កសិករដាំបន្លែមួយចំនួននៅខេត្តកណ្ដាលទុកកសិផលចោលពេញដីដោយសារគ្មានអ្នកទិញក្រោយពេលបិទខ្ទប់ភ្នំពេញ
2021.04.22

កសិករដាំបន្លែជាច្រើនគ្រួសារនៅស្រុកស្អាង ខេត្តកណ្ដាល នាំគ្នាទុកកសិផលចោលពេញចម្ការ ដោយសារគ្មានឈ្មួញចូលទៅទិញ ក្រោយពេលរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ស្ថានភាពបែបនេះធ្វើឱ្យក្រុមកសិករព្រួយបារម្ភគ្មានប្រាក់ទិញស្បៀងហូបចុកនៅពេលខាងមុខ។ អ្នកជំនាញកសិកម្ម យល់ថា រដ្ឋាភិបាលត្រូវតែប្រញាប់ដោះស្រាយបញ្ហានេះជាបន្ទាន់ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ក្រុមប្រជាកសិករនៅស្រុកស្អាងលើកឡើងថា ផលដំណាំរបស់ពួកគាត់ចាប់ផ្ដើមស្រពោនស្វិត និងខូចគុណភាពបណ្ដើរៗ ហើយដោយសារដល់អាយុប្រមូលផល ប៉ុន្តែគ្មានអ្នកបញ្ជាទិញ។
ប្រជាពលរដ្ឋរស់នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង លោក ប៉េង សុខឡាយ ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី២២ មេសាថា ដំណាំសាឡាត់ ស្ពៃជ្រក់ និងខាត់ណាឈើរបស់លោកប្រហែល ២ហិកតារ កំពុងក្រៀមស្វិតពេញចម្ការ ហើយអាចនឹងរលួយខូចអស់នៅ ២សប្ដាហ៍ខាងមុខ ប្រសិនបើនៅតែពុំមានឈ្មួញចូលទៅទិញនោះ។ កសិករវ័យ ៦០ឆ្នាំរូបនេះព្រួយបារម្ភថា បើវិបត្តិជំងឺកូវីដបន្តអូសបន្លាយពេលទៅមុខទៀត នោះនឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់គ្រួសារលោក ជាពិសេសគ្មានប្រាក់សងធនាគារ ដែលលោកបានខ្ចីគេធ្វើដើមទុនដាំដុះកន្លងមក៖ «ឥឡូវស្ងាត់ឈឹងហ្មង បើនិយាយទៅសាឡាត់រាប់រយតោន បន្លែនិយាយទៅគ្រប់មុខទាំងអស់ ព្រោះដាំបន្តគ្នា ដូចថាឥឡូវខ្ញុំដាំហើយគេដាំក្រោយខ្ញុំអីចឹង ខ្ញុំលក់បានមុនអីចឹងបន្តៗ អីចឹងទៅ។ តែឥឡូវលក់អត់ចេញខ្ញុំក៏បន្ថយអីចឹងមក អាក្រោយក៏បន្ថយគាំទាំងអស់គ្នា ចប់តែម្ដង អ្នកខ្លះចងការប្រាក់គេឥឡូវកុនហើយ។ គ្មានពីណាមកអើតពួកខ្ញុំទេ ហើយបើសិនណារៀបចំផ្សាររយៈពេលខ្លីហ្នឹងឱ្យមានបន្លែទៅដល់យើងទៅដាក់លក់ហ្មង អាហ្នឹងយើងអាចបានខ្លះ បើសិនជាអត់អីចឹងទេត្រូវអត់ទាំងអស់ហើយ លក់អត់ចេញហ្មង»។
ដូចគ្នានេះដែរ កសិករនៅភូមិស្វាយតានីម្នាក់ទៀត លោក រិន អ៊ុន ថ្លែងថា កសិករដាំបន្លែនៅតំបន់ពួកលោកឆ្នាំនេះឡុងចុងខ្លាំងមិនធ្លាប់ជួបប្រទះទេ។ កសិករវ័យ ៥២ឆ្នាំរូបនេះ ឱ្យដឹងថា លោកដាំសាឡាត់ និងខាត់ណាឈើ នៅលើផ្ទៃដី ២ហិកតារ ដោយចំណាយអស់ដើមទុន ១០លានរៀល (១.០០០.