សង្គម​ស៊ីវិល​ស្នើ​ឲ្យ​តំណាង​អង្គការ​FAOជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កសិករ​ក្រីក្រ

ដោយ ម៉ៅ សុធានី
2021.08.06
Share on WhatsApp
Share on WhatsApp
សង្គម​ស៊ីវិល​ស្នើ​ឲ្យ​តំណាង​អង្គការ​FAOជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កសិករ​ក្រីក្រ ទិដ្ឋភាព​ស្រូវ​ទុំ​ក្នុង​ស្រែ បន្ទាប់​ពី​រង​ការ​ជន់លិច។ រូប​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ​២០២០។
រូបពី​ហ្វេសប៊ុក​នាយកដ្ឋាន​ផ្សព្វផ្សា​យ​កសិកម្ម

ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព​និង​សមាគម​ជាច្រើន ប្រមាណ​ជា​៩០​ស្ថាប័ន កាលពី​ថ្ងៃទី ៥ ខែសីហា បាន​ផ្ញើ​លិខិត​ចំហ​មួយ​ច្បាប់ ជូន​តំណាង​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា (​ហ្វាវ-FAO) ដើម្បី​ជំរុញ​ឲ្យ​យកចិត្តទុកដាក់​បន្ថែម និង​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​របស់​ពលរដ្ឋ​ក្រីក្រ នៅ​តាម​តំបន់​ជនបទ។

លិខិត​ចំហ​នេះ ធ្វើ​ឡើង​មុន​កិច្ចប្រជុំ​កំពូល​របស់​អ..ប ស្ដីពី​ប្រព័ន្ធ​ស្បៀងអាហារ (Food System Summit) ដើម្បី​ពន្លឿន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ប្រកបដោយ​ចិរភាព និង​សុខុមាលភាព នៅ​ខែ​កញ្ញា​ខាងមុខ នៅ​ទីក្រុង​ញូវយ៉ក (New York) សហរដ្ឋអាមេរិក។

ក្នុង​លិខិត​ចំហ ៥​ទំព័រ ដែល​ផ្ញើ​ជូន​ទៅ​តំណាង​អង្គការ​ស្បៀងអាហារ​ពិភពលោក​នៅ​កម្ពុជា ក្រុម​ប្រជា​កសិករ សហគមន៍​រងគ្រោះ​ដីធ្លី ប្រជា​នេសាទ កម្មករ អ្នក​ប្រកប​របរសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ជនជាតិ​ដើម​ភាគតិច ជាដើម បង្ហាញ​ក្តី​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ភាព​អត់ឃ្លាន និង​ផល​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​របស់​ពួកគេ​ប្រចាំថ្ងៃ ច្រើនជាង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ទៅទៀត​។ ជាក់ស្តែង ភាព​អត់​ឃ្លាន​នេះ បាន​កើន​ឡើង​ទ្វេ​ដង ក្នុង​ឆ្នាំ​២០២០ ដែល​ពលរដ្ឋ​ក្រីក្រ​ខ្លះ គឺ​គ្មាន​អាហារ​បរិភោគ​កាន់តែ​ច្រើន​ឡើងៗ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា គោលបំណង​សំខាន់​នៃ​លិខិត​ចំហ​នេះ គឺ​ចង់​ឲ្យ​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ ងាក​មក​ចាប់អារម្មណ៍ និង​គិតគូរ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នៃ​ការ​អត់ឃ្លាន​សព្វថ្ងៃ​នៅ​កម្ពុជា ជាពិសេស​ប្រជាកសិករ​ក្រីក្រ ជនជាតិ​ដើម​ភាគតិច ដែល​រងគ្រោះ​ដោយសារ​ការ​រំលោភបំពាន​យក​ដីធ្លី ក្រោម​រូបភាព​ការ​អភិវឌ្ឍ និង​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍ ដែល​ជា​កន្លែង​អាស្រ័យ​ផល របស់​ពួកគេ តាំងពី​ដូន​តា​មក៖ «តាមរយៈ​អង្គការ​ហ្វាវ (FAO) ប្រចាំ​កម្ពុជា ដែល​ធ្វើការ​វិស័យ ស្បៀងអាហារ​របស់​អង្គការសហប្រជាជាតិ​ហ្នឹង ពាំនាំ​យក​ទុក្ខ​កង្វល់ ដែល​ជា​ការ​ព្រួយបារម្ភ និង​សំណូមពរ និង​អនុសាសន៍​មួយចំនួន យក​ទៅ​ជជែក​និង​ដាក់​ជា​របៀប​វារៈ​ក្នុង​កិច្ចប្រជុំ​របស់​យូអិន នៅ​ខែ​កញ្ញា​ក្រោយ​នេះ ដើម្បី​ឲ្យ​គេ​ដឹង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ ជាពិសេស ជនជាតិ​ដើម​ភាគតិច កសិករ កម្មករ កំពុង​រង​ទុក្ខវេទនា​ពី​ប្រព័ន្ធ​ស្បៀងអាហារ​នេះឯង​...»

