ក្រុមអ្នកឃ្លាំមើលនៅមិនទាន់មានទំនុកចិត្តទាំងស្រុងថា កម្ពុជាអាចត្រូវអង្គការពិភពលោកឃ្លាំមើលអំពើលាងលុយកខ្វក់ ដកឈ្មោះចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខ្ពស់ខាងអំពើលាងលុយកខ្វក់នោះទេ។ ពួកគេលើកទឹកចិត្តដល់កម្ពុជាឱ្យបន្តចាត់វិធានការពិតប្រាកដប្រឆាំងនឹងអំពើលាងលុយកខ្វក់ ដោយត្រួតពិនិត្យឱ្យបានច្បាស់លាស់ពីប្រភពនៃលំហូរទុនវិនិយោគរបស់បរទេស ជាពិសេសពីប្រទេសកុម្មុយនិស្តចិន។
អស់រយៈពេលជាងបី(៣)ឆ្នាំហើយដែលកម្ពុជាបន្តជាប់ឈ្មោះក្នុងចំណាត់ថ្នាក់ជាក្រុមប្រទេសមានហានិភ័យ «ខ្ពស់» ខាងអំពើលាងលុយកខ្វក់ដែលពិភពលោកត្រូវបង្កើនការឃ្លាំមើលកាន់តែខ្លាំង។ ការដាក់ចំណាត់ថ្នាក់នេះ ធ្វើឡើងដោយក្រុមការងារហិរញ្ញវត្ថុ (Financial Action Taskforce, FATF) ដែលជាស្ថាប័នដ៏មានឥទ្ធិពលខាងឃ្លាំមើលអំពើលាងលុយកខ្វក់នៅទូទាំងពិភពលោក។
ក្រោយជាប់ឈ្មោះរើខ្លួនមិនរួចចេញពីបញ្ជីប្រផេះរបស់ពិភពលោក មន្ត្រីជាន់ខ្ពស់មួយចំនួននៃរដ្ឋាភិបាលកម្ពុជាបានបង្ហាញក្តីព្រួយបារម្ភ និងភ័យខ្លាចថា បើកម្ពុជាមិនព្រមកែខ្លួននោះទេ នោះអង្គការឃ្លាំមើលអំពើលាងលុយកខ្វក់របស់ពិភពលោកនេះ អាចនឹងទម្លាក់កម្ពុជាចូលក្នុង «បញ្ជីខ្មៅ» នៃប្រទេសលាងលុយកខ្វក់។ មន្ត្រីជាន់ខ្ពស់ទាំងនោះ មានរាប់ចាប់តាំងពីរដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ដល់រដ្ឋមន្ត្រីយុត្តិធម៌ លោក កើត រិទ្ធ ជាដើម។ ជាលទ្ធផល កម្ពុជាបានខ្នះខ្នែងអនុវត្តតាមផែនការសកម្មភាពមួយចំនួនដែលខ្លួនសន្យាធ្វើតាមដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់ជាមួយអង្គការពិភពលោកនេះ ។ ក្នុងនោះ មានដូចជាការសើរើធ្វើច្បាប់ប្រឆាំងនឹងការសម្អាតប្រាក់ឡើងវិញ និងការអនុម័តច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងច្បាប់មួយចំនួនទៀត កាលពីឆ្នាំ២០២០ ជាដើម។
ក៏ប៉ុន្តែ ទន្ទឹមនឹងការប្តេជ្ញាចិត្តទាំងនេះ ក្រុមអ្នកឃ្លាំមើលហាក់នៅមិនទាន់ប្រាកដ និងជឿជាក់នៅឡើយទេ ការណ៍នេះអាចនឹងធ្វើឱ្យកម្ពុជារួចផុតពីចំណាត់ថ្នាក់ក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខ្ពស់ខាងអំពើលាងលុយកខ្វក់។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មើលឃើញថា ចាប់តាំងពីមានការដាក់បញ្ចូលកម្ពុជាក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសលាងលុយកខ្វក់របស់ពិភពលោកនេះមក ចំណាត់ថ្នាក់នេះកំពុងតែធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគរបស់បរទេសនៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសនេះ។ លោកសង្កេតឃើញថា មានការត្រួតពិនិត្យ និងសួរនាំតឹងរ៉ឹងជាងមុននៅតាមស្ថាប័នធនាគារ ពាក់ព័ន្ធនឹងប្រភពសាច់ប្រាក់របស់អតិថិជន ឬអ្នកប្រកបអាជីវកម្មមួយចំនួន។ លោកបន្តថា នេះជាការវិវត្តន៍មួយដែលមិនធ្លាប់មានពីមុនមក ក៏ប៉ុន្តែ លោកចង់ឃើញរដ្ឋាភិបាលដាក់ចេញវិធានការត្រួតពិនិត្យប្រភពសាច់ប្រាក់របស់អ្នកវិនិយោគបរទេសឱ្យបានកាន់តែសកម្ម និងច្បាស់លាស់ជាងនេះ៖ «សម្រាប់ខ្ញុំៗនៅមានសុទិដ្ឋិនិយមថា កម្ពុជាអាចនឹងស្ថិតនៅក្នុងស្ថានភាពមួយដែលអាចថាប្រសើរជាងមុន ប៉ុន្តែក្រែងលោ ការភ្លាត់ស្នៀត ឬការវាយតម្លៃណាមួយដែលស្ថាប័នអន្តរជាតិគេរកឃើញប្រភពនៃការហូរចូលដែលមានការមន្ទិល នោះវាជារឿងមួយផ្សេងទៀត។ ពីព្រោះយើងដឹងហើយថា ការវិនិយោគមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងការលាងលុយនេះ គេសំដៅទៅលើអ្នកវិនិយោគមួយដែលមិនត្រឹមត្រូវ ហើយនឹងមានចម្ងល់ច្រើនអំពីការធ្វើឱ្យមានលំហូរសាច់ប្រាក់ចូលមកកម្ពុជា»។
ក្តីបារម្ភពីកម្សោយនៃការត្រួតពិនិត្យលំហូរសាច់ប្រាក់វិនិយោគរបស់បរទេសចូលមកកម្ពុជានេះ ក៏ត្រូវអ្នកឃ្លាំមើលមួយរូបទៀតយល់ឃើញថា រដ្ឋាភិបាលនៅតែមិនទាន់ធ្វើបាននៅឡើយ។ សកម្មជនបរិស្ថាន និងជាស្ថាបនិកអង្គការមាតាធម្មជាតិ លោក អេឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិដសុន (Alejandro Gonzalez-Davidson) ហៅ អាឡិច នៅតែយល់ថា ចំណាត់ការកន្លងមករបស់រដ្ឋាភិបាលប្រឆាំងនឹងអំពើលាងលុយកខ្វក់ អាចគ្រាន់តែជា «ឆាកល្ខោន» ដែលរដ្ឋាភិបាលធ្វើឡើងដើម្បីយកចិត្តស្ថាប័នអន្តរជាតិឱ្យដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នេះ។ ក៏ប៉ុន្តែ លោកថា ធាតុពិតជាក់ស្តែង រដ្ឋាភិបាលនៅតែបណ្តែតបណ្តោយឱ្យមានអំពើលាងលុយកខ្វក់នេះ ព្រោះជាផ្នែកមួយនៃផលប្រយោជន៍របស់ខ្លួនដែលបានមកពីអំពើពុករលួយ៖ « ក្តីបារម្ភរបស់ខ្ញុំ គឺវាគ្រាន់តែជារឿងល្ខោនដែលគេធ្វើដើម្បីជៀសវាង ឬដើម្បីកាត់បន្ថយហានិភ័យដែល FATF នឹងដាក់កម្ពុជានៅក្នុងបញ្ជីខ្មៅ ឬក៏ដាក់នៅក្នុងបញ្ជីប្រផេះដដែល ពីព្រោះនេះគឺជាហានិភ័យមួយ។ ដូច្នេះ គេគ្រាន់តែធ្វើរឿងល្ខោនតិចតួចទៅ ដូចជាចាប់ត្រីតូចនៅប៉ុន្មានឆ្នាំមុន ដូចជាពីរឆ្នាំមុនគេចាប់នៅព្រលានយន្តហោះពីរនាក់ ឬបីនាក់ជាដើមទៅ ចេញច្បាប់អីដើម្បីបន្លំភ្នែករបស់អង្គភាពអន្តរជាតិ ឬជារដ្ឋាភិបាលបរទេស»។
មន្ត្រីព័ត៌មាននៃក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលជាអង្គការឃ្លាំមើលអំពើលាងលុយកខ្វក់នៅទូទាំងពិភពលោក មានមូលដ្ឋាននៅក្រុងប៉ារីស (Paris) ប្រទេសបារាំង (France) ប្រាប់វិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិកកាលពីថ្ងៃទី០៣ ខែកុម្ភៈ ថា អង្គការនេះនឹងធ្វើសន្និបាតប្រចាំឆ្នាំរបស់ខ្លួនចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមីនា ដើម្បីពិនិត្យវាយតម្លៃលើផែនការសកម្មភាព និងការអនុវត្តរបស់ប្រទេសពាក់ព័ន្ធ ជុំវិញការប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់។ នៅពេលនោះហើយ នឹងមានការសម្រេចចិត្តអំពីការដាក់ចំណាត់ថ្នាក់ប្រទេសណាមួយនៅក្នុងបញ្ជីប្រផេះ ឬបញ្ជីខ្មៅ។
ការវាយតម្លៃចុងក្រោយកាលពីខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារហិរញ្ញវត្ថុ FATF ជុំវិញស្ថានភាពប្រឆាំងនឹងអំពើលាងលុយកខ្វក់នៅកម្ពុជាឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៩មក កម្ពុជាបានប្ដេជ្ញាខ្ពស់ក្នុងកម្រិតនយោបាយថា នឹងធ្វើការជាមួយក្រុមការងារហិរញ្ញវត្ថុ FATF និង ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក (APG) ដើម្បីពង្រឹងប្រសិទ្ធភាពនៃរបបប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម។ ក៏ប៉ុន្តែ អង្គការនេះព្រមានថា កម្ពុជាត្រូវចាត់វិធានការបន្ទាន់ផ្សេងៗទៀតដែលនៅសេសល់ឱ្យបានពេញលេញដូចដែលមានចែងក្នុងផែនការសកម្មភាព ព្រោះថា កម្ពុជាបានខកខានមិនបានធ្វើតាមទាន់ពេលវេលាកំណត់នោះទេ។ កង្វះខាតទាំងនោះមានដូចជា ការកែលម្អការចែករំលែកព័ត៌មានសម្ងាត់ហិរញ្ញវត្ថុទៅដល់អាជ្ញាធរអនុវត្តច្បាប់ ការបង្កើនការស៊ើបអង្កេត និងផ្ដន្ទាទោសក្នុងអំពើលាងលុយកខ្វក់ និងការបង្កើនសកម្មភាពរឹបអូស និងបង្កកទ្រព្យរបស់ឧក្រិដ្ឋជនជាដើម។
កាលនោះ ក្រុមការងារហិរញ្ញវត្ថុ FATF សម្ដែងកង្វល់របស់ខ្លួនដែលកម្ពុជាបានខកខានមិនអាចបំពេញបានតាមផែនការសកម្មភាពដែលបានដាក់ចេញ និងបានផុតកំណត់ទាំងស្រុងកាលពីខែមករា ឆ្នាំ២០២១។ អង្គការនេះជំរុញឱ្យកម្ពុជាចាត់វិធានការឱ្យបានឆាប់រហ័សដើម្បីបំពេញតាមផែនការសកម្មភាពឱ្យបាននៅមុនខែកុម្ភៈ ឆ្នាំ២០២២នេះ ពីព្រោះថាបើមិនដូច្នោះទេ ក្រុមការងារហិរញ្ញវត្ថុ FATF នឹងសម្រេចចិត្តបន្ទាប់មកទៀតជុំវិញចំណាត់ថ្នាក់របស់កម្ពុជានេះ។
កាលពីចុងខែមករា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានដឹកនាំកិច្ចប្រជុំក្រុមការងារនៃអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពជុំវិញបញ្ហាប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់នេះ។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពន្លឿនការងារប្រឆាំងនឹងអំពើលាងលុយកខ្វក់ ឬសម្អាតប្រាក់ដើម្បីឱ្យកម្ពុជាទទួលបានការវាយតម្លៃល្អពីអង្គការឃ្លាំមើលអំពើលាងលុយកកខ្វក់នៅទូទាំងពិភពលោក។
