ប្រជាកសិករនៅតាមខេត្តមួយចំនួនព្រួយបារម្ភថា ផលប៉ះពាល់ក្នុងជីវភាពនឹងមានកាន់តែខ្លាំងប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA។ ពួកគេអំពាវនាវដល់របបក្រុងភ្នំពេញថា គួរតែពន្លឿនការស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សព្រមទាំងលក្ខខណ្ឌផ្សេងៗរបស់សហភាពអឺរ៉ុបដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA។
ប្រជាកសិករខ្មែរត្អូញត្អែរថា ពួកគាត់បានទទួលរងផលប៉ះពាល់ជាបណ្ដើៗហើយ ដោយសារតែសហភាពអឺរ៉ុបយកពន្ធអង្ករកម្ពុជា កាលពីដើមឆ្នាំ២០១៩ និងគ្រោងព្យួរប្រព័ន្ធអនុគ្រោះពន្ធEBAក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ។ ផលប៉ះពាល់ទាំងនោះគឺកសិករលក់កសិផលបានតម្លៃថោកជាបន្តបន្ទាប់ដែលធ្វើឱ្យពួកគេខាតបង់ច្រើន ជួបការលំបាកក្នុងជីវភាពជំពាក់បំណុលវ័ណ្ឌក។ពួកគាត់អស់សង្ឃឹមក្នុងការធ្វើកសិកម្មបង្ខំចិត្តលក់ដីធ្លីកូនៗ បោះបង់ការសិក្សានិងនាំគ្នាធ្វើចំណាកស្រុក។
កសិករម្នាក់រស់នៅស្រុកពាមរក៍ ខេត្តព្រៃវែង លោក ម៉ាស់ បូរ៉ា រៀបរាប់ថា សហភាពអឺរ៉ុបមិនទាន់ កាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធEBAផង ប្រជាកសិកររងគ្រោះលំបាកលក់កសិផលទៅហើយទម្រាំសហភាពអឺរ៉ុបផ្ដាច់EBAជាផ្លូវការទៀត គឺកសិករខ្មែរនឹងកាន់តែមានជីវភាព ធ្លាក់ដុនដាបថែមទៀត។ លោកបញ្ជាក់ថា កាលពីឆ្នាំមុនៗ នៅពេលសហគមន៍អឺរ៉ុបមិនទាន់យកពន្ធលើការនាំចូលអង្ករពីកម្ពុជា និងមិនទាន់ប្រឈមបាត់បង់EBAគឺតម្លៃស្រូវ និងកសិផលផ្សេងៗមានតម្លៃសមរម្យអាចទទួលយកបានដោយសារមានឈ្មួញច្រើនសម្រុកប្រកួតប្រជែងគ្នាទិញ៖ «កន្លងទៅថ្មីៗនេះស្រូវខាងខ្ញុំ មិនដែលមានប្រវត្តិធ្លាក់ដល់ ៦រៀលក្នុងមួយគីឡូក្រាមឡើយ យ៉ាងហោចណាស់សល់ ៨០០រៀលដែរ។ ឥឡូវកសិករវគ្គពីរនេះគឺម្នាក់ៗខាតច្រើនមែនទែន ខាតទាំងថវិកាខាតទាំងកម្លាំងពលកម្ម។ អ្នកខ្លះខាត ៥ទៅ ៦លានរៀល គ្រាន់តែធ្វើស្រូវក្នុងរដូវកាលវគ្គពីរនេះ។ អ្នកខ្លះជំពាក់បំណុលកាន់តែច្រើន ៣ ទៅ ៤ស្ថាប័នមីក្រូហិរញ្ញវត្ថុ ហើយកូនក៏មិនបានរៀនសូត្រចប់ចុងចប់ដើមដែរ»។
កសិករមួយរូបទៀតនៅស្រុករមាសហែក ខេត្តស្វាយរៀង លោកស្រី ខៀវ សារ៉ុន រៀបរាប់ថា កសិករបារម្ភអំពីផលប៉ះពាល់ជីវភាពខ្លាំង ជាងអង្គការសង្គមស៊ីវិលទៅទៀត ប្រសិនបើសហភាពអឺរ៉ុបផ្ដាច់EBA ព្រោះកសិករគឺជាអ្នករងគ្រោះផ្ទាល់។ លោកស្រីបន្តថា ផលិតផលកសិកម្មខ្មែរមិនអាចពឹងផ្អែកលើទីផ្សារប្រទេសជិតខាងដូចជា ប្រទេសវៀតណាមបានទេ ព្រោះឈ្មួញវៀតណាម ឱ្យតម្លៃថោក។ កសិកររូបនេះយល់ថា ប្រសិនបើរដ្ឋាភិបាលខ្មែរដោះស្រាយបញ្ហានយោបាយដើម្បីរក្សា EBAនោះ គឺឈ្មួញខ្មែរនិងរោងម៉ាស៊ីនកិនស្រូវប្រាកដជាសម្រុកប្រមូលទិញស្រូវដើម្បីកិននាំអង្ករទៅលក់នៅទីផ្សារអឺរ៉ុប