០០០) ឬប្រមាណ ២ពាន់ ៥រយដុល្លារ ក្នុងនោះប្រាក់ជាង ១ពាន់ដុល្លារលោកខ្ចីពីធនាគារ ដោយសន្យានឹងសងគេវិញនៅពេលប្រមូលផលរួច។ លោកបន្តថា ជីវភាពគ្រួសាររបស់លោកអាចនឹងដុនដាបកាន់តែខ្លាំង ប្រសិនបើនៅតែគ្មានឈ្មួញចូលទិញបន្លែរបស់គាត់ទៀតនោះ៖ «ខ្លាំងដល់តែមែនទែន រកអីប្រៀបអត់បានទេ ព្រោះអត់បានចំណូល ចំណូលទាល់តែយើងធ្វើបន្លែហ្នឹងបានយើងមានចំណូលខ្លះ ហើយដល់អត់ទាំងស្រុងហើយវាខាតទាំងស្រុងហើយ។ ណាមួយយើងអត់មានរកអីក្រៅពីហ្នឹងវាត្រូវអត់មានស្បៀងហ្មង មិនដឹងនិយាយថាម៉េចវាគាំងហ្មងឱ្យតែដំណាំចេញទៅយើងចេះតែដោះស្រាយបានហើយព្រោះដំណាំយើងច្រើន។អ្នកដឹកទៅភ្នំពេញយកមកចោលចម្ការវិញហ្នឹងចូលអត់ចុះគេអត់ឱ្យលក់ យកមកចែកគ្នាហូបទៅ»។
ក្រុមកសិករទាំងនេះអំពាវនាវសុំឱ្យរដ្ឋាភិបាលជួយទិញបន្លែរបស់ពួកគាត់យកទៅលក់បន្តនៅតំបន់រាតត្បាតជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់។
ទាក់ទងនឹងបញ្ហានេះ អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ ប្រាប់អាស៊ីសេរីថា អំឡុងពេលនេះអាជ្ញាធរមិនអាចជួយដោះស្រាយអ្វី ឬទិញបន្លែពីកសិករទាំងនោះយកទៅលក់បន្តបាននោះទេ ដោយសារជំងឺកូវីដ១៩ កំពុងតែផ្ទុះខ្លាំងនៅក្រុងតាខ្មៅ និងរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា ស្ថានការណ៍បែបនេះ ប្រជាពលរដ្ឋអាចយកបន្លែរបស់ពួកគាត់ទៅដាក់លក់នៅទីផ្សារដែលអាជ្ញាធរទើបបង្កើតនៅក្រុងតាខ្មៅបាន៖ «កន្លងមកប៉ុន្មានថ្ងៃមុនគឺគាត់យកមកលក់នៅតាខ្មៅមួយចំនួន ឥឡូវខ្ញុំរៀបចំកន្លែងមួយនៅទល់មុខស្នាក់ការដែលកំពុងរៀបចំធ្វើថ្មីផ្លូវជាតិលេខ ២១ហ្នឹង នៅក្នុងដី ឡូត៍ធំមួយ ដែលខ្ញុំខ្ចីគេ ហើយខ្ញុំរៀបចំលក់សម្រាប់បោះដុំ។ បងប្អូនមកស្អាងយកមកលក់ហ្នឹងបាន ហើយបានអ្នកនៅក្រុងតាខ្មៅហ្នឹងគាត់ចាប់ផ្ដើមទៅទិញពីហ្នឹងហើយយកទៅលក់ឱ្យប្រជាពលរដ្ឋបោះរាយបន្តទៅទៀត»។
កាលពីថ្ងៃទី១៥ មេសា រដ្ឋាភិបាលបានដាក់ចេញបម្រាមយ៉ាងតឹងរ៉ឹង មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ខេត្តនិងពីតំបន់មួយទៅតំបន់មួយទៀតនោះទេ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ចូលទៅក្នុងសហគមន៍។ អាជ្ញាធរបានបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងស្រុង ខណៈតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ត្រូវបានចាត់ទុកជាតំបន់ក្រហម ដែលមិនអនុញ្ញាតឱ្យពលរដ្ឋចេញក្រៅផ្ទះជាដាច់ខាត បើគ្មានភាពចាំបាច់បន្ទាន់ទេនោះ។
ជាងនេះទៅទៀត អាជ្ញាធរក្រុងភ្នំពេញបានបិទផ្សារសំខាន់ៗ មួយចំនួនជាបណ្ដោះអាសន្នសិន ដូចជា ផ្សារដើមគ ផ្សារអូរឫស្សី ផ្សារអូឡាំពិក ផ្សារកណ្ដាល និងផ្សារទួលសង្កែជាដើម បន្ទាប់ពីរកឃើញអាជីវករ និងអ្នកដើរផ្សារមួយចំនួនបានឆ្លងជំងឺកូវីដ-១៩។ ការបិទផ្សារធំៗ ទាំងនេះធ្វើឱ្យអ្នកលក់បន្លែមួយចំនួន ពិបាកក្នុងការដឹកបន្លែដើម្បីចែកចាយ និងលក់បន្តទៅដល់ប្រជាពលរដ្ឋ ហើយពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញក៏ពិបាករកទិញបន្លែស្រស់ ដែលមានតម្លៃសមរម្យយកមកបរិភោគដែរ។

