គិតមកត្រឹមថ្ងៃអង្គារ ទី៣ ខែធ្នូ របបក្រុងភ្នំពេញនៅសល់ពេលតែ ៩ថ្ងៃទៀតតែប៉ុណ្ណោះ ដើម្បីស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ទៅតាមការដាក់កំហិតរបស់គណៈកម្មការអឺរ៉ុប។ គណៈកម្មការនេះ បានចេញរបាយការណ៍បឋមមួយ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដោយរកឃើញថា របបលោក ហ៊ុន សែន មិនបានស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីបន្តទទួលបានការអនុគ្រោះពន្ធ EBA តទៅទៀតនោះឡើយ។ សហភាពអឺរ៉ុប ទុកពេលឲ្យរបបនេះចំនួន ១ខែ ដើម្បីឆ្លើយតប។
តើនីតិវិធីបន្តរបស់គណៈកម្មការអឺរ៉ុបនៅមានអ្វីខ្លះទៀត?
តំណាក់កាលចេញរបាយការណ៍បឋម ស្ដីពីការព្យួរការអនុគ្រោះពន្ធនេះ គឺជាដំណាក់កាល ចុងក្រោយ មុននឹងសហភាពអឺរ៉ុបសម្រេចព្យួរការអនុគ្រោះពន្ធពីកម្ពុជា នៅដើមឆ្នាំក្រោយ។
មុននឹងចូលដល់ដំណាក់កាលនេះ សហភាពអឺរ៉ុបទុកពេលយរបបលោក ហ៊ុន សែន កែខ្លួនជាង ៩ខែរួចមកហើយ។ រយៈពេល ៩ខែនោះ គឺរួមមានដំណាក់កាលទី១ ដែលមានរយៈពេល ៦ខែ គិតចាប់ពីខែកុម្ភៈ ដល់ខែសីហា ដែលគណៈកម្មការអឺរ៉ុប ត្រួតពិនិត្យតាមដាន និង វាយតម្លៃស៊ីជម្រៅ ថា តើកម្ពុជាបានធ្វើអ្វីខ្លះ ដើម្បីកែប្រែស្ថានការណ៍បច្ចុប្បន្ន ដែលសហភាពអឺរ៉ុបស្នើឲ្យកែប្រែនោះ។ ៣ខែបន្ទាប់មកទៀត ពោលគឺ ចាប់ពីខែសីហា ដល់ថ្ងៃទី១២ ខែធ្នូ សភាពអឺរ៉ុបស្នើឲ្យកែប្រែ ដើម្បីបន្តទទួលបានការអនុគ្រោះពន្ធ ខែវិច្ឆិកា គឺជាពេលសរសេររបាយការណ៍សន្និដ្ឋានបឋមស្តីពីការព្យួរការអនុគ្រោះពន្ធ EBA ដោយផ្អែកលើអ្វីដែលប្រតិភូគណៈកម្មការអឺរ៉ុប ប្រមូលបានក្នុងអំឡុងធ្វើទស្សនកិច្ចស្វែងរកការពិតនៅកម្ពុជា និងឯកសារភស្តុតាង ដែលប្រមូលបានពីភាគីពាក់ព័ន្ធ។
ឯកសារដែលគណៈកម្មការអឺរ៉ុប យកមកធ្វើជាមូលដ្ឋាន ក្នុងការពិចារណាមុនចេញរបាយការណ៍បឋមនេះ រួមមាន៖
· ទីមួយ គឺរបាយការណ៍ មតិយោបល់ ការវាយតម្លៃ អនុសាសន៍ ឯកសារ និងលទ្ធផលនៃការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ និង អង្គការអន្តរជាតិខាងការងារ (ILO)។
· ទីពីរ គឺលទ្ធផលនៃការស្រាវជ្រាវរបស់គណៈប្រតិភូស្វែងរកការពិតរបស់សហភាពអឺរ៉ុប ដែលបានទៅបំពេញទស្សនកិច្ចពីរលើកនៅកម្ពុជា ដើម្បីប្រមូលព័ត៌មាន។
· ទីបី គឺរបាយការណ៍ និងឯកសារដែលរបបក្រុងភ្នំពេញ ដាក់ជូនទៅគណៈកម្មការនេះ។
· ទីបួន គឺរបាយការណ៍ និងឯកសារដែលភាគីទីបី រួមមានសមាគមន៍រោងចក្រ និង សហជីពដាក់ជូនទៅគណៈកម្មការនេះ និង
