កសិករទទូចឱ្យលោក ហ៊ុន ម៉ាណែត ដោះស្រាយបញ្ហាតម្លៃស្រូវចុះថោក
2025.01.09
កសិករមួយចំនួនទទូចដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឲ្យដោះស្រាយបញ្ហាតម្លៃស្រូវចុះថោក ខណៈលោកបានជួបជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា។
ការទទូចនេះ ធ្វើឡើងក្នុងពេលកសិករនៅក្នុងខេត្តមួយចំនួន កំពុងប្រឈមនឹងបញ្ហាស្រូវចុះថោកខ្លាំង ធ្វើឲ្យពួកគាត់ខាតបង់ប្រាក់ចំណូល និងគ្មានលទ្ធភាពសងបំណុលធនាគារ។
កសិករនៅស្រុកថ្មគោល ខេត្តបាត់ដំបង លោកស្រី ផាំង ណាម ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ ខែមករា ថា លោកស្រីកំពុងប្រឈមនឹងបញ្ហាជីវភាព និងខាតបង់ប្រាក់ចំណូលច្រើន បន្ទាប់ពីស្រូវប្រភេទ នាងខុន នៅតំបន់នោះ ធ្លាក់ថ្លៃចុះដល់ ៥៨០ រៀលក្នុងមួយគីឡូក្រាម ។ លោកស្រី ថា តម្លៃស្រូវបែបនេះ ពុំអាចទូទាត់នឹងថ្លៃដើមបានឡើយ។
លោកស្រី ផាំង ណាម៖ «អីចឹងបានថា ដល់អីចឹងអត់រួចខ្លួនថ្លៃជី ថ្លៃថ្នាំ ថ្លៃច្រូត ដល់អីចឹងម្នាក់ៗនាំគ្នាត្រឹងអន្ទះសាដែរហ្នឹង ស្រូវវាធ្លាក់ថ្លៃពេក ហើយស្រូវវាចេះតែខ្ញង់ទៅហើយ តែបើច្រូតយកមកវាគ្មានកន្លែងដាក់វាចាល់អីចឹងទៅ ហើយបើលក់វាបានថោក»។
ស្រដៀងគ្នានេះ កសិករម្នាក់ទៀតនៅ ខេត្តកំពង់ឆ្នាំង លោកស្រី ជែម សុផារី ថ្លែងថា លោកស្រី នៅមិនទាន់ហ៊ានប្រមូលផលស្រូវនោះទេ បើទោះជាស្រូវ ដល់អាយុកាលត្រូវច្រូតកាត់ហើយក៏ដោយដោយសារតែស្រូវកំពុងចុះថោក។ លោកស្រីបន្ថែមថា បញ្ហាស្រូវចុះថោកនេះ នឹងក្លាយជា បន្ទុកមួយបន្ថែមទៀត ខណៈលោកស្រី គ្មានរបរអ្វីក្រៅពីធ្វើស្រែនោះឡើយ។
លោកស្រី ជែម សុផារី៖ «ចង់ឲ្យរាជរដ្ឋាភិបាលជួយស្រូវឲ្យបានមួយគីឡូមួយពាន់រៀលទៅ បើមិនបានអីក៏បានតម្លៃប៉ុណ្ណឹងទៅ ប្រជាពលរដ្ឋថ្លៃជំពាក់គេ ជំពាក់អីវាកាត់បន្ថយខ្លះទៅ តែបើអត់បានប៉ុណ្ណឹងទេ គឺផាត់ទូទាត់មិនរួចតែម្ដង»។
ការត្អូញត្អែររបស់កសិករនេះ ធ្វើឡើងក្នុងពេលតម្លៃស្រូវនៅតាមបណ្ដាខេត្តមួយចំនួន ដូចជា បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ឆ្នាំងជាដើម កំពុងធ្លាក់ថ្លៃជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។
សហព័ន្ធស្រូវអង្ករកម្ពុជា ឲ្យដឹងថា កាលពីថ្ងៃទី៣ ខែមករា តម្លៃស្រូវប្រភេទ អូអឹម (OM 54.51) នៅតាមបណ្ដាខេត្តមួយចំនួនដូចជាបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ជាដើម មានតម្លៃចន្លោះពី ៩៣០ ដល់ ៩៧០ រៀលក្នុងមួយគីឡូក្រាម តែតម្លៃនេះ បានធ្លាក់ចុះនៅសល់ចន្លោះពី ៧៩០ ដល់ ៨១០រៀល កាលពីថ្ងៃទី៦ ខែមករា ។ ចំណែកឯស្រូវប្រភេទ អ៊ីអ៊ែ កាលពីថ្ងៃទី ៣ ខែមករា មានតម្លៃ ៨៧០ រៀលក្នុងមួយគីឡូក្រាម តែនៅត្រឹម ៧១០ រៀលក្នុងមួយគីឡូក្រាមកាលពីថ្ងៃទី ៦ ខែមករា ហើយស្រូវប្រភេទនេះ ពលរដ្ឋនៅខេត្តបាត់ដំបង ឲ្យដឹងថា បានបន្តធ្លាក់ថ្លៃនៅត្រឹម ៥៨០ រៀលក្នុងមួយគីឡូក្រាម នៅថ្ងៃទី៨ ខែមករា។