លោក អាឡិច យល់ថា ប្រសិនបើរដ្ឋាភិបាលពិតជាមិនចង់ឱ្យកម្ពុជាធ្លាក់ចូលក្នុង«បញ្ជីខ្មៅ» នៃក្រុមប្រទេសលាងលុយកខ្វក់មែននោះ នោះកម្ពុជាត្រូវចាត់វិធានការកាត់បន្ថយទំនាក់ទំនងមិនល្អជាមួយក្រុមអ្នកវិនិយោគដែលមានប្រភពមិនច្បាស់លាស់ពីប្រទេសចិន។ លោកយល់ថា ការកើនឡើងនៃទំហំវិនិយោគបរទេសរបស់ប្រទេសចិនមកក្នុងប្រទេសកម្ពុជានារយៈពេលចុងក្រោយនេះ ជាពិសេសក្នុងវិស័យអចលនទ្រព្យ អាចជាប់ពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់៖ «ប្រាកដជាពាក់ព័ន្ធលុយមកពីចិន ដែលមួយចំនួនធំឆ្លងតាមរដ្ឋាភិបាលចិន។ មានន័យថាឆ្លងតាមគណបក្សកុម្មុយនិស្តចិនដែលជាគណបក្សប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធ តាមបក្ខពួក មិនប្រជាធិបតេយ្យ ផ្ដាច់ការ ជាបក្សនយោបាយឃោរឃៅ។ ក្នុងពេលដែលលុយលក្ខណៈរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗមកដល់ប្រទេសកម្ពុជា គឺមិនមែនត្រឹមតែរឿងការរំលោភសិទ្ធិមនុស្ស និងរឿងបំផ្លិចបំផ្លាញបរិស្ថាន និងរឿងប្រព្រឹត្តអំពើពុករលួយប៉ុណ្ណេះទេ គឺអាចមានមួយផ្នែកគឺជាការលាងលុយកខ្វក់នៅចិន មកវិនិយោគ មកសម្អាតនៅប្រទេសកម្ពុជាជាពិសេសតាមរយៈអចលនទ្រព្យ»។
ក្រោយកម្ពុជាជាប់ឈ្មោះក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសលាងលុយកខ្វក់ ទាំងសហភាពអឺរ៉ុបក្តី និងទាំងស្ថាប័នពង្រឹងការអនុវត្តច្បាប់ប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ឬហៅកាត់ថា FinCEN របស់សហរដ្ឋអាមេរិកក្តី សុទ្ធតែបានដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីឃ្លាំមើលរបស់ខ្លួនដែលតម្រូវឱ្យស្ថាប័នពាក់ព័ន្ធត្រូវតែបង្កើនការឃ្លាំមើលចំពោះប្រភពលុយចេញចូលប្រទេសកម្ពុជា។ លើសពីនេះទៀត កាលពីចុងឆ្នាំ២០២១ សហរដ្ឋអាមេរិកក៏បានណែនាំដល់ក្រុមហ៊ុន និងវិនិយោគិនជនជាតិអាមេរិកាំងទាំងអស់ឱ្យប្រុងប្រយ័ត្នមុននឹងមកវិនិយោគលើវិស័យហានិភ័យមួយចំនួននៅកម្ពុជា ជាពិសេសវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ កាស៊ីណូ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងវិស័យកម្មន្តសាល និងឈើហ៊ុប ជាដើម ព្រោះថាវិស័យទាំងនោះអាចជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្ស សកម្មភាពឧក្រិដ្ឋ ឬអំពើពុករលួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។