អ្នកជំនាញមិនរំពឹងថា ចិនអាចជួយកម្ពុជាដោះស្រាយរឿងវិបត្តិ EBA ដូចតាមការរំពឹងទុករបស់លោក ហ៊ុន សែន នោះទេ។ ការលើកឡើងនេះ កើតមានឡើងក្រោយពេលដែលលោក ហ៊ុន សែន ប្រកាសនៅថ្ងៃទី២៤ កុម្ភៈថា របបរបស់លោកនឹងមិនខ្ចីសុំអឺរ៉ុប ប្រគល់មកវិញនូវប្រព័ន្ធអនុគ្រោះពន្ធនេះទាំងស្រុងនោះទេ ហើយប្រកាសបិទផ្លូវចរចាជាមួយគណបក្សប្រឆាំង។ លោក ហ៊ុន សែន ក៏បានបង្ហើបពីលទ្ធភាពដែលមហាមិត្តចិនរបស់លោក អាចបន្តជួយកម្ពុជាក្នុងរឿងនេះបាន។
អ្នកជំនាញវិស័យកសិកម្ម បណ្ឌិត យ៉ង សាំងកុមារ ថា ក្នុងកាលៈទេសៈដែលចិនកំពុងជួបប្រទះវិបត្តិនៃការរាតត្បាតជំងឺរលាកផ្លូវដង្ហើម COVID-19 ដែលបន្តអូសបន្លាយ បង្កផលប៉ះពាល់ខ្លាំងសម្រាប់ខ្លួន និងសេដ្ឋកិច្ចពិភពលោកទាំងមូលផងនោះ លោកមិនរំពឹងថា ចិននឹងអាចជួយកម្ពុជាក្នុងរយៈពេលខាងមុខបាននោះទេ៖ « ខ្ញុំគិតថា ក្នុងពេលបច្ចុប្បន្ន ក្នុងឆ្នាំនេះ ឬយ៉ាងអន់បំផុត ក្នុងរយៈពេល ៦ខែខាងមុខទៀតនេះ ក៏យើងមិនសង្ឃឹមថា មានអីដុំកំភួន ពីចិនដែរ ព្រោះចិនក៏កំពុងជួបប្រទះបញ្ហា [ ជំងឺ COVID-19] ហ្នឹងខ្លួនគាត់ធ្ងន់ធ្ងរដែរ។ អ៊ីចឹងគឺ ទាំងចិន និងប្រទេសជាច្រើននៅលើពិភពលោក ជាពិសេស តំបន់អាស៊ីយើង គឺជួបបញ្ហាទាំងអស់គ្នា»។
បណ្ឌិត យ៉ង សាំងកុមារ បន្តថា សម្រាប់កម្ពុជា បញ្ហាកាន់តែធ្ងន់ធ្ងរជាងប្រទេសដទៃទៀតនោះ ក្រៅពីបញ្ហាជំងឺ COVID-19 គឺបញ្ហាដែលគណៈកម្មការអឺរ៉ុប បានសម្រេចដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០ភាគរយ។
ការលើកឡើងរបស់អ្នកជំនាញវិស័យកសិកម្មរូបនេះ កើតមានឡើងក្រោយលោក ហ៊ុន សែន កាលពីថ្ងៃទី២៤ កុម្ភៈ ចេញមុខថ្លែងថា កម្ពុជានឹងមិនខ្ចីស្នើសុំឲ្យអឺរ៉ុបប្រគល់ប្រព័ន្ធអនុគ្រោះពន្ធនេះទាំងស្រុងមកវិញនោះទេ។ ផ្ទុយទៅវិញ ទន្ទឹមគ្នានោះ លោក ហ៊ុន សែន បានបង្ហើបថា លោកបានស្នើសុំឲ្យចិនជួយកម្ពុជាចំនួន ៣ចំណុច ក្នុងពេលបាត់បង់ EBA នេះ។ ចំណុចទាំងបី ដែលលោក ហ៊ុន សែន បានស្នើចិនឲ្យជួយនោះ រួមមាន កុំឲ្យចិនបិទរោងចក្ររបស់ខ្លួននៅកម្ពុជា ឲ្យចិនជួយជំរុញអ្នកវិនិយោគខ្លួនបន្ថែមមកកម្ពុជានៅតំបន់សេដ្ឋកិច្ចពិសេស ជុំវិញវិស័យបច្ចេកវិជ្ជា និងវិស័យវិទ្យាសាស្ត្រជាដើម និងចុងក្រោយ ឲ្យចិនជួយបើកចំហទីផ្សាររបស់ខ្លួនបន្ថែមទៀត សម្រាប់ទំនិញនាំចេញរបស់កម្ពុជា។ លោកថា ការពង្រីកមុខទំនិញនាំចេញទៅទីផ្សារចិននេះ អាចធ្វើឡើងតាមរយៈទំនាក់ទំនងទ្វេភាគីផង និងតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានចិន៖ « អ៊ីចឹងទេ ខ្ញុំសង្ឃឹមថា មិត្តចិន នឹងបន្តខិតខំការជួយយើង ទោះបីជាជួយមិនបានទាំងអស់ ក៏ប៉ុន្តែ អាចសម្រាលនៅការលំបាក ហើយជួយពន្លឿនសេដ្ឋកិច្ចរបស់កម្ពុជា»។
