កូវីដ ហើយ​សេដ្ឋកិច្ច​វា​វិជ្ជមាន​ហើយ ក៏ប៉ុន្តែ វា​វិជ្ជមាន​ទាប​ឆ្នាំនេះ។ យើង​ព្យាករណ៍​ដើម​ឆ្នាំ​ប្រហែលជា ៤ , ៥ អី។ ក៏ប៉ុន្តែ បើមើលទៅ​ស្ថានការណ៍​វាបន្ត​អ៊ីចឹង ប្រហែលជា​ត្រឹម ២ចុច។ យើង​មិនទាន់​វាយតម្លៃ​យ៉ាងម៉េច។ អ៊ឺចឹងខ្ញុំ​គិតថា ក្នុង​ស្ថានការណ៍​កូវីដ​នេះ ប្រហែល​ជា​មិនទាន់ officially graduate ឬក៏ announce ថា​យើង​ចេញ​ពី LDC ទេ។ ក៏ប៉ុន្តែ បើ ២ឆ្នាំ​ទៀត អាច publicly declare ។ អញ្ចឹង World Bank ឬក៏​ប្រទេស​អ្នកមាន​ផ្សេងៗ​អាច​គិត​ពី​កម្ពុជា​មួយ​នៅក្នុង Status ថ្មី »។

ស្រដៀងគ្នា​នេះដែរ អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​មួយរូបទៀត គឺ​បណ្ឌិត អៀ សុផល ពន្យល់​ប្រាប់វិទ្យុអាស៊ីសេរី តាម​សារ​អេឡិចត្រូនិក ឬ​អ៊ីមែលថា លោក​មិន​គិត​ថា កម្ពុជា​ត្រៀមខ្លួន​រួចរាល់​ដើម្បី​រួចផុត​ពី​ក្រុមប្រទេស LDC នេះ​នៅឡើយទេ ដោយសារតែ​កម្ពុជា​ត្រូវការ​ពេលវេលា​ច្រើនតទៅ​ទៀត​ក្នុងការ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ឋានៈ​មួយនេះ។ លោក​ប៉ាន់ស្មាន​ថា ពេលវេលា​ដែល​សមស្រប​គឺ​អាចនៅ​រវាង​ពី​ពីរ​ទៅ​បីឆ្នាំ​ខាងមុខទៀត ឬមួយ​រហូតដល់​ទៅ ១ ទស្សវត្សរ៍​ទៀតឯណោះ ក៏​អាចថា​បាន។

​ផ្អែក​តាម​ការ​កំណត់​លក្ខខណ្ឌ​ចុងក្រោយ​ដាក់ចេញ​ដោយ​ គណៈកម្មាធិការ​គោលនយោបាយ​អភិវឌ្ឍន៍ ឬ Committee for Development Policy (CDP) របស់​អង្គការ​​សហប្រជាជាតិ ដែល​ទទួល​បន្ទុក​កំណត់​ឋានៈ​ក្រុមប្រទេស​មាន​ការអភិវឌ្ឍន៍​តិចតួច​បំផុត​ នៅឆ្នាំ២០២១​នេះ ប្រទេស​ដែល​អាច​រួចផុត​ពី​ឋានៈ LDC បាន លុះ​ត្រា​តែ​ត្រូវ​មាន​​ចំណូលជាតិ​ដុល ឬ GNI ចាប់ពី​ជាង ១ពាន់​២រយ​ដុល្លារ (១,២២២ ដុល្លារ) ឡើងទៅ សម្រាប់​មនុស្ស​ម្នាក់ៗ។ ក្រៅពីនោះ ក៏នៅ​មាន​លក្ខខណ្ឌ​មួយចំនួន​ទៀត ដូចជា​កត្តា​សន្ទស្សន៍​មូលធន​មនុស្ស (Human Assets Index, HAI) ពាក់ព័ន្ធ​នឹង​ការអប់រំ និង​សុខភាព និង​សន្ទស្សន៍​ភាពងាយរងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​បរិស្ថាន (Economic and Environmental Vulnerability Index, EVI) ជាដើម។

