កសិករ និង​អ្នកជំនាញ​កសិកម្ម​ស្នើ​រដ្ឋាភិបាល​ដាក់ចេញ​យុទ្ធនាការ​ជួយ​ទីផ្សារ​កសិផល​ខ្មែរ​ទូទាំង​ប្រទេស

ដោយ ទីន ហ្សាការីយ៉ា
2024.02.24
កសិករ និង​អ្នកជំនាញ​កសិកម្ម​ស្នើ​រដ្ឋាភិបាល​ដាក់ចេញ​យុទ្ធនាការ​ជួយ​ទីផ្សារ​កសិផល​ខ្មែរ​ទូទាំង​ប្រទេស ការតាំងបង្ហាញ និងលក់ផលិតផលកសិកម្មរបស់កសិករ នៅមុខក្រសួងកសិកម្ម កាលពីថ្ងៃទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤។
រូប៖ ហ្វេសប៊ុកលោក ឌិត ទីណា

កសិករ និង​អ្នកជំនាញ​កសិកម្ម​ចង់​ឃើញ​រដ្ឋាភិបាល​ដាក់​ចេញ​យុទ្ធនាការ​ជាក់លាក់​ជួយ​រក​ទីផ្សារ​កសិផល​ខ្មែរ​ទូទាំង​ប្រទេស។ ពួកគេ​ស្នើ​ដូច្នេះ ដោយសារ​តែ​កន្លង​មក​ចំណាត់ការ​របស់​រដ្ឋាភិបាល​ជួយ​បាន​តែមួយ​រយៈពេល ហើយក៏​ឈប់​ទៅវិញ។

សំណើ​របស់​កសិករ និង​អ្នកជំនាញ ក្រោយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម អ្នកស្រី ចម និម្មល កាល​ពី​ថ្ងៃទី​២២ ខែ​កុម្ភៈ បាន​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ជំរុញ​ការ​ប្រមូលទិញ​ផលិតផល​បន្លែ​តាមរយៈ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​(AIMS) របស់​ក្រសួង​ក្រសួង​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ប្រមូល​ទិញ​បន្លែ​ចំនួន​៥។

ក្រុមហ៊ុន​ប្រមូល​ទិញ​បន្លែ​ទាំង​៥ រួមមាន ផ្សារ​កូនកាំបិត ផ្សារ​ខ្មែរ​បន្លែ​ធម្មជាតិ និង​ផ្សារ​ស្នាដៃ​ម៉ែ ជាដើម​។ ក្រសួង​បញ្ជាក់​ថា ក្រុមហ៊ុន​ទាំងនេះ​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​កេរ្តិ៍​ឈ្មោះ​ផលិតផល​ក្នុងស្រុក​ការ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង និង​ការ​ធ្វើ​ពាណិជ្ជកម្ម​កសិកម្ម​ស្របតាម​និន្នាការ​គុណភាព​នៅ​លើ​ទីផ្សារ។

ការ​ប្រមូល​ទិញ​បន្លែ​របស់​សហគ្រាស​ទាំង​៥ គឺ​ស្មើនឹង​ប្រមាណ ២៤​ភាគរយ នៃ​បរិមាណ​លក់​ជាក់ស្ដែង​របស់​កសិករ​ក្រោម​គម្រោង​កសិកម្ម​ខ្នាត​តូច​របស់​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​មួយឆ្នាំ​។ ក្រសួង​ថា គម្រោង​កសិកម្ម​ខ្នាត​តូច​នឹង​អាច​បង្កើន​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​របស់​ខ្លួន​រហូត​ដល់​ជាង ៣​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ។

កសិករ​ដាំ​បន្លែ​នៅ​ស្រុក​ស្អាង លោកស្រី សុខ ហៀង លើកឡើង​តម្លៃ​បន្លែ​គ្រប់មុខ​មាន​តម្លៃ​ថោក រហូតដល់​មាន​កសិករ​ខ្លះទៀត​ភ្ជួរ​បន្លែ​របស់​ខ្លួន​ចោល​ដោយសារតែ​គ្មាន​អ្នក​ទិញ ហើយ​កសិករ​កាន់តែ​ច្រើន ធ្លាក់​ក្នុង​បំណុល​។ លោកស្រី សុខ ហៀ​ង លើកឡើង​ថា បញ្ហា​ទីផ្សារ​នេះ ដោយសារតែ​រដ្ឋាភិបាល​បើក​ឱ្យ​ឈ្មួញ​នាំចូល​បន្លែ​ពី​ប្រទេស​វៀតណាម ហើយ​រដ្ឋាភិបាល​មិន​បាន​ជួយ​រក​ទីផ្សារ​ដល់​ពលរដ្ឋ​ខ្លួន។

ទោះជា​យ៉ាងណា លោកស្រី សុខ ហៀង ស្នើ​ដល់​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​វិធានការ​ជា​បន្ទាន់ និង​ជាក់លាក់​ក្នុង​ការ​ជួយ​ដល់ទី​ផ្សារ​កសិករ​ទូទាំង​ប្រទេស​ឱ្យ​ទទួល​បាន​តម្លៃ​សមរម្យ និង​បន្ត​គាំទ្រ​ដល់​បច្ចេកទេស​កសិផល​ខ្មែរ។

