កសិករ​មួយចំនួន​នៅ​ខេត្ត​បាត់ដំបង កំពុង​ប្រឈម​បញ្ហា​ជីវភាព​ដោយសារ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ

ដោយ យន់ សាមៀន
2024.09.08
កសិករ​មួយចំនួន​នៅ​ខេត្ត​បាត់ដំបង កំពុង​ប្រឈម​បញ្ហា​ជីវភាព​ដោយសារ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ ទិដ្ឋភាពពលរដ្ឋ​ដឹកស្រូវ​យក​ទៅលក់នៅក្នុង​ភូមិ នាខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី៧ កញ្ញា ២០២៤។
រូប៖ ហ្វេសប៊ុក Channa

ពលរដ្ឋ​មួយចំនួន នៅ​ខេត្ត​បាត់ដំបង​ត្អូញត្អែរ​អំពី​បញ្ហា​តម្លៃ​ស្រូវ​ធ្លាក់ចុះ ខណៈ​ពួកគាត់​បាន​ចំណាយ​ថ្លៃដើម​ច្រើន​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​ស្ដាប់​នូវ​ក្ដី​កង្វល់ និង​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ។

ពលរដ្ឋ​មួយចំនួន នៅ​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង អះអាង​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ តម្លៃ​ស្រូវ​កំពុង​បន្ត​ធ្លាក់​ចុះ ធ្វើ​ឲ្យ​ពួកគាត់​ខាតបង់​ប្រាក់​ប្រមាណ ១០​ម៉ឺន​រៀល​ក្នុង​ស្រូវ​មួយ​តោន។

កសិករ​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង លោកស្រី សែម ប៊ុនធី ដែល​ធ្វើស្រែ​លើ​ផ្ទៃដី​ប្រមាណ​៤​ហិកតារ​ថា ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​៧ ខែ​កញ្ញា ថា តម្លៃ​ស្រូវ​ប្រភេទ​អូអឹម ៥៤.៥១ ដែល​ឈ្មួញ​ប្រមូល​ទិញ កាលពី​ថ្ងៃទី​៧ ខែកញ្ញា​នេះ គឺ​នៅ​ត្រឹម​តែ​ប្រមាណ​៩៥​ម៉ឺន​រៀល ដែល​ចុះ​ប្រមាណ​១០​ម៉ឺន​រៀល បើ​ធៀប​នឹង​កាលពី​ថ្ងៃទី ៥ ខែ​កញ្ញា​។ លោកស្រី ឲ្យ​ដឹង​ថា បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ​នេះ កំពុង​ប៉ះពាល់​ដល់​បញ្ហា​ជីវភាព ព្រោះ​ត្រូវ​រ៉ាប់រង​ការ​ចំណាយ​ថ្លៃដើម និង​ការ​ប្រមូល​ផល។

លោកស្រី សែម ប៊ុនធី៖ «ខ្ញុំ​ចង់​សំណូមពរ​ដល់​សម្ដេច ឯកឧត្តម​ទាំងអស់ បាន​ស្រូវ​កុំ​ឲ្យ​ទម្លាក់​ពេក​ពេល​អ្នកស្រែ​ធ្វើកើត​សូម​សំណូមពរ​កុំ​ឲ្យ​ទម្លាក់​តម្លៃ​ស្រូវ តម្លៃ​ដំណាំ​របស់​អ្នកស្រែ អ្នកស្រែ​វេទនាណាស់​ដល់ពេល​ធ្វើ​ចុះ​ធ្វើឡើង​ទម្លាក់​គ្នា​អីចឹង​ជំពាក់​តែ​អង្គការ (​ធនាគារ​) មិន​មាន​អ្វី​សង មានតែ​សំណូមពរ​កុំ​ឲ្យ​គាត់​ទម្លាក់​តម្លៃ កុំ​តែ​ពេល​គ្នា​ធ្វើកើត​ទម្លាក់ៗ»

កសិករ​ឲ្យ​ដឹង​ដែរ​ថា ស្រូវ​ប្រភេទ​ស្រង៉ែ ដែល​មាន​រយៈពេល ២​ខែ​កន្លះ ក្នុង​មួយ​តោន​មានតម្លៃ​ជិត​១​លាន ៣០​ម៉ឺន​រៀល កាលពី​ថ្ងៃទី​៥ ខែ​កញ្ញា បាន​ធ្លាក់​មក​នៅ​ត្រឹម ប្រមាណ ១​លាន ២០​ម៉ឺន​រៀល កាលពី​ថ្ងៃទី៧ ខែ​កញ្ញា។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្ត​បាត់ដំបង លោក អ៊ឹម សុវណ្ណមុនី ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី៧ ខែ​កញ្ញា។