ក្នុង​លិខិត​ដដែល​នោះ​ក៏​បាន​បញ្ជាក់​ថា សិទ្ធិ​របស់​កសិករ​ចំពោះ​ការ​កាន់​កាប់​ដីធ្លី និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ កំពុង​រង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង ដោយសារ​ការ​បន្ត​រំលោភបំពាន ពី​ពួក​អ្នក​មាន​អំណាច និង​របស់​ក្រុមហ៊ុន​សាជីវកម្ម​កសិឧស្សាហកម្ម ការរុករក​រ៉ែ ក្រោម​ស្លាក​អភិវឌ្ឍន៍ និង​ការ​យក​ដីធ្លី​ទៅ​កសាង​ហេដ្ឋារចនាសម្ពន្ធ​​នានា​របស់​អាជ្ញាធរ​រដ្ឋ ជាដើម​។ បញ្ហា​ទាំង​នេះ​ហើយ បណ្តាល​ឲ្យ​ពួកគេ​មិន​អាច​ប្រកប​របរ​ធ្វើ​កសិកម្ម​ដាំ​ដុះ​បាន ជាហេតុ​នាំ​ឲ្យ​ពួកគេ​ធ្លាក់ខ្លួន​ក្រីក្រ​កាន់តែ​ខ្លាំង​ឡើង បញ្ហា​ខ្វះ​ស្បៀងអាហារ ជំពាក់​បំណុល​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ចាំបាច់​តម្រូវ​ឲ្យ​ពួកគេ ធ្វើ​ចំណាកស្រុក ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ភាគច្រើន​នៅ​ប្រទេស​ថៃ។

វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ កាល​ពី​ថ្ងៃទី ៥​ខែសីហា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ជាច្រើន​ដង​គ្មាន​អ្នក​ទទួល។

ទោះជា​យ៉ាងនេះ​ក្តី បញ្ហា​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ឯកជន ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាកសិករ​រាប់​ម៉ឺន​គ្រួសារ នៅក្នុង​ខេត្ត​ជាច្រើន រួមមាន​កោះកុង ត្បូងឃ្មុំ ស្វាយរៀង ព្រះវិហារ និង​ខេត្ត​មួយ​ចំនួន​ទៀត លើ​ទំហំ​ដី​រាប់​សែន ហិកតារ។ ខ្លឹមសារ​នៃ​លិខិត​ចំហ​បន្ត​ថា ពួកគេ​ជា​ជនរងគ្រោះ​ដែល​មិន​ទទួល​បាន​សំណង​សមរម្យ​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់ខ្លួន​ក្រលំបាក កាន់តែ​ច្រើនឡើង​និង​ខ្វះ​ស្បៀងអាហារ​ហូបចុក។

ជាក់ស្តែង​នៅ​ខេត្ត​ព្រះវិហារ ទំនាស់​ដីធ្លី​រវាង​ជនជាតិ​ដើម​ភាគតិច​កួយ​រាប់ពាន់​គ្រួសារ រស់នៅ​ក្នុង​ស្រុក​ចំនួន​៣ ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ចិន​ហេងហ្វូ (Hengfu Group Sugar Industry) រយៈពេល​ជិត​១០​ឆ្នាំ​មកនេះ នៅ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​ពី​អាជ្ញាធរ​នៅឡើយ បើ​ទោះ​បី​ជា​ក្រុមហ៊ុន បាន​ផ្អាក​ដំណើរការ​សង្វាក់​ផលិតកម្ម​ជាង​២​ឆ្នាំ​មក​ហើយ​ក្តី។

