សិប្បករនៅខេត្តកំពង់ឆ្នាំងស្នើឱ្យរដ្ឋាភិបាលរកទីផ្សារលក់ផលិតផលសិប្បកម្ម
2023.09.25
ក្រុមសិប្បករស្មូនក្អមឆ្នាំង វត្ថុអនុស្សាវរីយ៍ និងចង្ក្រាន ស្នើឱ្យរដ្ឋាភិបាលគិតគូរពីមុខរបរដែលបន្សល់ទុកតាំងពីដូនតា និងជួយរកទីផ្សារលក់ផលិតផលសិប្បកម្មជូនពួកគាត់។ ពួកគាត់ត្អូញត្អែរថា សិប្បកម្មធ្វើដោយដៃត្រូវចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានប្រាក់ចំណេញតិចតួចដែលធ្វើឱ្យពលរដ្ឋមួយចំនួនបោះបង់មុខរបរនេះ ហើយងាកទៅរកការងារនៅក្រៅស្រុកធ្វើវិញ។
ស្ថិតនៅចម្ងាយប្រមាណ ៣គីឡូពីទីរួមខេត្តកំពង់ឆ្នាំង តាមបណ្ដោយផ្លូវក្រាលកៅស៊ូ ក្នុងទឹកដីស្រុករលាប្អៀរ ភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី អមដោយជួរភ្នំព័ទ្ធជុំវិញ និងទេសភាពខៀវស្រងាត់ មានប្រជាពលរដ្ឋនាំគ្នាស្មូនក្អមឆ្នាំង វត្ថុអនុស្សាវរីយ៍ និងសិប្បកម្មចង្ក្រានលក់ដើម្បីរកប្រាក់ចំណូល។
កំពុងមមាញឹកស្មូនក្អមនៅក្រោមសំយាបផ្ទះប្រក់ស័ង្កសី លោកស្រី កែ ផល្លា រៀបរាប់ថា លោកស្រីបានចាប់យកមុខរបរនេះរយៈពេល ៥ឆ្នាំមកហើយ បន្ទាប់ពីលោកស្រីឈប់ធ្វើការនៅរោងចក្រ។ លោកស្រីបន្តថា លោកស្រីចេះស្មូនក្អមឆ្នាំងពីមីងរបស់លោកស្រី ដែលគាត់ក៏ប្រកបមុខរបរនេះដូចគ្នាដែរ។ លោកស្រីបន្ថែមថា ក្នុងមួយថ្ងៃលោកស្រីអាចស្មូនក្អមចន្លោះពី៨០ ទៅ ១០០ក្អម ដោយទទួលបានប្រាក់ចំណូល ៣០០ដុល្លារក្នុងមួយខែសម្រាប់ផ្គត់ផ្គង់ជីវភាព។
លោកស្រី កែ ផល្លា៖ «តាមដំណើរទៅអូនបើគេចង់បានគេមកយកទៅ បើគេមិនចង់បានទេ អត់ខ្ញុំគិតថា ល្អប្រសិនបើគាត់មានទីផ្សារទទួលរបស់ពីអ្នកធ្វើចេញទៅតាមខេត្តទៅតាមប្រទេស តាមអ្វីដែលគាត់អាចនាំចេញទៅបានអាហ្នឹងខ្ញុំគិតថាល្អ»។
បច្ចុប្បន្នលោកស្រី កែ ផល្លា ជាអ្នកស្មូនក្អម និងវត្ថុអនុស្សាវរីយ៍ផ្សេងៗដូចជា រូបទន្សាយ កូនជ្រូក និងផើងផ្កាដាក់តាំងលម្អក្នុងផ្ទះជាដើម អាស្រ័យទៅលើម៉ូយជាអ្នកកុម្ម៉ង់។ លោកស្រីបន្តថា តម្លៃលក់រាយក្នុងក្អមមួយថ្លៃ២ពាន់រៀល និងលក់បោះដុំតម្លៃត្រឹមតែ ១.៥០០រៀលប៉ុណ្ណោះ បញ្ហាតម្លៃថោកនេះគឺដោយសារការនាំចូលរបស់របរមកពីក្រៅប្រទេសច្រើនដែលធ្វើឱ្យតម្លៃសិប្បកម្មធ្វើដោយដៃពុំសូវទទួលបានការឱ្យតម្លៃ។