· ទីប្រាំ គឺរបាយការណ៍ ដែលអាចរកបានជាសាធារណៈ និងព័ត៌មានទទួលបានពីប្រភពពាក់ព័ន្ធផ្សេងទៀត។
ដោយសារតែរបាយការណ៍នេះ ត្រូវបានសរសេរបញ្ចប់ និងបញ្ជូនទៅរបបក្រុងភ្នំពេញរួចហើយ ដូច្នេះរបបក្រុងភ្នំពេញ ត្រូវឆ្លើយតបវិញក្នុងរយៈពេលមួយខែ ដែលគិតមកត្រឹមពេលនេះ នៅសល់តែ ១០ថ្ងៃទៀតប៉ុណ្ណោះ។
របាយការណ៍បឋមស្តីពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលគណៈកម្មការអឺរ៉ុប ផ្ញើទៅរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១២ ខែ វិច្ឆិកា នោះមានកម្រាស់ ៧០ទំព័រ បើគិតតែសាច់ខ្លឹមសារ និងជារបាយការណ៍សម្ងាត់។ ប៉ុន្តែប្រភពផ្លូវការសុំមិនបញ្ចេញឈ្មោះ ដែលមានរបាយការណ៍នេះក្នុងដៃ បានប្រគល់ឯកសារនេះមួយច្បាប់ ឲ្យអាស៊ីសេរី ២ ថ្ងៃក្រោយរបាយការណ៍នោះ បានបញ្ជូនទៅដល់របបក្រុងភ្នំពេញ។
ក្នុងរបាយការណ៍នោះបញ្ជាក់ អំពីចំណុចសំខាន់ៗ ជាច្រើននៃការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ដែលគណៈកម្មការអឺរ៉ុប រកឃើញថា រឹតតែអាក្រក់ខ្លាំងជាងមុនទៅទៀត គឺអាក្រក់ជាងកាលពី ៩ ខែមុន ពោលគឺ កាលពីខែកុម្ភៈ ដែលគណៈកម្មការនេះ បានចាប់ផ្ដើមនីតិវិធីត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលឈានទៅការព្យួរការអនុគ្រោះពន្ធ នៅដើមឆ្នាំ ២០២០ បើស្ថានភាពនេះ នៅតែមិនប្រសើរឡើងវិញ។
ស្ថានភាពកាន់តែអាក្រក់នេះ រួមមានទាំង៖
· ការបន្តមិនទម្លាក់ចោលបទចោទប្រឆាំងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា
· ការរម្លាយគណបក្សសង្គ្រោះជាតិ
· ការហាមឃាត់សិទ្ធិនយោបាយចំពោះមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ១១៨រូប
· ការដកហូតតួនាទីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិទាំង ៥០០៧នាក់
· ការធ្វើវិសោធនកម្មលើច្បាប់ស្ដីពីគណបក្សនយោបាយ
· ការបោះឆ្នោតដោយផាត់ចោលគណបក្សសង្គ្រោះជាតិ
· ការបណ្ដេញអង្គការសង្គមស៊ីវិល
· ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និង
· ការបន្តធ្វើទុក្ខបុកម្នេញបណ្តាញផ្សព្វផ្សាយព័ត៌មាន ដូចករណីបន្តមិនទម្លាក់ចោលបទចោទប្រឆាំងអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ
· បញ្ហារំលោភដីធ្លី និង
· ការរឹតត្បិតសិទ្ធិសេរីភាពរបស់សហជីពកម្មករ
· ការបន្តធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំងក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ និង
