រដ្ឋាភិបាល​អំពាវនាវ​ដល់​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ កុំ​រឹបអូស​ទ្រព្យសម្បត្តិ​អតិថិជន​រងគ្រោះ​ដោយ​ទឹកជំនន់

0:00 / 0:00

ក្រសួង​សេដ្ឋកិច្ច និង​ធនាគារ​ជាតិ អំពាវនាវ​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ប្រើ​យន្តការ​ដោះស្រាយ​ទន់ភ្លន់ និង​កុំ​រឹបអូស​ទ្រព្យសម្បត្តិ​អតិថិជន ក្នុងអំឡុងពេល​ពួកគេ កំពុង​រងគ្រោះ​ទឹកជំនន់​។ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច យល់ថា ចំណាត់​ការ​នេះ ជា​រឿង​ល្អ​មួយ ប៉ុន្តែ​គួរតែ​មាន​ការ​ជជែក​ពិភាក្សា​គ្នា​ឲ្យ​បាន​លម្អិត។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារ​ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ អំពាវនាវ​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ជួយ​សម្របសម្រួល និង​អនុគ្រោះ​ដល់​ប្រជាពលរដ្ឋ ជា​អតិថិជន​របស់​ខ្លួន ស្រប​ពេល​ដែល​ទឹកជំនន់ កំពុង​ជាន់​លិច​ខេត្ត​មួយ​ចំនួន បណ្ដាល​ឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​ជាពិសេស​ផល​របរ​កសិកម្ម របស់​ប្រជាកសិករ។

អាជ្ញាធរ​ខេត្ត​បាត់ដំបង​ដែល​ជាប់​ខេត្ត​បន្ទាយមានជ័យ ជួប​កសិករ​ច្រូត​ស្រូវ​លិច​ទឹក​នៅ​​ក្នុង​ឃុំ​ព្រែកហ្លួង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ដែល​កំពុង​លិចលង់​ដោយ​ទឹក​ជំនន់ ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ ២០១៨។
អាជ្ញាធរ​ខេត្ត​បាត់ដំបង​ដែល​ជាប់​ខេត្ត​បន្ទាយមានជ័យ ជួប​កសិករ​ច្រូត​ស្រូវ​លិច​ទឹក​នៅ​​ក្នុង​ឃុំ​ព្រែកហ្លួង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ដែល​កំពុង​លិចលង់​ដោយ​ទឹក​ជំនន់ ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ ២០១៨។ (រូបថត៖ រដ្ឋបាល​សាលាខេត្ត​បាត់ដំបង)

សេចក្ដីថ្លែងការណ៍​រួម បាន​អំពាវនាវ​ចំនួន ៣​ចំណុច រួមមាន ទី​១ បន្ត​ផ្ដល់​ឥណទាន​ដោយ​ប្រុង​ប្រយ័ត្ន និង​មាន​យន្តការ​ដោះស្រាយ​ទន់ភ្លន់​ចំពោះ​អតិថិជន ដែល​រង​ផល​ប៉ះពាល់​ពី​គ្រោះ​ទឹកជំនន់​ជាក់ស្ដែង ដើម្បី​រក្សា​ស្ថិរភាព និង​ភាព​រឹងមាំ​របស់​វិស័យ​ហិរញ្ញវត្ថុ។ ទី​២ បន្ត​ពិនិត្យ និង​វាយតម្លៃ​លទ្ធភាព សង​របស់​ប្រជាកសិករ ដែល​បាន​រង​ផល​ប៉ះពាល់​ពី​គ្រោះថ្នាក់​ទឹកជំនន់ សម្រាប់​ជា​មូលដ្ឋាន ក្នុង​ការ​បន្ថយ​រយៈពេល​សង បន្ថយ​អត្រា​ការប្រាក់ ឬ​មិន​យកការប្រាក់​ក្នុង​រយៈពេល​ណាមួយ និង​មិន​ត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ របស់​ប្រជាកសិករ ព្រមទាំង​ផ្ដល់​ដំណោះស្រាយ​សមស្រប​ផ្សេងៗ។ ចុងក្រោយ បន្ត​តាមដាន​ស្ថានភាព និង​ផល​ប៉ះពាល់​នៃ​គ្រោះ​ទឹកជំនន់​លើ​ប្រជាកសិករ និង​ផ្ដល់​ការ​គាំទ្រ​ចាំបាច់ ស្របតាម​កាលៈទេសៈ​ជាក់ស្ដែង។

