លោក ហ៊ុន សែន ប្រកាស​ថា បាន​ត្រៀមខ្លួន​បង់​ពន្ធ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​ទៅ​អឺរ៉ុប

0:00 / 0:00

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​ប្រកាស​ថា របប​លោក​មាន​លទ្ធភាព​បង់​ពន្ធ នៅ​ពេល​ដែល​គណៈកម្មការសហភាព​អឺរ៉ុប ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​ពេល​ខាងមុខនេះ។ កម្មករ និង​អ្នកឃ្លាំមើល​វិស័យ​ការងារ​យល់​ថា ទោះបីរដ្ឋាភីបាល​មានលទ្ធភាព​នៃ​ការ​បង់​ពន្ធ​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ឯកជន និង​កម្មករ។

លោក ហ៊ុន សែន អះអាង​ថា ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​មិន​ប៉ះពាល់​ដល់​ការនាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​ទេ គឺ​គ្រាន់តែអ្នក​ជំនួញ​ចំណេញ​តិច​ជាមុន​​។ លោក ហ៊ុន សែន ថា ការ​នាំ​ចេញ​អង្ករ​ខ្មែរ​ទៅ​កាន់​សហភាព​អឺរ៉ុប ក៏​​ត្រូវ​បង់ពន្ធ​ដែរ តែ​នៅអ្នក​ជំនួញ​នៅ​តែ​អាច​ធ្វើ​បាន និង​ទទួល​បាន​ផល​ចំណេញ ម្ល៉ោះហើយ​ការ​នាំ​ចេញ​ទំនិញ​ផ្សេងទៀត ក៏​នឹង​ចំណេញ​ដូច​អង្ករ​ដែរ។ មេដឹកនាំ​របប​ឯកបក្ស​រូប​នេះ អ៊ួត​​ថា ការ​បង់​ពន្ធ​ឱ្យ​សហភាព​អឺរ៉ុប គឺ​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ​ដល់​របប​លោក ព្រោះ​អឺរ៉ុប នឹង​មិន​អាច​យក​បញ្ហា​នេះ​ទៅ​គំរាម​លោក​តទៅទៀត។

គណៈកម្មការ​សហភាព​អឺរ៉ុប ដែល​បាន​ដាក់​កំហិត​ឱ្យ​របប​លោក ហ៊ុន សែន ស្ដារ​ស្ថានភាព​ការរំលោភ​សិទ្ធិមនុស្សនៅត្រឹមពាក់​កណ្ដាលខែ​ធ្នូ ក្រោយ​រក​ឃើញ​ របប​លោក​ ហ៊ុន សែន មិន​ទាន់​បាន​ធ្វើ​តាម​សំណើ​​ឱ្យ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ។ ទោះបីជាយ៉ាងណា លោក ហ៊ុន សែន បញ្ជាក់​ថា របប​លោក នៅ​រក្សា​ជំហរ​មិន​ព្រម​ឱន​ក្បាល ដើម្បី​ជា​ថ្នូរ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឡើយ។ លោក​ចាត់​ទុក​ការ​ដាក់​កំហិត​របស់​សហភាព​អឺរ៉ុប ដែល​ឱ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នោះ​ថា ជា​ការ​យក​អធិបតេយ្យ ឯករាជ្យ​ទៅ​ប្ដូរ៖ «អ៊ីចឹង​សម្រាប់​យើង យើង​បាន​ត្រៀមខ្លួន​តាំងពី​ខែ​មីនា​ណោះ។ យើង​មិន​ចង់​ឱ្យ​បាត់​ទេ ប៉ុន្តែ​ធ្វើ​ម្ដេច បើ​គាត់​យក​អាហ្នឹង មក​ដោះដូរ ជាមួយ​នឹង​ច្បាប់ ជាមួយ​នឹង​ឯករាជ្យ​របស់​យើង​ហើយ យើង​ក៏​មិន​អាច​ទទួល​យក​បាន​ដែរ។ អ៊ីចឹង​បើ​គេ​ឱ្យ​បង់ពន្ធ យើង​បង់​ពន្ធ​ឱ្យ​គេ​ទៅ​។ គ្រាន់តែ​ពីមុន យើង​ចំណេញ​ច្រើន ឥឡូវ​វា​ចំណេញ​តិច​ជាង​តែ​ប៉ិន​ហ្នឹង តែ​វា​នៅតែ​ចំណេញ វា​នៅតែ​ចំណេញ ហើយក៏​វា​ថ្លៃថ្នូរ​ដែរ គេ​មិន​យក​អា​ហ្នឹង​មក​គំរាម​យើង​តទៅទៀត​បានទេ គំរាម​តទៅ​ទៀត​បាន​ទេ ព្រោះ​ឥឡូវ​គេ​យក​អាហ្នឹង មក​គំរាម​យើង​ថា អ្នកឯង​ត្រូវ​ធ្វើ​អានេះ អានេះ អានេះ នេះ នេះ នេះ នេះ​។ អ៊ីចឹង​បាន​យើង​ប្រាប់​ទៅវិញ ថា យើង​មិន​អាច​យក​អធិបតេយ្យ​របស់​យើង​ទៅ​ដោះដូរ​ជាមួយ​នឹង​ជំនួយ ឬ​ការ​អនុគ្រោះ​ណាមួយ​ទេ​។ អ្វី​ដែល​យើង​ខិតខំ​ធ្វើ យើង​ធ្វើ​បាន​យើង​ធ្វើ តែ​អ្វី​ដែល​យើង​ធ្វើ​មិន​បាន​អត់​ទេ ទីផ្សារ​នៅតែ​ទីផ្សារ គ្រាន់តែ​ពេល​មុន​អត់​បង់ពន្ធ ហើយ​ឥឡូវ​បង់ពន្ធ»។

