មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៦,៨% នៅ​ឆ្នាំ២០២០

0:00 / 0:00

អង្គការ​មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប៉ាន់​ស្មាន​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះក្រោម ៧% នៅ​ឆ្នាំ២០២០ ដោយសារ​តែ​ភាព​មិន​ច្បាស់លាស់​មួយ​ចំនួន ដូច​ជា ​កំណើន​ដ៏​​យឺតយ៉ាវ​នៃ​សេដ្ឋកិច្ច​សាកល និង​ហានិភ័យ​នៃ​ការ​បាត់បង់​ការ​អនុគ្រោះ​ពន្ធ EBA ជាដើម។ អ្នក​ឃ្លាំមើល​សង្គម​ ទទូច​ឱ្យ​​រដ្ឋាភិបាល​ប្រឹង​ប្រែង​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដើម្បី​កុំ​ឱ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ ដូច​ការ​ព្យាករ​នេះ។

អង្គការ​មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍​ថា សេដ្ឋកិច្ច​កម្ពុជា​ដែល​ធ្លាប់​មាន​កំណើន​លើស​ពី ៧% ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​នោះ នឹង​ត្រូវ​ធ្លាក់​ចុះ​មក​នៅ​​ត្រឹម ៦,៨% វិញ នៅ​ឆ្នាំ២០២០ ខាងមុខ។ មូលហេតុ​សំខាន់​ដែល​អាច​បង្អាក់​​ដំណើរការ​បោះពួយ​នៃ​​​សេដ្ឋកិច្ច​កម្ពុជា​នោះ គឺ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ដែល​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ធំធេង​ដល់​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​នេះ។

ក្រុម​ប្រឹក្សា​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​​ថ្ងៃ​ទី២៦ ធ្នូ​ថា ខ្លួន​កោត​សរសើរ​ចំពោះ​​កំណើន​ដ៏​រឹងមាំ និង​មាន​ស្ថិរភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ និង​ការ​វិវត្ត​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ ទោះ​ជា​យ៉ាង​ណា ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរជាតិ​មួយ​នេះ ជឿ​ថា សកម្មភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​ពេល​ដ៏​​ខ្លី​ខាង​មុខ​នេះ ទំនង​ជា​មិន​​សូវ​ខ្លាំង​ក្លា​ដូច​ពេល​មុន​ឡើយ ហើយ​ការ​ព្យាករណ៍​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ដ៏​​គួរ​ភ្ញាក់​ផ្អើល ដោយ​សារ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​កំណើន​ដ៏​យឺត​ហួស​ពី​ការ​រំពឹង​ទុក​នៃ​សេដ្ឋកិច្ច​ពិភព​លោក។

អង្គការ​មូលនិធិរូបិយវត្ថុអន្តរជាតិ​ (IMF) ជំរុញ​​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដាក់​ចេញ​នូវ​គោល​នយោបាយ​ស្ដីពី​និរន្តរភាព​សេដ្ឋកិច្ច កំណត់​ឱ្យ​ច្បាស់​អំពី​ហានិភ័យ​ម៉ាក្រូ​សេដ្ឋកិច្ច ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​​រលួយ លើក​ស្ទួយ​ការ​អនុវត្ត​ច្បាប់ និង​​បទបញ្ញត្តិ​ ព្រម​ទាំង​ជ្រោមជ្រែង​ដំណើរ​វិវត្តន៍​​ឆ្ពោះ​ទៅ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDGs)។