លោកស្រី កែ ផល្លា៖ «យើងបើធ្វើដៃវាមិនសូវដូចគ្នាទេ ខ្លះរាងតូចតិចទៅខ្លះរាងធំតិចទៅ ហើយម៉ូតចេញមកវារៀងលំអៀងគ្នាខ្ញុំថា បើនាំរបស់ចូលមកក្នុងស្រុកច្រើនការធ្វើដោយដៃវាធ្លាក់ចុះ ហើយអូនវាមិនសូវដំណើរពីព្រោះគេធ្វើម៉ាស៊ីនគេលឿនហើយស្អាត ហើយយើងធ្វើដោយដៃមិនសូវស្អាតដូចគេហើយតម្លៃវាធូរជាងគេទៀត»។
កំពុងអង្គុយច្រកផេះអង្កាមក្នុងចង្ក្រាន លោក ចេង សុផល ជាម្ចាស់សិប្បកម្មផលិតចង្ក្រាន ថ្លែងថា ជីវភាពគ្រួសាររបស់លោកសព្វថ្ងៃ គឺពឹងផ្អែកលើការធ្វើចង្ក្រាននេះដើម្បីចិញ្ចឹមក្រពះ និងជួយឱ្យពលរដ្ឋនៅក្នុងភូមិរបស់លោកមានការងារធ្វើផងដែរ។ លោកបន្តថា លោកត្រូវងើបពីព្រឹកដើម្បីដុតចង្ក្រាន ពីព្រោះការធ្វើចង្ក្រានគឺអាស្រ័យទៅលើកម្ដៅថ្ងៃ ដែលធ្វើឱ្យគុណភាពចង្ក្រានល្អ។
លោក ចេង សុផល៖ «ស្នើទៅថ្នាក់ដឹកនាំ ឬក៏រដ្ឋាភិបាលដែលគាត់អ្នកជាអ្នកដឹកនាំស្រុកទេសគ្រាន់តែសូមឱ្យសេដ្ឋកិច្ចយើងវាដើរសូមឱ្យតែមានអ្នកទិញហើយអ្នកលក់ លក់ហើយគាត់បកមកយកយើងវិញសុំតែប៉ុណ្ណឹងទេ វាអត់មានសុំជាលុយជាកាក់អីអត់ទេ សូមតែអ៊ីចឹងសូមឱ្យតែដើរធម្មតាទិញចូលលក់ចេញអ៊ីចឹងទៅចំណេញទាំងអស់គ្នា ខ្ញុំបានពីហ្នឹងមកខ្ញុំចែកឱ្យកម្មករខ្ញុំ»។
លោក ចេង សុផល បន្ថែមថា រយៈពេល២ឆ្នាំបន្ទាប់ពីជំងឺកូវីត១៩ ចង្ក្រានរបស់លោកពិបាកលក់ចេញដែលធ្វើឱ្យប្រាក់ចំណូលធ្លាក់ចុះ ដូច្នេះលោកត្រូវកាត់បន្ថយកម្មករនៅក្នុងរោងសិប្បកម្មរបស់លោកផងដែរ។
លោក ចេង សុផល៖ «មានតែឱ្យគាត់ឈប់រកការងារអីផ្សេងធ្វើទៀតទៅ បើចំណូលយើងតិចយើងទៅប្រើកម្មករយើងបានលុយណាបើកឱ្យគាត់ អត់មានបើកអីឱ្យគាត់ យើងនៅធ្វើចង្ក្រាននៅក្នុងស្រុកភូមិ បានត្រឹមមួយថ្ងៃ ៣ម៉ឺនរៀល ៤ម៉ឺនរៀលអីគ្រាន់ដែលមិនពិបាកទៅចំណាកស្រុកវាល្អម្យ៉ាងដែរ»។
ដោយឡែកកម្មករកំពុងធ្វើមុំចង្ក្រានក្នុងរោងសិប្បកម្មរបស់ លោក ចេង សុផល គឺ លោកស្រី តូច នេត ឱ្យដឹងថា លោកស្រីព្រួយបារម្ភថា សិប្បកម្មចង្ក្រាននេះលែងដំណើរការធ្វើឱ្យលោកស្រីបាត់បង់ប្រាក់ចំណូល ពីព្រោះបច្ចុប្បន្នគ្រួសារលោកស្រីគ្មានមុខរបរផ្សេងទៀតនោះទេ។ លោកស្រីបន្តថា ក្នុងមួយថ្ងៃលោកស្រីកាត់ជើងចង្ក្រានបាន៤០ ដោយក្នុងចង្ក្រានមួយទទួលបានប្រាក់៨០០រៀល។
