កម្ពុជា​​នៅ​តែ​​បរាជ័យ​​មិនអាច​រួចខ្លួន​ចេញ​​ពី​​«បញ្ជីប្រផេះ»​នៃ​​​ក្រុម​ប្រទេស​​លាង​លុយ​កខ្វក់​

0:00 / 0:00

កម្ពុជា​​នៅ​តែ​​បរាជ័យ​​មិនអាច​រួចខ្លួន​ចេញពី «បញ្ជីប្រផេះ» នៃ​ក្រុមប្រទេស​មាន​ហានិភ័យ​ខាងអំពើ​លាងលុយកខ្វក់ ដែល​តម្រូវឱ្យ​ពិភពលោក​បង្កើន​ការតាម​ដាន​​ក្នុង​ឆ្នាំ២០២២​នេះ។ អង្គការ​ឃ្លាំមើល​អំពើលាងលុយ​កខ្វក់​នៅលើ​ពិភពលោក ឈ្មោះ​ក្រុមការងារ​ហិរញ្ញវត្ថុ​ (FATF)​​ ដែល​មាន​មូលដ្ឋាន​នៅទីក្រុង​ប៉ារីស ​(Paris)​​ ប្រទេសបារាំង​ (France)​ កាល​ពី​​ថ្ងៃទី៤ ខែមីនា បាន​សម្រេច​បន្តដាក់​កម្ពុជា​ស្ថិតក្នុង​ «បញ្ជីប្រផេះ» ​នៃ​ក្រុមប្រទេស​មាន​​ហានិភ័យ​​ខាង​អំពើ​លាង​លុយ​​កខ្វក់​ ដែល​ពិភពលោក​ត្រូវ​បង្កើន​ការតាមដាន។

អង្គការ​នេះ ជាថ្មី​ម្តងទៀត បាន​សម្តែង​កង្វល់​ជាខ្លាំង​ដែល​កម្ពុជា​ខកខាន​មិនអាច​បំពេញបាន​តាម​ផែនការ​សកម្មភាព​ដូចដែល​បាន​ដាក់ចេញ​កាលពី​ខែមករា ឆ្នាំ២០២១ ហើយដែល​កម្ពុជា​​ត្រូវកែប្រែ​ជាបន្ទាន់​ដើម្បី​រួចខ្លួន​ចេញពី «បញ្ជីប្រផេះ» នេះ។ អង្គការ​ឃ្លាំមើល​អំពើ​លាងលុយ​កខ្វក់​ដ៏មាន​ឥទ្ធិពល​នេះ ជំរុញ​យ៉ាងខ្លាំងក្លា​ដល់​កម្ពុជា​ឱ្យ​បង្ហាញ​ឱ្យ​អន្តរជាតិ​ឃើញ​ពី​ការវិវឌ្ឍន៍​សំខាន់ៗ​យ៉ាងឆាប់រហ័ស​ក្នុងការបំពេញ​តាម​ផែនការ​សកម្មភាព​ដែល​កម្ពុជា​ត្រូវ​កែលម្អ ឱ្យ​បាន​ត្រឹម​ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ អង្គការ​ក្រុមការងារ​ហិរញ្ញវត្ថុ FATF ព្រមាន​ថា បើពុំ​ដូច្នោះទេ ខ្លួន​នឹង​ពិចារណា​នូវ​ជំហ៊ាន​បន្ទាប់​មកលើ​កម្ពុជា​ពាក់ព័ន្ធនឹង​បញ្ហា​នៃ​អំពើលាងលុយកខ្វក់​នេះ។ បើតាម​អង្គការ​នេះ ជំហ៊ាន​បន្ទាប់​នេះ គឺសំដៅដល់​ការអំពាវនាវ​ដល់​ប្រទេស​សមាជិក និង​យុត្តាធិការ​ទាំងអស់​នៅ​ទូទាំង​ពិភពលោក ឱ្យ​បង្កើន​ការតាមដាន​ត្រួតពិនិត្យ​លើ​រាល់​ទំនាក់ទំនង និង​ប្រតិបត្តិការ​អាជីវកម្ម​ទាំងអស់​ជាមួយ​កម្ពុជា។

អស់រយៈពេល​ជាង ៣ឆ្នាំ​ហើយ គិតចាប់តាំង​ពី​ខែកុម្ភៈ ឆ្នាំ២០១៩ ដែល​កម្ពុជា​បន្តជាប់ឈ្មោះ​ក្នុង «បញ្ជីប្រផេះ» នៃ​ក្រុមប្រទេស​ដែល​ពិភពលោក​ត្រូវបង្កើន​ការតាមដាន​ខ្លាំង​ខាងអំពើ​លាងលុយ​កខ្វក់។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ជាពិសេស​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃលោក ស ខេង ធ្លាប់​ទទួលស្គាល់ថា កម្ពុជា​នឹង «ចប់» បើ​អង្គការ​​ពិភពលោក​មួយនេះ​​សម្រេច​ដាក់ចូល​ក្នុង «បញ្ជីខ្មៅ» នៃ​អំពើលាងលុយកខ្វក់។

កម្ពុជា​ជាប្រទេស​មួយ​ដែល​ល្បីថាជា «ឋានសួគ៌» នៃ​កន្លែង​លាងលុយ​កខ្វក់​នៅលើ​ពិភពលោក ហើយ​ដែល​ក្រុមអ្នកមានលុយ​មានអំណាច​ខ្មែរ​ឃុបឃិតគ្នា​ប្រមូល​លុយ​​ដែល​​បាន​​មក​ពី​អំពើពុករលួយ និង​អំពើឧក្រិដ្ឋ​នានា​បង្វិល​យកទៅ​លាក់ទុក​នៅក្រៅ​ប្រទេស។ វិស័យ​ដែល​រងហានិភ័យ​ខ្ពស់​ខាង​អំពើលាងលុយ​កខ្វក់​នៅ​កម្ពុជា រួមមាន វិស័យ​ធនាគារ ហិរញ្ញវត្ថុ វិស័យសំណង់ អចលនទ្រព្យ និង​វិស័យ​កាស៊ីណូ។

សម្រាប់ឆ្នាំ២០២២​នេះ នៅតំបន់​អាស៊ីអាគ្នេយ៍ ក្រៅ​ពីកម្ពុជា ប្រទេសមីយ៉ាន់ម៉ា​ (Myanmar) ឬ​​ភូមា​ (Burmar)​ និង​ប្រទេសហ្វីលីពីន​ (Philippines)​ ក៏ជាប់ឈ្មោះ​ក្នុង​ «បញ្ជីប្រផេះ» ​នៃ​ក្រុមប្រទេស​ដែល​ពិភពលោក​ត្រូវបង្កើន​ការឃ្លាំមើល​ខាងអំពើលាងលុយកខ្វក់​នេះ។ មាន​ប្រទេស​សរុប ២៣​ប្រទេស កំពុង​ជាប់ឈ្មោះ​ក្នុង​ «បញ្ជីប្រផេះ»​ នេះ ​ខណៈ​ប្រទេស​កូរ៉េខាងជើង​ (Democratic People's Republic of Korea)​ និង​ប្រទេសអ៊ីរ៉ង់​ (Iran)​ ជាប្រទេស​ពីរ​នៅលើ​ពិភពលោក​ដែល​ជាប់ឈ្មោះ​ក្នុង «បញ្ជីខ្មៅ» នៃ​ក្រុមប្រទេស​មាន​ហានិភ័យខ្ពស់​ខាងអំពើ​លាងលុយ​កខ្វក់ ដែល​ពិភពលោក​មិនរាប់រក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។