លោក ហ៊ុន ម៉ាណែត សន្យា​ជួយ​កម្មករ និង​ដំឡើង​ប្រាក់​ខែ​គោល

0:00 / 0:00

លោក ហ៊ុន ម៉ាណែត បន្ត​សន្យា​ថា ដំឡើង​ប្រាក់​ខែ​គោល​ជូន​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​ក្នុង​ឆ្នាំ២០២៤។ មេ​សហជីព និង​កម្មករ​ស្វាគមន៍​ការ​ប្រកាស​រដ្ឋាភិបាល​ថ្មី ហើយ​ស្នើ​កុំ​ឲ្យ​រដ្ឋាភិបាល​យក​រឿង​ការ​ឡើង​ប្រាក់​ខែ​ដើម្បី​កេង​ចំណេញ​នយោបាយ​ពី​ព្រោះ​កម្មករ​ត្រូវការ​ប្រាក់​ខែ​រស់​នៅ​សមរម្យ និង​ការ​បញ្ចុះ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ជា​ចាំ​បាច់។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សរសើរ​ពី​គោល​នយោបាយ​ឪពុក​របស់​លោក ដែល​លោក​អះអាង​ថា យកចិត្ត​ទុកដាក់​ជួយ​ដល់​កម្មករ ហើយ​លោក​ប្តេជ្ញា​នឹង​យក​គោល​នយោបាយ​នោះ​ទៅ​អនុវត្ត​បន្ត​ទៀត។

លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​វេទិកា​ចុះ​ជួប​កម្មករ​ក្នុង​ខេត្ត​កណ្តាល​នៅ​ថ្ងៃ​ទី០១ ខែ​កញ្ញា សន្យា​នៅ​មុខ​កម្មករ​​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ដំឡើង​ប្រាក់ឈ្នួល​គោល​ជូន​កម្មករ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ២០២៤ នឹង​ដំឡើង​ចំនួន​ប៉ុន្មាន​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត៖ «យើង​គិត​គូរ​ទាំង​ជីវភាព​របស់​ប្រជា​ពលរដ្ឋ ប្រាក់​បៀវត្ស(ប្រាក់​ខែ​គោល)ដូច​ឯកឧត្តម ហេង សួរ និយាយ​អ៊ីចឹង​ប្រាក់​ខែ​ពី៤០ដុល្លារ នៅ​ឆ្នាំ៩០ មក​ប្រាក់​ខែ​អប្បបរមា​២រយ​ដុល្លារ ឥឡូវ​កំពុង​ចរចា​ទៀត ពី​ព្រោះ​គោលការណ៍​មួយ​របស់​រដ្ឋាភិបាល ការ​ប្ដេជ្ញា​ចិត្ត​នឹង​បន្ត​បង្កើន​ប្រាក់​បៀវត្ស​អប្បបរមា​(ប្រាក់ខែ​គោល)របស់​កម្មករ​និយោជិត និង​មន្ត្រី​រាជការ​ទៅ​តាម​លទ្ធភាព​ថវិកា​ដែល​យើង​អាច​ធ្វើ​ទៅ​បាន ពិត​ណាស់​យើង​មិន​អាច​ធានា​គុណ​ម្តង​ជា​ពីរ​ទេ ប៉ុន្តែ​យើង​ធានា​សូម្បី​ជំនាន់​កូវីដ​ក៏​យើង​ត្រូវ​តែ​ធានា​ដែរ»។

ពាក់ព័ន្ធ​នឹង​ការសន្យា​របស់​លោក ហ៊ុន ម៉ាណែត នេះ កម្មករ​រោង​ចក្រ​កាត់​ដេរ​នៅ​រាជធានី​ភ្នំពេញ​លោកស្រី អ៊ុក ចន្ធី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សព្វថ្ងៃ​ជីវភាព​របស់​កម្មករ​ជួប​ការ​លំបាក ដោយ​សារ​ប្រាក់​ខែ​តិចតួច តែ​​ចំណាយ​ច្រើន​លើ​មុខ​ទំនិញ​គ្រប់​ប្រភេទ​ធ្វើឲ្យ​លោកស្រី និង​អ្នក​ផ្សេង​ទៀត​ចាយវាយ​ដោយ​ត្បិត​ត្បៀត។ លោកស្រី​បន្ថែម​ថា​កម្មករ​ស្នើ​ដំឡើង​ប្រាក់​ខែ​គោល​យ៉ាង​ហោច ២២០ដុល្លារ ដើម្បី​ជួយ​ទប់​ទាល់​ការ​ចំណាយ​បាន​ខ្លះ។ លោកស្រី​សង្ឃឹម​ថា រដ្ឋាភិបាល​ថ្មី​មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខកចិត្ត​ដូច​រដ្ឋាភិបាល​ចាស់​ដែល​សន្យា​អូសទាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​ឱ្យ​តែ​ល្អ​មើល​នៅ​ខាង​ក្រៅ។

