ចលនា​មាតា​ធម្មជាតិ​ថា​រដ្ឋ​បាត់​ចំណូល​រាប់​រយ​លាន​ដុល្លារ​ពីការមិន​យកពន្ធ​នាំចូល​នាំចេញ​មាស​

0:00 / 0:00

វីដេអូ​ជិត​៣​នាទី​ ​ចងក្រង​ដោយក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១​៧​ ខែ​កុម្ភៈ​ ​បង្ហាញ​ថា​ ​មាសសុទ្ធ​ ​១១៤​តោន ​តម្លៃ​ ១​៦​ពាន់​លាន​ដុល្លារ (​១​៦​.​០​០​០​.​០​០​០​.​០​០​០​) ​នាំចូល​ពី​ប្រទេស​សិង្ហ​បូរី​មក​កម្ពុជា​ចាប់ពី​ ឆ្នាំ​២​០​១​៥​ ​ដល់​ ឆ្នាំ​​២​០​១​៩​ ​មិន​ត្រូវ​បាន​បង់ពន្ធ​ចូល​រដ្ឋ​ទាល់តែសោះ​។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​អះអាង​ថា ទិន្នន័យមាស​ក្នុង​វីដេអូ​នេះ​ធ្វើឡើង​ដោយ​ផ្អែក​តាម​ប្រព័ន្ធ​និន្ន​ន័យស្ថិតិពាណិជ្ជកម្មអន្តរជាតិរបស់​អង្គការសហប្រជាជាតិ (UN COMTRADE) ដែល​ស៊ី​សង្វាក់​គ្នា​នឹង​ទិន្នន័យ​របស់​រដ្ឋាភិបាល​ថៃ​ (​T​h​ai​land​) ​រដ្ឋាភិបាល​សិង្ហ​បូរី (Singapore​) ​​និង​​រដ្ឋាភិបាល​ស្វីស​ (S​wit​z​e​r​land​)។​ ​លើ​សពី​នេះ​ទៀត​ ​គេហទំព័រ​អគ្គនាយកដ្ឋាន​គយ​​ និង​រដ្ឋាករ​កម្ពុជា​បាន​បញ្ជាក់​ច្បាស់​ថា​ ​រដ្ឋ​មិន​យកពន្ធ​លើ​ការនាំចេញ​ និង​នាំចូល​មាស​ដុំ​នោះ​ទេ​។

ក្រុមចលនា​មាតា​ធម្មជាតិ​ ​ថ្លែង​ក្នុង​វីដេអូ​ដោយ​មិន​បង្ហាញ​អត្តសញ្ញាណ​ឱ្យ​ដឹង​ថា​ ​រដ្ឋាភិបាល​​​មិន​​​យក​​ពន្ធ​នាំចេញ​​​ និង​​​នាំចូល​​មាសដុំ​ធ្វើ​ឱ្យ​រដ្ឋ​បាត់បង់​ចំណូល​ជាតិ​ជាច្រើន​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។​ ​លើស​ពី​នេះ​ទៀត​ ​ប្រសិនបើ​រដ្ឋ​តម្រូវ​ឱ្យ​បង់ពន្ធ​ត្រឹមតែ​ ​១​០​ភាគរយ​ ​នៃ​តម្លៃ​មាសសុទ្ធ​ ​ដូច​​ផលិតផល​​ផ្សេងៗ​ ទៀត​នោះ​ រដ្ឋ​នឹង​ទទួល​បាន​ថវិកា​ ​១​៦​០​លាន​ដុល្លា ​ក្នុងរយៈពេល​ ​៥​ឆ្នាំ​៖​ ​«​វា​ដូចជា​មិន​ស្មើភាព​នោះ​ទេ​ ​ចំពោះ​ការ​មិន​យកពន្ធ​លើ​ការនាំចេញ​ និង​នាំចូល​មាស​ ​ដែល​អាច​ផ្តល់​ថវិកា​ដ៏​ច្រើន​ជូនរដ្ឋ​ ​និង​ប្រជាជន​ក្នុង​កំឡុង​វិបត្តិ​កូ​វី​ដ​នេះ​។​ ​ប្រសិនបើ​រដ្ឋ​តម្រូវ​ឱ្យ​បង់​ពន្ធ​ត្រឹម​តែ​ ​១​០​ភាគ​រយ​ ​នៃ​​តម្លៃ​មាសដុំ​ ​ដូច​ផលិតផល​ដទៃទៀត​នោះ​ ​រដ្ឋ​នឹង​ទទួល​ថវិកា​បង់ពន្ធ​ចំនួន​ ​១​.​៦​ពាន់​លាន​ដុល្លារ​ ​គិត​​ត្រឹម​​រយៈ​ពេល​ ​៥​ឆ្នាំ​​កន្លងមក​​»​។

