កសិករ​ដាំមៀន​នៅ​ខេត្ត​ប៉ៃលិន​មិន​អាច​ទប់ទល់​ថ្លៃ​ចំណាយ​ការ​ធ្វើ​កសិកម្ម

0:00 / 0:00

កសិករ​ដាំ​មៀន​នៅ​ខេត្ត​ប៉ៃលិន​ឱ្យ​ដឹង​ថា ទីផ្សារ​នាំចេញ​ផ្លែ​មៀន នា​ដើមឆ្នាំ​២០២៤ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំមុនៗ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ចាប់ផ្ដើម​មាន​សង្ឃឹម និង​កាត់បន្ថយ​ការ​ចំណាកស្រុក​ទៅ​ធ្វើការ​ក្រៅ​ប្រទេស។ ទោះជា​យ៉ាងណា កសិករ​ត្អូញត្អែរ​ថា ពួកគេ​មិនទាន់​អាច​មាន​ជីវភាព​ធូរធារ​នៅ​ឡើយ​ដោយសារ​តែ​ពួកគាត់​ភាគច្រើន​ជំពាក់​បំណុល​ធនាគារ និង​ចំណាយ​ដើមទុន​ខ្ពស់​ក្នុង​ការ​ប្រកប​កសិកម្ម​ដាំ​មៀន។

កសិករ​ដាំ​មៀន​មួយ​ចំនួន នៅ​ខេត្ត​ប៉ៃលិន នៅតែ​ត្អូញត្អែរ​ពី​ការ​ឡើងថ្លៃ​សម្ភារៈ​ថែទាំ​មៀន ដូចជា ជី ថ្នាំ សម្លាប់​សត្វល្អិត និង​បញ្ហា​ជំពាក់​បំណុល​ធនាគារ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួកគាត់​ធ្វើ​កសិកម្ម​ពុំ​សូវ​ទទួល​បាន​ផល​ចំណេញ ហើយ​ក្រុម​កសិករ​នៅ​តែ​មាន​ជីវភាព​ខ្វះខាត។

តំណាង​កសិករ​ដាំមៀន នៅ​ខេត្ត​ប៉ៃលិន​លោក អ៊ុន ថេង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ ថា ទីផ្សារ​នាំចេញ​មៀន​ចាប់ផ្ដើម​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដោយសារ​តែ​មាន​ក្រុមហ៊ុន​ចិន​មួយ​បង្កើត​ឃ្លាំង នៅ​ខេត្ត​នេះ ដើម្បី​ប្រមូល​ទិញ​មៀន​ទៅ​ប្រទេស​ចិន។ ទោះ​យ៉ាង​ណា​លោក​បញ្ជាក់​ថា ក្រុមហ៊ុន​តែមួយ​ដែល​កំពុង​ឈរជើង​នៅ​ខេត្ត​ប៉ៃលិន មិន​ទាន់​អាច​បញ្ជា​ទិញ​មៀន​កសិករ​ទាន់​ពេល​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ផ្លែ​មៀន​កសិករ​ខ្លះ​ខូ​ត​ខាត ដោយសារតែ​នាំចេញ​មិនទាន់​។ ម្យ៉ាងទៀត ក្រុមហ៊ុន​មាន​លក្ខខណ្ឌ​តឹងរ៉ឹង​ក្នុង​ការ​បញ្ជាទិញ​ផ្លែ​មៀន​កសិករ ដោយ​ក្រុមហ៊ុន​ជ្រើសរើស​ទិញ​មៀន​ណា​ដែល​មាន​ទំហំ​ធំៗ មៀន​មាន​អនាម័យ​ខ្ពស់ ទើប​ក្រុមហ៊ុន វេច​ខ្ចប់​តាម​ស្តង់ដារ​នាំ​ចេញទៅ​ចិន​។​

ទោះជា​យ៉ាងណា លោក អ៊ុន ថេង ស្នើ​ដល់​រដ្ឋាភិបាល និង​ក្រសួងកសិកម្ម​ជួយ​រក​ទីផ្សារ​សម្រាប់​នាំចេញ​មៀន​បន្ថែម​ទៀត និង​ទប់ស្កាត់​តម្លៃ​សម្ភារៈ​ផ្គត់ផ្គង់​ការថែទាំ​មៀន​បន្ត​ឡើងថ្លៃ​យ៉ាង​គំហុក​ជាពិសេស ជី និង​ថ្នាំ​សម្លាប់​សត្វល្អិត ដើម្បី​ជួយ​ដល់​កសិករ​អាច​មាន​ជីវភាព​ធូរធារ។

