កសិករនៅនៅតាមបណ្ដាខេត្តមួយចំនួនត្អូញត្អែរអំពីតម្លៃស្រូវនៅតែបន្តចុះថោកខ្លាំងនៅឆ្នាំនេះ ធ្វើឱ្យពួកគេប្រឈមខាតបង់ដើមទុន ជាពិសេសជាប់ផុងនឹងវិបត្តិបំណុល ដែលពួកគេបានខ្ចីបុលពីស្ថាប័នផ្តល់ប្រាក់កម្ចីនានា ដើម្បីធ្វើដើមទុនបង្កបង្កើនផល។ ប្រជាកសិកររអ៊ូរទាំថា តម្លៃស្រូវចុះថោកនៅពេលប្រមូលផលនេះ បានក្លាយជាទម្លាប់ទៅហើយ។ ដូច្នេះរដ្ឋាភិបាល ត្រូវចាត់វិធានការដោះស្រាយឱ្យមានប្រសិទ្ធភាពឡើងវិញ។
កសិកររស់នៅស្រុករុក្ខគិរី ខេត្តបាត់បង់ លោក ជ្រឹង សម្បត្តិ ប្រាប់អាស៊ីសេរីថា ស្រូវប្រភេទលេខ២ មានតម្លៃ ចន្លោះពី ៧០០រៀល ទៅ ៨០០រៀលក្នុងមួយគីឡូក្រាម ដែលតម្លៃនេះថោកខ្លាំងមិនអាចទូទាត់ការចំណាយថ្លៃដើមបាននោះទេ។ លោកថា គ្រួសារលោកធ្វើស្រែជាង ២ហិកតារ តែត្រូវបានទឹកជំនន់ជាន់លិចខូចអស់ជិត ១ហិកតារ នៅសល់ជាង ១ហិកតារ ប៉ុណ្ណោះ ប៉ុន្តែពេលប្រមូលផលស្រាប់តែតម្លៃស្រូវធ្លាក់ថ្លៃថែមទៀត៖ « វាខូចប៉ះពាល់ដល់ទឹកជំនន់ហ្នឹងមកផង យើបានផលតិចតូចវាថោក ហើយវាបានតិចទៀត។ អត់បានចំណេញមានតែខាត ខាតបង់ទី១ យើងសង្ឃឹមទៅលើកសិករ ដើម្បីបង្កបង្កើនផលយកលុយហ្នឹងបង់ការធនាគារ។ ដល់អ៊ីចឹងយករកអត់បានសម្រាប់បង់ការធនាគារ។ ដល់អ៊ីចឹងយ៉ាប់ណាស់ មិនថាតែរូបខ្ញុំម្នាក់ទេ គ្រប់គ្នាទាំងអស់ » ។
ចំណែកកសិកររស់នៅស្រុកបាធាយ ខេត្តកំពង់ចាម លោក ឃីម ឃាន់ ឱ្យដឹងនៅថ្ងៃទី៧ ធ្នូថា ស្រូវលេខ១ ដូចជា ស្រូវម៉្លេះ និងស្រូវផ្ការំដួល តម្លៃធម្មតា ១.៣០០រៀល ក្នុងមួយគីឡូក្រាម។ តែបច្ចុប្បន្នលក់បានតែ ១.០០០រៀលប៉ុណ្ណោះ។ លោកថា តម្លៃនេះមិនអាចទូទាត់នឹងការចំណាយថ្លៃដើមបាននោះទេ៖ « ទីផ្សារអត់ស្រូវខ្លះថោក បានហើយពិបាកលក់ទៀត។ ពិបាកលក់ហ្នឹងទី១ គឺវាបន្ថោកតម្លៃរបស់យើងតែម្ដង វាសាញថា ស្រូវមិនល្អអ៊ីចេះ ស្រូវចុះ ហើយដល់អ៊ីចឹងពលរដ្ឋអ្នកទៅធ្វើបានហើយ គឺគាត់ត្អូញត្អែរទី១ នឹងតម្លៃហ្នឹងម្ដង ហើយទូទាត់ និងចំណាយចាយវាយ វាអត់រួចខ្លួន » ។
ប្រជាកសិករបន្ថែមថា ក្រុមឈ្មួញបានទម្លាក់តម្លៃស្រូវ ទៅតាមគុណភាពស្រូវ ពោលគឺ ស្រូវខ្លះលក់បាន ១តោន ៩០ម៉ឺនរៀល (៩០០.០០០) រហូតជាង ១លានរៀល។ រីឯស្រូវខ្លះទៀត តម្លៃក្រោម ៨០ម៉ឺនរៀល (៨០០.០០០) ក្នុងមួយតោន ដោយសារគុណភាពមិនសូវល្អ។
