មន្ត្រីសង្គមស៊ីវិលលើកឡើងថា កម្ពុជាទំនងមិនអាចរើខ្លួនរួចផុតពីបញ្ជីប្រផេះនៃប្រទេសមានហានិភ័យខ្ពស់ខាងលាងលុយកង្វក់ ឬការសម្អាតលុយរបស់អង្គការអន្តរជាតិសម្រាប់ឆ្នាំ២០២៣នោះទេ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលបានប្រឹងប្រែងដោះស្រាយ និងឆ្លើយតបនឹងក្រុមការងារសកម្មភាពហិរញ្ញវត្ថុ(FATF)រួចហើយ ដើម្បីឱ្យកម្ពុជារួចផុតពីបញ្ជីប្រផេះ ឬប្រទេសដែលមានហានិភ័យខាងលាងលុយកង្វក់។
មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលបារម្ភថាបើស្ថានភាពនេះបន្តអូសបន្លាយតទៅទៀត នឹងជះឥទ្ធិពលដល់ពាណិជ្ជកម្ម ការផ្ទេរចរន្តសាច់ប្រាក់ជាពិសេសធ្វើឱ្យអ្នកវិនិយោគអន្តរជាតិស្អាតស្អំមិនហ៊ានមកបណ្ដាក់ទុននៅកម្ពុជា។ ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) នឹងសម្រេចវាសនាកម្ពុជានៅ ខែមីនា ឬ មេសា រឿងប្រទេស ដែលមានហានិភ័យខ្ពស់ខាងលាងលុយកង្វក់។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ពលរដ្ឋទូទៅមិនចង់ឃើញកម្ពុជាជាប់ឈ្មោះនៅក្នុងបញ្ជីប្រផេះ ឬបញ្ជីខ្មៅរបស់អន្តរជាតិនោះទេ។ លោកថា កម្ពុជាអាចពិបាកទទួលបានពិន្ទុល្អសម្រាប់ឆ្នាំបន្ទាប់ទៀត ព្រោះរដ្ឋាភិបាលហាក់ពុំទាន់ដោះស្រាយមន្ទិលសង្ស័យធ្វើឱ្យក្រុមការងារសកម្មភាពហិរញ្ញវត្ថុជឿទុកចិត្តបាននៅឡើយ។
លោក ស៊ឹង សែនករុណា៖ «កម្ពុជាត្រូវអនុវត្តធ្វើយ៉ាងណាឱ្យគេមានការជឿជាក់បានអំពីការទប់ស្កាត់ អំពីការត្រួតពិនិត្យទៅលើប្រព័ន្ធលំហូរសាច់ប្រាក់ដែលលំហូរចុះឡើងដោយសុចរិតភាព ប្រាក់ដែលទទួលបានពីជំនួញជួញដូរបានមកពីភាពត្រឹមត្រូវដោយមិនមែនទទួលបានពីបទឧក្រិដ្ឋហ្នឹង គឺសំខាន់ណាស់ អ៊ីចឹងផ្ទុយទៅវិញខ្ញុំមិនទាន់មានសង្ឃឹមទេដោយសារតែបញ្ហានៅកម្ពុជានៅតែមានមន្ទិលសង្ស័យ ហើយអន្តរជាតិមិនមានភាពទុកចិត្តបានទេ ទាក់ទងនឹងប្រព័ន្ធត្រួតពិនិត្យរឿងតម្លាភាពទាំងអស់នេះ»។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុលោក វង្សី វិស្សុត ថ្លែងក្នុងវេទិកាសាធារណៈស្ដីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣ កាលពីថ្ងៃទី២៥ ខែមករា ដោយលោកអះអាងថា រដ្ឋាភិបាលបានខិតខំប្រឆាំងនឹងការលាងលុយកង្វក់។ លោកឱ្យដឹងថា រដ្ឋាភិបាលបានឆ្លើយតប និងបំពេញកាតព្វកិច្ចតាមផែនការសកម្មភាពរួចហើយ ហើយក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF)ក៏បានចុះមកធ្វើអធិការកិច្ចនៅកម្ពុជាកាលពីពេលថ្មីៗនេះរួចហើយដែរ។ លោកសង្ឃឹមថា កម្ពុជាអាចរួចផុតពីបញ្ជីប្រផេះនៅខែមីនា ឬខែមិថុនាខាងមុខនេះ។
