ប្រជាកសិករនៅមួយចំនួននៅស្រុកបវេល ខេត្តបាត់ដំបងសោកស្ដាយនឹងសេចក្ដីថ្លែងការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់នឹងនេសាទ ដែលជឿទៅលើរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមថា ពលរដ្ឋមិនរងផលប៉ះពាល់ដោយសារតែកង្វះខាតទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្ម។ កសិករទាំងនេះ នៅតែអះអាងថា ពួកគាត់ជាច្រើនគ្រួសារប្រឈមនឹងដាច់ស្បៀង និងបារម្ភគ្មានប្រាក់សងធនាគារដោយសារធ្វើស្រែខាត។
ប្រជាកសិករនៅភូមិស្ថាពរ២ឃុំអំពិលប្រាំដើម ស្រុកបវេលលោក ឆេង វើន ថ្លែងនៅថ្ងៃទី២៨ ធ្នូថា លោកធ្វើស្រូវ ១០ហិកតារ ប៉ុន្តែស្រូវទាំងនោះត្រូវខូចស្ទើរទាំងស្រុង ដោយប្រមូលផលបានប្រមាណ៨០០គីឡូក្រាម។ លោកអះអាងថា លោកលក់គោអស់ ៣ក្បាល ហើយនៅតែរកប្រាក់សងធនាគារដែលបានខ្ចីគេមកធ្វើដើមទុនដាំដុះកាលពីដើមរដូវមិនទាន់គ្រប់នៅឡើយ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋនៅឃុំអំពិលប្រាំងដើម ឃុំបឹងប្រាំ និងឃុំព្រៃខ្ពស់ រាប់រយគ្រួសារមិនអាចរកប្រាក់សងធនាគារបានឡើយ ហើយបានទៅរកការងារធ្វើនៅប្រទេសថៃ ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ៖ «ដូចមិនត្រឹមត្រូវទេ គាត់ធ្វើអីចឹងកាន់តែរឹតកពួកខ្ញុំទៀតហើយ។បើក្រសួងមិនជឿទេប្លង់ដីខ្ញុំនៅធនាគារ ខ្ញុំអត់មានថានិយាយមួលបង្កាច់ក្រសួងទេ ពិតបានប្រជាជនហ៊ាននិយាយ បើមិនពិតមិនដឹងថាស្រែធ្វើអីបើមានទៅហើយ ព្រោះថាអត់ហ្នឹងហើយបានជាពួកខ្ញុំស្រែយំ ដើម្បីឱ្យថ្នាក់លើបានដឹង ដល់តែគ្នាស្រែទៅធ្វើរបាយការណ៍ថាប្រជាជនខ្ចីលុយមួយរយពីររយដុល្លារ មិនមែនទេ កុំធ្វើរបាយការណ៍ទៅតាមថ្នល់អត់កើតទេ » ។
លោកទទូចឱ្យរដ្ឋាភិបាលជាពិសេសក្រសួងកសិកម្មចុះទៅជួយពួកគាត់ជាបន្ទាន់ ពីព្រោះមិនមានមុខរបររកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារនោះទេ។
រីឯកសិករម្នាក់ទៀតរស់នៅភូមិបឹងរ៉ូង ឃុំព្រៃខ្ពស់ ស្រុកបវេល លោកស្រី ឈន សឿន មានប្រសាសន៍ថា លោកស្រីធ្វើស្រែ ១០ហិកតារ គឺខូចទាំងអស់ ដោយសារគ្មានទឹកស្រោចស្រព។លោកស្រី ព្រួយបារម្ភខ្លាចរកប្រាក់សងធនាគារមិនបាន ហើយរឹបអូសយកដីធ្លីដែលបានដាក់បញ្ចាំខ្ចីប្រាក់គេធ្វើស្រែ។លោកស្រីបញ្ជាក់ថា សព្វថ្ងៃលោកស្រីខ្ចីប្រាក់ពីប្រជាពលរដ្ឋយកទៅបង្វិលសងធនាគារ ដែលបានខ្ចីគេជាង២ពាន់ដុល្លារអាមេរិកធ្វើដើមទុនដាំដុះកាលពីពេលកន្លងទៅ៖ «និយាយចុះមកថាមិនជំពាក់គេខ្លាចតែគាត់ចុះត្រឹមតែតាមថ្នល់កៅស៊ូ ដែលមានជាតំបន់មានទឹកអាចមិនជំពាក់គេមែន តែនៅតំបន់ខ្ញុំវិញគ្មានស្រូវមួយគួរទេ។គាត់មកឱ្យដល់តំបន់ខ្ញុំមក បើគាត់រាយការណ៍មិនបានឃើញផ្ទាល់ផងនោះ ព្រោះពួកខ្ញុំនៅទីនេះអត់ឃើញមន្ត្រីណាមួយ ចុះមកអត់មានឃើញទេ។ប្លង់ដីខ្ញុំដាក់អស់៣ប្លង់ មុនដំបូងយកមកតិចពេលវាអត់គ្រប់ ដល់អត់គ្រប់យកថែមទៀត » ។
ប្រតិកម្មរបស់ប្រជាពលរដ្ឋនេះ បន្ទាប់ពីក្រសួងកសិកម្មបានចេញសេចក្ដីប្រកាសបដិសេធថា នៅស្រុកបវេលតំបន់ដែលជួបគ្រោះរាំងស្ងួតនោះ គឺពុំមានពលរដ្ឋជំពាក់ប្រាក់ធនាគារដោយសារធ្វើស្រូវខាតនោះទេ។ក្រសួងបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសកាលពីពេលថ្មីៗនេះថា មន្ទីរកសិកម្មខេត្តបាត់ដំបងបានបញ្ជូនប្រធាន អនុប្រធាន និងការិយាល័យកសិកម្មស្រុកបវេល ចុះទៅជួបកសិករ និងអាជ្ញាធរឃុំនៅតំបន់នោះ គឺមិនមានប្រជាពលរដ្ឋប្រឈមនឹងដាច់ស្បៀងអាហារឡើយ ហើយក៏មិនពលរដ្ឋយកប្លង់ដីដាក់បញ្ចាំធនាគារដែរ គឺដោយតែខ្ចីប្រាក់ពីបុគ្គលឯកជនតិចតួចប៉ុណ្ណោះ។ចំពោះស្រូវស្កកវិញ គឺដោយសារគ្រោះរាំងស្ងួតអូសបន្លាយពេលយូរ ហើយនៅឆ្ងាយពីប្រភពទឹក ដែលមិនអាចជួយសង្គ្រោះបាន ប៉ុន្តែពលរដ្ឋបានដាំដំឡូងមីលើដីដែលធ្វើស្រូវខូចនោះជំនួសវិញ។ ប៉ុន្តែកសិករអះអាងថា របាយការណ៍មិនមានការពិតនោះទេ ហើយអាជ្ញាធរក៏មិនបានចុះទៅដល់ផ្ទះ ឬតំបន់ដែលពួកគាត់កំពុងខ្វះខាតពិតប្រាកដឡើយ។
មេឃុំព្រៃខ្ពស់ លោក ហាច ហាន ធ្លាប់ប្រាប់អាស៊ីសេរីថា ដំណាំស្រូវវស្សារបស់កសិករក្នុងឃុំ ដែលលោកគ្រប់គ្រងមានជាង ២ពាន់ហិកតារ (២.០០០) ខូចខាតទាំងស្រុង ដោយសារគ្មានទឹកស្រោចស្រព។ លោកជឿថា ប្រជាពលរដ្ឋជាងមួយរយគ្រួសារដែលរងគ្រោះធ្ងន់ធ្ងរនោះ អាចប្រឈមនឹងការដាច់ស្បៀងនៅពេលខាងមុខ។ លោក បន្តថា ដំណាំស្រូវដែលខូចខាតមានរាប់ម៉ឺនហិកតារនៅក្នុងឃុំអំពិលប្រាំដើម ឃុំក្ដុលតាហែន និងឃុំបឹងប្រាំ ហើយលោកថា អាជ្ញាធរស្រុក និងខេត្តបានដឹងពីការខូចខាតរបស់កសិករនេះហើយ៖ «ហើយបឹងប្រាំដូចទូទាំងឃុំបាទ ! ខ្លះមកធ្វើលិខិតបញ្ជាក់ដីធ្លីដើម្បីខ្ចីប្រាក់យកទៅថ្លៃជីដែលបានទិញដាក់ស្រូវ ព្រោះកន្លងមកមានភ្លៀងខ្លះហើយកសិករទៅទិញជីដាក់ស្រែ ដល់វារាំងវិញស្រូវងាប់អស់។អ្នកខ្លះ៥ហិកតារគ្មានបានតិចទេ ចំពោះស្រូវស្រង៉ែ។បើស្រូវសែនក្រអូប ៦ហិកតារគាត់បាន៤០បាវ បើស្រូវស្រង៉ែអត់មានមួយគ្រាប់ទេ បានថាវាលំបាក » ។
ប្រធានសមាគមកសិករដើម្បីអភិវឌ្ឍជីវភាព លោក ស៊ុម ម៉ាណែត ថ្លែងថា ប្រជាកសិករទាំងនោះប្រឈមមុខនឹងធនាគាររឹបអូសដីធ្លីនៅពេលខាងមុខ ពីព្រោះអ្នកភូមិភាគច្រើនខ្ចីប្រាក់ពីធនាគារធ្វើស្រែ ដោយសន្យានឹងសងគេវិញនៅពេលប្រមូលផលស្រូវរួច។ លោកចាត់ទុកសេចក្ដីប្រកាសរបស់ក្រសួងកសិកម្មនេះថា គ្រាន់តែជាលេសដោះសាយករួចខ្លួន ដោយមិនបានទៅជួយដល់កសិករដែលកំពុងជួបការខ្វះខាតនោះឡើយ។ លោកបញ្ជាក់ថា បញ្ហានេះនឹងក្លាយទៅវិបត្តិសង្គមធ្ងន់ធ្ងរនៅពេលខាងមុខ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធនៅតែមិនជួយកែច្នៃឱ្យពួកគាត់ដាំបន្លែបង្ការលក់ រកប្រាក់ចំណូលបន្ថែមនោះ៖ «រដ្ឋមន្ត្រីក្រសួងកសិកម្មគួរតែបញ្ជូនឬក៏បង្កើតជាគណៈកម្មការមួយ ដើម្បីចុះអង្កេតរឿងហ្នឹងឱ្យបានច្បាស់លាស់ កុំជឿទៅរបាយការណ៍របស់អាជ្ញាធរមូលដ្ឋានច្រើនពេល ព្រោះនឹងធ្វើឱ្យប្រជាកសិករនៅខេត្តបាត់ដំបង និងនៅខេត្តផ្សេងដែលធ្វើស្រែខាត ប្រហែលពួកគាត់ប្រឈមមុខនឹងការដាច់ស្បៀងជាមិនខានទេ » ។
មន្ត្រីសង្គមស៊ីវិលរូបនេះសង្កេតឃើញថា កសិករនៅខេត្តផ្សេងទៀតក៏ជួបគ្រោះរាំងស្ងួតនេះដែរ ដូចជាខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ស្វាយរៀង និងខេត្តកំពង់ចាមជាដើម ហើយពួកគាត់កំពុងតែប្រឈមនឹងខ្វះស្បៀងដោយសារ គ្មានរបររកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។ លោកពន្យល់ថា ដើម្បីដោះស្រាយបញ្ហានេះកុំឱ្យកើតមានទៅថ្ងៃខាងមុខទៀត រដ្ឋាភិបាលត្រូវធ្វើប្រឡាយនៅតំបន់ ដែលគ្មានទឹកស្រោចស្រពផលដំណាំឱ្យបានច្រើនកន្លែង ដើម្បីកុំឱ្យកសិករពឹងផ្អែកទៅលើទឹកភ្លៀងតែមួយមុខដូចសព្វថ្ងៃ និងអាចមានទឹកគ្រប់គ្រាន់ដើម្បីដាំដុះបាន ២ដងក្នុងឆ្នាំមួយ។ បន្ថែមពីនេះ លោកថា អាជ្ញាធរក៏ត្រូវទប់ស្កាត់បន្លែនាំចូលពីប្រទេសជិតខាង ដែលប្រជាពលរដ្ឋអាចដាំដុះបានដោយខ្លួនឯង ដើម្បីជួយដល់កសិករលក់កសិផលបានតម្លៃសមរម្យជាងពេលបច្ចុប្បន្នផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។