ហើយពេលនោះកសិករក៏អាចទាមទារតម្លៃថ្លៃសមរម្យបានដែរ៖ «គេយកពន្ធអង្ករហើយ គឺតម្លៃស្រូវអត់ឡើងថ្លៃទេវាមានតម្លៃទាប មែនទែន។ ដូចកាលពីឆ្នាំកន្លងទៅស្រូវធម្មតាបានតែ ១គីឡូក្រាម ៦រយរៀល។ កសិករដូចខ្ញុំកាន់តែមានផលលំបាកថែមទៀត បើគេយកពន្ធអង្ករ។ ពេលអ៊ីចឹងទៅយើងជំពាក់បំណុលគេច្រើន ហើយកូនមិនសូវបានរៀនទេ គឺបានរៀនត្រឹមថ្នាក់ទី៩អីទេ»។
កាលពីដើមឆ្នាំ២០១៩កន្លងទៅ ប្រជាកសិករខ្មែរបាននាំគ្នាស្រែកតវ៉ាស្ទើរគ្រប់ទីកន្លែងដោយសារតម្លៃស្រូវចុះថោកខ្លាំង មិនធ្លាប់មាន និងមិនសូវមានឈ្មួញចុះទិញបន្ទាប់ពីសហភាពអឺរ៉ុបបានកំណត់យកពន្ធលើកការនាំចូលអង្ករសម្រាប់ទីផ្សារអឺរ៉ុបដោយ ១ឆ្នាំដំបូង ត្រូវបង់ពន្ធ ២០០ដុល្លារ ក្នុងមួយតោន។ ឆ្នាំទី២ ត្រូវបង់ពន្ធចំនួន ១៧០ដុល្លារក្នុងមួយតោន និងឆ្នាំទី៣ ចំនួន១៤២ដុល្លារ។
មិនខុសគ្នាប៉ុន្មានឡើយប្រជាកសិករម្នាក់ទៀតរស់នៅស្រុកចម្ការលើ ខេត្តកំពង់ចាម ឈ្មោះ ហេង ហ៊ន់ មានប្រសាសន៍ថា រយៈពេលមួយឆ្នាំនេះ កសិករកាន់តែជួបបញ្ហាលំបាកក្នុងជីវភាពជាបន្តបន្ទាប់ដោយសារតម្លៃកសិផលគ្រប់ប្រភេទចុះថោកដូចជា ស្រូវ ម្រេច និងកៅស៊ូជាដើមហើយរដ្ឋាភិបាលមិនមានការទទួលខុសត្រូវនោះទេ។ លោកសង្កេតឃើញថា ប្រជាកសិករនៅតំបន់របស់លោកគឺចាប់ផ្ដើមបង្ខំចិត្តលក់ដីធ្លី ធ្វើចំណាកស្រុកដើម្បីរកលុយដោះបំណុលធនាគារ និងបង្ខំចិត្តឱ្យកូនបោះបង់ការសិក្សាជាដើម ដែលនៅពេលអនាគត គឺពួកគេក្រទាំងទ្រព្យ និងក្រទាំងវិជ្ជាទៀតផង៖ «ខ្ញុំសូវអំពាវនាវឱ្យអ្នកនយោបាយអស់ គិតប្រយោជន៍ជាតិជាធំហើយរកដំណោះស្រាយរួមដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ពីព្រោះប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ហើយកសិកររស់នៅពឹងផ្អែកលើការលក់កសិផលដូច្នេះការនាំចេញត្រូវគេយកពន្ធ គឺធ្វើឱ្យកសិផលពិបាករកទីផ្សារលក់និងថែមទាំងមានតម្លៃថោក»។
កាលពីចុងសប្ដាហ៍មុនសហព័ន្ធស្រូវអង្ករកម្ពុជាចេញសេចក្ដីប្រកាសថា គ្រាន់តែសហភាពអឺរ៉ុបយកពន្ធអង្ករកម្ពុជានោះបានធ្វើឱ្យពួកគេឈឺចាប់រួចទៅហើយ ទម្រាំសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធEBAថែមទៀត គឺនឹងកាន់តែឈឺចាប់បន្ថែមទៀតព្រោះថា ឧស្សាហកម្មស្រូវអង្ករនឹងត្រូវបំផ្លាញខ្ទេចខ្ទី និងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាកសិករខ្មែរជាងកន្លះលានគ្រួសារ។ សហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា គ្រាន់តែនៅដើមឆមាសទី១ក្នុងឆ្នាំ២០១៩ ប្រទេសកម្ពុជាបាននាំចេញអង្ករកាន់ទីផ្សារសហគមន៍អឺរ៉ុប បានធ្លាក់ចុះពាក់កណ្ដាល បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដោយសារតែសហគមន៍អឺរ៉ុបបានយកពន្ធលើការនាំចូលអង្ករពីកម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជាស្នើសុំឱ្យសហភាពអឺរ៉ុបបន្តការអនុគ្រោះពន្ធក្រោមកម្មវិធី''អ្វីៗទាំងអស់ លើកលែងតែអាវុធឬEBA'' ដល់កម្ពុជាតទៅទៀត ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាកសិករខ្មែរជាងកន្លះលានគ្រួសារ និងរក្សានូវកិច្ចខិតខំប្រឹងប្រែងកន្លងមក ក្នុងការពង្រីកការផលិតស្រូវអង្ករដែលស្របតាមស្តង់ដារអន្តរជាតិ។
ម្ចាស់ក្រុមហ៊ុននាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុបម្នាក់ សុំមិនបញ្ចេញឈ្មោះប្រាប់អាស៊ីសេរី ថា ប្រសិនបើគ្មានប្រពន្ធអនុគ្រោះពន្ធEBAគឺធ្វើឱ្យប្រជាកសិករឈ្មួញទិញស្រូវ និងក្រុមហ៊ុននាំចេញអង្គរ ជួបការលំបាកដូចគ្នា។ លោកមិនសង្ឃឹមថា វិធានការរបស់រដ្ឋាភិបាលអាចជួយដោះស្រាយបាននោះទេ ហើយវិស័យស្រូវអង្ករកម្ពុជា នឹងពិបាកប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាង៖ «បើកាលណាគាត់ ( ក្រុមហ៊ុន ) ទិញអង្ករពីកសិករថ្លៃហើយគាត់លក់ទៅទីផ្សារអឺរ៉ុបថ្លៃដែរ ហើយគេយកព័ន្ធទៀត គឺរឹតតែថ្លៃទៀត ដូច្នេះគេ ( សហភាពអឺរ៉ុប ) ម៉េចទិញអង្ករពីយើង។ គេទៅទិញពីវៀតណាម និងថៃមិនល្អជាង។ ដូច្នេះករណីនេះ ក្រុមហ៊ុនត្រូវទិញអង្ករពីកសិករថោកហើយ ដើម្បីយកមកកិននាំចេញទៅលក់ឱ្យគេដូចតម្លៃមុន។ EBA នេះសំខាន់ណាស់ហើយ បើសិនជារដ្ឋាភិបាលដឹងតែទៅមុខហើយ គួរតែរកវិធានការជួយដល់កសិករ និងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំអង្ករចេញតាមរយៈដូចជាផ្ទល់កម្ចីដែលមានការប្រាក់ទាបសម្រាប់គ្រប់គ្នា។ ស្រុកយើងនេះថ្លៃដើមថ្លៃណាស់ ហើយការប្រាក់សម្រាប់យកមករកស៊ីអីនេះក៏ថ្លៃទៀត។ កាត់បន្ថយថ្លៃដើមនេះ ខ្ញុំលឺរាប់ឆ្នាំហើយតែបញ្ហានៅដដែលដូចជាថ្លៃភ្លើងថ្លៃដឹក និងថ្លៃប្រេងសាំងនៅតែថ្លៃ»។
ការព្រួយបារម្ភកាន់តែខ្លាំងរឿងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះគឺផ្ទុយពីរបបលោក ហ៊ុន សែន ដែលបង្ហាញជំហររឹងត្អឹងដាក់សហភាពអឺរ៉ុប។
កាលពីថ្ងៃទី២៦ ខែសីហា កន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ប្រឈមមុខនឹងស្ថានភាពដែលសហភាពអឺរ៉ុបចាប់ផ្ដើមយកពន្ធលើអង្ករកម្ពុជានេះ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីលើកកម្ពស់ធុរកិច្ចស្រូវអង្ករដូចជា ជួយអន្តរាគមន៍កាត់បន្ថយថ្លៃដើមផលិតកែច្នៃ និងវេចខ្ចប់ជាដើមដើម្បីឱ្យអង្ករកម្ពុជាអាចប្រកួតប្រជែងទីផ្សារបាន។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ង៉ែត ជូ មានប្រសាសន៍ថា សមត្ថភាពកែច្នៃអង្កររបស់កម្ពុជាមិនទាន់អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងនោះទេ ហើយភាពខ្លាំងរបស់កម្ពុជា គឺពឹង ផ្អែកលើការនាំចេញអង្ករសរីរាង្គប៉ុណ្ណោះ។ ដូច្នេះប្រសិនបើកម្ពុជាប្រឈមការព្យួរEBAគឺប្រាកដជាកាន់តែលំបាកសម្រាប់កសិករ និងក្រុមអ្នករកស៊ីនាំចេញអង្ករទៅផ្សារអឺរ៉ុប។ ជាមួយគ្នានេះ ការងាកទៅរកទីផ្សារប្រទេសផ្សេងៗ មិនមែនជារឿងងាយស្រួលដែរ។ លោកទទួលស្គាល់ថា កសិកម្មនៅតែជាវិស័យសំខាន់មួយហើយប្រសិនបើកសិករខាតបង់ច្រើនវិស័យធនាគារ ក៏នឹងប៉ះពាល់ដែរព្រោះពួកគេគ្មានប្រាក់សងត្រឡប់ទៅវិញ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាអាចអនុវត្តវិធានការរបស់ខ្លួនដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាពមែននោះ គឺអាចជួយសម្រាលស្ថានការណ៍បានខ្លះបើកម្ពុជាបាត់បង់ EBA។ លើសពីនេះ ខាងសហព័ន្ធស្រូវអង្ករគួរតែពិភាក្សា និងលើកអនុសាសន៍ផ្សេងៗ ទៅរដ្ឋាភិបាលចំពោះអ្វីដែលពួកគេកំពុងប្រឈម៖ «ប្រសិនបើរដ្ឋាភិបាលបោះជំហានទៅមុខថា មិនខ្វាយខ្វល់ចំពោះ ការបាត់បង់ EBA ទេ គឺរដ្ឋាភិបាលគួរតែរកវិធានការដើម្បីជួយដល់សមាគមអាជីវកម្មឱ្យបានច្រើន។ កាត់បន្ថយថ្លៃដើមឱ្យបានច្រើនកាន់តែប្រសើរ ពីព្រោះទោះបីជានៅមានប្រព័ន្ធអនុគ្រោះពន្ធមែន ក៏ប៉ុន្តែថ្លៃដើមរបស់យើងគឺមិនមានការប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាង។ អ៊ីចឹងចង់មិនចង់កិច្ចការដែលយើងធ្វើគឺជារឿងអាទិភាព»។
អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះបន្តថា រដ្ឋាភិបាលកម្ពុជាគួរតែលើកទឹកចិត្តឱ្យមានការវិនិយោគក្រុមហ៊ុនកែច្នៃឱ្យបានច្រើនជាជាងនាំផលិតផលវត្ថុធាតុដើមទៅលក់នៅបរទេស ព្រោះក្នុងបរិបទសេដ្ឋកិច្ចទីផ្សារសេរីបែបនេះ ប្រទេសផលិតវត្ថុធាតុដើមមិនសូវទទួលបាន ផលសេដ្ឋកិច្ចច្រើននោះទេ។
សហភាពអឺរ៉ុប ទើបតែបិទបញ្ចប់នីតិវិធី ៦ខែដំបូងនៃការពិនិត្យ និងវាយតម្លៃស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា កាលពីថ្ងៃទី១២ សីហា។ ការសម្រេចចិត្តចុងក្រោយថា តើត្រូវដក ឬមិនត្រូវដក EBA ពីកម្ពុជានឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។
សហភាពអឺរ៉ុបបានបញ្ជាក់ប្រាប់របបក្រុងភ្នំពេញម្ដងហើយម្ដងទៀតថា អឺរ៉ុបនឹងមិនផ្លាស់ប្ដូរជំហររឿង EBA នេះឡើយ ហើយបើរបបនេះចង់បានការអនុគ្រោះពន្ធបន្តទៀតនោះ របបនេះត្រូវតែស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញឱ្យបានជាដាច់ខាត ដូចជា ការដោះលែងលោក កឹម សុខា ការអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិបើកដំណើរការ ការផ្ដល់អាសនៈក្រុមប្រឹក្សាឃុំសង្កាត់ដល់មន្ត្រីបក្សប្រឆាំង និងរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យឡើងវិញជាដើម៕