លោក ហ៊ុន ម៉ាណែត ថា ព្រះលានយន្តហោះអន្តរជាតិតេជោខេត្តកណ្ដាល នឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តនេះ និងខេត្តផ្សេងទៀត។ ប៉ុន្តែប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារគម្រោងសាងសង់ព្រះលានយន្តហោះអន្តរជាតិតេជោ ស្នើឱ្យលោក ហ៊ុន ម៉ាណែត ជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ ដើម្បីបង្ហាញថា រដ្ឋាភិបាលពិតជាមានឆន្ទៈ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដូចការលើកឡើងនេះមែន។
ក្នុងពិធីពិនិត្យការដ្ឋានសាងសង់ព្រះលានយន្តហោះអន្តរជាតិតេជោ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃទី១២ មីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា ព្រះលានយន្តហោះអន្តរជាតិតេជោនៅខេត្តកណ្ដាលនេះ មានសក្ដានុពលសម្រាប់ការអភិវឌ្ឍន៍ទិសនីរតី ដោយមានការភ្ជាប់ទាំងផ្លូវទឹក និងផ្លូវ គោក។
លោកបានអួតអំពីព្រះលានយន្តហោះនេះថា ជាសមិទ្ធផលដំបូង ដែលបានបង្ហាញរូបរាងជាក់ស្ដែងនៅកម្ពុជា ហើយជានិមិត្តរូបនៃការរីកចម្រើនរបស់កម្ពុជាផងដែរ។
លោក ហ៊ុន ម៉ាណែត៖ «ព្រះលានយន្តហោះធ្វើថ្មីនេះ ទី១ ដោយសារ នៅលើទឹកដីដែលមានសុខសន្តិភាព បើប្រទេសគ្មានសន្តិភាពយើងមិនចាំបាច់ធ្វើព្រះលានយន្តហោះ ១៥០០លានដុល្លារទេ សូម្បីតែក្រុមហ៊ុនក៏ហ៊ានដាក់ទុនផង កុំអ្នកវិនិយោគទិញត ទុកលុយនៅតៃវ៉ាន់។ ឯកឧត្ដមគាត់មកពី ទុកលុយនៅកូរ៉េ ទុកលុយនៅចិន ទុកលុយនៅអង់គ្លេសទុកនៅប្រទេសណាជាជាងយកមកដាក់។ ប៉ុន្តែហ៊ានយកមកវិនិយោគហេដ្ឋារចនាសម្ព័ន្ធមួយ ដោយមើលគិតវែងឆ្ងាយទៅថ្ងៃអនាគតថា កម្ពុជាជាប្រទេសដែលមានសន្តិភាព និងស្ថិរភាព»។
លោក ហ៊ុន ម៉ាណែត ថា លោករំភើបរហូតដល់ព្រឺរោម ពេលបានឃើញផ្ទាល់ព្រះលានយន្តហោះអន្តរជាតិតេជោនេះ ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនបានបង្ហាញថា ត្រូវដោះស្រាយជូនប្រជាពលរដ្ឋដែលរងគ្រោះពីការរំលោភយកដីធ្លី សម្រាប់ការសាងសង់ព្រះលានយន្តហោះនេះទេ។
គម្រោងអភិវឌ្ឍន៍ព្រះលានយន្តហោះថ្មី លើផ្ទៃដីជិតបីពាន់ហិកតារ (២.៦០០) នេះ មានភាពចម្រូងចម្រាសតាំងពីដើមមក ដោយសារអាជ្ញាធរបានកំណត់តម្លៃដី ក្នុង មួយម៉ែត្រការ៉េចន្លោះពី ៣ដុល្លារ ដល់ ៨ដុល្លារ។
គម្រោងនេះ លាតសន្ធឹងលើឃុំ៤ គឺឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ នៃស្រុកបាទី ខេត្តតាកែវ។
ប្រជាពលរដ្ឋរស់នៅឃុំបឹងខ្យាងដែលរងផលប៉ះពាល់ ដោយសារ គម្រោងសាង សង់ព្រះលានយន្តហោះអន្តរជាតិតេជោ លោក ទួន វណ្ណៈ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ មីនា ថា ពួកគាត់ចំនួន ៦៤ គ្រួសារទទួលយកការដោះដូរដីភូមិទាំងបង្ខំ ដើម្បីទៅរស់នៅទីកន្លែងផ្សេង ប៉ុន្តែសម្រាប់សំណងដីស្រែតម្លៃ ៨ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ពួកគាត់មិនទាន់ទទួលយកឡើយ។
