កម្ពុជា និងថៃព្រមព្រៀងសហការរួមគ្នា ក្នុងវិស័យទេសចរណ៍សមុទ្រ ដោយភ្ជាប់កំពង់ផែនៃប្រទេសទាំងពីរ ខណៈដែលភាគីកម្ពុជាស្នើឲ្យថៃ បើកច្រកទ្វារព្រំដែនបន្ថែម ដើម្បីសម្រួលដល់អ្នកទេសចរ។
អគ្គនាយកផ្នែកសហប្រតិបត្តិអន្តរជាតិ និងការអភិវឌ្ឍន៍ទេសចរណ៍ថៃ លោក ថង រាត់សាក់ (Thong Rathask) ត្រូវបានកាសែតខ្មែរថាមស៍ (Khmer Times) ដកស្រង់សម្ដីផ្សាយនៅថ្ងៃទី១៧ ខែតុលា នេះ ថា ក្នុងជំនួបកាលពីថ្ងៃទី១៦ ខែតុលា នៅខេត្តកំពត ក្រុមការងារផ្នែកសហប្រតិបត្តិការវិស័យទេសចរណ៍នៃប្រទេសទាំងពីរ បានយល់ព្រម ឲ្យមានការភ្ជាប់ចរាចរណ៍ផ្លូវទឹក ដោយភ្ជាប់កោះសាម៊ូ(Koh Samui) នៃខេត្តស៊ូរ៉ាថានី ប្រទេសថៃ និងកំពង់ផែទេសចរណ៍អន្តរជាតិកំពត។
កំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះ គ្រោងចាប់ផ្ដើមសាងសង់ នៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០។
លោក ថង រាត់សាក់ បន្តថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ថៃ គ្រោងជួបពិភាក្សា ជាមួយភាគីកម្ពុជានាពេលខាងមុខ ស្ដីពីការស្នើសុំបើកច្រកទ្វារព្រំដែនបន្ថែម រួមមាននៅខេត្តព្រះវិហារ ពោធិ៍សាត់ ឧត្តរមានជ័យ ដើម្បីសម្រួលដល់អ្នកទេសចរជាតិនិងអន្តរជាតិ។
កិច្ចប្រជុំនៃក្រុមការងារប្រទេសទាំងពីរនេះ ធ្វើឡើងមួយថ្ងៃ មុនជំនួបថ្នាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងថៃ ដែលគ្រោងជួបពិភាក្សា នៅថ្ងៃពុធ ទី១៧ ខែតុលានេះ នៅខេត្តកំពត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