អាស៊ី​សេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​ក្រសួងសេដ្ឋកិច្ច​ ​លោក​ ​មាស​ ​សុខ​សេន​សាន​ ​អគ្គនាយក​គយ​កម្ពុជា​ ​លោក​ ​គុណ​ ​ញឹម និង​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ ​លោក​ ស៊ាង​ ​ថៃ​ ​បាន​នៅឡើយ​ទេ​ ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែកុម្ភៈ​ ​ព្រោះ​ទូរសព្ទ​ហៅ​ចូល​តែគ្មាន​អ្នកលើ​ក​។​ ចំណែក​អ្នកនាំពាក្យ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​វិញ​ ​ក៏​អាស៊ី​សេរី​មិនទាន់​អាច​ទាក់ទង​បាន​ដែរ​។​

កាលពីចុងខែមករារដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុលោក វង្សី វិស្សុត​ បានថ្លែង​ក្នុង​វេទិកា​សាធារណៈ​ស្តីពី​ការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច កម្ពុជា​​ក្នុង​ឆ្នាំ​២០២០​ ថា ​ការនាំចេញមាស​របស់កម្ពុជាក្នុងឆ្នាំ២០២០ មានតម្លៃ ៣ពាន់លានដុល្លារ​។ ​ក៏ប៉ុន្តែ​លោកពុំបាន​បញ្ជាក់​ពី​​តម្លៃ​មាស​នាំចូល​សរុប​នោះ​ទេ​៖ ​«ហើយ​ការនាំចេញ​​ក៏ចឹងដែរ​ ការនាំចេញរបស់យើង​​​កាត់ដេរធ្លាក់ ១០ភាគរយ​។ ប៉ុន្តែមិនមែនកាត់ដេរ​កើន ២៦ភាគរយ។ អ៊ីចឹងចុងបំផុត​ការនាំចេញ​របស់​​កម្ពុជា​​ធ្លាក់តែ ​១ភាគររយទេ​។​ ដកមួយ​ភាគរយ​ទេ។ ​នេះយើងអត់ទាន់​រាប់​ការនាំចេញ​របស់​មាសផង។ បើ​យើងគិត​មាសនាំចេញឆ្នាំ២០២២ ទៀតការនាំចេញរបស់​​យើង​​ឡើង ១៦,៧​ភាគរយ ព្រោះ ៣ពាន់លានដុល្លារ ឆ្នាំទៅមាសនាំចេញ ដែល​ធ្វើឲ្យ Balance of Payment របស់យើង Reserve របស់យើង strong ជាងមុន។ អ៊ីចឹងបាន​ reserve យើងដល់ ២១ពាន់លាន គឺកត្តាមាសធំដែរ។ ប៉ុន្តែកត្តាដកមាសចេញក៏យើងនៅតែគ្រាន់បើដែរ»។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីចុងឆ្នាំ២០២០ ធ្លាប់អះអាងថា កម្ពុជាមានមាស ៤៤តោន ៤០០គីឡូ តម្កល់​ជាទុនបម្រុងអន្តរជាតិ។ ក្នុងនោះតម្កល់នៅស្វីស ១២តោន ​៤០០គីឡូ ជាមរតកពីសម័យសង្គមរាស្ត្រនិយម តម្កល់នៅធនាគារកណ្តាលអង់គ្លេស ១៧តោន ជាមាសទិញថ្មីនិងតម្កល់នៅធនាគារជាតិកម្ពុជា ១៥តោន។

ទោះបីជា​យ៉ាងណា​ ​អង្គការសង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការដោះស្រាយបញ្ហា​ខាត​បង់ពន្ធ​ដោយសារការមិនយកពន្ធលើការនាំចូល និងការនាំចេញមាស​នេះជាបន្ទាន់​។

