លោក ហ៊ុន ម៉ាណែត ស្នើ​ចិន​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដទៃទៀត

លោក ហ៊ុន ម៉ាណែ​ត ក៏បាន​សរសើរ​ចិន​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ (BRI) មាន​ដូចជា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ជាដើម ដែល​លោក​ថា​បាន​ចូលរួម​ចំណែក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​។ ក្រៅពីនោះ កម្ពុជា​សង្ឃឹមថា នឹង​មាន​រំហូរ​វិនិយោគ និង​អ្នកទេសចរ​មកពី​ប្រទេស​ចិន​ថែមទៀត​ក្នុង​ឆ្នាំ​២០២៤​នេះ ដែល​ជា​ឆ្នាំ​នៃ​ការ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន។

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៣​ថ្ងៃ​របស់​ប្រមុខ​ការទូត​ចិន លោក វ៉ាង យី មក​កម្ពុជា​នា​ពេល​នេះ កើតមានឡើង​ស្របពេល​ដែល​មាន​កង្វល់​ជា​រួម​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​ក្នុង​តំបន់​ជាពិសេស​វៀតណាម (Vietnam) ជំ​ុ​វិញ​រឿងរ៉ាវ​ដែល​ចិន​ព្យាយាម​ពង្រីក​ឥទ្ធិពល​ផ្នែក​យោធា និង​សន្តិសុខ​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ខ្លាំង។ គម្រោង​ចម្រូងចម្រាស​ពីរ​ដែល​កំពុង​បង្ក​ឱ្យ​មាន​ក្តី​ព្រួយបារម្ភ​នោះ រួមមាន គម្រោង​ធ្វើ​«​ទំនើបកម្ម​»​កំពង់ផែ​កងទ័ពជើងទឹក​រាម​ដែល​កំពុង​ដំណើរការ និង​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ ប្រវែង​១៨០​គីឡូ​ម៉ែត ភ្ជាប់​ទន្លេ​មេគង្គ​ភាគ​ខាងត្បូង​ទៅកាន់​ឈូង​សមុទ្រ​ថៃ។

ទន្ទឹម​នឹង​នោះ ក៏​មាន​ក្តី​បារម្ភ​ពី​រឿងរ៉ាវ​ដែល​នាវាចម្បាំង​ចិន​ពីរ​គ្រឿង​បន្ត​មាន​វត្ត​មាននៅ​កំពង់ផែ​រាម​ជាង​៤​ខែ​មក​ហើយដោយ​ពុំ​ទាន់​ចាកចេញ​នៅឡើយ​។ កម្ពុជា​ធ្លាប់​អះអាង​ថា ការ​អនុញ្ញាត​ឱ្យ​នាវាចម្បាំង​ចិន​ចូល​ចត​នេះ គឺ​ដើម្បី​ត្រៀម​«​ហ្វឹកហ្វឺន​»​នាយ​នាវិក​កងទ័ពជើងទឹក​កម្ពុជា​។ ក៏ប៉ុន្តែ ពុំបាន​បញ្ជាក់​ពី​រយៈពេល​ជាក់លាក់​នៃ​ការ​«​ហ្វឹកហ្វឺន​»​នេះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។