"សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​គួរមាន​វិធានការ​លើ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែល​រំលោភសិទ្ធិ​មនុស្ស"

ដោយ អាស៊ីសេរី
2022.05.05
Share on WhatsApp
Share on WhatsApp
"សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​គួរមាន​វិធានការ​លើ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែល​រំលោភសិទ្ធិ​មនុស្ស" លោក អ៊ិន ចាន់នី ប្រធាន​ធនាគារ​អេស៊ីលីដា (ACLEDA)។
Photo courtesy of In Channy's Facebook page

មន្ត្រី​សង្គម​ស៊ីវិល​សង្ឃឹមថា សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) នឹង​មាន​វិធានការ​លើ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​រំលោភ​សិទ្ធិមនុស្ស​។ ទោះ​យ៉ាងណា ប្រធាន​ធនាគារ​អេស៊ីលីដា ដែល​រង​ការចោទប្រកាន់​ក្នុង​បណ្ដឹង​នោះ​អះអាង​ថា ធនាគារ​តែង​ការពារ​សិទ្ធិ​អតិថិជន និង​ចាត់ទុក​ការ​ចោទ​ប្រកាន់​នេះ​ថា តែងតែ​កើត​មាន​ឡើង​នៅ​ពេល​កៀក​បោះឆ្នោត​ម្ដងៗ។

ការ​រំពឹង​ថា សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) នឹង​ចាត់វិធានការ​លើ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នេះ ក្រោយ​ពេល​IFC​បាន​យល់ព្រម​ទទួល​ពាក្យបណ្ដឹង របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ពីរ ដែល​តំណាង​ឲ្យ​អ្នក​ខ្ចីប្រាក់​ដោយ​ចោទប្រកាន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ចំនួន​៦​ដែល​រង​ការចោទ​ប្រកាន់​ថា បាន​រំលោភបំពាន​សិទ្ធិមនុស្ស និង​ការ​រំលោភបំពាន​លើ​បទដ្ឋាន​អនុវត្ត​ស្តង់ដារ លើ​ប្រាក់កម្ចី​ឥណទាន​ខ្នាត​តូច​នៅ​កម្ពុជា។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ឲ្យ​ដឹង​ថា នៅពេល​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC)​យល់ព្រម​ទទួល​បណ្ដឹង​របស់​ពល​រដ្ឋ ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ នឹង​ពិនិត្យ​មើល​ឯកសារ​ពាក់ព័ន្ធ ដែល​ឈាន​ដល់​ការ​សម្រេច​ណាមួយ​លើ​ករណីនេះ​។ លោក​សង្ឃឹម​ថា សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ នឹង​ចាត់​ការ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​រំលោភសិទ្ធិ​មនុស្ស​តាម​នីតិវិធី​របស់​ខ្លួន​។ លោក​រំលឹក​ថា មូលហេតុ​ពលរដ្ឋ​ប្ដឹង​បែបនេះ ព្រោះ​ស្ថាប័ន​ផ្ដល់​ប្រាក់កម្ចី​ទាំងនេះ បាន​បង្ខំ​ពលរដ្ឋ​ដែល​ជា​កូនបំណុល ឲ្យ​លក់​ដី លក់​ផ្ទះ និង​បង្ក​ឲ្យ​មាន​ពលរដ្ឋ​កុមារ ចំណាកស្រុក និង​ការរំលោភ​សិទ្ធិមនុស្ស​ផ្សេងទៀត ដែល​ទង្វើ​ទាំងនេះ ជា​ការ រំលោភបំពាន​លើ​បទដ្ឋាន​អនុវត្ត​ស្តង​ដា​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ៖ «យើង​ចង់​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ប៉ុន្តែ​ឥឡូវ​គេ​(​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​)​កំពុង​សិក្សា​ទៅលើ​នីតិវិធី​របស់​គេ​ថា គេ​ត្រូវ​ចាត់​វិធាន​យ៉ាង​ម៉ិច​នៅ​លើ​នីតិវិធី​របស់​គេ​ទេ បាទ​យើង​រង់​ចាំ​មើល​សិន»