ទន្ទឹមនឹងនេះ លោក ហ៊ុន សែន ក៏រំពឹងដែរថា កម្ពុជា និងចិន អាចនឹងបិទបញ្ចប់ការចរចាឈានទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាយ៉ាងយូរបំផុត ត្រឹមពាក់កណ្ដាលខែវិច្ឆិកា ខាងមុខនេះ ពេលនាយករដ្ឋមន្ត្រីចិន មកចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ផ្ទុយពីការផ្ដល់ការសង្ឃឹមលើមិត្តចិនរបស់លោក ហ៊ុន សែន នេះ បណ្ឌិត យ៉ង សាំងកុមារ ថា លោកមិនរំពឹងថា រដ្ឋាភិបាលចិន អាចនឹងផ្ដល់ការឧបត្ថម្ភធន ដល់រោងចក្ររបស់ខ្លួននៅកម្ពុជានោះទេ៖ « ខ្ញុំមិនហ៊ានសន្និដ្ឋានបែបម៉េចទេ គ្រាន់តែខ្ញុំគិតថា ក្នុងចំណោមរោងចក្រទាំងអស់ មានរោងចក្រតិចតួចដែរ ដែលប៉ះពាល់ មានប្រហែលជា ២០០ ឬ ២០០រោងចក្រជាង។ ក្នុងចំណោមនេះ យើងអត់ដឹងថា រោងចក្រប៉ុន្មានជារបស់ចិននោះទេ។ រោងចក្រប៉ុន្មានដែលគាត់ថា ទោះបីមានការដកប្រព័ន្ធអនុគ្រោះពន្ធ គាត់នឹងដកខ្លួនចេញវិញ ហើយថា តើការឧបត្ថម្ភធនប៉ុន្មាន ដែលអាចជួយឲ្យគាត់អាចឈរជើងបាន។ ប៉ុន្តែ ជារួម ខ្ញុំមិនរំពឹងថា រដ្ឋាភិបាលចិននឹងឧបត្ថម្ភធនដល់ក្រុមហ៊ុនរបស់ខ្លួនទាំងនេះនោះទេ។ ប៉ុន្តែខ្ញុំជឿថា ជម្រើសដែលល្អមានតែរដ្ឋាភិបាលកម្ពុជាខ្លួនឯងទេ បើចង់ឲ្យគេឈរជើងតទៅទៀត ទាល់តែមានការជួយឧបត្ថម្ភធនខ្លះ»។
បន្ថែមពីលើការយល់ឃើញនេះ សម្រាប់អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ បណ្ឌិត មាស នី យល់ឃើញថា ដោយមិនទាន់គិតពីផលប៉ះពាល់នៃជំងឺ COVID-19 តាមរយៈរូបភាពនៃការវិនិយោគកន្លងមករបស់ចិន លោកថា ចិនមិនអាចជួយកម្ពុជាបានទេ ជាពិសេស ការបង្កើតការងារឲ្យកម្មករខ្មែរ ខណៈការវិនិយោគរបស់ចិន ប្រើប្រាស់តែជនជាតិរបស់ខ្លួននោះ៖ «បើសិនជាយើងមើលទៅក្នុងការសាកល្បងរបស់ចិននៅមុនពេលដែលមានការរីករាលដាលនៃជំងឺឆ្លង ពិសេស គឺការសាកល្បងនៃការវិនិយោគទុនរបស់ចិន ដ៏សន្ធឹកសន្ធាប់ដែលយើងឃើញនៅទីក្រុងកំពង់សោម ទាំងនៅក្រុងភ្នំពេញនេះ យើងឃើញថា ការវិនិយោគទុនរបស់ចិននេះ គឺហាក់ដូចជាមិនទាន់បានត្រៀមកម្ពុជាក្នុងការទទួលរងផលប៉ះពាល់ពី EBA នៅឡើយទេ។ នេះគឺដោយសារតែក្នុងកាលៈទេសៈនោះ គឺចិនគេបាននាំចូលមកនូវ ទាំងការវិនិយោគទុនខ្នាតតូច និងទាំងខ្នាតធំ គឺមកទាំងអស់ បានន័យថា មកទាំងព្រមតែម្ដង គឺមានតែកម្មករចិនក៏មកជាមួយដែរ អ្នករកស៊ីតាក់ស៊ីចិនអីក៏មកជាមួយដែរ។ ដូច្នេះពេលនោះ យើងឃើញថា វិធានការមួយនេះ ហាក់បីដូចជាមិនទាន់បានទទួលជោគជ័យសម្រាប់ទទួលយកនូវកម្មករខ្មែរច្រើនសន្ធឹកសន្ធាប់នៅឡើយទេ»។