· ចុងក្រោយការបន្តចាប់ឃុំខ្លួន និងចោទប្រកាន់មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិនៅមូលដ្ឋានជាទ្រង់ទ្រាយធំ ដោយសារតែចោទប្រកាន់អ្នកទាំងនោះ ដោយសារតែគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី វិលទៅកម្ពុជាវិញនោះ។
របាយការណ៍នោះ សង្កត់ធ្ងន់ថា យោងតាមការវាយតម្លៃជាទូទៅ លើស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា គណៈកម្មការអឺរ៉ុបរកឃើញថា រដ្ឋាភិបាលក្រុងភ្នំពេញ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធទៅលើមាត្រា ២៥ នៃអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) និងរំលោភធ្ងន់ធ្ងរទៅលើគោលការណ៍សិទ្ធិការងារ នៃអង្គការអន្តរជាតិខាងការងារ (ILO) ដែលទាំងនេះជាគោលការណ៍កំណត់ ដែលមិនត្រូវរំលោភបំពាន ដូចមានចែងក្នុងបញ្ញត្តិត្រង់មាត្រា ១៩ នៃលក្ខខណ្ឌស្ដីពីការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅដល់កម្ពុជា។
មាត្រា ២៥ នៃកតិកាសញ្ញា អន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ (ICCPR) ចែងថា កតិកាសញ្ញានេះទទួលស្គាល់ និងការពារសិទ្ធិពលរដ្ឋគ្រប់រូប ក្នុងការចូលរួមក្នុងកិច្ចការសាធារណៈ សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិទទួលបានសេវាសាធារណៈ។ មិនថា រដ្ឋធម្មនុញ្ញ ឬ រដ្ឋាភិបាលមានទម្រង់បែបណានោះឡើយ គឺកតិកាសញ្ញានេះ តម្រូវឲ្យរដ្ឋទាំងឡាយ អនុវត្តតាមបញ្ញត្តិ និងវិធានការចាំបាច់ដទៃទៀត ដើម្បីធានាឲ្យប្រជាពលរដ្ឋ មានឱកាសប្រកបដោយប្រសិទ្ធភាព ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន ដូចដែលបានការពារដោយច្បាប់។ មាត្រា ២៥ នេះឈរលើគោលការណ៍ប្រជាធិបតេយ្យនៃការដឹកនាំ ដោយផ្អែកលើការពេញចិត្ត និងយល់ព្រមពីប្រជាពលរដ្ឋ។
មាត្រា ១៩ នៃបញ្ញត្តិស្ដីពីការផ្ដល់ការអនុគ្រោះពន្ធ ចែងអំពីលក្ខខណ្ឌទាំងឡាយ ដែលព្យួរការអនុគ្រោះពន្ធ ដែលរួមមានករណីដែលមានការរំលោភបំពានធ្ងន់ធ្ងរ និងជាប្រព័ន្ធទៅលើគោលការណ៍ ដែលមានចែងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ (ICCPR) និង ការរំលោភធ្ងន់ធ្ងរ ទៅលើគោលការណ៍សិទ្ធិការងារ នៃអង្គការអន្តរជាតិខាងការងារ (ILO)។
ការរំលោភលក្ខខណ្ឌទាំងនេះ ប៉ះពាល់ដល់ការបន្តប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជាតទៅទៀត។