យោងតាម​ការវាយតម្លៃ​ចុងក្រោយ​របស់​គណៈកម្មាធិការ​របស់​អង្គការសហប្រជាជាតិ​នេះ ដែល​ធ្វើឡើង​នៅ​រៀងរាល់ ៣ ឆ្នាំ​ម្តង ទិន្នន័យ​ក្នុង​ឆ្នាំ២០២១ បង្ហាញថា ជាលើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​​របស់​ប្រទេស​នេះ ពោលគឺ​ចាប់តាំង​ពីឆ្នាំ១៩៧៥ មក កម្ពុជា​បាន​បំពេញ​តាម​លក្ខខណ្ឌ​គ្រប់គ្រាន់​ដែល​អាច​ឱ្យ​ពិភពលោក​ពិចារណា​ដក​ឈ្មោះ​ចេញ​ពី​ឋានៈ​នៃ​ក្រុមប្រទេស​មាន​ការអភិវឌ្ឍន៍​តិចតួច​បំផុត​បាន។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្មលោក ស៊ាង ថៃ បដិសេធ​ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹង​ការកំណត់​ពេលវេលា​ជាក់លាក់​ដែល​កម្ពុជា​ចង់ឱ្យ​ពិភពលោក​ចាត់ទុកថា បាន​រួចផុត​ពី​ក្រុមប្រទេស​មាន​ការអភិវឌ្ឍន៍​តិចតួច​បំផុតនេះ។ រីឯ អ្នកនាំពាក្យ​ក្រសួង​ការបរទេសលោក កុយ គួង ក៏​វិទ្យុអាស៊ីសេរី មិន​អាច​ទាក់ទង​បាន​ដើម្បី​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ កាល​ពី​ថ្ងៃទី១៥ ខែមិថុនា ដោយ​លោក​ពុំ​លើក​ទូរស័ព្ទ។

ទោះយ៉ាងណា ថ្លែង​ក្នុង​សិក្ខាសាលា​តាម​ប្រព័ន្ធ​វីដេអូ​ស្តីពី​ផលប៉ះពាល់​នៃ​ការចាកចេញ​ពី​ប្រទេស​អភិឌ្ឍន៍​តិចតួច​មកលើ​វិស័យ​វាយនភ័ណ្ឌ និង​សម្លៀកបំពាក់ កាល​ពី​ដើម​ខែឧសភា មន្ត្រី​ជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្មលោក ពេជ ឬទ្ធី បាន​ទទួល​ស្គាល់​ថា ការចាកចេញ​ពី​ឋានៈ​នៃ​ក្រុមប្រទេស​អភិវឌ្ឍន៍​តិចតួច​នេះ អាច​ធ្វើឱ្យ​កម្ពុជា​ប្រឈម​នឹង​ភាពលំបាកលំបិន​ផ្នែក​សេដ្ឋកិច្ច។ លោកថា ក្នុងនោះ ផលប៉ះពាល់​មាន​ដូចជា​ ការបាត់បង់​នូវ​ភាពអនុគ្រោះ​ពន្ធ លក្ខខណ្ឌ​នៃ​ប្រភព​ដើម​កំណើត​ទំនិញ ភាពទាក់ទាញ​សម្រាប់​ការវិនិយោគ ភាពប្រកួតប្រជែង​របស់​កម្ពុជា ព្រមទាំង​ឱកាស​ក្នុង​ការទទួល​បាន​ជំនួយ​ពាណិជ្ជកម្ម​ជាដើម។ លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះបាន កម្ពុជា​ត្រូវ​ពង្រឹង​ភាព​ប្រកួតប្រជែង ពង្រីកទីផ្សារ​នាំចេញ​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី និង​ការជំរុញ​ឱ្យ​មាន​ការគាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​រៀបចំ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ផង។

