អ្នកឃ្លាំមើលព្រួយបារម្ភថា ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិនអាចបង្កលក្ខណៈងាយស្រួលដល់ក្រុមឧក្រិដ្ឋជនលាងលុយកខ្វក់
2024.12.12
ក្រុមអ្នកឃ្លាំមើលពីបញ្ហាសង្គម និងនយោបាយលើកឡើងថា ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិននឹងបង្កលក្ខណៈងាយស្រួលដល់ក្រុមឧក្រិដ្ឋជនលាងលុយកខ្វក់ ប្រសិនបើគ្មានការពង្រឹង និងត្រួតពិនិត្យលើចរន្តនៃការផ្ទេរសាច់ប្រាក់ឱ្យមានតម្លាភាព។ ការលើកឡើងបែបនេះ បន្ទាប់ពីកម្ពុជាស្នើសុំការគាំទ្រភាគីចិនឱ្យតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិន ដោយអះអាងថា ដើម្បីផ្ដល់ភាពងាយស្រួលលើការទូទាត់ឆ្លងដែនសម្រាប់ពាណិជ្ជកម្ម វិនិយោគិន និងទេសចរចិន។
អ្នកឃ្លាំមើលជំរុញដល់ធនាគារជាតិនៃកម្ពុជាពង្រឹងការត្រួតពិនិត្យប្រព័ន្ធប្រតិបត្តិការសាច់ប្រាក់ជាមួយប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិន ដើម្បីទប់ស្កាត់នូវឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍ និងជាសហស្ថាបនិកអង្គការប្រជាធិបតេយ្យខ្មែរ (KDO) លោក សេង វណ្ណលី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១១ ខែធ្នូថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជាចិន ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។ លោកបន្ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការ និងការចុះកិច្ចព្រមព្រៀងលើវិស័យធនាគាររវាងប្រទេសទាំងពីរកន្លងមកបានបង្កលក្ខណៈងាយស្រួលយ៉ាងទូលំទូលាយសម្រាប់ទេសចរ និងអ្នកជំនួញចិនចាយវាយប្រាក់យ័ន (Yaun) របស់ខ្លួន ប៉ុន្តែ ការចាយវាយប្រាក់រៀលខ្មែរក្នុងទីផ្សារនៅតែតូចចង្អៀត។ ទោះជាយ៉ាងណា លោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគិតគូរឱ្យបានល្អិតល្អន់ក្នុងការពង្រឹងសុវត្ថិភាព ដើម្បីទប់ស្កាត់ក្រុមឧក្រិដ្ឋជនលាងលុយកខ្វក់លើប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិន។
លោក សេង វណ្ណលី៖ «ការទូទាត់ប្រាក់យ័នទៅប្រាក់រៀល ឬរូបិយប័ណ្ណក្នុងស្រុករបស់ប្រទេសដទៃទៀត វាតាមមកជាមួយប្រព័ន្ធទូទាត់ដោយការវេរលុយដែលពាក់ព័ន្ធនឹងការលាងលុយកខ្វក់ដែរ។ យ៉ាងណា ខ្ញុំគិតថា ធនាគារជាតិនៃកម្ពុជាសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគួរតែពិនិត្យឱ្យច្បាស់ គ្រប់គ្រងឱ្យបានច្បាស់លាស់ បើមិនអ៊ីចឹងទេវាមានចរន្តការលាងលុយហ្នឹងទំហំធំ។ វាបានកើតឡើងនៅតំបន់អាហ្វ្រិក ហើយកម្ពុជាក៏មានឈ្មោះបោះសំឡេងពាក់ព័ន្ធរឿងអសោចដូចជាការលាងលុយ ការឆបោក (scammed) ឬអំពើទុច្ចរិតផ្សេងៗវាច្រើនដែរ ដូច្នេះហើយធនាគារជាតិចំពោះការធ្វើកិច្ចសហប្រតិបត្តិការជាមួយចិន ធ្វើម៉េចព្យាយាមប្រុងប្រយ័ត្នចំពោះលំហូរលុយដែលលាងលុយប៉ះពាល់ក្រសែភ្នែកអ្នកវិនិយោគបរទេស ជាពិសេសប្រទេសបស្ចិមលោកដែលគេប្រើដុល្លារ»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានស្នើសុំការគាំទ្រពីភាគីចិនក្នុងការបន្តតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិន ជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ការស្នើរបស់កម្ពុជានេះធ្វើឡើងក្នុងជំនួបរវាងទេសាភិបាលធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី ជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា គឺលោក វ៉ាង វិនពីន (Wang Wenbin) កាលពីថ្ងៃទី៩ ខែធ្នូ។ ទំព័រហ្វេសប៊ុក (Facebook) ធនាគារជាតិនៃកម្ពុជាឱ្យដឹងថា អ្នកស្រី ជា សិរី ស្នើសុំការគាំទ្រពីភាគីចិនក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិន គឺដើម្បីបន្ថែមលក្ខណៈងាយស្រួលក្នុងការទូទាត់ឆ្លងដែនក្នុងការទាក់ទាញវិនិយោគិន ពាណិជ្ជកម្ម និងទេសចរចិនជាដើម។ ធនាគារជាតិនៃកម្ពុជាអះអាងថា ភាគីចិនបានបន្តគាំទ្រលើការបន្តការតភ្ជាប់ប្រព័ន្ធទូទាត់រវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការទូទាត់ឆ្លងដែន និងពង្រឹងទំហំពាណិជ្ជកម្មទ្វេភាគី។
កម្ពុជា និងចិនបានប្រកាសដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ជាប្រាក់យ័នចិន និងប្រាក់រៀលខ្មែរ ជាផ្លូវការរវាងប្រព័ន្ធទូទាត់បាគងធនាគារជាតិកម្ពុជា ជាមួយបណ្ដាញធនាគារទូទាត់នៃក្រុមហ៊ុនចិនកាលពីថ្ងៃទី២២ ខែធ្នូ។ កិច្ចសហប្រតិបត្តិការនេះ គឺបើកឱកាសជនជាតិចិនទាំងអ្នកជំនួញ និងភ្ញៀវទេសចរអាចទូទាត់សាច់ប្រាក់យ័នដោយសេរីតាមប្រព័ន្ធឌីជីថលនៅកម្ពុជា ហើយប្រជាជនកម្ពុជាក៏អាចទូទាត់ប្រាក់រៀលតាមប្រព័ន្ធឌីជីថល ឬឃ្យូអរកូត នៅក្នុងប្រទេសចិនបានដែរ។ តាមរយៈយន្តការនៃកិច្ចសហប្រតិបត្តិការនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក៏បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយមិត្តដែកថែបចិនមួយកម្រិតទៀតដែរ គឺការអនុញ្ញាតទូទាត់រាល់ទំនិញពាណិជ្ជកម្មទាំងអស់រវាងកម្ពុជា និងចិន អាចទូទាត់ជាលុយយ័នរបស់ចិន។
រដ្ឋាភិបាលកម្ពុជាដឹកនាំដោយត្រកូលហ៊ុនរងការរិះគន់ថា កំពុងជំរុញឱ្យលុយយ័នចិនមានឥទ្ធិពលនៅកម្ពុជា និងនៅក្នុងតំបន់ ដោយសារតែការដឹកនាំស្ថិតក្រោមឥទ្ធិពលនយោបាយពីប្រទេសចិន។
