អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច ខណៈ​ឧកញ៉ា​៣​រូប​និង​ពលរដ្ឋ​រាប់​សែន​នាក់​រង​ផល​ប៉ះពាល់​ផ្ទាល់

0:00 / 0:00

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​មាន​វិធានការ​លើ​វិបត្តិ​សេដ្ឋកិច្ច ខណៈ​ឧកញ៉ា​មួយចំនួន និង​ប្រជាពលរដ្ឋ​រាប់​សែន​នាក់ កំពុង​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់ ។ ពួកគេ​លើក​ឡើង​ថា បើ​មិន​មាន​វិធានការ​ទាន់ពេល​ទេ នោះ​ពលរដ្ឋ​ដែល​មាន​សេដ្ឋកិច្ច​ទន់ខ្សោយ នឹង​រង​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង ដែល​អាច​ឈាន​ដល់​កើត​មាន​វិបត្តិ​សង្គម​ផ្សេងៗ​ទៀត​ផង។

អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម ដែល​មាន​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​បន្ទាន់​មួយ ព្រោះ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​និង​បំណុល​ឈាន​ដល់​ចំណុច​ធ្ងន់ធ្ងរ​ហើយ។

បណ្ឌិត​សេដ្ឋកិច្ច លោក សុក ហាច លើកឡើង​ថា កម្ពុជា​មាន​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ គឺ​បណ្ដាល​មកពី​រង​ផល​ប៉ះពាល់​ពី​ឥទ្ធិពល​ជំងឺ​រាតត្បាត​កូវីដ​១៩ និង​សង្គ្រាម​នៅ​អ៊ុយក្រែន។ លោក​បន្ត​ថា ចំណូល​ចូល​ក្នុង​ប្រទេស​ទាំង​វិស័យ​ទេសចរណ៍ ការ​វិនិយោគ និង​ការ​លក់​ធនធាន​ធម្មជាតិ ស្ថិត​ក្នុង​ស្ថានភាព​លំបាក។

ទោះ​យ៉ាងណា លោក​បញ្ជាក់​ថា បើ​ទោះ​ជា​ប្រទេស​ផ្សេងទៀត ដូចជា​វៀតណាម និង​ថៃ ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ១៩ និង​សង្គ្រាម​នៅ​អ៊ុយក្រែន​ដែរ​នោះ ក៏​សេដ្ឋកិច្ច​របស់​ពួកគេ​ងើបឡើង​លឿន​ជាង​កម្ពុជា។

6.JPG
អនុប្រធានគណបក្ស​ភ្លើងទៀន និង​ជាអ្នកជំនាញ​សេដ្ឋកិច្ច លោក សុក ហាច ថ្លែងក្នុងកម្មវិធីគណបក្សភ្លើងទៀន កាលពីពេលកន្លងទៅ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ (Vadhna Vey)

លោក សុក ហាច៖ «ស្ថានភាព​សេដ្ឋកិច្ច​ស្រុក​ខ្មែរ​យើង​ពិបាក​គឺ​ពិបាក​ខ្លាំង​។ យើង​ដឹង​ហើយ​គ្រប់គ្នា​ទទួល​ផល​វិបាក​ពី​កូវីដ១៩ ប៉ុន្តែ​កូវីដ​១៩ ហើយ​យើង​ទទួលផល​វិបាក​ជាប់​ទាក់ទង​ជាមួយ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន។ ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ​។ ក្នុង​ការ​ទទួល​ហ្នឹង​ប៉ុន្តែ​ប្រទេស​ខ្មែរ​យើង​ដូច​ធ្ងន់ធ្ងរ​ជាងគេ ដោយសារ​សេដ្ឋកិច្ច​យើង​មិន​ទាន់​រឹងមាំ​ទេ សេដ្ឋកិច្ច​យើង​នៅ​ខ្សោយ»។