​ប្រធាន​អង្គការ​ស​ម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក​ ​សន​ ​ជ័យ​ ​យល់ថា​រដ្ឋាភិបាល​គួរតែ​គិត​គូ​ប្រមូល​ពន្ធ​នាំចេញ​ ​និង​នាំចូល​មាស​មក​កម្ពុជា​ឡើងវិញ ដើម្បី​ជា​ប្រយោជន៍ជាតិ​​៖​ ​«​ការ​ស្មើមុខ​គ្នា​ចំពោះ​ផ្លូវច្បាប់​ ​មូលហេតុ​​​អ្វី​បានជា​ទំនិញ​ដូចជា​មាស​ ​ដែល​នាំចូល​មក​​មិន​មានការ​គិត​ពន្ធ​ ​ហេតុអ្វីបានជា​អា​ផ្សេងទៀត​ ​ដូចជា​រថយន្ត​ហ្នឹង​គិត​ពន្ធ​ថ្លៃ​កប់​ពពក​បែប​នេះ​? ចំ​ណុ​ចនេះ​ ​វា​គួរតែ​របៀបវារៈ​នៃ​ការ​ជជែក​​»​។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​លោក​ ​អា​ឡិច​ហាន់​ដ្រូ ហ្គន់​សា​ឡេ​ស​ ដេ​វីត​សុ​ន​ (​Ale​j​and​ro ​Go​n​z​ale​s ​D​avid​son​) ​ឆ្ងល់​ថា​ ​អ្នកមានអំណាច​ ​និង​មហាសេដ្ឋី​កំពូល​ៗ​បាន​នាំចូល​ ​និង​នាំចេញ​មាស​ពី​កម្ពុជា​ ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ ​ហេតុអ្វី​រដ្ឋាភិបាល​មិន​តម្រូវ​ឱ្យ​ពួកគេ​បង់ពន្ធ​? ​លោក​ថា​ ​បញ្ហា​នេះ​ក​ម្រ​មាន​នរណា​តាមដាន​ ​និង​ឃ្លាំមើល​ឱ្យ​ដិតដល់​ណាស់​ ​ព្រោះ​មន្ត្រី​រដ្ឋាភិបាល​បាន​ព្យាយាម​លាក់បាំង​ពី​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​នេះ​៖​ «​​អ្នកមានអំណាច​កំពូល​ៗ​ ​មហាសេដ្ឋី​កំពុងតែ​នាំចូល​ ​និង​នាំចេញ​មាសដុំ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អត់​បង់ពន្ធ​មួយ​រៀល​សោះ​ ​ខណៈ​ពេល​ដែល​ប្រជាជន​ខ្មែរ​បង់ពន្ធ​កាន់តែ​ច្រើន​ទៅ​ៗ​ ​វា​អត់មាន​យុត្តិធម៌​សោះ​។​ ​បើសិនជា​យើង​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ ​បើសិនជា​រដ្ឋ​យកពន្ធ​មាស​តែ​ ​១​០​ភាគ​រយ​ដូច​ផលិតផល​ផ្សេង​ ​ស្មើនឹង​រដ្ឋ​នឹង​ទទួល​បាន​ ​១​រយ​លាន​ដុល្លារ​ ​ហើយ​លុយ​ហ្នឹង​ជា​លុយ​របស់​ប្រជាជន​ខ្មែរ​ទាំងអស់​តើ​»​។​

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​យកពន្ធ​លើ​ការនាំចេញ​ ​ឬ​នាំចូល​មាសដុំ​ ​ដូច​ផលិតផល​ផ្សេងៗ ​ទៀត​ដែរ​ ​ដើម្បី​ឱ្យ​រដ្ឋ​អាច​ដោះស្រាយបញ្ហា​ចាំបាច់​នានា ​ជូន​ពលរដ្ឋ​បាន​។​ ​កាលពី​ឆ្នាំ​​២​០​១​៨​ ​ចលនា​មាតា​ធម្មជាតិ​បាន​បង្ហាញ​វីដេអូ​ ​រក​ឃើញា​ថា​ ​​មាសសុទ្ធ​​ ៣៧០​តោន ​មាន​តម្លៃជាង​ ​១​៥ពាន់​លាន​ដុល្លារ​ ​ត្រូវ​បាន​នាំចូល​មក​កម្ពុជា​ក្នុង​ឆ្នាំ​២​០​១​២​ ​ដល់​​ឆ្នាំ២​០​១​៧​ ដោយមិន​បាន​កត់ត្រា​ពីសំណាក់​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​នោះ​ទេ​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។