កសិករមួយចំនួននៅស្រុកស្អាង ខេត្តកណ្ដាលនឹងផ្អាកដាំដុះមួយរយៈ ក្រោយពីពួកគេ មានគម្រោងឈូសចម្ការសាលាដចោលម្ដងទៀត។ អ្នកជំនាញកសិកម្មជំរុញឲ្យរដ្ឋាភិបាល ជួយអន្តរាគមន៍ធានាទីផ្សារ ទើបកសិករមានលទ្ធភាពដាំដុះបន្ត។
ទោះជារដ្ឋាភិបាល បើកផ្លូវ និងបើកផ្សាររដ្ឋឡើងវិញ តែកសិករខ្លះ នៅខេត្តកណ្ដាលនៅតែត្អូញត្អែរពីការខាតឡុងចុង ដោយសារគ្មានទីផ្សារលក់កសិផលចេញពិសេសគឺដំណាំសាលាដក្នុងពេលកន្លងទៅ។
កសិករនៅឃុំទឹកវិល ស្រុកស្អាងលោក ងៀប តៃសុង មានគម្រោងភ្ជួរសាលាដរបស់លោក ប្រហែល២៥តោន លើផ្ទៃដី ទំហំជាងមួយ ហិកតារ (១.២hc) ចោល នៅរយៈពេលប៉ុន្មានថ្ងៃទៀត ដោយសារសាលាដចាស់ ហួសអាយុដែលត្រូវលក់។
ការភ្ជួរចោលសាលាដម្ដងនេះទៀត នឹងធ្វើឲ្យលោក តៃសុង ខាតទុនប្រមាណបួនពាន់ (៤.០០០)ដុល្លារ។ លោកថា នឹងផ្អាកការដាំដុះមួយរយៈ ព្រោះ គ្មានលទ្ធភាពបន្តការដាំដុះទៀតទេ៖ «អត់លុយដែរ ខាតច្រើនអស់ទឹកចិត្តដែរ។ អត់មានសប្បាយចិត្តអ្វីបន្តិចទេ រាល់ថ្ងៃនេះ នៅតែផ្ទះលែងទៅអើតដីហើយ។ ខ្មាសគេទៀតណា។ មិនមែនថា ខាតហើយរួចទេ ខ្មាសគេទៀត។ ខ្មាសត្រង់ ម្ដេច ? ខ្មាសថា យើងដាំខាត លក់បាន ថោកហើយ គេមកគំរាម ដល់ផ្ទះ គេមកសួរនាំ ដល់ផ្ទះ ហើយ គេហាមបិទសិទ្ធិយើង លែងឲ្យនិយាយ រឿងបង្ហោះ ចោលទៀត។ និយាយចំ គំរាម ពេញទី ហ្មង។ អត់មាននេះទេ។ ពិបាកនិយាយណាស់ អ្នកភូមិអ្នកអ្វី ទាល់តែខាងបង មកដល់ ផ្ទាល់តែម្ដង ចុះមក បានដឹងថា ស្ថានភាពកសិករយ៉ាងដូចម្ដេច ? ទឹកភ្នែកមិនមែនតែខ្ញុំទេណាបង ទាំងអស់ណា។ អានេះ ខ្ញុំលើកតែខ្ញុំមួយទេណា ពិបាកតែខ្ញុំ ប៉ុណ្ណឹង ទេ មានគេ លើសពី ខ្ញុំ១០ដងទៀត ក៏មានដែរ»។
លោក ងៀប តៃសុង ធ្លាប់ភ្ជួរចម្ការសាលាដចោលម្ដងហើយ កាលពីខែមេសា ដោយសារ ការបិទខ្ទប់ បណ្ដាលឲ្យសាលាដចាស់ហួសអាយុលក់។ កាលនោះ អាជ្ញាធរខេត្តកណ្ដាល បានព្រមានលោក តៃសុង មិនឲ្យបង្ហោះសារពីការភ្ជួរសាឡាត់នេះទេ។
កសិកររូបនេះអះអាងថា លោកនឹងបង្ហោះសារ ពីការភ្ជួរសាឡាត់នេះចោលទៀត។ លោកបញ្ជាក់ថា កសិករនៅស្រុកស្អាងជាច្រើន ក៏ខាតដូចលោកដែរ តែពួកគេមិនហ៊ានបង្ហោះសារតាមហ្វេសប៊ុក (Facebook) ទេ ព្រោះខ្លាចរងការព្រមាន និងការរើសអើង។
កសិករដាំសាឡាត់នៅឃុំទឹកវិលម្នាក់ទៀតគឺ លោក ហេង សុងម៉េង ក៏អះអាងថាឆ្នាំនេះ លោកខាតច្រើនដែរ។ លោកថា សាលាដរបស់លោក ដាំដុំលើផ្ទៃដី ជាងកន្លះហិកតារ (៧០អា) និងមានអ្នកទទួលទិញខ្លះក្នុងតម្លៃប្រាំរយ(៥០០)រៀល ក្នុងមួយគីឡូក្រាម។ លោកបញ្ជាក់ថា តម្លៃនេះ មិនអាចលក់រួចថ្លៃដើមទេ តែលោក ត្រូវបង្ខំចិត្តលក់ ជាជាងទុកសាលាដឲ្យចាស់ចោល៖ «សាឡាត់វា អត់មាន ហាងឆេង ។ របស់ខ្ញុំវាល្មមដកហើយ ឥឡូវនេះ អត់ទាន់ភ្ជួរទេ តែអត់មានហាងឆេងណា។ តម្លៃ បួនរយ ប្រាំរយហ្នឹង ហើយខ្ទឹមអត់ភ្ជួរចោលទេ យើងទុកពូជបាន។ ដល់អ៊ីចឹង វាកប់ដើមណា យើងបង្វិលលុយអត់រួចណា វាជាប់គាំងទាំងអស់។ អ៊ីចឹងចាំមើលយើងប្រមូលពូជហ្នឹង ឡើងទៅ ហើយខ្ចីគេ ខ្លះទៀត ទៅ។ ចាំមើលយើងលក់ពូជបាន យើង បន្តទៀត ។ យើងកសិករ បើថា យើងឈប់ មិនដឹង ទៅធ្វើ អ្វី»។