ស្របពេលពលរដ្ឋត្អូញត្អែរមិនដាច់ពីមាត់អំពីតម្លៃស្រូវចុះថោក នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៨ ខែមករា បានបង្ហោះសារនៅលើហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពរបស់លោក អនុញ្ញាតឲ្យតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។ ជំនួបនេះ មានការចូលរួមពីរដ្ឋមន្ត្រីក្រសួង និងស្ថាប័ន ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករដូចជា ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាជាដើម ។ ប៉ុន្តែលោក ពុំបានបង្ហាញពីលទ្ធផល នៃការកិច្ចប្រជុំនេះឡើយ។
ទាក់ទិននឹងបញ្ហានេះ សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល ហ្វ្រេសញូ (Freshnews) ឲ្យដឹងថា ជំនួបរវាងលោក ហ៊ុន ម៉ាណែត និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា គឺធ្វើឡើង ដើម្បីជជែកអំពីការវិនិយោគ និងការធ្វើពាណិជ្ជកម្មស្រូវអង្ករនៅកម្ពុជា។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អឹម រចនា និងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សុភណ្ឌ ដើម្បីសុំការឆ្លើយតបជុំវិញ បញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី៨ ខែមករា។
ចំណែកឯ អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង ប្រាប់អាស៊ីសេរីតាមបណ្ដាញសង្គមតេលេក្រាម (Telegram) ថា លោកនឹងផ្ដល់ព័ត៌មាននេះ នៅថ្ងៃស្អែក។
ក្រុមប្រឹក្សាភិបាលនៃអង្គការសាមគ្គីភាពកសិករកម្ពុជា លោក ឌី គន្ធា មានប្រសាសន៍ថា រដ្ឋាភិបាល គួរតែពង្រឹងអនុវត្តគោលនយោបាយ ដែលមានស្រាប់ពាក់ព័ន្ធនឹងផលិតកម្មស្រូវ-អង្ករ ដើម្បីធានាថា ទិន្នផលកសិករអាចលក់បានក្នុងតម្លៃសមរម្យ និងអាចទទួលយកបាន។
លោក ឌី គន្ធា៖ «រដ្ឋាភិបាលរបស់គេ ក៏គេយកចិត្តទុកដាក់លើគោលនយោបាយលើកកម្ពស់ផលិតកម្ម តាមកិច្ចសន្យាដោយធានានូវការចរចាតម្លៃសមរម្យ ដែលធៀបទៅនឹងការវិនិយោគរបស់កសិករ ដោយធានាថា កសិករក្រោយពីប្រមូលផលហើយ គឺអាចទទួលបានផលកម្រៃសម្រាប់យកទៅទូទាត់សងបំណុល ឬក៏បានចំណូលមកមកសម្រាប់ដោះស្រាយក្នុងគ្រួសារ ដោយមិនធ្វើឲ្យកសិកររបស់ពួកគេ ប្រឈមមុខនឹងបំណុលវ័ណ្ឌក ឬក៏កូនចៅរបស់ពួកគេចំណាកស្រុក ទៅធ្វើចំណាកស្រុកទៅឯនាយសមុទ្រនោះទេ»។
ស្ទើរតែជារៀងរាល់ឆ្នាំ កសិករតែងតែត្អូញត្អែរពីតម្លៃស្រូវចុះថោក ខណៈដំណាំស្រូវរបស់ពួកគាត់ ក៏តែងជួបគ្រោះរាំងស្ងួត និងគ្មានប្រព័ន្ធទឹកស្រោចស្រពនៅរដូវប្រាំង និងជួបគ្រោះទឹកជំនន់ នៅរដូវវស្សា ។ បញ្ហាទាំងនេះ បានធ្វើឲ្យកសិករជាច្រើន ខាតបង់ប្រាក់ចំណូល និងប្រឈមនឹងបញ្ហាជំពាក់បំណុលវ័ណ្ឌក ហើយពួកគាត់ បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ឲ្យជួយស្វែងរកទីផ្សារស្រូវអង្ករជូនពួកគាត់ ។ កន្លងទៅ អាជ្ញាធរអះអាងថា កត្តាស្រូវចុះថោក គឺដោយសារតែកសិករសម្រុកច្រូតក្នុងពេលតែមួយ ឬក្នុងពេលប្រទេសជិតខាងកំពុងប្រមូលផលស្រូវដូចគ្នានឹងកម្ពុជា។
ទោះជាយ៉ាងណា កសិករទទូចដល់រដ្ឋាភិបាល ឲ្យជួយអន្តរាគមន៍ ស្វែងរកទីផ្សារស្រូវអង្ករសម្រាប់ពួកគាត់ ដើម្បីកាត់បន្ថយផលប៉ះពាល់បណ្ដាលមកពីស្រូវចុះថោក ធ្វើឲ្យពលរដ្ឋជំពាក់បំណុលធនាគារដោះខ្លួនមិនរួច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។