នៅក្នុង​រយៈពេល​៤​ខែ​ដំបូង នៃ​ឆ្នាំ​២០២៣​នេះ មាន​ឧកញ៉ា ៣​រូប​ដែល​ជួប​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ ឬ​ក្ស័យធន​គឺ​អ្នកស្រី ម៉ន ដានី ម្ចាស់​បុរី KP លោក ជា សារ៉ន ប្រធាន​ក្រុមហ៊ុន បុរី​និង​ផ្ទះល្វែង និង​លោក នួន អ៊ក ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ។

ឧកញ៉ា​ទាំង​៣​រូប​នេះ​ជួប​បញ្ហា​ដែល​ក្នុង ១​ក្រុមហ៊ុន​មាន​ពលរដ្ឋ​ពី​រាប់ពាន់​ទៅ​រាប់​ម៉ឺន​នាក់​បញ្ជាក់​ថា ពួកគេ​ខាតបង់​ជាមួយ​ក្រុមហ៊ុន​ទាំងនេះ ហើយ​កំពុង​ប្រឈម​ការ​បង់ប្រាក់​សង​ទៅ​ធនាគារ។

នៅក្នុង​ខែ​មីនា ឆ្នាំ​២០២៣ ក្រសួង​ការងារ​ក៏​ប្រកាស​ពី​រោងចក្រ​ជិត​១០០ បាន​បិទ​ទ្វារ ហើយ​កម្មករ​ជាង ៣​ម៉ឺន​នាក់​ជួប​បញ្ហា​សេដ្ឋកិច្ច ត្រូវ​ការ​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ។

ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍ នៃ​អង្គការ​សង់ត្រាល់ លោក ឌីថេ ហូយ៉ា ថ្លែង​ថា ចំនួន​ពលរដ្ឋ​ខ្មែរ​សម្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ទាំង​ខុស​ច្បាប់ និង​ស្រប​ច្បាប់​ហាក់​កើនឡើង។ លោក​បន្ត​ថា មូលហេតុ​ដែល​ពលរដ្ឋ ខ្មែរ​សម្រុក​ឆ្លង​ដែន​ទាំង​គ្រោះថ្នាក់​នេះ ដោយសារ​វិស័យ​សំខាន់ៗ​ដែល​ពួកគេ​ធ្លាប់​ទទួល​បាន​ចំណូល ពីមុន​នោះ​ត្រូវ​បាន​បាត់បង់។

លោក ឌីថេ ហូយ៉ា៖ «វិស័យ​កាត់ដេរ​នាំចេញ​សំលៀកបំពាក់ អាហ្នឹង​ជា​វិស័យ​ដែល​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​យើង​បាន​ច្រើន។ ប៉ុន្តែ​យើង​ឃើញ​មួយ​រយៈ​ក្រោយ​ហ្នឹង​មានការ​បិទ​រោងចក្រ​សហគ្រាស​ច្រើន​ដែរ។ មួយទៀត​យើង​ឃើញ​វិស័យ​ដែល​កើន​ដែរ​នោះ គឺ​សំណង់ ប៉ុន្តែ​យើង​បាន​សាកសួរ​ពលរដ្ឋ​យើង​តាម​មូលដ្ឋាន​ហើយ​គាត់​ថា ធ្វើការ​សំណង់​នៅ​ភ្នំពេញ​ចាញ់​ទៅ​ថៃ។ អ៊ីចឹង​ភាគច្រើន​គាត់​អត់​សូវ​ធ្វើ​ចំណាកស្រុក​ទៅ​សំណង់​នៅ​ភ្នំពេញ​ទេ គឺ​គាត់​ច្រើនតែ​ត្រលប់​ទៅ​ថៃ​វិញ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក មាស សុខសេនសាន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​៧ ខែ​ឧសភា។

ចំណែក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​លើក​ឡើងជា​ញឹកញាប់​ថា សេដ្ឋកិច្ច​កម្ពុជា​មាន​ភាពរឹងមាំ​ទោះ​ឆ្លងកាត់​វិបត្តិ​កូវីដ​ក៏ដោយ​។ លោក​ក៏​បាន​ចំណាយ​ថវិកា ជាង​២០០​លាន​ដុល្លារ​ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​ស៊ីហ្គេម ហើយ​មិន​យក​ថ្លៃ​ស្នាក់​នៅ និង​អាហារ​ពី​គណៈប្រតិភូ​បរទេស​ទៀត​ផង។