អ្នកជំនាញ​វិស័យ​សិទ្ធិការងារ និង​ជា​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា មិន​សង្ឃឹម​ថា កម្ពុជា​អាច​រួច​ផុត​ពី​ឋានៈ​ប្រទេស​ក្រីក្រ​នេះ បាន​ក្នុងពេល​ឆាប់​នេះណាស់ ព្រោះ​លោកថា កម្ពុជា​នៅ​មាន​កិច្ចការ​ច្រើន​ក្នុង​ការពង្រឹង​ខឿន​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ ជា​ពិសេស​វិស័យ​កសិកម្ម ទេសចរណ៍ និង​វិស័យ​កាត់ដេរ ស្របពេល​ដែល​ប្រទេស​នេះ​កំពុង​ហែលឆ្លង​វិបត្តិ​កូវីដ១៩​នៅឡើយ។ ក្រៅពីនេះ លោកថា កម្ពុជា​មិនអាច​ពឹងផ្អែក​តែ​ទៅលើ​ទីផ្សារ​របស់​ប្រទេស​កុម្មុយនិស្ត​ចិន​បាន​នោះទេ ខណៈ​កម្ពុជា​កំពុង​រងទណ្ឌកម្ម​សេដ្ឋកិច្ច​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ២០ ភាគរយ ពី​សហភាព​អឺរ៉ុប៖ « បើសិនជា​កម្ពុជា​មិន​ថ្លឹងថ្លែង​នូវ​គោលនយោបាយ​ការទូត​រវាង​ចិន ឬ​ប្លុក​កុម្មុយនិស្ត និង​ប្លុក​សេរី​ទេ ខ្ញុំ​គិតថា​ កម្ពុជា​ពិបាក​នឹង​​វិវត្ត​សេដ្ឋកិច្ច​ខ្លួនឯង​ចេញពី​ប្រទេសក្រីក្រ​ឱ្យទៅជា​ប្រទស​ដែល​កំពុង​អភិវឌ្ឍ​ណាស់​ដោយសារតែ​កម្ពុជា​នៅតែ​ពឹងផ្អែក​ទៅលើ​ទីផ្សារសេរី​នៅឡើយទេ »

បន្ថែម​ពី​លើ​នេះបណ្ឌិត ឈាង វណ្ណារិទ្ធ មើលឃើញ​ថា កម្ពុជា​ក៏ចាំបាច់​ត្រូវ​ធានា​ថា ការចាកចេញ​ពី​ក្រុមប្រទេស​អភិវឌ្ឍន៍​តិចតួច​នេះ នឹង​មិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ងាយរងគ្រោះ ឬ​មាន​ជីវភាព​ក្រីក្រ​ស្រាប់។ លោក​ចង់​ឃើញ​រដ្ឋាភិបាល​ដាក់ចេញ​នូវ​គោលនយោបាយ​គាំពារ​សង្គម​ឱ្យ​បាន​កាន់តែប្រសើរ​ដើម្បី​ជួយ​សម្រួល​បន្ទុក​ដល់​ពលរដ្ឋ​ក្រីក្រ៖ «ពិបាក​ឬ​មិន​ពិបាក វា​អាស្រ័យលើ​កត្តា​ខាងក្នុង គឺការ​កំណែទម្រង់។ កំណែទម្រង់​សំខាន់​ គឺដើម្បី​ជួយ​អ្នកដែល vulnerable group ជនក្រីក្រ គឺ​របប​គោលនយោបាយ​គាំពារ​សង្គម។ បើយើង​ដាក់លុយ​ឱ្យ​ច្រើន​ទាក់ទង social protection ហើយ invest ឱ្យបាន​ច្រើន​ទៅលើ​ការវិនិយោគ​ជាសាធារណៈ​ក្តី ឬក៏​ឯកជន​ក្តី ដែលមាន​ផលប៉ះពាល់​វិជ្ជមាន​ទៅដល់​សង្គម ហើយនឹង​បរិស្ថាន។ បើយើង​កំណែទម្រង់​​តម្រង់ទិស​ទៅ impact investment ឱ្យខ្លាំង ដាក់​លុយ​ឱ្យច្រើន​បន្តទៀត​ដើម្បី​ពង្រឹង​យន្តការ social protection នោះ​វាអាច​ជួយ​អ្នកក្រីក្រ ឬក៏​អ្នកដែល​ងាយ​រងគ្រោះ »