សង្គម​ស៊ីវិល ថា ការណ៍​ដែល​កម្ពុជា​អនុវត្ត​តាម​អនុសាសន៍​សហភាព​អឺរ៉ុប​មិន​បណ្ដាល​ឱ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យភាព​នោះ​ទេពី​ព្រោះ​កម្ពុជា​បាន​អនុវត្ត​លក្ខខណ្ឌ​របស់សហភាព​អឺរ៉ុប​មុន​នឹង​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធចំណែក​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​លទ្ធិ​ជា​ប្រជាធិបតេយ្យ​ដែរ។

បើ​ទោះ​លោក ហ៊ុន សែន អះអាង​ថា ការ​នាំ​ចេញ​អង្ករ​ទៅ​អឺរ៉ុប​នៅតែ​អាច​ធ្វើ​បាន ប៉ុន្តែ​សម្រាប់​កសិករ​មួយ​ចំនួន​វិញ បាន​ត្អូញត្អែរ​ថា តម្លៃ​ស្រូវ​ធ្លាក់​ចុះ​រាល់​ឆ្នាំ ធ្វើ​ឱ្យ​កសិករ​មួយ​ចំនួន បោះបង់​របរ​ធ្វើ​ស្រែ ហើយ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើជា​ពលករ​ជំនួស​វិញ។ ហើយ​​ការនាំចេញ​អង្ករ​ទៅកាន់​សហភាព​អឺរ៉ុប​វិញ​ក៏​ធ្លាក់​ចុះ​ដែរ។

ក្រោយ​សហភាព​អឺរ៉ុប ចាប់ផ្តើម​យក​ពន្ធ​លើ​អង្ករ​ខ្មែរ​កាល​ពី​ដើម​ឆ្នាំ ២០១៩ ការ​នាំអង្ករខ្មែរទៅទីផ្សារ​អឺរ៉ុប​ក្នុង​ឆ្នាំ ២០១៩ នេះបាន​ធ្លាក់ចុះជិត ៦ម៉ឺនតោន (៥៦,៥៦៣) ឬ ធ្លាក់ចុះ​ជិត ២៧% (២៦,៣៧%) ក្នុង​រយៈពេល ១០ ខែ គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​តុលាបើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នាកាល​ពី​ឆ្នាំ​២០១៨។

រីឯ​វិស័យ​រោងចក្រ កម្មករ​ក្នុង​វិស័យ​នេះ​​ត្អូញត្អែរ​ថា រដ្ឋាភិបាល​បាន​កាត់​ថ្ងៃ​ឈប់សម្រាក​របស់​ពួកគេ​អស់ ៦​ថ្ងៃ​រួច​ទៅ​ហើយ នៅ​មុន​ពេល​បាត់បង់ EBA។ លោក​បារម្ភ​ថា ស្ថានភាព​នេះ ​នឹង​កាន់​តែ​ដុនដាប​តទៅទៀត។