កសិករម្នាក់ទៀត រស់នៅស្រុកបាធាយ ខេត្តកំពង់ចាម លោក ង៉ីន ងឿន ថ្លែងថា ក្រុមឈ្មួញបានចុះមកទិញស្រូវពីកសិករ រើសយកតែស្រូវល្អៗ ហើយស្រូវណាមិនល្អគេមិនទិញនោះទេ។ លោកថា នៅពេលលក់ស្រូវម្តងៗ ក្រុមឈ្មួញបានកំណត់តម្លៃស្រេចតែចិត្ត ហើយស្រូវដែលទិញពីខេត្តកំពង់ចាម គេដឹកទៅលក់នៅឯប្រទេសវៀតណាម៖ « តម្លៃស្រូវគឺអត់ដែលបានកើនឡើងអី ហើយនៅពេលដែរលក់ស្រូវម្តងៗ ឈ្មួញជាអ្នកកំណត់តែម្ដងថា ស្រូវហ្នឹងបានតែប៉ុណ្ណឹងៗ ទេ។ កសិករតែងតែរអ៊ូរទាំពេលធ្វើហេតុអីបានឡើងថ្លៃ ដល់ពេលប្រមូលផលចុះថ្លៃវិញ » ។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ និងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួល នៅថ្ងៃទី៧ ធ្នូ។
ទោះយ៉ាងណារដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានប្រាប់វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី (VOD) ថា ស្រូវនៅខេត្តបាត់ដំបងចុះថោកខ្លាំង ដោយសារតែស្រូវទាំងនោះដួល និងត្រាំទឹកធ្វើឱ្យខូចគុណភាព។ រីឯស្រូវនៅតាមបណ្ដាខេត្តជាប់ប្រទេសវៀតណាម មានតម្លៃខ្ពស់ដោយសារតែទិន្នផលស្រូវល្អមិនត្រាំទឹក និងងាយស្រួលដឹកជញ្ជូនទៅប្រទេសវៀតណាម។
ចំណែកអគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ទាមទាររដ្ឋាភិបាលថា ត្រូវមានផែនការច្បាស់លាស់ជួយកសិករ និងសហគមន៍មូលដ្ឋាន ដែលកំពុងជួបបញ្ហាប្រឈមទាំងនេះ។ លោកថា កន្លងទៅដំណោះស្រាយ និងផែនការ ដែលរៀបចំដោយរដ្ឋាភិបាលមិនទាន់ឆ្លើយតបបញ្ហាប្រឈម និងតម្រូវការចាំបាច់របស់កសិករនៅឡើយទេ។ លោកចង់ឱ្យរដ្ឋាភិបាលរៀបចំយុទ្ធសាស្ត្រ និងត្រួតពិនិត្យឡើងវិញចំពោះបញ្ហានេះ៖ « ស្ថាប័នដែលទទួលបានថវិកាពីរដ្ឋ ត្រូវតែបង្កើនការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលអំពីវិធានការបន្ទាន់ទៅនឹងការប្រែប្រួលអាកាសធាតុនិងសន្តិសុខស្បៀងដល់កសិករ និងក្រុមងាយរងគ្រោះ។ ការរៀបចំគោលនយោបាយកម្ចីហ្នឹង ត្រូវតែពង្រឹងឡើងវិញផងដែរ ដើម្បីឱ្យកម្មវិធីនេះល្អប្រសើរយើងចង់ឱ្យមានការបង្កើន និងពីគ្រោះយោបល់ផ្សព្វផ្សាយពីផែនការនានា សុំមតិយោបល់ពីកសិករឱ្យបានច្រើន ដើម្បីគិតពិចារណារកដំណោះស្រាយទាំងអស់គ្នា » ។
កាលពីខែធ្នូ ឆ្នាំ២០១៩ រដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកា ៥០លានដុល្លារ ដើម្បីប្រែក្លាយ ធនាគារអភិវឌ្ឍន៍ជនបទសម្រាប់បម្រើវិស័យកសិកម្ម រក្សាស្ថិរភាពស្បៀង និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុកកិនកែច្នៃ និងនាំចេញ។ ក៏ប៉ុន្តែកសិករមួយចំនួនត្អូញថា ពួកគេមិនទទួលផលពីគម្រោងរបស់រដ្ឋាភិបាលលើបញ្ហានេះទេ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។