ធនាគារ​ពិភពលោក Worl Bank បាន​រកឃើញ​ថា ក្នុង​រយៈពេល​ ៦ ខែ​ចុងក្រោយ​ គិតចាប់​ពី​ខែ​មិថុនា ឆ្នាំ២០២០ រហូតដល់​ខែ​មករា ឆ្នាំ២០២១​ ពោលគឺ​នៅ​មុន​ពេល​មាន​វិបត្តិ​ផ្ទុះ​ខ្លាំង​នៃ​ជំងឺកូវីដ១៩ ចូលក្នុង​សហគមន៍​ជាលើក​ទីបី ពលរដ្ឋ​យ៉ាងហោចណាស់ ១សែន ៥ម៉ឺន​គ្រួសារ (១៥០.០០០ គ្រួសារ) ឬ​ស្មើ​នឹង​ជាង​កន្លះ​លាន​​នាក់​ បាន​ធ្លាក់ខ្លួន​ក្លាយ​ជា​អ្នកក្រ​ថ្មី ដោយសារ​តែ​វិបត្តិ​ជំងឺកូវីដ១៩​នេះ។ នៅ​មុន​ពេល​ផ្ទុះ​ខ្លាំង​នៃ​ជំងឺកូវីដ១៩ ចូល​ក្នុង​សហគមន៍ អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP ​បាន​វាយតម្លៃ​លើ​ផលប៉ះពាល់​ផ្នែកសេដ្ឋកិច្ច និង​សង្គម​ដោយសារ​វិបត្តិ​ជំងឺកូវីដ១៩ កាលពី​ចុងឆ្នាំ២០២០ ​ថាអត្រា​ពលរដ្ឋ​កម្ពុជា​រស់នៅ​ក្រោម​​បន្ទាត់​​ភាព​​ក្រីក្រ ឬ​ចំណាយ​តិច​ជាង ២ ​ដុល្លារ​ក្នុង​មួយថ្ងៃ អាច​នឹង​កើនឡើង​រហូតដល់​ជាង ១៧% ឬ​ស្មើនឹង​ពលរដ្ឋ​ប្រមាណ​ជិត ៣ លាន​នាក់។

រដ្ឋាភិបាល​តែង​អះអាង​ពី​មោទនភាព​ថា ក្នុង​រយៈពេល​ជាង ២ ទសវត្ស​មក​នេះ ខ្លួន​បាន​កាត់បន្ថយ​អត្រា​ភាពក្រីក្រពី​ជិត ៤៨% ក្នុង​ឆ្នាំ២០០៧ មកនៅត្រឹម ១៣,៥ ភាគរយ​កាលពី​ឆ្នាំ២០១៤ ហើយ​មាន​មហិច្ឆតា​ចង់ក្លាយ​ខ្លួន​​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ឬ LDC មកជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅឆ្នាំ២០៥០។ ក៏ប៉ុន្តែ រូបភាព​នៃ​ពលករ​ចំណាកស្រុក​ខ្មែរ​រាប់​លាននាក់ អត់​ការងារ​ធ្វើ​នៅក្នុង​ស្រុក រួច​រត់ទៅ​ធ្វើ​ការស្របច្បាប់​ និង​ខុសច្បាប់ និង​ធ្វើ​ជាអ្នកសុំទាន​គេ​នៅ​តាម​ប្រទេស​ជិតខាង ហើយ​ត្រូវ​អាជ្ញាធរ​បរទេស​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​ស្ទើរាល់​ថ្ងៃ​ កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​រងនូវ​ក្តី​អាម៉ាស់ ​នៅ​លើ​ឆាកអន្តរជាតិ។ បន្ថែម​ពីនេះ​ទៀត ពលរដ្ឋ​កម្ពុជា​ជាង ២លាន​ ៤សែន ​គ្រួសារ​កំពុង​ជំពាក់​បំណុល​មីក្រូ​ហិរញ្ញវត្ថុ​ស្ទើ​វ័ន្តក​ក្នុង​ម្នាក់ៗ​មិន​តិច​ជាង ៤ ពាន់​ដុល្លារ ខណៈ​រដ្ឋ​វិញ ​គិតត្រឹម​ដំណាច់​ឆ្នាំ២០២០ ​ជំពាក់​បំណុល​បរទេស​សរុប​ប្រមាណ​ជាង ៩ពាន់៦រយ​លានដុល្លារ (៩.៦០១,៩៣ លាន​ដុល្លារ)។ ក្នុងនោះ​ បំណុល​ស្ទើរតែ​ជិត​ពាក់​កណ្តាល ឬ​ប្រមាណ​ជាង ៤៦% (៤៦,៦៧%) ជា​បំណុល​ដែល​រដ្ឋ​ជំពាក់​ចិន៕​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។