ទាក់ទង​បញ្ហា​នេះ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា​លោក អ៊ិន ចាន់នី លើកឡើង​ថា អង្គការ​សង្គម​ស៊ីវិល តែង​ចេញ​របាយការណ៍​និយាយ​មិនល្អ​ពី​ការ​ផ្ដល់ប្រាក់​កម្ចី​របស់​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នា​រដូវ​បោះឆ្នោត​ម្ដងៗ​។ លោក​យល់ថា ការ​ប្ដឹង​នេះ​ហាក់​ខុស​គោលដៅ ព្រោះ​លោក​យល់ថា ករណី​នេះ​ពលរដ្ឋ​ឬ​អតិថិជន គួរ​ប្ដឹង​មក​ស្ថាប័ន​ដែល​ពួកគេ​ខ្ចី​លុយ ឬ​ប្ដឹង​ទៅ​ធនាគារជាតិ​របស់​កម្ពុជា។ ប្រធាន​ធនាគារ​អេស៊ីលីដា រូប​នេះ​ថ្លែង​អះអាង​ថា ធនាគារ​អេស៊ីលីដា មាន​យន្តការ​ការពារ​សិទ្ធិ​កូនបំណុល ដោយ​នៅ​តាម​សាខា​នានា​មាន​កន្លែង​ទទួល​ពាក្យ​ប្ដឹង​របស់​អតិថិជន ហើយ​មន្ត្រី​របស់​ធនាគារ​តែង​រំលឹក​ប្រាប់​ទៅ​ពលរដ្ឋ​ពី​សិទ្ធិ​របស់​ពួកគេ​រាល់ពេល​ផ្ដល់​ប្រាក់កម្ចី​។ លោក​ឲ្យ​ដឹង​ទៀត​ថា ប្រសិន​មាន​បុគ្គលិក​ធនាគារ​រូប​ណា​ត្រូវ​បាន​រក​ឃើញ​ថា រំលោភសិទ្ធិ​អតិថិជន ឬ​គំរាមកំហែង អតិថិជន ធនាគារ​នឹង​ចាត់​វិធានការ​ភ្លាម៖ «មិន​អនុញ្ញាត​ដាច់ខាត​ឲ្យ​បុគ្គលិក​ទៅ​បំពាន​អតិថិជន​ដូច​ក្នុង​របាយការណ៍​ទេ ហើយ​បើ​ដឹង​ក៏​មិន​ឲ្យ​បុគ្គលិក​នៅ​បំពេញ​ការងារ​ដែរ ព្រោះ​បំពាន​គោលការណ៍​ផ្ទៃក្នុង​របស់​ធនាគារ​ផង​ទៅលើ​ក្រម​ប្រតិបត្តិ​ដែល​យើង​អនុសារណៈ​នៅ​ក្នុង​សមាគម​ធនាគារ​ផង រំលោភ​ទៅលើ​អ្វី​ដែល​ជា​បញ្ញត្តិ​របស់​ធនាគារ​ជាតិ​ទៅ​ទៀត»