សេចក្ដីថ្លែងការណ៍​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​លោក ហ៊ុន សែន លើក​ឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែ​សីហា ថា លោក​នឹង​អំពាវនាវ ដល់​ធនាគារ​ជាតិ និង​ក្រសួង​សេដ្ឋកិច្ច ធ្វើការ​ជាមួយ​មីក្រូហិរញ្ញវត្ថុ​ទាំងឡាយ ដើម្បី​អនុគ្រោះ​ចំពោះ​ប្រជាពលរដ្ឋ ដែល​ជួបប្រទះ​នឹង​គ្រោះ​ទឹកជំនន់ ដោយ​បន្ធូរបន្ថយ​រយៈ ពេល​សង ឬ​បន្ធូរបន្ថយ​មិន​យក​ការប្រាក់ នៅ​ក្នុង​រយៈពេល​ណាមួយ។

អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិការ​ធនាគារ​អេស៊ីលីដា លោកស្រី សូ ផនណារី មាន​ប្រសាសន៍​ថា ធនាគារ​អេស៊ីលីដា នឹង​អនុវត្ត​តាម​សេចក្ដីណែនាំ និង​ការ​អំពាវនាវ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ធនាគារ​ជាតិ​នេះ។ ម្យ៉ាងទៀត​វិញ ធនាគារ​អេស៊ីលីដា ក៏​បាន​ធ្វើ ដូច្នេះ​រៀងរាល់​ឆ្នាំ​ដែល​មាន​ទឹកជំនន់​ដែរ។ លោកស្រី បន្ថែម​ថា វា​នឹង​មិន​មាន​ផល​ប៉ះពាល់​ដល់​ធនាគារ​អេស៊ីលីដា​នោះ​ទេ។ «»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា ក្នុង​ស្ថានភាព​គ្រោះ ទឹកជំនន់​កើតឡើង​ខ្លាំង​បែបនេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាកសិករ ដូច្នេះ​ការ​ចេញ​សេចក្ដីថ្លែងការណ៍​រួម​នេះ គឺជា​ការ​ចាប់ផ្ដើម​មួយ​ល្អ​ដែរ ក្នុង​ជួយ​ប្រជាកសិករ។ ទោះ​យ៉ាង​ណា​ក្តី លោក​បន្ត​ថា ភាគី​ពាក់ព័ន្ធ​គួរតែ​ជជែក​ពិភាក្សា​គ្នា​រក​ចំណុច​កណ្តាល​មួយ ដើម្បី​កុំ​អោយ​ខូច​ខាត​ប្រយោជន៍​ធ្ងន់ធ្ងរ ដល់​ភាគី​ណាមួយ។ «»

រីឯ​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ (EMC) លោក ង៉ែត ជូ មាន​ប្រសាសន៍​ថា សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ធនាគារ​ជាតិ​នេះ គឺ​គ្រាន់តែ បន្ថែម​ទៅ​លើ​នីតិវិធី ឬ​គោលការណ៍​ធនាគារ​ដែល​មាន​ស្រាប់​ប៉ុណ្ណោះ ដូច្នេះ​វា​នឹង​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នោះ​ទេ។ ចំណែក​ពលរដ្ឋ​វិញ ក៏​មិនសូវ​ប៉ះពាល់​ដែរ ព្រោះថា សព្វថ្ងៃ​នេះ ប្រជាពលរដ្ឋ​ភាគច្រើន មិន​សូវ​ពឹងផ្អែក​តែ​ទៅលើ​មុខ​របរ​ស្រែ​ចម្ការ​មួយ​មុខ​នោះ​ទេ ខណៈ​ដែល​ទឹកជំនន់ ក៏​នឹង​មិន​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​វែង​ដែរ។ «»

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ លោកកែវ វី បាន​ប្រាប់​សារព័ត៌មាន ក្នុងស្រុក​កន្លងមក​ថា គិត​ចាប់ពី​ចុងខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​កក្កដា មាន​មនុស្ស​ស្លាប់​បាន​កើន​ដល់ ១៨​នាក់ ខណៈ​ជាង ៤​ម៉ឺន​គ្រួសារ​ទៀត​រង​ផល​ប៉ះពាល់ ដោយសារ​គ្រោះ​ទឹកជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេ​មេគង្គ នៅ​ទូទាំង​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។