កម្មករ​រោងចក្រ ប៊ូវឃ័​រ (Bowker) នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​ម្នាក់ លោក ឡឹក សុភ័គ យល់ថា រដ្ឋាភិបាល មាន​លទ្ធភាព​ក្នុង​ការ​បង់ពន្ធ តែ​កម្មករ​ជា​អ្នក​ខាត​ប្រយោជន៍​។ លោក​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ស្ថានភាព​រោងចក្រ​មួយ​ចំនួន​ខ្វះ​ខាត​អីវ៉ាន់ ឱ្យ​កម្មករ​កាត់ដេរ ឯ​រោងចក្រ​ដែល​លោក​ធ្វើការ​កំពុង​ធ្វើការ ក៏​ស្ងាត់​សកម្មភាព​កាត់ដេរ​បណ្ដើរៗ​ហើយ៖ «ធម្មតា​តែ​គេ​បិទ​ទៅ វា​មាន​បញ្ហា​ហើយ ប្រជាពលរដ្ឋ​នោះ​។ រោងចក្រ​ខ្ញុំ ឥឡូវ​អត់​មាន​អីវ៉ាន់​ធ្វើ​ផង​ហ្នឹង វា​ពិបាក​អ៊ីចឹង​ត្រង់​ហ្នឹង ហ្នឹង​មិន​ទាន់​ពិត​ប្រាកដ​ផង ចុះ​ទម្រាំ​ពិតប្រាកដ​ទៀត​។ បើ​គាត់​និយាយ​ថា ស្រោចស្រង់​រឿង​ហ្នឹង​បាន​វា​ល្អ​ហើយ តែ​គ្រាន់​ថា ក្រែង​វា​មិន​អាច​ទៅ​រួច»។

បើ​ទោះ​មេដឹកនាំ​របប​ក្រុងភ្នំពេញ អះអាង​ថា ខ្លួន​បាន​ត្រៀមខ្លួន​បង់ពន្ធ​ឱ្យ​សហភាព​អឺរ៉ុប តាំងពី​ខែ​មីនា​កន្លង​មក​ក៏​ដោយ​ចុះ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា គណៈកម្មការ​អឺរ៉ុប​ដាក់​របាយការណ៍​បឋម​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ជា​ផ្លូវការ​រួចហើយ ដើម្បី​ឱ្យ​កម្ពុជា​បកស្រាយ មុននឹង​សហភាព​អឺរ៉ុប​សម្រេច​ឈាន​ទៅ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។

ក្នុង​របាយការណ៍ កម្រាស់ ៧០​ទំព័រ ដែល​អាស៊ីសេរី​ទទួល​បាន​នោះ បង្ហាញ​ថា វិស័យ​មួយ​ចំនួន តម្រូវ​ឱ្យ​រដ្ឋាភិបាល​កែប្រែ​ឱ្យ​មាន​ភាព​ប្រសើរ និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

​គិត​ត្រឹម​ថ្ងៃ​ទី​២១ វិច្ឆិកា គឺ​មាន​រយៈពេល​ជាង ១​សប្ដាហ៍​ហើយ ដែល​កម្ពុជា​ទទួល​បាន​របាយការណ៍ ប៉ុន្តែ​អ្នកឃ្លាំមើល​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​ចាត់​វិធានការណ៍​ជាក់លាក់​ណាមួយ​នៅឡើយ​ទេ ក្នុង​ការ​កែ​លម្អ​គួរ​ឱ្យ​ទុក​ចិត្ត​បាន ទៅលើ​ភាព​អវិជ្ជមាន និង​បញ្ហា​ប្រឈម​នានា ដែល​កំពុង​ប៉ះពាល់​ដល់​សិទ្ធិ​ទាំងឡាយ​ឱ្យ​ស្របតាម​បទដ្ឋាន​អន្តរជាតិ​។ របប​លោក ហ៊ុន សែន មាន​ពេល​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​១២ ធ្នូ ត្រូវ​ឆ្លើយតប​ចំពោះ​របាយការណ៍​បឋម​នេះ ហើយ​រយៈពេល​បន្ត​ទៅ​ទៀត គឺ​សហភាព​អឺរ៉ុប​នឹង​សម្រេច​ថា តើ​គួរ​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះ ឬ​កាត់ផ្ដាច់​ទាំងស្រុង ឬ​កាត់​ដោយ​ផ្នែក។

