សង្គមស៊ីវិលសំដែងក្តីកង្វល់ចំពោះ ចំណាយថវិកាជាតិ គ្មានប្រសិទ្ធភាព និងតម្លាភាព កម្រិតរបស់របបលោក ហ៊ុន សែន ក្រោយពេលទីស្ដីការគណៈរដ្ឋមន្ត្រីរបបលោក ហ៊ុន សែន នៅថ្ងៃសុក្រទី២៦ ខែតុលា នេះ បានអនុម័តថវិកាជាតិសម្រាប់ឆ្នាំ២០១៩ ដែលកើនឡើងរហូតដល់ជាង ១១ភាគរយបើធៀបនឹងថវិកាជាតិកាលពីឆ្នាំ២០១៨ ជាង៦ពាន់លានដុល្លារ។
របបក្រុងភ្នំពេញអនុម័តគម្រោងចំណាយថវិកាជាតិឆ្នាំ២០១៩ ដល់ទៅជាង៦.៧ពាន់លានដុល្លារអាមេរិក កើនឡើង ១១,៤ ភាគរយ លើសឆ្នាំចាស់ ខណៈកម្ពុជាជំពាក់បំណុលបរទេសកាន់តែច្រើន។
របាយការណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ តុលា ឲ្យដឹងថា កញ្ចប់ថវិការដ្ឋសម្រាប់ឆ្នាំ២០១៩ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា ត្រូវចំណាយអាទិភាពទៅលើតម្រូវការចាំបាច់ និងតម្រូវការអាទិភាពរបស់ក្រសួង ស្ថាប័ន ដើម្បីសម្រេចគោលនយោបាយរួមរបស់របបក្រុងភ្នំពេញ ដែលផ្ដោតលើ ការអភិវឌ្ឍធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបញ្ចុះថ្លៃអគ្គិសនី និងទឹកស្អាត ការជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រីកវិសាលភាព និងពង្រឹងគុណភាពសេវាសាធារណៈ គ្រប់ប្រភេទ ពិសេសសេវាអប់រំ សុខាភិបាល សេវាយុត្តិធម៌ សេវានៅមូលដ្ឋានចាំបាច់ដទៃ និងការពង្រឹងសមត្ថភាពស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងការអនុវត្តរបបគាំពារសង្គម ដោយឈរលើគោលការណ៍ប្រសិទ្ធភាព ទាំងក្នុងកម្រិតវិភាជន៍ និងទាំងក្នុងកម្រិតប្រតិបត្តិការ និងបច្ចេកទេស។ សេចក្ដីព្រាងច្បាប់ថវិកាបញ្ជាក់ថា ក្រសួងការពារជាតិនឹងទទួលបាន ជាង ៦រយលានដុល្លារ វិស័យសន្តិសុខ និងការពារជាតិបានទទួល ជាង ១ពាន់លានដុល្លារ របបសង្គមជិត ២ពាន់លានដុល្លារ និងថវិកា សង្គ្រោះបន្ទាន់ជាង ១ពាន់លានដុល្លារ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា កន្លងមករបបក្រុងភ្នំពេញ បានចាយវាយថវិការដ្ឋចំវិស័យអាទិភាព និងបានល្អ ដោយអន្លើៗ និងមានការចាយវាយខ្លះ នៅតែមានបញ្ហា។ បើទោះយ៉ាងណា លោកយល់ថា នៅពេលមានបង្កើនការចំណាយបែបនេះ របបក្រុងភ្នំពេញ ត្រូវបង្កើនយន្តការរឹតបន្តឹងពីតម្លាភាពនៃការចាយវាយ បន្ថែមទៀត ដើម្បីឲ្យប្រាកដថា ថវិកាជាតិមិនត្រូវបាន ហូរចូលហោប៉ៅ របស់មន្ត្រី ឬហោប៉ៅឯកជន៖ «ក្នុងនោះដែរ ប្រសិនបើកញ្ចប់ថវិកាកាន់តែមាន ការកើនឡើងច្រើន ក៏វាត្រូវតែទាក់ទងរឹតបន្តឹងពីប្រព័ន្ធតម្លាភាពកាន់តែខ្លាំងឡើងផងដែរបាទ»។
លោក យង់ គឹមអេង ផ្ដល់អនុសាសន៍ថា ដើម្បីឲ្យការចាយវាយថវិកាជាតិ សម្រាប់ឆ្នាំ២០១៩ មានប្រសិទ្ធភាព របបក្រុងភ្នំពេញ គួរពង្រឹងការធ្វើសវនកម្មជាតិ ពង្រឹងប្រសិទ្ធភាពអង្គភាពប្រឆាំងអំពើពុករលួយ និងពង្រឹងយន្តការ ដែលមានស្រាប់ ឲ្យធានានូវការចាយវាយតាមស្ថាប័នរដ្ឋមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់៕
