ពលរដ្ឋចង់ឃើញលោក ហ៊ុន ម៉ាណែត ដោះស្រាយបញ្ហាគ្មានភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជាជាងបញ្ហាក្រដាសប្រាក់
2024.07.23
ពលរដ្ឋរស់នៅខេត្តសៀមរាបជំរុញឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យចំគោលដៅដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅកម្ពុជា។ ការលើកឡើងនេះ គឺបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យទេសាភិបាលធនាគារជាតិនៃកម្ពុជា អ្នកស្រី ជា សិរី ដាក់ចេញនូវគោលការណ៍កែសម្រួលលក្ខខណ្ឌក្នុងការចាយវាយក្រដាសប្រាក់ដុល្លារចាស់ ប្រឡាក់ ឬខូចខាតខ្លះនៅខេត្តសៀមរាប។
ពលរដ្ឋរស់នៅខេត្តសៀមរាបលើកឡើងថា ការកែប្រែលក្ខខណ្ឌក្នុងការចាយវាយលុយដុល្លារដែលប្រឡាក់ដើម្បីសម្រួលដល់ភ្ញៀវទេសចរណ៍គឺជាការល្អប្រសើរ ប៉ុន្តែបញ្ហានេះមិនអាចជួយទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកកម្សាន្តនៅកម្ពុជាឡើយ។
អ្នករត់ម៉ូតូកង់បីនៅក្រុងសៀមរាប លោក ឆាយ រ័ត្ន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ ខែកក្កដា ថា បញ្ហាចម្បងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរតែដោះស្រាយគឺការស្ដារលទ្ធិប្រជាធិបតេយ្យ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសលោកសេរី ពីព្រោះបច្ចុប្បន្ននៅក្នុងតំបន់អង្គរគ្មានភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តឡើយ។ លោកយល់ឃើញថា រដ្ឋាភិបាលគួរតែដោះស្រាយឫសគល់នៃបញ្ហាដែលបង្កឱ្យគ្មានភ្ញៀវទេសចរណ៍ប្រសើរជាងដោះស្រាយបញ្ហាមិនចំគោលដៅ។
លោក ឆាយ រ័ត្ន៖ «អ្វីដែលយើងស្នើធ្វើម៉េចឱ្យមានភាពទាក់ទាញហៅភ្ញៀវទេសចរជួយធ្វើម៉េចទំនាក់ទំនងមកឱ្យច្រើន ដើម្បីផ្ដល់ការងារឱ្យប្រជាជនយើង មានការងារធ្វើនៅតំបន់សៀមរាបផង ហើយការណ៍ដែលគាត់ឃើញ ។ ប៉ុន្តែបើតាមការផ្សព្វផ្សាយរបស់មន្ត្រីដូចជាអាជ្ញាធរអប្សរាថា ភ្ញៀវមានៗ ប៉ុន្តែជាក់ស្ដែងវាមិនមានដូចពីមុនៗ ឥឡូវក្នុងខេត្តនេះ មើលទៅអ្នករ៉ឺម៉កដូចពួកខ្ញុំអីយ៉ាប់មែនទែនឥឡូវ»។
ប្រតិកម្មរបស់ពលរដ្ឋរូបនេះ គឺបន្ទាប់ពីទេសាភិបាលធនាគារជាតិនៃកម្ពុជា អ្នកស្រី ជា សិរី នៅថ្ងៃទី២២ ខែកក្កដា ចេញសេចក្ដីប្រកាសស្ដីពីការសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារជាមួយគ្រឹះស្ថានធនាគារជាតិ និងហិរញ្ញវត្ថុនៅខេត្តសៀមរាប។ អ្នកស្រី ជា សិរី តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬ ប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជនលើកលែងតែក្រដាសនោះជាប្រាក់ក្លែងក្លាយ និងតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាប ដាក់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ២០ដុល្លារនិង៥០ដុល្លារអាមេរិក ជំនួសក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ១០០ ដុល្លារនៅក្នុងម៉ាស៊ីនដកប្រាក់ (ATM) ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ។
ទោះជាយ៉ាងណា ការសម្រួលឱ្យមានការចាយវាយក្រដាសប្រាក់ដុល្លារដែលប្រឡាក់ ឬចាស់នេះគឺ ក្រោយពេល លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែកក្កដា បានតែងខ្លួនបន្លំជាពលរដ្ឋ ដើរក្នុងផ្សាររាត្រី និងតំបន់កម្សាន្ត ផប់ស្ទ្រីត (Pub Street) ក្នុងក្រុងសៀមរាប ដោយជួបជាមួយអាជីវករ ក្រោយមានការរិះគន់ពីបញ្ហាគ្មានភ្ញៀវទេសចរទៅលេងកម្សាន្តក្នុងខេត្តនេះ ដែលលោក អះអាងថា បញ្ហាដែលក្រុមអាជីវករលក់ដូរកំពុងជួបប្រទះគឺការចាយវាយលុយដុល្លារដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាត ដូច្នេះលោកបានបញ្ជាឱ្យទេសាភិបាលធនាគារជាតិនៃកម្ពុជា អ្នកស្រី ជា សេរី ពិនិត្យឡើងវិញនូវបញ្ហាការចាយវាយប្រាក់ដុល្លារនៅក្នុងខេត្តសៀមរាប។