ទាក់ទង​នឹង​បញ្ហា​នេះ គណនី​ហ្វេសប៊ុក​ឈ្មោះ ចាន់ណា ក៏បាន​បង្ហោះ​វីដេអូ​នៅ​លើ​ហ្វេសប៊ុក កាលពី​ថ្ងៃទី៧ ខែ​កញ្ញា ថា តម្លៃ​ស្រូវ​នៅ​ឃុំ​សឿ ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ក៏​ធ្លាក់ចុះ​ដែរ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។ លោក ចាន់ណា ឲ្យ​ដឹង​ថា កសិករ​មួយ​ចំនួន​នៅក្នុង​ឃុំ​នេះ ហាក់​កំពុង​បាក់​ទឹក​ចិត្តនឹង​តម្លៃ​ស្រូវ​ចុះថោក ហើយ​ពួកគាត់​មិន​បាន​ច្រូតស្រូវ​នោះ ទោះ​ជា​ស្រូវ​នោះ​ដល់​ថ្ងៃ​ច្រូត​ហើយ​ក៏​ដោយ។

អ្នក​គ្រប់គ្រង​ការិយាល័យ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី៧ ខែ​កញ្ញា ថា លោក​សង្កេតឃើញ​កសិករ​នៅ​តំបន់​ខ្លះ​ក្នុង​ខេត្ត​ទាំងពីរ​នេះ សម្រុក​ច្រូតកាត់​ក្នុង​ពេល​ជាមួយគ្នា ដែល​អាច​បណ្ដាល​ឲ្យ​ហាងឆេង​ស្រូវ​ចុះថោក ខណៈ​ឈ្មួញកណ្ដាល​មួយចំនួន ក៏​ពុំ​មាន​លទ្ធភាព​ទទួល​ទិញ​ស្រូវ​ម្ដង​ទាំងអស់​ដែរ​។ លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ស្រូវ​ថ្នាក់​ថ្លៃ​នេះ គឺ​មន្ត្រី​កសិកម្ម​ខេត្តបាត់ដំបង និង​សភាពាណិជ្ជកម្ម​ខេត្តបាត់ដំបង គួរតែ​បញ្ចេញ​កញ្ចប់​ថវិកា​មួយចំនួន ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​សមរម្យ។

លោក អ៊ិន គង់ជិត៖ «យើង​អំពាវនាវ​ក្នុងនាម​សង្គម សូម​ឲ្យ​សភាពាណិជ្ជកម្ម​ខេត្ត និង​ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​ទំនាក់ទំនង ដើម្បី​បង្កើត​ទីផ្សារ​ឲ្យ​ប្រជាពលរដ្ឋ​បាន​លក់​កសិផល​របស់​គាត់​ហ្នឹង​ក្នុង​តម្លៃ​សមរម្យ ឬ​ក្នុង​តម្លៃ​ខ្ពស់​ដែល​អាច​ឲ្យ​គាត់​រួចខ្លួន​បាន»

កសិករ​មួយចំនួន​ឲ្យ​ដឹង​ថា ការ​ដាំដុះ​ស្រូវ អាយុ​កាល​ខ្លី​ដូចជា​ពូជ​សែន​ក្រអូប និង​ពូជ​អូអឹម ៥៤.៥១ (OM 54.51) កសិករ​ត្រូវ​ចំណាយ​ជាច្រើន ដូចជា ថ្លៃ​ពូជស្រូវ ចាប់ពី​១​រយ​ដល់​២​រយ​គីឡូក្រាម ដែល​មាន​តម្លៃ​ប្រមាណ ៣៦​ម៉ឺន​រៀល ការរៀបចំ​ដី​ដោយ​ជួល​គ្រឿងយន្ត​កសិកម្ម ដើម្បី​ភ្ជួរ និង​រាស់​ដី ដែល​មាន​តម្លៃ​ប្រមាណ​២៦​ម៉ឺន​រៀល ថ្លៃ​ជី​ទ្រាប់​បាតដី​ចំនួន​២​បាវ ដែល​មាន​តម្លៃ​ប្រមាណ​៣៦​ម៉ឺន​រៀល ថ្លៃ​ថ្នាំ​កំចាត់​សត្វល្អិត និង​ថ្នាំ​ប៉ូវ​កសិកម្ម ដែល​មាន​តម្លៃ​ប្រមាណ​១០​ម៉ឺន​រៀល និង​ថ្លៃ​ជួល​ដីស្រែ​ដែល​មាន​តម្លៃ​ប្រមាណ​៦០​ម៉ឺន​រៀល ដែល​សរុប​មានតម្លៃ​ប្រមាណ ១​លាន​៦៨​ម៉ឺន​រៀល​ក្នុង​មួយ​ហិកតារ។ នេះ​នៅ​មិនទាន់​រាប់បញ្ចូល​ថ្លៃ​ច្រូត​កាត់ ដឹកជញ្ជូន សម្ងួត​ស្រូវ និង​កម្លាំង​ពលកម្ម​ម្ចាស់​ស្រែ​នៅ​ឡើយ​ទេ។