លោកស្រី តូច នេត៖ «ពីមុនធ្វើដោយដៃគគោកគរដីឥឡូវគេឈប់អ៊ីចឹងទៅណាមួយរោងចក្រដូចផ្អែកការងារផង ពិបាករកការងារហើយពួកគាត់ភាគច្រើនទៅថៃ រោងចក្រក៏ផ្អែកការងារហើយការងារចង្ក្រានដូចធ្លាប់វិលដើរច្រើនដូចថា ១០០ភាគអីបានដើរបានត្រឹមតែ ៣០ភាគរយទេអ៊ីចឹងយើងវាបាត់បង់ ៧០ភាគច្រើន»។
ដំណើរការនៃការស្មូនក្អមឆ្នាំង និងវត្ថុអនុស្សាវរីយ៍គឺត្រូវការដីដែលស្អិត ដើម្បីធ្វើ និងដាក់ហាលថ្ងៃយ៉ាងហោចណាស់ ២ថ្ងៃឱ្យស្ងួតល្អ ដើម្បីនៅពេលដុតទទួលបានពណ៌ក្អមស្រស់ស្អាត។ ចំពោះចង្ក្រានវិញគឺពុំសូវខុសគ្នានោះទេ ពោលគឺត្រូវការដីដែលស្អិត និងដុតរយៈពេល២ម៉ោង ដោយមានអ្នកចាំដាក់ឧស រក្សាកម្ដៅឱ្យក្ដៅ ហើយត្រូវដុត តែនៅពេលមេឃបើកថ្ងៃតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋភាគច្រើនជាសិប្បករឱ្យដឹងថា ដីដែលពួកគាត់យកមកស្មូនក្អមឆ្នាំង និងធ្វើចង្ក្រានគឺបានពីភ្នំក្រាំងដីមាស ដែលជាប្រភេទដីចេញស្អិតអាចធ្វើក្អម ឬឆ្នាំងមានពណ៌ផ្លេក និងក្រហមល្អពេលដុតរួច។ ចំពោះប្រភេទដីផ្សេងគឺ មិនអាចយកមកធ្វើក្អមឆ្នាំង ឬចង្ក្រានបានទេ ដោយដីទាំងនោះងាយផុយស្រួយ និងគ្មានពណ៌ស្អាត។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ និងអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលទទួលបន្ទុកក្នុងការអភិវឌ្ឍវិស័យសិប្បកម្ម លោក ហេង សុខគង់ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៤ កញ្ញា។
ទាក់ទិនបញ្ហានេះប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ មានប្រសាសន៍ថា រដ្ឋាភិបាលថ្មីហាក់នៅមិនទាន់បានជួយលើកកម្ពស់ជីវភាពពលរដ្ឋដែលប្រកបមុខរបរប្រពៃណីស្មូនក្អមឆ្នាំងនៅឡើយទេ។ លោកបារម្ភថា មុខរបរបែបប្រពៃណីនេះអាចនឹងបាត់បង់នៅថ្ងៃណាមួយប្រសិនបើរដ្ឋាភិបាលនៅតែមិនអើពើចំពោះបញ្ហានេះ។