ប៉ុន្តែពលរដ្ឋមួយចំនួន មើលឃើញថា លោក ហ៊ុន ម៉ាណែត ដោះស្រាយបញ្ហានេះមិនឆ្លើយតបទៅនឹងបញ្ហារបស់ពលរដ្ឋឡើយដូច្នេះ ពួកគាត់ស្នើឱ្យលោក ហ៊ុន ម៉ាណែត ដោះស្រាយបញ្ហាឧក្រិដ្ឋកម្មលាងលុយកខ្វក់ និងការឆបោកមនុស្សតាមអនឡាញ ការរំលោភសិទ្ធិមនុស្ស និងការស្ដារលទ្ធិប្រជាធិបតេយ្យ ដើម្បីធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិមានទំនុកចិត្ត និងចង់មកកម្សាន្តនៅកម្ពុជាឡើងវិញ។
អ្នករត់រ៉ឺម៉កកង់បីដឹកភ្ញៀវទេសចរណ៍ម្នាក់ទៀត គឺលោកស្រី គីម សុខលាង កត់សម្គាល់ឃើញថា ពលរដ្ឋរស់នៅខេត្តសៀមរាបស្ទើរតែ ៩០ភាគរយដែលរស់ពឹងផ្អែកលើវិស័យទេសចរណ៍ ដូច្នេះបើរដ្ឋាភិបាលគ្មានកំណែទម្រង់លើវិស័យទេសចរណ៍ និងបញ្ហាអំពើពុករលួយទេ នោះពលរដ្ឋនឹងជំពាក់បំណុលធនាគារកាន់តែធ្ងន់ធ្ងរដោយសារមិនអាចរកប្រាក់ចំណូលបាន។
លោកស្រី គីម សុខលាង៖ «ខ្ញុំគិតថា ការគ្មានភ្ញៀវទេសចរណ៍បែបនេះគឺរដ្ឋាភិបាលគាត់មានបំណងសម្លាប់ប្រជាជនខ្លួនឯង។ ខ្ញុំគិតថាអ៊ីចឹងព្រោះអីប្រសិនបើគាត់មានបំណងជួយប្រជាជនខ្ញុំគិតថាគាត់មានសម្ពន្ធភាពជាមួយចិនជាមួយវៀតណាមហេតុអ្វីគាត់មិនយកគំនិតទាំងអស់ហ្នឹងមកជួយដល់ប្រជាជនម៉េចបានជានៅដដែលគ្រប់កន្លែង ហើយប្រជាជនត្រូវការរដ្ឋាភិបាលបង្រៀន»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក និងអភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញបញ្ហានេះបាននៅឡើយទេនៅថ្ងៃទី២២ ខែកក្កដា។
ជុំវិញរឿងនេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា បញ្ហាចម្បងដែលរដ្ឋាភិបាលគួរតែដោះស្រាយដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជាឱ្យល្អប្រសើរឡើងវិញ គឺការបើកលំហសិទ្ធិពលរដ្ឋ និងនយោបាយ ពីព្រោះកម្ពុជាបច្ចុប្បន្នកំពុងរងការថ្កោលទោសពីសហគមន៍អន្តរជាតិពីការរំលោភសិទ្ធិមនុស្ស។ លោកបន្តថា បញ្ហានេះបានធ្វើឱ្យក្រុមអ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនបោះបង់មុខរបរចោល ហើយងាយទៅធ្វើចំណាកស្រុកដើម្បីរកប្រាក់សងបំណុលធនាគារ។
លោក វន់ ពៅ៖ «ខ្ញុំគិតថាគួរតែដោះស្រាយ សិទ្ធិសេរីភាពបញ្ចេញមតិទាក់ទងទៅនឹងលំហនៃអនុវត្តសិទ្ធិសេរីភាពសមាគមនៃអង្គការ សង្គមស៊ីវិល សហជីព ឬក៏ទាក់ទងទៅនឹងអ្វីដែលជា ចំណុចធ្វើយ៉ាងណាដែលប្រទេសសេរីគាត់ផ្ដល់យោបល់។ ប្រទេសកម្ពុជាត្រូវបើកលំហ ឡើងវិញនូវលំហលទ្ធិប្រជាធិបតេយ្យអ៊ីចឹងជាដើមខ្ញុំគិតថា ធ្វើបែបហ្នឹងប្រទេសសេរីគេនឹងសប្បាយចិត្តមកទស្សនានៅប្រទេសកម្ពុជាផងដែរ អានេះជាចំណុចសំខាន់»។
កន្លងទៅ បើទោះបីជាពលរដ្ឋប្រកបរបរក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបត្អូញត្អែរពីបញ្ហាភ្ញៀវទេសចរធ្លាក់ចុះដែលធ្វើឱ្យពួកគាត់សឹងតែដាច់បាយយ៉ាងណាក្ដី ក៏រដ្ឋាភិបាលតែងចេញបដិសេធ ហើយអះអាងថាកម្ពុជាទទួលភ្ញៀវទេសចរណ៍អន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ។ ពលរដ្ឋអំពាវនាវឱ្យរដ្ឋាភិបាលគិតគូរពីជីវភាព និងទទួលយកការលើកឡើងរបស់ពួកគាត់ដើម្បីស្រូបទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តនៅកម្ពុជាឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។