ពលរដ្ឋប្រកបរបរក្រៅប្រព័ន្ធត្អូញត្អែរថា ពួកគេកាន់តែប្រឈមជីវភាពលំបាកដោយសារវិបត្តិសេដ្ឋកិច្ច។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលគួរតែអន្តរាគមន៍ ស្ដារវិស័យសេដ្ឋកិច្ចអាទិភាពឱ្យបានជាក់ស្ដែង។
ផ្ទុយពីក្ដីរំពឹងរបស់ប្រជាពលរដ្ឋដែលគិតថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានឹងល្អប្រសើរឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលថ្មីដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ចូលកាន់តំណែង ប្រជាពលរដ្ឋមួយចំនួនត្អូញត្អែរថា ពួកគេមិនអាចរកប្រាក់ចំណូលគ្រប់គ្រាន់ផ្គត់ផ្គង់ជីវភាពនោះឡើយ។
កំពុងអង្គុយលក់សំលៀកបំពាក់ នៅផ្សារកណ្ដាល ក្នុងរាជធានីភ្នំពេញ លោកស្រី ឃុត ស្រីគា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ ខែមីនា ថា ដោយសារមិនសូវមានភ្ញៀវទេសចរណ៍ លោកស្រីអាចរកប្រាក់ចំណេញបានប្រមាណ ៤ម៉ឺនរៀលតែប៉ុណ្ណោះក្នុងមួយថ្ងៃ។ លោកស្រីបន្តថា បើទោះបីជាចំនួនអ្នកដើរផ្សារនៅតែច្រើនក្ដី តែប្រជាពលរដ្ឋមិនសូវចំណាយលុយទិញខោអាវ ឬសម្ភារៈផ្សេងៗនោះទេ ព្រោះពួកគេត្រូវត្បិតត្បៀតលុយចំណាយលើថ្លៃអាហារ និងបង់ធនាគារ។ «»
ស្រដៀងគ្នានេះដែរ អ្នកលក់សាច់ជ្រូកនៅផ្សារឈូកមាស ក្នុងរាជធានីភ្នំពេញ លោក ស៊ីម សុធារ លើកឡើងថា សព្វថ្ងៃលោកអាចលក់សាច់ជ្រូកបានប្រមាណ១០០គីឡូតែប៉ុណ្ណោះ ខណៈកាលពីមុនការបោះឆ្នោតថ្នាក់ជាតិ លោកអាចលក់បានប្រមាណ៣០០គីឡូក្រាម ក្នុងមួយថ្ងៃ។ លោកបន្តថា មូលហេតុដែលធ្វើឱ្យលោកលក់មិនសូវដាច់ គឺដោយសារអ្នកលក់បាយ គុយទាវ ដែលជាម៉ូយរបស់លោក កាត់បន្ថយការប្រើប្រាស់សាច់ជ្រូក។ «»
ដោយឡែក អ្នករត់រ៉ឺម៉កកង់បីម្នាក់ គឺលោក គីម សេង ត្អូញត្អែរថា លោកមិនអាចរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបានគ្រប់គ្រាន់នោះឡើយ។ លោកបន្តថា ក្រៅពីកាត់បន្ថយចំណាយផ្សេងៗហើយនោះ គ្រួសាររបស់លោកក៏ត្រូវកាត់បន្ថយការចំណាយលើថ្លៃអាហារទៀតផង។ «»
របាយការណ៍ធនាគារពិភពលោក (World Bank) កាលពីខែធ្នូ ឆ្នាំ២០២៣ រកឃើញថា មូលហេតុសំខាន់ដែលធ្វើឱ្យកម្ពុជាធ្លាក់ចុះកំណើនសេដ្ឋកិច្ច មិនមែនបណ្ដាលមកពីផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ១៩ នោះឡើយ។ របាយការណ៍បន្ថែមថា ដោយសារតែការធ្លាក់ចុះផលិតផលកសិកម្ម និងប្រាក់ឈ្នួលកម្មករ ធ្វើឱ្យប្រជាពលរដ្ឋជាង១លាននាក់ (១.២លាន) រស់នៅក្រោមបន្ទាត់ភាពក្រីក្រ ឬមានន័យថា មនុស្សម្នាក់រកចំណូលបានតិចជាង ២,៧ ដុល្លារ ឬប្រមាណមួយម៉ឺនរៀលក្នុងមួយថ្ងៃ ។ ធនាគារពិភពលោកលើកឡើងថា ដើម្បីឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ រដ្ឋាភិបាលកម្ពុជាគួរតែពន្លឿនក្នុងការកំណែទម្រង់សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពក្រីក្រ ហើយត្រូវរក្សាឱ្យបានអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំយ៉ាងតិច ៧ភាគរយ។
ទោះជាយ៉ាងណាក្ដី នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងកិច្ចប្រជុំទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមីនា ថា ប្រជាពលរដ្ឋគួរមានភាពកក់ក្ដៅចំពោះការអភិវឌ្ឍសេដ្ឋកិច្ច ដែលរដ្ឋាភិបាលរបស់លោកបានដឹកនាំ៦ខែកន្លងមកនេះ។ លោកអះអាងថា ពលរដ្ឋមិនគួរវាយតម្លៃស្ថានភាពសេដ្ឋកិច្ច តាមរយៈការបិទទ្វាររោងចក្រនោះឡើយ។ «»
បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា គិតត្រឹមរយៈពេល ៦ខែនៃការកាន់អំណាចរបស់លោក លោកបានទាក់ទាញក្រុមហ៊ុនចុះកិច្ចសន្យារកស៊ីនៅកម្ពុជាជិត២០០ (១៧៣) ក្រុមហ៊ុន ដែលស្នើនឹងទឹកប្រាក់ជាង ៤ពាន់លានដុល្លារអាមេរិក។
អ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមានអ្នកលក់ដូរនៅតាមផ្សារ អ្នកលក់ដូរតាមដងផ្លូវ បុគ្គលិកបម្រើការផ្នែកសេវាកម្សាន្ត អ្នកប្រមូលសំរាម អ្នករត់ម៉ូតូឌុប អ្នកបើកបររថយន្តឈ្នួល អ្នកធាក់ស៊ីក្លូ កសិករ កម្មករសំណង់ កម្មករឡឥដ្ឋ អ្នកបម្រើតាមផ្ទះ និងអ្នករើសអេតចាយជាដើម។ ខុសពីអ្នកធ្វើការផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធ អ្នកធ្វើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនទទួលបានប្រាក់ចំណូលស្ថិតស្ថេរ មិនមានលក្ខខណ្ឌការងារសមរម្យ ពុំទទួលបានកិច្ចគាំពារសង្គម និងសេដ្ឋកិច្ច និងគ្មានតំណាងសហជីពនោះទេ។
របាយការណ៍មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) កាលពីឆ្នាំ២០២២ បង្ហាញថា ការងារនៅកម្ពុជាជាង ៩០ភាគរយជាការងារផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក៏បានអនុម័តយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដើម្បីលើកកម្ពស់ជីវភាពអ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។ ទោះជាយ៉ាងណា អ្នកធ្វើការនៅក្នុងវិស័យនេះភាគច្រើន នៅតែមិនទាន់ទទួលបានកិច្ចគាំពារសង្គមពីរដ្ឋាភិបាលនោះឡើយ ហើយពួកគេកាន់តែប្រឈមនឹងជីវភាពលំបាក ដោយសារផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច។
ជុំវិញរឿងនេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ មានប្រសាសន៍ថា ដរាបណារដ្ឋាភិបាលមិនបើកលំហប្រជាធិបតេយ្យ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស នោះវិស័យសំខាន់ៗ រួមមានឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ នឹងមិនអាចរីកចម្រើនដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនោះឡើយ។ លោកបន្តថា ដើម្បីបង្កើតឱកាសការងារដល់ពលរដ្ឋ រដ្ឋាភិបាលក៏ត្រូវបង្កបរិយាកាសប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្មដោយស្មើភាព តាមរយៈការលុបបំបាត់អំពើពុករលួយផងដែរ។ «»
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ដើម្បីសុំការបកស្រាយជុំវិញរឿងនេះឡើយនៅថ្ងៃទី១៧ ខែមីនា។
អស់រយៈពេលជាង៦ខែក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពលរដ្ឋជាច្រើនកាន់តែធ្លាក់ក្នុងបំណុល និងធ្វើចំណាកស្រុកទៅស៊ីឈ្នួលនៅបរទេស។ ចំណែកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក៏មិនទាន់មានភាពប្រសើរនោះដែរ ជាក់ស្ដែងអ្នកទោសនយោបាយ សកម្មជនដីធ្លី និងសកម្មជនសិទ្ធិមនុស្សជាង៣០ (៣៨) នាក់ ជាប់នៅក្នុងពន្ធនាគារ។ ក្រុមអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធថា រដ្ឋាភិបាលគួរលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងអភិបាលកិច្ចល្អ ដើម្បីទាក់ទាញអ្នកវិនិយោគទុនល្អៗ ឱ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។