លោក ហេង សុខគង់៖ «សូមអំពាវនាវទៅរដ្ឋាភិបាលសូមឱ្យគិតគូរឡើងវិញអំពីក្រុមស្មូនក្អមឆ្នាំងដែលជាក្រុមអត្តសញ្ញាណជាតិមួយ នៅខេត្តកំពង់ឆ្នាំងដើម្បីឱ្យពួកគាត់មានឱកាសបន្តកេរ្តិ៍មរតកពីជីដូនជីតាមក យើងឡើងវិញ ដែលជាមុខរបរស្មូនក្អមឆ្នាំងដែលធ្វើឱ្យពួកគាត់មានប្រាក់ចំណូលប្រចាំថ្ងៃ ហើយមានការកើនឡើងបន្ថែមទៀត ហើយឆ្លើយតបទៅហ្នឹងមុខរបរនេះផង ដែលគួរតែទាក់ទាញទេសចរណ៍ភ្ជាប់នឹងវិស័យស្មូនក្អមឆ្នាំងរបស់ពួកគាត់ដែលជាពិសេសក្រសួងទេសចរណ៍នេះ»។
អ្នកភូមិអណ្ដូងឫស្សី ខេត្តកំពង់ឆ្នាំង មានអ្នកផលិតក្អមឆ្នាំង ចង្ក្រាន និងវត្ថុអនុស្សាវរីយ៍ពីដីច្រើនជាងគេនៅទូទាំងខេត្ត។ ភូមិអណ្ដូងឫស្សី មានពលរដ្ឋសរុប ជាង៤រយគ្រួសារ(៤០៣) ក្នុងនោះគ្រួសារដែលធ្វើក្អមឆ្នាំងមានប្រហែល ៤០គ្រួសារ ផលិតវត្ថុអនុស្សាវរីយ៍ ១៥០គ្រួសារ និងធ្វើចង្ក្រានលក់ដុំ និងរាយនៅតាមផ្ទះ ចំនួន៥០គ្រួសារដោយពឹងផ្អែកលើសិប្បកម្មទាំងនេះរកប្រាក់ចំណូល។ ក្រៅពីអ្នកភូមិអណ្ដូងឫស្សីនៅមាន អ្នកភូមិបាញ់ឆ្គោល ត្រពាំងអន និងភូមិឃ្លៃ ក្នុងឃុំជ្រៃបាក់ ក៏ប្រកបមុខរបរស្មូនក្អមឆ្នាំងនេះដែរ។ លើសពីនេះ នៅតំបន់ភ្នំមាន់ ស្រុកជលគិរី ភូមិព្រៃគ្រីត្បូង និងព្រៃគ្រីជើង ក៏ជាប្រភពនៃការផលិតក្អមឆ្នាំងដ៏ល្បីឈ្មោះមួយដែរ ប៉ុន្តែដោយសារតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋមិនអាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានគ្រប់គ្រាន់ ដូច្នេះពួកគាត់បោះបង់មុខរបរនេះចោល។
ទោះបីជាមុខរបរសិប្បកម្មនេះត្រូវប្រើកម្លាំង និងចំណាយដើមទុនច្រើន ហើយប្រឈមបញ្ហាគ្មានទីផ្សារលក់ផលិតផលយ៉ាងណាក្ដី ក៏ប្រជាសិប្បករទាំងនោះនៅតែមិនបោះបង់មុខរបរនេះឡើយ។ ពួកគាត់អះអាងថា ការស្មូនក្អមឆ្នាំង និងចង្ក្រាននេះគឺជាអត្តសញ្ញាណខេត្តកំពង់ឆ្នាំង និងជាកេរដំណែលបន្សល់ទុកតាំងដូនតា ដូច្នេះពួកគាត់មិនចង់ឱ្យបាត់បង់នោះទេ។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាលជួយរកទីផ្សារលក់ផលិតផល ពីព្រោះពួកគាត់មិនចង់ចំណាកស្រុកទៅក្រៅប្រទេសនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។