ទាក់ទង​បញ្ហា​នេះ ​អ្នក​នាំ​ពាក្យ​​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន ​ឆ្លើយ​តប​ថា រដ្ឋាភិបាល​បាន​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់​ហើយ ដើម្បី​តប់ទល់​ហានិភ័យ​នេះ។ លោក​ថា នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​​សម្រាប់​ការ​គ្រប់គ្រង​ថវិកា ឆ្នាំ២០២០ រដ្ឋាភិបាល​បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា ធ្លាក់​ចុះ​ត្រឹម ៦,៥% ប៉ុណ្ណោះ ដើម្បី​ត្រៀម​លក្ខណៈ​ចំពោះ​ហានិភ័យ​នានា ដែល​នឹង​អាច​​នឹង​កើត​មាន​ឡើង​នា​ពេល​ខាង​មុខ។ លោក​ថា​ការ​ធ្លាក់​ចុះ​នេះ មិនមែន​មាន​ន័យ​ថា​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា កម្ពុជា​នឹង​រង​សម្ពាធពី​ការ​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​នោះ​ឡើយ ប៉ុន្តែ គឺ​ជា​បញ្ហា​រួម ពោល​សូម្បី​តែ​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុងតំបន់ និង​សមាគម​ប្រជាជាតិ​អាស៊ាន​ទាំង​មូល ក៏​នឹង​ជួប​បញ្ហា​នេះ​ដូច​គ្នា៖ «រាជ​រដ្ឋាភិបាល​លោក​​ ត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ដើម្បី​យើង​រែក​ពន់ អា ៦,៨% ហ្នឹង ឱ្យវា​ស្រួល គឺ​ថា យើង​បាន​ដាក់​ទម្ងន់ហ្នឹង​ថែម​ទៀត ៦,៥% ឱ្យ​វា​កាន់​តែ​ធ្ងន់​ទៀត ដើម្បី​ឱ្យ​យើង​ស្ទុះ​កម្លាំង​យើង ដើម្បី​រែកពន់ ចំពោះ​ទម្ងន់​ដែល​យើង​ទទួល​ខុសត្រូវ​ហ្នឹង ឱ្យ​វា​ងាយ​ស្រួល ព្រោះ​បើ​យើង​ដាក់ ៦,៥% ដល់​ពេល​យើង​ទៅ​រែក ៦,៨% វា​ងាយ​ស្រួល​ច្រើន ហើយ​នៅ​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​នោះ យើង​យល់​ថា ក៏​មិនស្ថិរភាព​ប៉ុន្មាន​ដែរ។ វា​នៅ​មាន​បញ្ហា​រកាំរកូស​ជា​ច្រើន​ណាស់ ពាក់ព័ន្ធតាំង​ពី​កត្តា​ផ្សេងៗ តាំង​ពីបម្រែបម្រួល​ធាតុអាកាស តាំង​ពី​រឿង​ទំនាក់ទំនង​ការ​បរទេស​រវាង​មហាអំណាច​ជា​មួយ​សហគមន៍​អឺរ៉ុប​អី ហើយ​សហគមន៍​ជា​មួយ​សមាគម​អាស៊ាន​ និង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​សមាគម​អាស៊ាន។ អា​ហ្នឹង យើង​ឃើញ​បាតុភាព​ដែល​កើត​ឡើង​ជា​បន្តបន្ទាប់​ហើយ។ ទាំង​អស់​នេះ វា​សុទ្ធតែការ​រួម​ចំណែក​ក្នុង​ការ​ជះ​ឥទ្ធិពល​ដល់​ស្ថានភាព​សេដ្ឋកិច្ច​របស់​បណ្ដា​ប្រទេសនានា នៅ​លើ​ពិភពលោក មិនមែន​តែ​ប្រទេស​កម្ពុជា​ទេ»។

ទោះ​ជា​យ៉ាង​ណា មួយ​រយៈពេល​ចុងក្រោយ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​ចេញ​​មុខ​អះអាង​ជា​ញឹកញាប់​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​រឹងមាំ​ក្នុង​រង្វង់​ ៧% ដដែល បើ​ទោះ​ជា​មាន​ហានិភ័យ​​នៃ​ការ​បាត់​បង់​ការ​អនុគ្រោះ​ពន្ធ​ក្តី។ ជាពិសេស លោក​ជឿ​ជាក់​ថា រដ្ឋាភិបាល​មាន​សមត្ថភាព​​ទប់​ទល់​នឹង​ហានិភ័យ​ផ្នែក​សេដ្ឋកិច្ច ដោយសារ​ប្រមូល​ពន្ធ​បាន​លើស​ការ​រំពឹង​ទុក មាន​​សាច់​​ប្រាក់​ជាង៣ ពាន់​លាន​ដុល្លារ​ក្នុង​ដៃ និង​ទុន​បម្រុង​អន្តរជាតិ ១៥ពាន់​លាន​ដុល្លារ ព្រម​ទាំង​មាស​សុទ្ធ ៣០តោន​ផ្សេង​ទៀត។

ទោះ​ជា​បែប​នេះ​ក្តី ការ​ព្យាករណ៍​របស់​អង្គការ​មូលនិធិរូបិយវត្ថុអន្តរជាតិ​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​ការ​ព្យាករណ៍​​របស់​ធនាគារ​ពិភពលោក (World Bank) និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) កាល​ពី​ប៉ុន្មាន​ខែមុន​នេះ​ដែរ។ ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ទាំង​ពីរ​បាន​ប៉ាន់​ស្មាន​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ៦.៨% នៅ​ឆ្នាំ២០២០ ដោយសារ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA និង​ឥទ្ធិពល​នៃ​បញ្ហា​សេដ្ឋកិច្ច​អន្តរជាតិ។