លោក អ៊ុន ថេង៖ «ដើមទុន​ផលិត​ហ្នឹង​ខ្ពស់ ជី ថ្នាំ ប្រេង ឡើង​ខ្ពស់​។ មួយទៀត ពាក់ព័ន្ធ​បំណុល ដើមទុន​រដ្ឋ​បូក​ទាំង​ការប្រាក់ អ៊ីចឹង​ដូចជា​មិនសូវ​ចំណេញ​ច្រើន​ទេ ទោះបី​មាន​កន្លែង​លក់​មែន តែ​ក៏​មិន​ចំណេញ​ច្រើន​ដែរ​។ ចង់ឱ្យ​រដ្ឋ​ជួយ​សម្រួល​ឈ្មួញ​កុំឱ្យ​ពិបាក​ការនាំចេញ ពាក់ព័ន្ធ​ច្បាប់ទម្លាប់​ផ្សេងៗ​កុំ​រឹតត្បិត​ពេក កាលណា​រឹតត្បិត មានការ​រឹតត្បិត​កសិករ​ត​គ្នា អ៊ីចឹង​ការ​នាំ​ចេញទៅ​ចិន​ទល់​មានការ​ចុះបញ្ជី​កសិកម្ម​ល្អ ទើប​ផ្លែឈើ​អាច​នាំទៅ​ចិន​បាន»។

កាលពី​ចុងឆ្នាំ​២០២៣ ក្រុមហ៊ុន​ចិន (CHINA JINKWOAYUAN IMPORT EXPORT CO. LTD) បាន​សហការ​ជាមួយ​ក្រសួងកសិកម្ម​សម្រេច​បើក​រោងចក្រ​របស់​ខ្លួន​នៅ​ក្រុងប៉ៃលិន ដើម្បី​ប្រមូល​ទិញ​ផ្លែ​មៀន​របស់​កសិករ និង​បែងចែក​ផ្លែ​មៀន​នីមួយៗ ទៅតាម​ប្រភេទ​ទំហំ​ផ្សេងៗ​គ្នា និង​ត្រួត​ពិនិត្យ​ផ្នែក​អនាម័យ ដើម្បី​អាច​វេច​ខ្ចប់​នាំ​ចេញទៅ​ប្រទេស​ចិន​។ របាយការណ៍​ក្រសួងកសិកម្ម​ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០២៣ កម្ពុជា​នាំចេញ​ផ្លែ​មៀន​ទៅកាន់​ទីផ្សារ​ចិន​ចំនួន​ជាង ១៧​ពាន់​តោន (១៧,៤៩៧​តោន​) ដែល​កើន​ឡើង ៤៥៤​ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាល​ពី​ឆ្នាំ​២០២២។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​កញ្ញា អ៊ឹម រចនា ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ។

ប៉ុន្តែ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ឃឹម ហ្វីណង់ ប្រាប់​កាសែត​ក្នុង​ស្រុក​ថ្មីៗ​នេះ​ថា កម្ពុជា​ទទួល​បាន​ទីផ្សារ​ថ្មីៗ​ច្រើន បន្ទាប់​ពី​ទទួល​បាន​វិញ្ញាបនបត្រ​វាយតម្លៃ​ផ្នែក​អនាម័យ​ក្នុង​ការ​នាំចេញ​ផ្លែ​មៀន​ទៅ​ទីផ្សារ​នៅ​ប្រទេស​ចិន និង​លក្ខខណ្ឌ​ត្រួតពិនិត្យ​អនាម័យ​នាំចេញ​មៀន​ស្រស់​ដែល​មាន​ការ​ចុះ​ហត្ថលេខា​ដោយ​ក្រសួង​កសិកម្ម ជាមួយ​អគ្គ​រដ្ឋបាល​គយ​នៃ​ប្រទេស​ចិន​កាលពី​ឆ្នាំ​២០២២។