កាលពីខែមីនាឆ្នាំ២០២២កន្លងទៅ អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់លើពិភពលោក ឈ្មោះក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស (Paris) ប្រទេសបារាំង (France) បានបន្តដាក់កម្ពុជាក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខាងអំពើលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដាន។
កម្ពុជាបានបរាជ័យជិត ៤ឆ្នាំមកនេះ ដោយមិនអាចចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខាងអំពើលាងលុយកខ្វក់។ នៅរយៈពេលចុងក្រោយនេះ កម្ពុជាត្រូវបានក្រុមការងារសកម្មភាពហិរញ្ញវត្ថុ(FATF)ចោទប្រកាន់ថា ខកខានមិនអាចបំពេញបានតាមផែនការសកម្មភាពដែលស្ថាប័នអន្តរជាតិមួយនេះបានដាក់ចេញឱ្យអនុវត្តសម្រាប់សម្អាតសាច់ប្រាក់នោះទេ។
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា សង្កេតឃើញថា បញ្ហាដែលកម្ពុជាជាប់ជាប្រទេសលាងលុយកង្វក់ជារឿងធ្ងន់ធ្ងរជាងបញ្ហាបាត់ប្រព័ន្ធអនុគ្រោះពន្ធអ៊ីប៊ីអេ (EBA) និងជីអេសភី (GSP)ទៅទៀត។ លោកថាបញ្ហាទាំងនេះ គឺអាស្រ័យលើចំណាត់ការ និងកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលជាមួយក្រុមការងារសកម្មភាពហិរញ្ញវត្ថុ ដើម្បីឆ្លើយតបក្នុងការទប់ស្កាត់បទល្មើសលាងលុយនៅកម្ពុជា។ ទោះយ៉ាងណា លោកសង្កេតឃើញថា រដ្ឋាភិបាលបានប្រឹងប្រែងធ្វើការងារលើរឿងនេះដែរ ប៉ុន្តែលោកថា សកម្មភាពនោះមិនទាន់ឆ្លើយតបឱ្យបានពេញលេញនៅឡើយទេ ដែលធ្វើឱ្យកម្ពុជាអាចពិបាកទទួលបានលទ្ធផលវិជ្ជមានពី FATFខាងមុខនេះ។
លោក ឯម សុវណ្ណារ៉ា៖ «កិច្ចការហ្នឹងរដ្ឋាភិបាលគួរមានការវិធានការលឿនហើយតឹងរ៉ឹងជាងហ្នឹងតិចទៀត ដើម្បីកសាងភាពជឿជាក់ទៅលើអង្គហិរញ្ញវត្ថុអន្តរជាតិឱ្យគេមើលឃើញអំពីការប្ដេជ្ញាចិត្តរបស់យើងហ្នឹង ការខិតខំរបស់យើងបើសិនយើងធ្វើការក្នុងកិច្ចសហប្រតិបត្តិការនៅកម្រិតមួយនៅឡើយ ខ្ញុំគិតថាយើង(កម្ពុជា)ពិបាកទទួលបានលទ្ធផលវិជ្ជមានពីអង្គការហិរញ្ញវត្ថុអន្តរជាតិហ្នឹងណាស់បាទ»។
ប្រទេសកម្ពុជា បានរួចផុតពីបញ្ជីប្រផេះនៃប្រទេសលាងលុយកខ្វក់នេះម្ដងរួចមកហើយ ប៉ុន្តែ កាលពីឆ្នាំ២០១៩ អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់នៅលើពិភពលោកឈ្មោះក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (The Financial Action Task Force)បានដាក់កម្ពុជាចូលក្នុងបញ្ជីប្រផេះជាថ្មីម្ដងទៀត។ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់របបឯកបក្ស បានជាប់ឈ្មោះជា«ឋានសួគ៌»នៃកន្លែងលាងលុយកខ្វក់នៅលើពិភពលោក ហើយដែលក្រុមអ្នកមានលុយមានអំណាចខ្មែរឃុបឃិតគ្នាប្រមូលលុយដែលបានមកពីអំពើពុករលួយ និងអំពើឧក្រិដ្ឋនានាបង្វិលយកទៅលាក់ទុកនៅក្រៅប្រទេស។ វិស័យដែលរងហានិភ័យខ្ពស់ខាងអំពើលាងលុយកខ្វក់នៅកម្ពុជា រួមមាន វិស័យធនាគារ ហិរញ្ញវត្ថុ វិស័យសំណង់ អចលនទ្រព្យ និងវិស័យកាស៊ីណូជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។