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី ថ្លែង​ថា ការ​ព្យាករណ៍​របស់​មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អាច​នឹង​ក្លាយ​ជា​ការ​ពិត ប្រសិន​បើ​កម្ពុជា​បាត់​បង់​ការ​អនុគ្រោះ​ពន្ធ EBA។ លោក​ពន្យល់​ថា បើ​សហភាព​អឺរ៉ុប​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA នោះ​ការ​នាំចេញ​របស់​កម្ពុជា​នឹង​ថយ​ចុះ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ថ្នាក់​ជាតិ និង​សេដ្ឋកិច្ច​​មូលដ្ឋាន​របស់​កម្ពុជា។ លោក​កត់​សម្គាល់​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​​ស្ទុះស្ទា​ដោះស្រាយ​បញ្ហា​នេះ ដូច​ជា ការចរចា​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី​ជាមួយ​ប្រទេស​ចិន​ និង​ការ​ដំឡើង​ពន្ធ​ក្នុង​ស្រុក ជាដើម ក៏ប៉ុន្តែ​លោក​​គាំទ្រ​ឱ្យ​រដ្ឋាភិបាល​ប្រឹង​ប្រែង​រក្សា EBA វិញ ជា​ជាង​ការ​រក​មធ្យោបាយ​ផ្សេង​ពី​នេះ៖« ឱ្យ​តែ​មាន​ដំណោះ​ស្រាយ​បែប​ណាមួយ​​ដែល​គូ​ភាគី​ពាក់ព័ន្ធ​អាច​ទទួល​យក​បាន​ទៅ ហើយ​យើង​អាច​រក្សា EBA បាន នោះ​វា​ជា​ជោគជ័យ​មួយ​សំខាន់​ណាស់​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​យើង។ ប្រសិន​បើ​យើង​រក្សា​អា​ហ្នឹង​មិន​បាន​ទេ ខ្ញុំ​គិត​ថា យើង​នឹង​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ​ដ៏​លំបាក​មួយ​នៅ​ក្នុង​រយៈពេល ៤ - ៥ ឆ្នាំខាងមុខ​ទៀត»

របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា ការ​នាំចេញ​របស់​កម្ពុជា​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ក្នុង​រយៈពេល ១០ខែ​នៃ​ឆ្នាំ២០១៩ នេះ មាន​ជាង ១ម៉ឺន​លាន​ដុល្លារ​អាមេរិក (១០.៨១៣) ក្នុង​នោះ​ជាង ៧ពាន់​លាន​ដុល្លារ (៧.៣៥១) បាន​មក​ពី​ផលិត​ផល​វាយនភណ្ឌ សំលៀក​បំពាក់ និង​ស្បែក​ជើង។ របាយការណ៍​ដដែល​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា តើ​ប្រទេស​ណា​ខ្លះ​ដែល​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ ហើយ​នាំចូល​ទំនិញ​ច្រើន​ជាង​គេ​ពី​កម្ពុជា​នោះ​ឡើយ ក៏​ប៉ុន្តែ ទំនង​ជា​គ្មាន​ប្រទេស​ណា​ផ្សេង​ក្រៅ​ពី​សហភាព​អឺរ៉ុប​នោះ​ទេ ព្រោះ​អឺរ៉ុប​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​គេ​របស់​កម្ពុជាក្រោម​កម្មវិធី​អនុគ្រោះ​ពន្ធ EBA។

កាល​ពី​ឆ្នាំ២០១៨ កន្លងទៅ សហភាព​អឺរ៉ុប​បាន​នាំចូល​​ទំនិញ​ពី​កម្ពុជា​គិត​ជា​ទឹក​ប្រាក់​ជិត ៦ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ទំនិញ​​ស្ទើរតែ​ទាំងអស់​រួច​កាតព្វកិច្ច​ពន្ធ។ ផលិត​ផល​វាយនភណ្ឌ សំលៀក​បំពាក់ និង​ស្បែក​ជើង មាន​ចំនួន​ប្រហែល ៧៥% នៃ​ទំនិញ​ដែល​សហភាព​អឺរ៉ុប​នាំចូល​ពី​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​ក្ដី ផល​ប្រយោជន៍​ដែល​កម្ពុជា​កំពុង​ទទួល​បាន​នេះ អាច​នឹង​ត្រូវ​បាត់​បង់​ទៅ​វិញ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នេះ ប្រសិន​បើ​រដ្ឋាភិបាល​​លោក ហ៊ុន សែន មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដូច​ការ​ទាម​ទារ​របស់​សហភាព​អឺរ៉ុប​ទេ​នោះ។

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី សង្កត់​ធ្ងន់​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​ធ្លាក់​ដុន​ដាប​ក្រោម​​ការ​ព្យាករណ៍​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ទៅ​ទៀត ប្រសិន​បើ​​បើ​កម្ពុជា​បាត់​បង់​ការ​អនុគ្រោះ​ពន្ធ EBA ហើយ​រដ្ឋាភិបាល​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច ដែល​ដក​ចេញ​ពី​វិបត្តិ EBA បាន​ទេ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។