ក្នុងរបាយការណ៍បឋម គណៈកម្មការអឺរ៉ុប រកឃើញសម្អាងហេតុនៃការរំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ជាច្រើនករណី ដែលអាចតម្រូវឲ្យគណៈកម្មការអឺរ៉ុប ព្យួរការអនុគ្រោះពន្ធពីកម្ពុជា។ ទោះជាយ៉ាងនេះក្តី តាមនីតិវិធី របបក្រុងភ្នំពេញ មានពេលមួយខែ ដែលនៅសល់តែ ២៥ថ្ងៃចុងក្រោយនេះ ដើម្បីស្រាយបំភ្លឺ និងចាត់វិធានការជាក់ស្តែង ដោយស្មោះស និងមានប្រសិទ្ធភាព ដើម្បីតប និងជំទាស់ទៅនឹងការរកឃើញទាំងនេះ។
លោក ហ៊ុន សែន ដែលធ្លាប់តែចចេស មិនព្រមស្តារស្ថានការណ៍នេះឡើងវិញ និងធ្លាប់ឌឺថា បើទោះបីជាអត់ EBA ក៏កម្ពុជាមិនស្លាប់ និងថែមទាំងធ្លាប់រុញឲ្យសហភាពអឺរ៉ុប ប្រញាប់ផ្ដាច់វាទៀតផងនោះ ស្រាប់តែក្រោយរបាយការណ៍គណៈកម្មការអឺរ៉ុបនោះចេញភ្លាម លោកចាប់ផ្ដើមចាត់វិធានការយ៉ាងតក់ក្រហល់ ដោយត្រឹមតែបីថ្ងៃសោះ លោកបានបញ្ជាឲ្យតុលាការដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលលោកបញ្ជាឲ្យចាប់ក្នុងរយៈពេលជាងបីខែចុងក្រោយនេះ ស្ទើរតែទាំងអស់មកវិញ។ មិនតែប៉ុណ្ណោះ ចៅក្រមស៊ើបអង្កេតឯណោះ ក៏បានបិទបញ្ចប់ការស៊ើបសួរក្នុងសំណុំរឿងលោក កឹម សុខា ភ្លាមៗ ដែរ ក្រោយសម្រេចលែងឃុំខ្លួនលោកនៅក្នុងផ្ទះ សំណុំរឿងនយោបាយនេះ អូសបន្លាយពេលជាងពីរឆ្នាំមកហើយ។
ទោះជាចុងក្រោយនេះ មានការវិវឌ្ឍវិជ្ជមានខ្លះក្តី ក៏មន្ត្រីសិទ្ធិមនុស្សអន្តរជាតិថា របបលោក ហ៊ុន សែន ខើចពេលណាស់ហើយ។ នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ថ្លែងថា បន្ធូរភាពតានតឹងផ្នែកនយោបាយខ្លះនាពេលថ្មីៗ នេះ គឺជាការប៉ុនប៉ង នៅនាទីចុងក្រោយប៉ុណ្ណោះ ដើម្បីបង្វែរកំហឹងរបស់សហភាពអឺរ៉ុប ជុំវិញការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ។
លោកបន្តថា នេះជាការឆ្លើយតបដ៏តិចតួចស្ដួចស្ដើង និងយឺតពេលណាស់ទៅហើយ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ក៏យល់ថា ចំណាត់ការនាពេលថ្មីៗ របស់របបក្រុងភ្នំពេញនេះ គឺគ្រាន់តែជាចំណែកដ៏តូចមួយក្នុងចំណោមវិធានការជាច្រើន ដែលរដ្ឋាភិបាលត្រូវធ្វើ ដើម្បីបំពេញទៅតាមលក្ខខណ្ឌរបស់សហគមន៍អន្តរជាតិ។ លោកបន្ថែមថា ប្រសិនបើកម្ពុជាចង់រក្សាឋានៈអនុគ្រោះពន្ធ EBA ឬក៏ GSP អាមេរិក គឺរដ្ឋាភិបាលកម្ពុជា គួរតែលើកលែងការចោទប្រកាន់លើលោក កឹម សុខា និងផ្តល់នីតិសម្បទា ទៅដល់អ្នកនយោបាយជាង ១០០នាក់របស់គណបក្សសង្គ្រោះជាតិ ហើយធ្វើវិសោធនកម្មច្បាប់មួយចំនួន ដែលរឹតត្បិតសេរីភាពសារព័ត៌មាន សេរីភាពសង្គមស៊ីវិល និងសហជីពជាដើមនោះ។