ជុំវិញ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​នេះ អ្នកសេដ្ឋកិច្ច លោក សុក ហាច និង​ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ផង​នោះ ថ្លែង​ថា រដ្ឋាភិបាល គួរ​មាន​វិធានការ​ទប់ទល់​ដើម្បី​កុំ​ឱ្យ​បញ្ហា​សេដ្ឋកិច្ច​កាន់តែ​ធ្លាក់​ធ្ងន់ធ្ងរ​ថែមទៀត។

លោក សុក ហាច៖ «អ្នក​ទាំងអស់គ្នា​ជាពិសេស​អ្នកនយោបាយ​ដែល​កំពុង​កាន់​អំណាច​សព្វថ្ងៃ​និង​អ្នកនយោបាយ​ដែល​រំពឹង​ថា នឹង​កាន់អំណាច​នៅ​ពេល​ក្រោយ​ហ្នឹង​ត្រូវ​មាន​ផែនការ​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឱ្យ​ពលរដ្ឋ​ហ្នឹង គឺ​គាត់​បាត់បង់​ការងារ អត់​មាន​ការងារ​ថ្មី​នៅក្នុង​ស្រុក​យើង​ឬក៏​មាន​ហើយ​ហ្នឹង​ក៏​បាត់បង់​ទៀត»។

អ្នក​សិក្សា​ផ្នែក​សង្គម និង​នយោបាយ លោក ប៉ោ មករា លើកឡើង​ថា វិបត្តិ​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក និង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​អាច​កើនឡើង​ច្រើន បើ​មិន​មាន​ការ​ទប់ស្កាត់​ឱ្យ​ទាន់​ពេល ព្រោះ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច កំពុង​កើតមាន​ទាំង​ចំពោះ​អ្នក​មាន និង​អ្នកក្រ។

លោក ប៉ោ មករា៖ «មាន​បញ្ហា​សេដ្ឋកិច្ច​ហើយ​គឺ​ប៉ះពាល់​ទាំងអស់គ្នា​។ អ៊ីចឹង​ពេល​ដែល​ឃើញ​ឧកញ៉ា​មហាសេដ្ឋី​មួយ​ចំនួន​ធំៗ​នៅ​ស្រុក​ខ្មែរ យើង​មួយចំនួន​ដែល​មាន​បញ្ហា​យើង​ថា ជា​បញ្ហា​របស់​អ្នកមាន​មិនមែន​ជា​បញ្ហា របស់​អ្នកក្រ។ ប៉ុន្តែ​វា​នឹង​រាលដាល​ដល់​អ្នកក្រ ហើយ​បញ្ហា​អ្នកក្រ​និង​រាលដាល​ដល់​អ្នកមាន​ដែរ។ អ៊ីចឹង​អ្នកណាៗ​ក៏​ពឹង​អាស្រ័យ​គ្នា ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ គឺ​វិធានការ​បន្ធូរបន្ថយ​នៃ​ការ​សង​ត្រលប់​ទៅវិញ​ទៅ​ធនាគារ»។

បើ​ទោះជា​រដ្ឋាភិបាល​នៅតែ​បញ្ជាក់​ពី​សេដ្ឋកិច្ច​កម្ពុជា​បន្ត​រីកចម្រើន​ក៏ដោយ ក៏​សន្ទុះ​ពលរដ្ឋ​សម្រុក​ឆ្លងដែន​ទាំង​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​មិន​ថយ​ចុះ​ទេ។ នៅ​ចុង​ខែ​មេសា​កន្លងទៅ​នេះ ពលករ​ខ្មែរ​ជិត ១​ពាន់​នាក់​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ឃុំ​ខ្លួន​ពី​បទ​មិន​មាន​ឯកសារ​ស្របច្បាប់ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ដាក់​ច្រវាក់​ចង​ជា​ក្រុមៗ​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។