ជុំវិញរឿងនេះ អ្នកជំនាញកសិកម្ម និងជាស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ យល់ថា ការដែលកសិករលក់បន្លែមិនចេញនេះ បណ្ដាលមកពីអាជ្ញាធរបិទខ្ទប់តំបន់មួយចំនួននៅរាជធានីភ្នំពេញ ធ្វើឱ្យឈ្មួញកណ្ដាលមិនអាចធ្វើដំណើរទៅដឹកបន្លែយកទៅលក់នៅទីផ្សារបាន។ បន្ថែមពីនេះ លោកថា អាជ្ញាធរពាក់ព័ន្ធគ្មានផែនការច្បាស់លាស់ ដើម្បីដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋ អំឡុងពេលនេះទេ។លោកបញ្ជាក់ទៀតថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលត្រូវបង្កើតផ្សារលក់បន្លែថ្មីមួយជាបន្ទាន់ នៅក្បែរតំបន់ដែលបិទខ្ទប់ ហើយត្រូវជួយសម្រួលឱ្យក្រុមឈ្មួញ អាចដឹកបន្លែឆ្លងកាត់រាជធានីភ្នំពេញឱ្យបានងាយស្រួលនិងលឿនជាងមុន៖ «ចេញសំបុត្រចេញអីវាយត្រាឱ្យគាត់ទៅ ហើយអន្តរាគមន៍សម្របសម្រួលតាមព្រំដែននៃខេត្តរបស់ហ្នឹងដើម្បីឱ្យគាត់ចេញចូលបានស្រួលទៅ។ ដូចគ្នាដែរ ហើយអ្នកត្រួតពិនិត្យហ្នឹងគឺយើងមើលទៅជាក់ស្ដែងគឺអីចឹងមែន គាត់មិនមែនចង់មកចូលភ្នំពេញទេ ព្រោះម្នាក់ៗ ខ្លាចហើយឮថាភ្នំពេញឆ្លងខ្លាំង។ប៉ុន្តែវាយើងត្រូវសរសើរលើកទឹកចិត្តគាត់ឱ្យគាត់ដឹកចូលមកអីចឹងទៅ។ ទី២ យើងត្រូវរៀបចំឡើងវិញឱ្យបានត្រឹមត្រូវអីស្រួលបួលព្រោះ យើងបិទទៅភ្នំពេញក៏ស្ងាត់ដែរ ជាកន្លែងដែលងាយស្រួលក្នុងការរៀបចំប្រមូលផ្ដុំ បែងបែកបន្លែ»។
បណ្ឌិត យ៉ង សាំងកុមារ និយាយថា ប្រសិនបើស្ថានការណ៍រាតត្បាតជំងឺកូវីដបន្តអូសបន្លាយយូរ ហើយរដ្ឋាភិបាលមិនប្រញាប់ដោះស្រាយរឿងនេះទេ នោះនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់កសិករជាមិនខាន។ លោកជឿថា ក្រុមកសិករភាគច្រើនខ្ចីប្រាក់ពីធនាគារយកមកធ្វើដើមទុនដាំដុះ ដើម្បីយកប្រាក់ដោះស្រាយជីវភាពគ្រួសារ ហើយរំពឹងថា នឹងសងគេវិញនៅពេលប្រមូលផលរួច។ ដូច្នេះ ពួកគាត់ប្រឈមនឹងជំពាក់បំណុលវ័ណ្ឌកនៅពេលខាងមុខ បើការដាំបន្លែរបស់ពួកគាត់ខាតឡុងចុងបែបនេះ។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសម្ដងហើយម្ដងទៀតឱ្យប្រជាពលរដ្ឋបង្កើនការដាំដុះ និងចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បីបម្រើទីផ្សារក្នុងស្រុកឱ្យបានគ្រប់គ្រាន់ នៅអំឡុងវិបត្តិជំងឺកូវីដ-១៩។ លោក ហ៊ុន សែន ថែមទាំងប្រាប់ទៀតថា ការរាតត្បាតជំងឺកូវីដនេះ គឺជាឱកាសមួយ ដល់កសិករខ្មែរដាំដុះកសិកម្មលក់បានប្រាក់ចូលច្រើន។ ប៉ុន្តែនៅពេលដែលប្រជាពលរដ្ឋ ខំប្រឹងដាំបានផលហើយ ស្រាប់តែគ្មានទីផ្សារលក់ កសិផល ក្នុងតម្លៃសមរម្យទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។