កសិករ ឲ្យ​ដឹង​ដែរ​ថា ស្រូវ ដែល​មាន​ទឹក​គ្រប់គ្រាន់​អាច​ទទួល​បាន​ផល​ចាប់ពី ៥ ដល់ ៦​តោន​ក្នុង​មួយ​ហិកតារ ប៉ុន្តែ​ស្រូវ ដែល​ឆ្ងាយ​ពី​តំបន់​ប្រភព​ទឹក​អាច​ទទួល​បាន​ត្រឹម ៣​តោន​ប៉ុណ្ណោះ​ក្នុង​មួយ​ហិកតារ។ ពួកគាត់​រំពឹង​ថា តម្លៃ​ស្រូវ​ទាប​បំផុត ដែល​អាច​រ៉ាប់រង​ការ​ចំណាយ​ថ្លៃដើម និង​កម្លាំង​ពលកម្ម គឺ​ចាប់ពី​១ គីឡូក្រាម​លើស​ពី ១​ពាន់​រៀល។

កាលពី​ខែ​កញ្ញា ឆ្នាំ​២០២៣ អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ កញ្ញា អឹម រចនា ឲ្យ​ដឹង​ថា តម្លៃ​ស្រូវ​នៅ​កម្ពុជា បាន​ហក់​ឡើង​ដល់ ១​ពាន់​៣​រយ​រៀល​ក្នុង​មួយ​គីឡូក្រាម ដោយសារតែ​ប្រទេស​វៀតណាម នៅ​មិនទាន់​ដល់​រដូវ​ប្រមូល​ផល ប៉ុន្តែ​ជាប់​កុងត្រា​លក់​ស្រូវ​អង្ករ​ជាមួយ​ប្រទេស ទើប​វៀតណាម​បាន​ទិញ​ស្រូវ​នៅ​កម្ពុជា​ក្នុង​តម្លៃ​ខ្ពស់​។ កញ្ញា បញ្ជាក់​ថា លុះដល់​ប្រទេស​វៀតណាម​ដល់​រដូវ​ប្រមូល​ផល​ដែរ ទើប​ធ្វើ​ឲ្យ​តម្រូវការ​ស្រូវ​ពី​កម្ពុជា​ថយ​ចុះ ហើយ​តម្លៃ​ស្រូវ​ក៏​ធ្លាក់​ថ្លៃ។

របាយការណ៍​រដ្ឋបាល​ខេត្ត​បាត់ដំបង​បង្ហាញថា ខេត្ត​នេះ​មាន​ផ្ទៃដី​កសិកម្ម​សរុប ជាង​៤​សែន ហិកតារ (៤១៥.២០០) ក្នុង​នោះ​ដី​សម្រាប់​ធ្វើ​ស្រូវ​មាន ជាង​៣​សែន​ហិកតារ​(៣១៥.១០០ ហិកតារ)។ បើ​ទោះ​បី​ជា គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧ បាន​លើកឡើង​ពី​ការ​លើកស្ទួយ​វិស័យ​កសិកម្ម ផ្ដោត​លើ​ការ​អភិវឌ្ឍ​កសិកម្ម​ទំនើប ជំរុញ​ការប្រកួតប្រជែង​និង​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​ក៏ដោយ ប៉ុន្តែ​គោលនយោបាយ​នេះ ហាក់​នៅ​ពុំ​ទាន់​ផ្ដល់​ផលប្រយោជន៍​ដល់​កសិករ​ជា​ដុំកំភួន​ឡើយ ដោយ​កសិករ​តែង​ត្អូញត្អែរ​ពី​បញ្ហា​គ្រោះ​រាំងស្ងួត​ដោយសារ​គ្មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ស្រោចស្រព​ដំណាំ និង​បញ្ហា​គ្មាន​ទីផ្សារ​កសិកម្ម​ដូចជា ទិន្នផល​ស្រូវ​លក់​បាន​តម្លៃ​ថោក​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។