កាលពីឆ្នាំ២០២៣ កម្ពុជាបានស្នើសុំចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន (China’s Cross-Broder Interbank Payment System) ហៅកាត់ថា (CIPS) ដើម្បីផ្ដល់ជាជម្រើសងាយស្រួលដល់អ្នកវិនិយោគទូទាត់ជាប្រាក់យ័នចិន ខណៈអ្នកជំនាញមួយចំនួនមើលឃើញថា ដើម្បីបញ្ចៀសក្នុងករណីមានទណ្ឌកម្មសេដ្ឋកិច្ចពីក្រុមប្រទេសលោកខាងលិច។ ប្រព័ន្ធទូទាត់អន្តរធនាគារចិន (CIPS) ជាប្រព័ន្ធទូទាត់ថ្នាក់អន្តរជាតិ បង្កើតឡើងកាលពីឆ្នាំ ២០១៥ ដោយធនាគារកណ្ដាលចិន។ ប្រព័ន្ធទូទាត់អន្តរធនាគារចិនក៏ត្រូវអ្នកតាមដានកិច្ចការអន្តរជាតិវាយតម្លៃថា ចិនបង្កើតឡើង គឺដើម្បីកៀរគរប្រទេសស្ថិតក្រោមឥទ្ធិពលរបស់ចិនដោយយកប្រាក់យ័នចិនជាគោលក្នុងការទូទាត់ទំនិញពាណិជ្ជកម្ម និងកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកជាដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងទេសាភិបាលធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី១១ ខែធ្នូ។
ចំណែក អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ ប្រាប់វិទ្យុអាស៊ីសេរីថា ហេតុផលសំខាន់ដែលរដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុនបន្តសុំឱ្យចិនបន្តកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងអនុញ្ញាតឱ្យចិនអាចចាក់បញ្ចូលលុយយ័នក្នុងសង្គមខ្មែរនេះ គឺដើម្បីទប់ទល់នឹងទណ្ឌកម្មបណ្ដាប្រទេសលោកសេរី។ លោកអះអាងថា លុយយ័ននឹងមិនមានស្ថិរភាព ដូចលុយដុល្លារក្នុងការធ្វើពាណិជ្ជកម្មថ្នាក់អន្តរជាតិឡើយ ព្រោះលោកថា បណ្ដាប្រទេសលើសកលលោកច្រើនលើសលប់ផ្ដល់ទំនុកចិត្តក្នុងការទូទាត់ទំនិញពាណិជ្ជកម្មជាសាច់ប្រាក់ដុល្លារអាមេរិក។
លោក គឹម សុខ៖ «មានរឿងពីរដែលរដ្ឋាភិបាលត្រកូលហ៊ុន ប្រឹងស្វះស្វែងចូលក្នុងប្រព័ន្ធចាយលុយចិន ដោយសារតែទីមួយ រដ្ឋាភិបាលត្រកូលហ៊ុន ដឹងច្បាស់ទៅហើយថា ពួកគេប្រឈមការរឹតត្បិតផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងនៅពេលខាងមុខពីទីផ្សារពីប្រព័ន្ធចាយលុយដុល្លារ។ ទីពីររដ្ឋាភិបាលត្រកូល ហ៊ុន ប្រឹងជំរុញរឿងនេះដោយសារតែគេគិតឃើញថា អាចឆ្លៀតទាញយកលុយកខ្វក់ក្នុងរូបិយប័ណ្ណរបស់ចិន តាមរយៈការឃុបឃិតគ្នាជាមួយអ្នកជំនួញលាងលុយកខ្វក់ជនជាតិចិន»។
កាលពីឆ្នាំ២០២១ រដ្ឋាភិបាលអាមេរិកបានណែនាំដល់ក្រុមហ៊ុន និងអ្នកវិនិយោគអាមេរិកកាំងទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រតិបត្តិការសាច់ប្រាក់តាមស្ថាប័នហិរញ្ញវត្ថុ និងការមកបណ្ដាក់ទុនវិនិយោគក្នុងវិស័យមួយចំនួននៅកម្ពុជាដូចជា អចលនទ្រព្យ បនល្បែងកាស៊ីណូ និងហេដ្ឋារចនាសម្ពន្ធជាដើម ដោយសារតែមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់ អំពើពុករលួយ ឧក្រិដ្ឋកម្មគ្រឿងញៀន និងការរំលោភសិទ្ធិមនុស្សជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។