ជុំវិញ​រឿង​នេះ ទីប្រឹក្សាបច្ចេកទេស​អង្គការ​សាមគ្គីភាព​កសិករ លោក ឌី គន្ធា យល់​ថា រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ឱ្យ​បាន​ខ្ពស់ និង​ត្រូវ​ដើរ​តួនាទី​ឱ្យ​សកម្ម​ក្នុង​ការ​បម្រើ​ប្រជាកសិករ​រាប់​ម៉ឺន​នាក់​ដែល​កំពុង​ជាប់​បញ្ហា​សេដ្ឋកិច្ច​។ លោក​បន្ថែម​ទៀត​ថា រដ្ឋាភិបាល ឬ​ក្រសួងកសិកម្ម​គួរ​ចាត់​មន្ត្រី​ជំនាញ​ដោះស្រាយ​កង្វល់​ជូន​កសិករ​ពាក់ព័ន្ធ​បង្រៀន​បច្ចេកទេស​ថែទាំ​មៀន ត្រូវ​ធានា​អំពី​ការទប់ស្កាត់​សារធាតុ​ផ្សំ​ផ្គត់ផ្គង់​ផលិត​កសិកម្ម និង​ពង្រីក​ទីផ្សារ​ជូន​កសិករ ទើប​ផលិតផល​កសិករ​ខ្មែរ​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​មាន​តម្លាភាព និង​មាន​ស្ថិរភាព។

លោក ឌី គន្ធា៖ «បន្ទាប់មក​រដ្ឋាភិបាល​ត្រូវ​ប្រើប្រាស់​កញ្ចប់​ហិរញ្ញប្បទាន​បៃតង​កសិកម្ម​របស់​រដ្ឋ ដើម្បី​ឆ្លើយតប​នឹង​គោលនយោបាយ​ស្ដីពី​ការ​បញ្ចុះ​តម្លៃ​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម ផលិតកម្ម​មៀន ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ផ្សេងៗ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ឆ្នាំង​បាយ​កសិករ​។ ជាពិសេស​ជាង​នេះ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​កៀរគរ​អ្នក​វិនិយោគ​ទុន​អន្តរជាតិ ដែល​មាន​សក្ដានុពល​ឱ្យ​មក​ធ្វើ​វិនិយោគ​វិស័យ​កសិឧស្សាហកម្ម កែច្នៃ​កសិផល​ដំណាំ​មៀន ជំរុញ​លទ្ធភាព​ខ្សែ​សង្វាក់​ផលិតកម្ម​មៀន​ក្នុង​ស្រុក ក៏ដូចជា​ក្នុង​ទិសដៅ​ចូលរួម​ជំរុញ​ទីផ្សារ​មៀន​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​បាន​សមរម្យ​ផង​ដែរ»។

តម្លៃ​ផ្លែ​មៀន​ស្រស់​ត្រូវ​តាម​ខ្នាត ទំហំ និង​អនាម័យ​ខ្ពស់​ដែល​ក្រុមហ៊ុន​កំណត់​ក្នុង​ការ​នាំ​ចេញទៅ​ចិន​នា​ដើមឆ្នាំ​២០២៤ មួយ​គីឡូក្រាម​តម្លៃ ៤​ពាន់​រៀល។ កសិករ​ថា តម្លៃ​នេះ​អាច​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ ប៉ុន្តែ​នៅតែ​មិនអាច​ទប់ទល់​ថ្លៃ​ចំណាយ​ដើមទុន និង​ការ​ទូរ​ទាត់​សង​ធនាគារ​នៅឡើយ​។ ក្រុម​កសិករ និង​អ្នកជំនាញ​កសិករ​ស្នើ​ដល់​រដ្ឋាភិបាល​ចរចា​ជាមួយ​ក្រុមហ៊ុន​ទទួល​មៀន​កម្ពុជា​ដោយ​ផ្ដល់​តម្លៃ​ខ្ពស់​ជាង​នេះ ឬ​ស្មើ ៥​ពាន់ ទៅ ៦​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម និង​ស្វែងរក​ទីផ្សារ​អន្តរជាតិ​ផ្សេងទៀត​ក្នុង​ការ​នាំ​ចេញ​មៀន ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​កសិករ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។