បណ្ឌិត មាស នី ពុំសង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន អាចជួយដោះស្រាយបញ្ហារបស់កម្ពុជាបានឡើយ។ ផ្ទុយទៅវិញ លោកថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយចិននេះ នឹងបង្កើនបន្ទុកដល់កម្ពុជាទៅវិញ ជាពិសេស ការហូរចូលទំនិញពីចិនមកកម្ពុជាកាន់តែច្រើន ហើយផលិតផល និងក្រុមហ៊ុនអាជីវកម្មខ្នាតតូចក្នុងស្រុកនឹងរងនូវហានិភ័យ និងការបាត់បង់ទីផ្សារ៖ « ត្រង់នេះមួយ ដែលយើងមានការព្រួយបារម្ភ នៅពេលដែលកម្ពុជាត្រូវបានចុះកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយចិននៅក្នុងពេលខាងមុខនោះ។ ថាតើកម្ពុជា នឹងអាចទប់ទល់ខ្លួនឯងប៉ុណ្ណា ដើម្បីពង្រឹងសមត្ថភាព ក្នុងនាមជាម្ចាស់ផ្ទះម្ចាស់ស្រុក ជាអ្នកផលិតបានទេ បើសិនជាមានការហូរចូលនូវទំនិញសន្ធឹកសន្ធាប់ពីប្រទេសចិន ឬប្រទេសជិតខាង ដែលយើងឃើញថា មានច្រើនស្រាប់មកហើយ។ យើងដឹងហើយថា នៅក្នុងវិស័យអាជីវកម្មខ្នាតតូច និងខ្នាតមធ្យម កម្ពុជានៅទាបមែនទែន។ បើសិនជាមានការហូរចូលពីក្រៅមក តាមរយៈការបើកទីផ្សារសេរីទៀតនោះ នោះវានឹងធ្វើឲ្យសមត្ថភាពរបស់កម្ពុជា ក្នុងការផលិតដោយខ្លួនឯង គឺអាចនឹងត្រូវបាត់ទៀត។ យើងឃើញហើយថា សូម្បីតែវិស័យកសិកម្ម ក៏ហាក់ដូចជាមានការពិបាក នៅក្នុងការធ្វើដំណើរទៅមុខ។ ឥឡូវគឺថា ទីផ្សារស្ទើរតែគ្រប់រឿងទាំងអស់ គឺអត់មានបានលក់ចេញទៅណាទេ គឺមានតម្លៃថោកទាំងស្រូវ ទាំងផ្លែឈើទាំងអស់ គឺមានការពិបាក»។
គណៈកម្មការអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ២០% ពោលគឺទៅលើតម្លៃនាំចេញ ទៅកាន់ទីផ្សារអឺរ៉ុបចំនួន ១ពាន់លានអឺរ៉ូ ឬជាង ១ពាន់លានដុល្លារអាមេរិក ក្រោយពីរកឃើញថា របបលោក ហ៊ុន សែន បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ ពិសេសទាក់ទងនឹងសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងសិទ្ធិការងារ។ ការដកប្រព័ន្ធអនុគ្រោះពន្ធ ២០% នេះ នឹងចូលជាធរមានផ្លូវការ នៅពាក់ខែសីហាខាងមុខ ប្រសិនបើគ្មានការជំទាស់ពីសភាអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុបនោះទេ។ ការជំទាស់ណាមួយ គ្រាន់តែអាចពន្យារពេលចូលជាធរមាននៃការយ៉ាងយកពន្ធនេះ ទៅ២ខែបន្ថែមទៀត គឺដល់ពាក់កណ្ដាលខែតុលាវិញ ហើយតម្រូវឲ្យមានមតិជំទាស់ច្រើនដាច់ខាត ទើបអាចជំទាស់សេចក្ដីសម្រេចដកពន្ធ ២០% របស់គណៈកម្មការអឺរ៉ុបនេះបាន ដែលករណីនេះទំនងជានឹងមិនអាចកើតមានឡើងឡើយ។