លោកស្រី អ៊ុក ចន្ធី៖ «សូម​ឱ្យ​នាយករដ្ឋមន្ត្រី​ដែល​គាត់​ទើប​នឹង​ឡើង​កាន់​តំណែង​ហ្នឹង​ដែល​គាត់​ធានា​ថា នឹង​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​សូម​ឱ្យ​ដំឡើង​ឱ្យ​បាន​យ៉ាង​​តិច ២០ដុល្លារ​ទៅ ទើប​កម្មករ​អាច​ដោះស្រាយ​ជីវភាព​បាន​ខ្លះ»។

មេដឹកនាំ​សហជីព​ឯករាជ្យ​មួយ​ចំនួន​បាន​កំណត់​យក​តួលេខ​២២០ដុល្លារ​ដាក់​ចូល​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ចរចា​ប្រាក់​ឈ្នួល​គោល​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និង ផលិតផល​ធ្វើដំណើរ​សម្រាប់​ឆ្នាំ២០២៤។ នៅ​ឆ្នាំ​២០២៣ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិតផល​ស្បែក​ជើង​២០០ដុល្លារ​ក្នុង​មួយ​ខែ ខណៈ​សហជីព​លើក​ឡើង​ថា កម្មករ​អាច​រស់​បាន​សមរម្យ​នៅ​ក្នុង​កំរិត​ប្រាក់​ឈ្នួល​គោល​ចន្លោះ​ពី ២៥០ ទៅ៣០០ដុល្លារ ក្នុង​មួយ​ខែ។

ប្រធាន​សភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ មាន​ប្រសាសន៍​ថា បើ​តាម​ការសិក្សា​ស្រាវជ្រាវ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​និង​សង្គម​បច្ចុប្បន្ន កម្មករ​បាន​ចំណាយ​ច្រើន​ជាង​ចំណូល​ដែល​រដ្ឋាភិបាល​គួរ​ដំឡើង​ប្រាក់​ខែ​គោល​ជូន​ពួកគាត់​ឱ្យ​បាន​សមរម្យ ព្រមទាំង​ទប់ស្កាត់​តម្លៃ​ផ្ទះ​ជួល ទឹក​ភ្លើង និង​ទំនិញ​ឡើង​ថ្លៃ​ឱ្យ​មាន​ប្រសិទ្ធភាព។

លោក អាត់ ធន់៖ «រដ្ឋ​ដំឡើង​ច្រើន​ជាង​ក៏​អបអរសាទរ រដ្ឋ​ដំឡើង​តិច​ជាង​ហ្នឹង​ក៏​អបអរសាទរ​ទៅ​ដោយ​គ្មាន​អ្នក​ធ្វើ​អ្វី​មិន​កើត​រឿង​ហ្នឹង(គ្មាន​អ្នក​​ជំទាស់​​បាន ឬ​គ្មាន​អ្នក​​ដាក់​​​សម្ពាធ​​លើ​ការ​សម្រេច​នោះ​​បាន)ខ្ញុំ​បញ្ជាក់​ថា​បើ​សិន​ការ​ដំឡើង​ហ្នឹង​តិច​ពេក​ក៏​នឹង​មិនមែន​ជា​កាដូ​(អំណោយ​ជូន​កម្មករ)ឬ​ស្នាដៃ​ដើម្បី​ទាក់ទាញ​អារម្មណ៍​របស់​កម្មករ​ទេ ដោយ​វា​គ្រាន់​តែ​ធ្វើ​ទៅ​គេ​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​តាម​ហ្នឹង។ នៅ​ក្នុង​ការ​ជជែក​ហ្នឹង​គឺ​យើង​យល់​ថា​កម្មករ​គួរ​ត្រូវ​ដំឡើង​ប្រាក់ ហើយ​ឡើង​ក្នុង​កម្រិត​មួយ​ដែល​អាច​ចាយ​វាយ​សមរម្យ បើ​មិន​ដូច្នេះ​ទេ កម្មករ​មាន​ន័យ​ថា​កម្មករ​នឹង​លំបាក»។

កាល​ពី​ពេល​ថ្មីៗ​នេះ​របាយការណ៍​អង្កេត​បឋម​របស់​អង្គការ​សង់ត្រាល់ រក​ឃើញ​ថា រោងចក្រ​មួយ​ចំនួន​បាន​កាត់​បន្ថយ​បុគ្គលិក​កម្មករ​ជា​មធ្យម​ចន្លោះ​ពី ២០ទៅ ៣០​ភាគរយ​នៅ​ឆ្នាំ​នេះ ហើយ​កម្មករ​និយោជិត មួយចំនួន​ធំ​បាត់​បង់ប្រាក់​ចំណូល ចន្លោះ​ពី ២៥ ទៅ ៣០ ភាគរយ​បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ​២០២២ ករណី​នេះ​ធ្វើឲ្យ​កម្មករ​ត្រូវ​តែ​បង្ខំចិត្ត​កាត់បន្ថយ​របប​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​រង​សម្ពាធ​វិបត្តិ​ផ្លូវ​ចិត្ត​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។