លោកស្នើទៅរដ្ឋាភិបាលដោះស្រាយវិវាទដីធ្លី ទៅតាមតម្លៃទីផ្សារដល់ពួកគាត់ ពីព្រោះ តម្លៃដីស្រែ ៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ មិនអាចយកទៅទិញដី ដើម្បីប្រកបមុខរបរ ឬយកទៅទិញដីស្រែវិញបានឡើយ។
លោក ទួន វណ្ណៈ៖ «ការអភិវឌ្ឍនៅតំបន់ខ្ញុំ បើនិយាយពីភាពអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋនៅភូមិខ្ញុំ គឺអយុត្តិធម៌ខ្លាំង ដោយសារ មានការលំបាកជីវភាពពីមានមកក្រ។ កាលពីមុនខ្ញុំមានស្រែ មានចម្ការធ្វើ តែមកឥឡូវអត់មានការងារធ្វើ ហើយអត់មានស្រែ ចម្ការ ដើម្បីប្រកបមុខរបរទៀត»។
លោក ទួន វណ្ណៈ ថា ពួកគាត់រស់នៅមិនមានសន្តិភាព និងស្ថិរភាពនោះទេ ពីព្រោះពេលចេញទាមទារដំណោះស្រាយរឿងដីធ្លីពួកគាត់ តែងរងការរឹតត្បិតសិទ្ធិសេរីភាព។
លោក ទួន វណ្ណៈ៖ «ប្រជាពលរដ្ឋនៅលំបាក ហើយការតវ៉ារឹតត្បិតទៀត។ សួរថា តើសន្តិភាព ស្ថិរភាពយ៉ាងម៉េច?អ៊ីចឹងបើគាត់គិតថា ជាសន្តិភាព ស្ថិរភាព សូមប្រគល់សិទ្ធិ និងសេរីភាពជូនប្រជាពលរដ្ឋ ដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋជាគឺទុក្ខលំបាករបស់រដ្ឋាភិបាល អាហ្នឹងបានថា សន្តិភាព និងស្ថិរភាព»។
ក្នុងលិខិតចំហមួយរបស់ប្រជាពលរដ្ឋ កាលពីខែកក្កដា ឆ្នាំ២០២១ បានអះអាងថា គម្រោងអភិវឌ្ឍន៍ព្រះលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ៣៣០គ្រួសារ និងដីទំហំជាង ១លានម៉ែត្រការ៉េ ដែលភាគច្រើន ជាដីមានបណ្ណកម្មសិទ្ធិស្របច្បាប់ ។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ស្នើទៅរដ្ឋាភិបាលដោះស្រាយសំណងសមរម្យជូនប្រជាពលរដ្ឋ ដើម្បីអាចដោះស្រាយបញ្ហាជីវភាព និងជាការជួសជុលផ្លូវចិត្តរបស់ប្រជាពលរដ្ឋផង។
លោកថា៖ « ខ្ញុំជឿជាក់១រយភាគរដ្ឋាភិបាលក្ដីក្រុមហ៊ុនក្ដីមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាហ្នឹង។ ដូច្នេះ ខ្ញុំលើកទឹកចិត្តយ៉ាងទទូច ឱ្យរាជរដ្ឋាភិបាលលោកយកចិត្តទុកដាក់ដោះស្រាយបញ្ហាហ្នឹង មិនមែនជាតូចប៉ុន្មានទេ ឱ្យបានសមស្របផង អាហ្នឹងប្រជាពលរដ្ឋរបស់រដ្ឋាភិបាលដែរ ជនរងគ្រោះក្នុងតំបន់នោះ » ។
ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ថា អូ . ស៊ី . អាយ . ស៊ី (OCIC) របស់លោក ពុង ឃាវសែ ដែលជាអ្នកជំនួញស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ទទួលបានសិទ្ធិសាងសង់ព្រះលានយន្តហោះខ្នាតអន្តរជាតិមួយនេះ។ ព្រះលានយន្តហោះថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១. ៥០០លានដុល្លារ។
ព្រះលានថ្មីនេះ ជាប្រភេទព្រះលានសម្រាប់ចុះចតយន្តហោះធំៗ ដែលអាចហោះហើរ ឆ្លងទ្វីប ដូចជា ប្រភេទយន្តហោះធុនយក្ស អ៊ែរ . បើស (Airbus A380-800) និង ប៊ូអ៊ីង (Boeing 747-800) ជាដើម។ ប៉ុន្តែ គម្រោងអភិវឌ្ឍន៍ខ្នាតយក្សនេះ បាន បង្កប់នូវទឹកភ្នែករបស់កសិករជាច្រើនគ្រួសារ។
លោក រស់ សុដ្ឋា ទទូចឱ្យរដ្ឋាភិបាលជួយធានាកុំឱ្យមានការរំលោភសិទ្ធិមនុស្ស ក្នុងគម្រោងវិនិយោគខ្នាតយក្សមួយនេះ ដែលធ្វើឱ្យរារាំងដល់កិច្ចសហប្រតិបត្តិការពេញលេញរបស់អ្នកវិនិយោគល្អៗ៕