នៅពេលការគិតពន្ធលើមុខទំនិញកម្ពុជា ២០%នេះ ចូលជាធរមាន កម្ពុជាអាចត្រូវខាតបង់ដោយត្រូវបង់ពន្ធឲ្យអឺរ៉ុបប្រមាណពី ១២០ ទៅ ១៥០លានដុល្លារ សម្រាប់មុខទំនិញសំលៀកបំពាក់ និងស្បែកជើងនាំចេញទៅទីផ្សារអឺរ៉ុបក្នុង ១ឆ្នាំៗ។ នេះគេនៅមិនទាន់គិតពីអត្រាពន្ធ ដែលអឺរ៉ុប យកលើមុខទំនិញធ្វើដំណើរ និងស្រកសផងនោះ ដែលសរុបទាំងអស់ អាចឲ្យកម្ពុជាបាត់បង់ដល់ទៅជិត ២០០លានដុល្លារអាមេរិក។ បណ្ឌិត យ៉ង សាំងកុមារ ថាការដកប្រព័ន្ធអនុគ្រោះពន្ធនេះ ២០% អាចបណ្ដាលឲ្យរោងចក្រប្រមាណ ២០០ ក្នុងចំណោមរោងចក្រប្រមាណជាង ១ពាន់ ១រយរោងចក្រ នឹងរងផលប៉ះពាល់ ហើយកម្មករប្រមាណ ៧ម៉ឺននាក់ ក៏នឹងរងផលប៉ះពាល់ផ្ទាល់ពីការបាត់បង់ការងារធ្វើដែរ ដោយមិនទាន់គិតពីផលប៉ះពាល់ដោយប្រយោលផ្សេងៗ ទៀត។
បើទោះបីជាបច្ចុប្បន្ននៅមិនទាន់មានការសិក្សាជាក់លាក់បែបវិទ្យាសាស្ត្រណាមួយពីករណីផលប៉ះពាល់នៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយផ្នែក គឺ ២០% ពីកម្ពុជាក៏ដោយ ក៏ប៉ុន្តែកន្លងមក ការសិក្សាពីសេណារីយ៉ូនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់គណៈកម្មការអឺរ៉ុប ធ្វើឡើងដោយអ្នកជំនាញមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ចេញផ្សាយក្នុង របាយការណ៍ប្រចាំឆ្នាំ២០១៩ របស់អង្គការនេះ នៅមុនការសម្រេចចិត្តផ្លូវការរបស់គណៈកម្មការអឺរ៉ុប ប៉ាន់ស្មានថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA អាចបណ្ដាលឱ្យធ្លាក់ចុះខ្លាំងនៃការនាំចេញរបស់កម្ពុជា និងធ្លាក់ចុះកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស) GDP ការកាត់បន្ថយការងារ និងការកើនឡើងនៃភាពក្រីក្រនៅកម្ពុជា។ បើទោះជាការប៉ាន់ស្មាននេះ មិនទាន់មានភាពប្រាកដប្រជាក៏ដោយ អ្នកជំនាញ IMF គូសបញ្ជាក់ថា ហានិភ័យ បណ្ដាលមកពីភាពងាយរងគ្រោះនៃវិស័យហិរញ្ញវត្ថុក្នុងស្រុក ក៏អាចនឹងរួមចំណែកធ្វើឱ្យផលប៉ះពាល់នេះកាន់តែធ្ងន់ធ្ងរជាងនេះថែមទៀតដែរ។ ក្រៅពីនេះ ក៏នៅមានផលប៉ះពាល់ដោយប្រយោលដទៃទៀត ដូចជា ការបង្វែរការធ្វើពាណិជ្ជកម្មរបស់ក្រុមអ្នកវិនិយោគពីកម្ពុជាទៅប្រទេសដទៃ ការគិតគូរឡើងវិញពីការកំណត់បរិមាណវិនិយោគ និងចំនួនការងារដល់កម្មករនិយោជិតខ្មែរជាដើម។ រីឯសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅកាត់ថា GMAC វិញ គូសបញ្ជាក់ថា ការដកប្រព័ន្ធអនុគ្រោះពន្ធដោយផ្នែកចំនួន ២០% របស់អឺរ៉ុបនេះ នឹងបណ្ដាលឲ្យបាត់បង់ការងារធ្វើ និងជះឥទ្ធិពលដល់កម្មករខ្មែរ ច្រើនរាប់ម៉ឺននាក់ ជាពិសេស ស្ត្រី បង្កភាពច្របូកច្របល់ដល់វិស័យពាណិជ្ជកម្មរបស់កម្ពុជា ដោយជំរុញឲ្យក្រុមហ៊ុនអ្នកបញ្ជាទិញទៅបណ្ដាក់ទុនវិនិយោគនៅប្រទេសដទៃ។ ព្រមជាមួយគ្នានោះ បញ្ហានេះ ក៏នឹងបង្កើនអត្រាភាពក្រីក្រនៅកម្ពុជាឡើងវិញ និងធ្វើឲ្យកម្ពុជាជួបការលំបាកក្នុងការកែលម្អប្រាក់ឈ្នួល និងអត្ថប្រយោជន៍នានា ដល់កម្មករនាពេលអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
