កម្ពុជាពុំអាចទាក់ទាញអ្នកវិនិយោគមកពីអឺរ៉ុប «បើរដ្ឋាភិបាលមិនស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស»
2024.09.25
អ្នកឃ្លាំមើលថា រដ្ឋាភិបាលនឹងពុំអាចទាក់ទាញអ្នកវិនិយោគមកពីប្រទេសលោកសេរីបានឡើយ បើរដ្ឋាភិបាលនៅតែមិនស្ដារលទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីសភាពាណិជ្ជកម្មអឺរ៉ុប បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពីបរិយាកាសវិនិយោគនៅកម្ពុជា កាលពីពេលថ្មីៗនេះ។
អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២៤ ខែកញ្ញា ថា ក្រោយពេលសហភាពអឺរ៉ុបដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ (EBA) សហភាពអឺរ៉ុបនៅតែឃ្លាំមើលរដ្ឋាភិបាលកម្ពុជា ចំពោះការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។ លោកថា បើរដ្ឋាភិបាល នៅមិនស្ដារឡើងវិញ នូវលក្ខខណ្ឌទាំងនេះទេ ប្រទេសនឹងពុំអាចទាក់ទាញអ្នកវិនិយោគពីប្រទេសប្រជាធិបតេយ្យឡើយ។
លោក ស៊ឹង សែនករុណា៖ «ខ្ញុំយល់ថា កម្ពុជាអត់ទាន់មានអ្វីកែប្រែឲ្យមានភាពល្អប្រសើរនោះទេ ផ្ទុយទៅវិញយើងបែរជាឃើញថា កម្ពុជាបែរជាធ្លាក់ចុះយ៉ាងខ្លាំងអំពីស្ថានភាព លំហនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ទន្ទឹមនឹងនេះ យើងឃើញមានការចាប់ខ្លួន ការគំរាមកំហែងទៅលើសកម្មជននាពេលថ្មីៗហ្នឹងទៅទៀត។ អីចឹងខ្ញុំមិនសង្ឃឹមថា សហភាពអឺរ៉ុប ឬបណ្ដាលប្រទេសសមាជិកគេនឹងមកវិនិយោគនៅកម្ពុជាទេ»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា បានចុះផ្សាយនៅលើហ្វេសប៊ុករបស់ខ្លួនថា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក អ៊ីហ្គោរ៍ ទ្រីសម៉ាន់ (Igor Driesmans) និងប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា លោក តាស៊ីឡូ ប្រ៊ីនហ្សឺ (Tassilo Brinzer) បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពីបរិយាកាសវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ន។ ក្នុងជំនួបនោះ សហភាពអឺរ៉ុបឲ្យដឹងថា ពួកគេបានដោះស្រាយបញ្ហាមួយចំនួន និងឱកាសសម្រាប់ការវិនិយោគពីសហភាពអឺរ៉ុបនៅកម្ពុជា។
ទាក់ទិននឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៩ ខែកញ្ញា ។ លោក បានថ្លែងប្រាប់គណៈប្រតិភូសហភាពអឺរ៉ុបអំពីយន្តការ និងគំនិតផ្ដួចផ្ដើមក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច ដើម្បីកែលំអបរិយាកាសវិនិយោគឲ្យប្រសើរឡើង និងធានានូវការប្រកួតប្រជែងរបស់កម្ពុជា។
ប៉ុន្តែលោក ហ៊ុន ម៉ាណែត ពុំបានលើកឡើងពីការប្ដេជ្ញាចិត្តក្នុងការស្ដារឡើងវិញលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើយ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុជាតិ ថ្លែងប្រាប់អាស៊ីសេរីថា ក្រសួងពាណិជ្ជកម្ម នៅមានកម្រិតក្នុងការគ្រប់គ្រងព័ត៌មានទាក់ទងនឹងគម្រោងវិនិយោគនានា ហើយលោកបង្វែរការឆ្លើយតបនឹងសំណួរនេះ ទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
វិទ្យុអាស៊ីសេរី ក៏មិនទាន់ទាចទាក់ទងឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល ដោយទូរស័ព្ទចូល ប៉ុន្តែគ្មានអ្នកទទួល។
សេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី៩ ខែកញ្ញា ឱ្យដឹងថា ក្នុងខែសីហាឆ្នាំ២០២៤នេះ រដ្ឋាភិបាល បានអនុម័តគម្រោងវិនិយោគថ្មីចំនួន៤៦ ដែលមានទឹកប្រាក់សរុប ១ពាន់២រយលានដុល្លារអាមេរិក។ ក្នុងគម្រោងវិនិយោគថ្មីនេះ គឺមានក្រុមហ៊ុនរបស់អាមេរិកមិនដល់១(០.០៤)ភាគរយផង ដែលចូលមករកស៊ីនៅកម្ពុជា ខណៈដែលអ្នកវិនិយោគចិន មានតួលេខនាំមុខរហូតដល់ទៅជិត ៨៥(៨៤.៧២) ភាគរយ។
ដោយឡែកការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) កាលពីខែសីហា ឆ្នាំ២០២០ គឺដោយសារតែរដ្ឋាភិបាលកម្ពុជាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធ។ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មការអឺរ៉ុប បញ្ជាក់ថា កម្ពុជាត្រូវតែបង្ហាញឱ្យឃើញការពិត និងជឿជាក់ ដើម្បីកែលំអឡើងវិញ ជុំវិញក្ដីកង្វល់ ដែលបានលើកឡើងដោយសហភាពអឺរ៉ុប ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ពេញលេញឡើងវិញ ជាពិសេស គឺពាក់ព័ន្ធនឹងក្ដីកង្វល់ជុំវិញសិទ្ធិពលរដ្ឋ និងនយោបាយ រួមទាំងបញ្ហាដីធ្លីបង្កឡើងពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ច និងសិទ្ធិការងារ។
ក៏ប៉ុន្តែរដ្ឋាភិបាល មិនត្រឹមតែមិនបានលើកំពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែបង្កើនយុទ្ធនាការបង្ក្រាបលើអ្នក ដែលហ៊ានសម្ដែងមតិផ្ទុយពីរដ្ឋាភិបាល ដូចករណីកាត់ទោសសកម្មជនចលនាមាតាធម្មជាតិចំនួន១០នាក់ ឲ្យជាប់ពន្ធនាគារចន្លោះពី ៦ ដល់ ៨ឆ្នាំពាក់ព័ន្ធនឹងសកម្មភាពការពារបរិស្ថាន និងការចាប់ខ្លួនមនុស្សយ៉ាងតិច១០០នាក់ ជុំវិញការបញ្ចេញមិនគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA ជាដើម ។
អ្នកឃ្លាំមើលសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា លើកឡើងថា ដើម្បីទាក់ទាញអ្នកវិនិយោគមកពីប្រទេសប្រជាធិបតេយ្យ រដ្ឋាភិបាលគួរតែស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ។
លោក ស៊ឹង សែនករុណា៖ «ប្រសិនជាកម្ពុជាយើងថ្ងៃមុខមានការកែប្រែចាប់ផ្ដើមដោះលែងអ្នកទោសនយោបាយ អ្នកទោសសង្គម និងសកម្មជនបរិស្ថានជាដើម ខ្ញុំយល់ថា អាចនឹងមានភាពល្អប្រសើរឡើងវិញ ហើយរួមទាំងការបើកលំហប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បើកលំហសិទ្ធិការងារ សេរីភាពសារព័ត៌មាន ទាំងអស់ហ្នឹងគេនឹងពិចារណា អាចនឹងមានការចូលរួមក្នុងការវិនិយោគច្រើនមិនមែនត្រឹមតែមកពីសហភាពអឺរ៉ុបប៉ុណ្ណោះទេ និងប្រទេសលោកសេរីផ្សេងៗទៀត»។
បើទោះបីជា កម្ពុជាមានអ្នកវិនិយោគច្រើនមកពីប្រទេសចិន ក៏ទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា មិនមែនជាប្រទេសនេះឡើយ ប៉ុន្តែគឺជាប្រទេសលោកសេរី រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម។
ស្ថិតិពាណិជ្ជកម្មអន្តរជាតិ បញ្ជាក់ថា ក្នុងរយៈពេល៧ខែឆ្នាំនេះ កម្ពុជាបាននាំចេញទំនិញទៅកាន់សហភាពអឺរ៉ុបមាន អាល្លឺម៉ង់ (Germany) អេស្ប៉ាញ (Spain) អង់គ្លេស (England) ហូល្លងដ៍ (Netherlands) និងបារាំង (France) ក្នុងទំហំទឹកប្រាក់ជាង ១ពាន់ (១.៦៧២)លានដុល្លារ ក៏ប៉ុន្តែការនាំចេញទៅកាន់សហរដ្ឋអាមេរិក (United States) ច្រើនជាងគេ គឺក្នុងទំហំទឹកប្រាក់ជាង ៥ពាន់ (៥.៥០០) លានដុល្លារ ខណៈដែលការនាំចេញទៅប្រទេសចិន (China) ក្នុងទំហំទឹកប្រាក់ជិត ១ពាន់លានដុល្លារ ស្ថិតក្នុងលំដាប់ទី៣ បន្ទាប់ពីវៀតណាមជាង ២ពាន់ (២.២០០) លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។