ជនជាតិ​ដើម​ភាគតិច​កួយ លោកស្រី ហួត ម៉ាលី រស់នៅ​ក្នុង​ភូមិ​សំរោង ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ដែល​បាន​បាត់បង់​ដីស្រែ​កេរ្តិ៍​ឪពុកម្ដាយ ទំហំ ៣០ ហិកតារ ត្អូញត្អែរ​ប្រាប់​អាស៊ីសេរី ថា ពួកគាត់ ជាង​៩៥% ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ជិត ២​រយ​គ្រួសារ ក្នុងភូមិ​សំរោង កំពុង​ខ្វះ​ស្បៀងអាហារ និង​ជំពាក់​បំណុល​គេ​វ័ណ្ឌក។ លោកស្រី ​បន្ត​ថា អាជ្ញាធរ​មិន​បាន​យក​ចិត្តទុកដាក់ ដោះស្រាយ​ទុក្ខ​កង្វល់​របស់​អ្នកភូមិ ដែល​រងទុក្ខ​វេទនា​ចាប់តាំង​ពី​ក្រុមហ៊ុន​ចិន​បាន​រំលោភបំពាន​យក​ដីស្រែ​ចម្ការ​តាំង​ពី​ឆ្នាំ​២០១៣ មក៖ «ប្រជាជន​ប៉ុន្មាន​ឆ្នាំ​នេះ គាត់​ខ្វះខាត​ស្បៀងអាហារ​ខ្លាំង​មែនទែន ដូចជា​នៅ​ឆ្នាំ​នេះ​ជាដើម ជាពិសេស​ភូមិ​ខ្ញុំ​តែម្តង ដែល​ខ្ញុំ​បានដឹង គឺ​៩៥% គាត់​ដាច់​ស្បៀង​អត់​មាន​អាហារ​ហូប។ គ្រួសារ​ក្នុងភូមិ​នេះ មាន​ជាង ១៧០​ខ្នង​ផ្ទះ មួយៗ​ថា គាត់​អស់​ស្រូវ​ហូប​តាំងពី​ខែ ៤ ឬ​ខែ ៥​ម្ល៉េះ​...»

ក្នុង​លិខិត​ចំហ​ដដែល​នេះ ក៏​បាន​ផ្តល់​អនុសាសន៍ ៤​ចំណុច ដល់​អង្គការ​សហប្រជាជាតិ ដើម្បី​ពិនិត្យ​មើល​ពី​លទ្ធភាព​ជួយ​ដល់​ពួកគាត់ រួមមាន​បដិសេធ​ចំពោះ​ការ​ជ្រៀតជ្រែក​ឥទ្ធិពល របស់​ក្រុមហ៊ុន សាជីវកម្ម ទី​២ បញ្ចប់​ការត្រួតត្រា​របស់​ក្រុមហ៊ុន លើ​ផ្នែក​កសិកម្ម និង​ប្រព័ន្ធ​ស្បៀងអាហារ​។ ចំណុច​ទី​៣ គឺ​លើកកម្ពស់​អធិបតេយ្យ​ស្បៀងអាហារ របស់​កសិករ ប្រជា​នេសាទ អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ជនជាតិ​ដើម​ភាគតិច ជាជាង​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​។ រីឯ​ចំណុច​ទី​៤​វិញ ស្ដារ និង​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​ខ្នាត​តូច និង​មធ្យម និង​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក​ស្រោចស្រព​របស់​កសិករ​នៅ​តាម​សហគមន៍ ដើម្បី​ឲ្យ​ពួកគេ​មានលទ្ធភាព​បង្កបង្កើនផល ផលិត​ស្បៀង​អាហារ និង​អភិវឌ្ឍ​សហគមន៍​ប្រកបដោយ​ចិរភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។