ជុំវិញករណីដំណាំសាលាដគ្មានទីផ្សារនេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអាជ្ញាធរជំនាញនៅខេត្តកណ្ដាល និងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុឌ្ឍី បានទេ នៅថ្ងៃទី២២ ឧសភា។
តែយ៉ាងណា អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ធ្លាប់ប្រាប់អាស៊ីសេរីថា កសិផលនានាលក់ចេញ និងមានទីផ្សារជាធម្មតា ព្រោះគ្មានកសិករណា បានតវ៉ា ឬសុំកិច្ចអន្តរាគមន៍មកអាជ្ញាធរ រឿងគ្មានទីផ្សារទេ។
ទោះយ៉ាងណា អ្នកជំនាញកសិកម្ម សង្កេតឃើញថាការធ្លាក់ចុះនៃតម្លៃកសិផល និងករណីគ្មានទីផ្សារ កើតឡើងសឹងតែគ្រប់ខេត្តក្នុងស្ថានភាពបិទខ្ទប់រយៈពេលជាងមួយខែមកនេះ។អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) កញ្ញា កែវ ចាន់រ៉ា ជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាលអន្តរាគមន៍ជួយកសិករ នៅក្នុងក្របខណ្ឌទូទាំងប្រទេសទើបអាចធ្វើឱ្យកសិផល មានទីផ្សារឡើងវិញ។ បន្ថែមពីនេះកញ្ញា ក៏ជំរុញឲ្យកសិករ ចងក្រងគ្នា ជាសហគមន៍ដាំដុះ ដើម្បីងាយស្រួលរកទីផ្សារ និងការសុំកិច្ចអន្តរាគមន៍នានា៖ «ទាក់ទងរឿងដំណោះស្រាយមួយទៀត ជាពិសេស មេភូមិ មេឃុំ ដែលនៅជិតជាងគេ។ នៅពេលដែលមានបញ្ហាបែបហ្នឹង កើតឡើងពួកគាត់ គួរតែ ត្រូវបាន អន្តរាគមន៍ ឬមួយក៏ចុះទៅសិក្សាពីបញ្ហាជាក់ស្ដែងដែលពួកគាត់កំពុងតែប្រឈម ហើយផ្ដោតជាពិសេសនោះ គឺការិយាល័យ មន្ទីរ និងក្រសួងកសិកម្មដែរ ព្រោះយើងមើលឃើញថា បញ្ហាដែលប្រឈមនឹងទីផ្សារហ្នឹង មិនមែនកើតឡើងតែនៅ ខេត្តកណ្ដាល ទេ នៅបាត់ដំបង នៅសៀមរាប អ្វីក៏មានការលើកឡើងពីបញ្ហាអត់ទីផ្សារហ្នឹងដែរ»។
កាលពីឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសម្ដងហើយម្ដងទៀតឱ្យពលរដ្ឋ និងពលករទើបត្រឡប់មកពីបរទេសបង្កើនការដាំដុះ និង ចិញ្ចឹមសត្វឱ្យបានច្រើនដើម្បីបម្រើទីផ្សារក្នុងស្រុកអំឡុងវិបត្តិជំងឺកូវីដ-១៩។
លោក ហ៊ុន សែន ថែមទាំងប្រាប់ទៀតថា ការរាតត្បាតជំងឺកូវីដនេះ គឺជាឱកាសមួយដល់កសិករខ្មែរដាំដុះកសិកម្មលក់បានលុយច្រើន។ ប៉ុន្តែនៅពេលដែលប្រជាពលរដ្ឋ ខំប្រឹងដាំបានផលហើយ ស្រាប់តែពួកគេ ជួបវិបត្តិគ្មានទីផ្សារលក់ចេញវិញហើយ ចាប់ពីពេលនោះមកលោក ហ៊ុន សែន ក៏មិនដែលប្រកាសពីវិធានការត្រូវជួយកសិករបែបណាទៀតដែរ។
របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបង្ហាញថា រយៈពេលមួយឆ្នាំ (២០២០) កម្ពុជាត្រូវការបន្លែជាងមួយលានតោន តែការដាំដុះក្នុងស្រុកអាចផ្គត់ផ្គង់បានជាងប្រាំពីរសែន(៧២ម៉ឺន)តោន។ ដូច្នេះ កម្ពុជាត្រូវនាំបន្លែជាងបីសែន(៣៣ម៉ឺន) តោន ចូលពីបរទេស។ តែអ្នកជំនាញកសិកម្ម អះអាងថា បើរដ្ឋាភិបាលហ៊ានអន្តរាគមន៍បោះទុននិងធានាទីផ្សារកសិករខ្មែរពិតមានលទ្ធភាពដាំដុះបន្លែ ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុកបាន ដោយមិនចាំបាច់នាំចូលពីក្រៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។