លោកស្រី សុខ ហៀង៖ «បើ​បន្លែ​យើង​ធ្លាក់​អ៊ីចឹង ខាត​គ្រប់​កន្លែង ថោក​នោះ​ថោក ជួនណា​ដាំ​បាន​អត់​មាន​អ្នកទិញ​ក៏​ភ្ជួរ​ចោល​ទៅ ដុត​ចោល​ទៅ​។ ឱ្យ​ជួយ​រកបាន​ទីផ្សារ​ទៅ​បន្លែ​ខ្មែរ​យើង គ្រាន់​មាន​ទឹក​មាត់​លេប​ខ្លះ ព្រោះ​អត់​មាន​ទីផ្សារ​ផង​ហ្នឹង យក​ទៅ​ជួនកាល​ខាង​ម៉ូយ​ភ្នំពេញ​ក៏​ពិបាក​លក់ យក​ទៅ​ទុកចោល​រលួយ​ពេញ​តង់»

វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​ករណីនេះ ពី​អ្នកនាំពាក្យ​ក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា និង​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ប៉ែន សុវិជាតិ បាន​ទេ កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ។

ទីប្រឹក្សា​អង្គការ​សាមគ្គីភាព​កសិករ​កម្ពុជា លោក ឌី គន្ធា លើកឡើង​ថា លោក​គាំទ្រ​ចំពោះ​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ដើម្បី​ចូលរួម​រួម​ស្ទួយ​កសិផល​ខ្មែរ ប៉ុន្តែ លោក​ថា ការ​គាំទ្រ​នេះ​នៅ​មិនទាន់​ជួយ​កសិករ​ទូទាំង​ប្រទេស​បាន​នោះ​ទេ​។ លោក ឌី គន្ធា បន្ថែម​ថា រដ្ឋាភិបាល​គួរតែ​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ជាច្រើន​ទៀត​ដើម្បី​ទិញ​កសិផល​ខ្មែរ។

លោក ឌី គន្ធា៖ «ចំពោះមុខ​រដ្ឋាភិបាល​ត្រូវ​ធ្វើការ​កៀរគរ​អ្នកវិនិយោគទុន​ដែល​ផ្ដោត​ទៅ​លើ​វិស័យ​កសិកម្ម​ដែល​អាច​បង្កើត​ជា​រោងចក្រ​កែច្នៃ​កសិផល​ដំណាំ ឧទាហរណ៍​រោងចក្រ​ផលិត​ចំណី​សត្វ ឬក៏​រោងចក្រ​កែច្នៃ​ចំណីអាហារ»

ក្រៅ​ពី​នេះ លោក ឌី គន្ធា ថា រដ្ឋាភិបាល​គួរតែ​កែច្នៃ​ផលិតផល​កសិផល​កសិកម្ម​ឱ្យ​ក្លាយជា​ផលិតផល​សម្រេច និង​ជួយ​គាំទ្រ​ផលិតផល​កសិកម្ម​អាច​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន។

ក្រសួង​កសិកម្ម​ធ្លាប់​លើក​ឡើង​ថា នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៣​នេះ កម្ពុជា​ទទួល​បាន​ចំណូល​ជាង ២ (.) ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​ជាង ​២២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២២​។ ក្រសួង​អះអាង​ថា ការ​ធ្លាក់​ចុះ​នេះ​ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​សកល​លោក និង​ផលិតកម្ម​ដំណាំ​មួយចំនួន​មាន​ការ​ថយ​ចុះ​ជាដើម។

នៅក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧ បាន​កំណត់​ពី​ការ​ធ្វើ​ឱ្យ​វិស័យ​កសិកម្ម ប្រសើរ​ឡើង មាន​ការ​ប្រកួតប្រជែង​ខ្ពស់ មាន​អ្នកជំនួញ​កសិកម្ម​នៅ​តាម​ឃុំ​-​សង្កាត់ និង​ធ្វើ​ឱ្យ​កសិករ​នៅ​តាម​ជនបទ​មាន​ជីវភាព​ធូរធារ។ ទោះជា​យ៉ាងណា​ក្ដី កសិករ និង​អ្នកជំនាញ​កសិកម្ម ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើត​គោលនយោបាយ ដើម្បី​ពង្រីក​ផលិតកម្ម កសិកម្ម ឱ្យ​បាន​គ្រប់​តាម​តម្រូវការ​ក្នុង​ស្រុក ចៀសវាង​ការ​បើក​ឱ្យ​កសិផល​ពី​ក្រៅប្រទេស​វាយលុក​ទីផ្សារ​ក្នុងស្រុក​។ ពួកគាត់​ក៏​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​បរិភោគ​ឱ្យ​ងាក​មក​ទិញ បន្លែ​ផ្លែឈើ ត្រី​សាច់ ក្នុងស្រុក ដើម្បី​ជួយ​ដល់​កសិករ​ខ្មែរ និង​ជួយ​ដល់​សេដ្ឋកិច្ចជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។