ទោះយ៉ាង​ណា ប្រធាន​ផ្នែក​ទំនាក់ទំនង​និង​ជា​អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី ឲ្យ​ដឹង​ថា ប្រសិន ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​ធ្វើ​ខុស​ដូច​ក្នុង​ពាក្យ​ប្ដឹង​មែន​នោះ សមាគម​មីក្រូហិរញ្ញវត្ថុ​មិន​អាច​លើកលែង​ឲ្យ​បាន​នោះ​ទេ​។ លោក​ថា កន្លងទៅ​ក៏​មាន​ការ​ចោទប្រកាន់​បែបនេះ ប៉ុន្តែ មិនដែល​រក​ឃើញ​ដូច​ការចោទប្រកាន់​ឡើយ​។ ទោះ​យ៉ាងណា​លោក​ទទួលស្គាល់​ថា ការរំលោភ​សិទ្ធិ​អតិថិជន​ក៏​ធ្លាប់​កើត​មាន​ដែរ ដោយ​បុគ្គល​ផ្ទាល់​ដែល​ជា​ភ្នាក់ងារ​ឥណទាន​បាន​ប្រព្រឹត្ត​ខុស​គោលការណ៍​ស្ថាប័ន៖ «យើង​រក​ឃើញ​ករណី​មួយចំនួន​តូច​ហ្នឹង​គឺ​ច្រើន​ពាក់ព័ន្ធ​ជាមួយ​បុគ្គលិក​របស់​គ្រឹះស្ថាន​ហ្នឹង​គាត់​គ្មាន​ក្រមសីលធម៌ គាត់​ប្រព្រឹត្ត​មានការ​ឆ្គាំឆ្គង​ដែល​ជា​ទូទៅ​នៅពេល​យើង​ចាប់បាន​បុគ្គលិក​ហ្នឹង​នឹង​ប្រឈម​នឹង​ការ​ដាក់​ពិន័យ ឬ​ការ​បណ្ដេញ​ពី​ការងារ​ឬក៏​ជួនកាល​គឺ​យើង​អាច​ប្ដឹង​គាត់​ឡើង​ទៅ​តុលាការ​ក្នុងករណី​ធ្ងន់ធ្ងរ»

អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​រូប​នេះ​យល់​ថា នៅ​ពេល​មាន​ពាក្យបណ្ដឹង​បែបនេះ តិច​ឬ​ច្រើន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​វិស័យ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬ​ស្ថាប័ន​ដែល​រង​ការចោទប្រកាន់​។​

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ចំនួន​៦ ថា​បាន​រំលោភបំពាន​សិទ្ធិមនុស្ស និង​ការ​រំលោភបំពាន​លើ​បទដ្ឋាន​អនុវត្ត​ស្តង់ដារ លើ​ប្រាក់កម្ចី​ឥណទាន​ខ្នាត​តូច​នៅ​កម្ពុជា រួមមាន ៖ ធនាគារ​អេស៊ីលីដា ធនាគារ​ហត្ថា ធនាគារ​ស្ថាបនា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិលអូអិល​ស៊ី និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​។ ស្ថាប័ន​ទាំង​៦​នេះ រួមគ្នា​កាន់​កាប់​ប្រាក់កម្ចី​ខ្នាត​តូច​ទូទាំង​ប្រទេស​ប្រមាណ​៧៥​ភាគរយ។

កាលពី​ឆ្នាំ​២០២១ អង្គការ​លីកាដូ រក​ឃើញ​ថា ''​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា កំពុង​ធ្វើ​ឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ភូមិ​ជាច្រើន​''​។ អង្គការ​លីកាដូ​ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ដែល​ជា​កូនបំណុល​ទាំងនោះ បាន​បង្ខំចិត្ត​ខ្ចីប្រាក់​ពី​អ្នក​ចងការ​ឯកជន កាត់បន្ថយ​អាហារ​បរិភោគ លក់​ទ្រព្យសម្បត្តិ លក់​ដី ពលកម្ម​កុមារ កុមារ​បោះបង់​ការសិក្សា ភាព​តានតឹង​នៅក្នុង​គ្រួសារ បញ្ហា​ដំណេក​និង​ការ​ធ្វើ​ចំណាកស្រុក​ដោយសារ​បញ្ហា​បំណុល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ប្ដី​ស្ត្រី​រងគ្រោះ​ដោយ​គ្រូ​ពេទ្យវះកាត់​ដាច់​ពោះវៀន​សម្រេច​ប្ដឹង​មន្ទីរ​សំរាក​ព្យាបាល​បង្ក​បញ្ហា​នោះ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។