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​សិទ្ធិមនុស្ស និង​ការងារ ហៅ​កាត់​អង្គការ​សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ យល់​ថា ការ​ថ្លែង​ពី​លទ្ធភាព​បង់ពន្ធ​ឱ្យ​សហភាព​អឺរ៉ុប ជា​សារ​នយោបាយ​មួយ បង្ហាញ​ប្រាប់​ទៅ​កម្មករ។ ប៉ុន្តែ​លោក​យល់ថា គ្មាន​នរណា​ដឹង​ច្បាស់​ជាង​រដ្ឋាភិបាល​ទេ​ថា នឹង​ត្រូវ​ប្រឈម​បញ្ហា​អ្វីខ្លះ នៅ​ពេល​ដែល​រង​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​។ លោក ឃុន ថារ៉ូ បន្ត​ថា លទ្ធភាព​បង់ពន្ធ​នាំចូល​ទំនិញ​ទៅ​សហគមន៍​អឺរ៉ុប មិនមែន​រដ្ឋាភិបាល​ម្នាក់ឯង​ធ្វើ​បានទេ តែ​ការ​ធ្វើ​បែបនេះ នឹង​ប៉ះពាល់​ដល់​វិស័យ​ឯកជន រួមមាន​វិស័យ​រោងចក្រ ឧស្សាហកម្ម និង​វិស័យ​កសិកម្ម ហើយ​អ្នក​រង​ផល​ប៉ះពាល់​ធ្ងន់​ជាងគេ គឺ​កម្មករ​ក្នុង​វិស័យ​ទាំងនេះ។ លោក​បន្ត​ថា ផល​ប៉ះពាល់​ទៅ​ដល់​ការ​ប្រមូល​ពន្ធដារ ក៏​កើតមាន​ដែរ ប្រសិនបើ​មានការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មែន​នោះ៖ «អ៊ីចឹង នៅ​ក្នុង​លទ្ធភាព​នៃ​ការ​បង់ពន្ធ​ចូល​សហភាព​អឺរ៉ុប​ហ្នឹង មិនមែន​តែ​រាជរដ្ឋាភិបាល​ហ្នឹង គាត់​អាច​ធ្វើ​ទៅ​បានទេ ព្រោះថា វា​ពាក់ព័ន្ធ​ទៅ​ហ្នឹង​វិស័យ​ឯកជន​ដែរ។ បើសិនជា​វិស័យ​ឯកជន​ហ្នឹង ប៉ះពាល់​ដល់​ផល​ចំណេញ ការ​ធ្វើ​វិនិយោគ​របស់​គេ អ៊ីចឹង​លទ្ធភាព ដែល​នឹង​អាច​ប៉ះពាល់​ទៅដល់​រាជរដ្ឋាភិបាល​នៅ​ក្នុង​ការ​ប្រមូល​ពន្ធ នៅ​ក្នុង​វិស័យ​ទាំងអស់​ហ្នឹង​។ អ៊ីចឹង ទី​១​លទ្ធភាព ដែល​វា​ជះឥទ្ធិពល ទៅដល់​ការ​ប្រមូល​ពន្ធ ហើយ​​នឹង​ប្រាក់ចំណូល​ពន្ធ​របស់​រដ្ឋ ហើយ​ទី​២ វា​ប៉ះពាល់​ទៅដល់​វិស័យ​ឯកជន​។ អាហ្នឹង ដែល​ជា​ចំណុច​បញ្ហា​ប្រឈម ដែល​យើង​មើល​ឃើញ»។

ប្រសិនកម្ពុជាបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០​មែន​នោះ ការ​គិត​ពន្ធ​ជា​ផ្លូវការ​ នឹង​ចាប់ផ្ដើម​ពី​ពាក់កណ្ដាល​ខែ​សីហា ឆ្នាំ​២០២០ តទៅ​។ កម្ពុជា​អាច​នឹង​ខាតបង់​ជិត ៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ ពី​ការសម្រេច​យកពន្ធ​លើ​រាល់​មុខ​ទំនិញ​ទាំងអស់​នាំចូល​អឺរ៉ុប​។ ហើយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ពី ៧​ភាគរយ​នៅ​ឆ្នាំ​២០១៩ មក​នៅ​ត្រឹម ៦,៨​ភាគរយ នៅ​ឆ្នាំ​២០២០ ដោយសារតែ​ភាព​មិន​ប្រាកដ​ប្រជា នៃ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។