ស្របពេលដែលពេលវេលាកាន់តែខើច ក្តីកង្វល់ពីផលប៉ះពាល់នៃការព្យួរការអនុគ្រោះពន្ធនេះ ក៏កាន់តែមានច្រើនឡើង។ អ្នកដែលរងផលប៉ះពាល់ជាងគេ គឺកម្មករនិយោជិតវិស័យរោងចក្រកាត់ដេរ។ ថៅកែរោងចក្រ ក៏ព្រួយបារម្ភច្រើនដែរ ព្រោះអ្នកបញ្ជាទិញបន្ថយការបញ្ជាទិញជាបណ្ដើរៗ ទៅហើយ តាំងពីដើមឆ្នាំ ២០១៩ មកម្ល៉េះ។
មន្រ្តីរបបក្រុងភ្នំពេញឯណោះ បន្តថ្លែងសារមិនស៊ីសង្វាក់គ្នា ជុំវិញគោលជំហររក្សាការអនុគ្រោះពន្ធនេះ។ មន្រ្តីជាន់ខ្ពស់គណបក្សកាន់អំណាចលោក ឈាង វុន ធ្លាប់អះអាងតាំងពីខែតុលា ឆ្នាំ ២០១៨ ថា ការចរចាជាមួយសហភាពអឺរ៉ុប កើតមានជាហូរហែ តាំងពីសហភាពអឺរ៉ុប ថ្កោលទោសចំពោះការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនេះតាំងពីដំបូងៗ មកម្ល៉េះ៖ «យើងធ្វើការក្រោមតុច្រើន។ យើងនិយាយនៅក្នុងវេទិកាអ្នកការទូតសភា គឺការងារភាគច្រើន ការងារក្រោមតុហ្នឹងហើយ»។
ប៉ុន្តែ មន្ត្រីនាំពាក្យរបបក្រុងភ្នំពេញលោក ផៃ ស៊ីផាន ថ្មីៗនេះ ប្រកែកដាច់អហង្ការ រឿងការណ៍ដែលថាមានការចរចាជាមួយសហភាពអឺរ៉ុបនេះ៖ «មិនមែនជាការចរចាទេ កុំប្រើពាក្យចរចា » ។
ចំណែកលោក ហ៊ុន សែន ដែលថ្លែងសារជាប្រចាំ ថាមិនខ្វល់នឹងបាត់ការអនុគ្រោះពន្ធ EBA នេះទេ បើគេកាត់ឲ្យគេកាត់ទៅចុះ ស្រាប់តែពេលថ្មីៗនេះ ក៏ថ្លែងសារថា លោកចង់រក្សា EBA នេះដែរ៖ «យើងមិនចង់ឲ្យបាត់ទេ »។
ប៉ុន្តែភ្លាមនោះ លោកថា បើបាត់ក៏មិនអីដែរ ព្រោះរបបលោកបានត្រៀមខ្លួនរួចរាល់តាំងពីខែ មីនា មកម្ល៉េះ ដើម្បីទប់ទល់នឹងការបាត់ការអនុគ្រោះពន្ធនេះ។ លោកអះអាងថា អ្វីដែលសហភាពអឺរ៉ុបទាមទារនោះ របបលោកមិនអាចធ្វើតាមបានទេ ព្រោះវាធ្វើឲ្យកម្ពុជាបាត់ម្ចាស់ការខ្លួនឯង៖ «យើងមិនអាចយកអធិបតេយ្យរបស់យើង ទៅដោះដូរជាមួយនឹងជំនួយ ឬការអនុគ្រោះណាទេ។ អ្វីដែលយើងខិតខំធ្វើ យើងធ្វើបាន យើងធ្វើ។ តែអ្វីដែលយើងធ្វើមិនបាន អត់ទេ ! យកអាហ្នឹងមកដោះដូរជាមួយច្បាប់ ជាមួយឯករាជ្យរបស់យើងហើយ យើងក៏មិនអាចទទួលយកបានដែរ។ អ៊ីចឹងបើគេឲ្យបង់ពន្ធ យើងបង់ពន្ធឲ្យគេទៅ »។
កន្លងមក អ្វីដែលរបបក្រុងភ្នំពេញធ្វើមិនបាននោះ គឺការស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ឲ្យស្របតាមការទាមទាររបស់សហភាពអឺរ៉ុប។
បើរបបក្រុងភ្នំពេញ នៅតែខកខានមិនបានស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទៅតាមការទាមទាររបស់សហភាពអឺរ៉ុបនោះ គណៈកម្មការអឺរ៉ុប នឹងសម្រេចព្យួរការអនុគ្រោះពន្ធ EBAនេះ នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២០។ ក្រោយសម្រេចជាស្ថាពរថា ព្យួរការអនុគ្រោះពន្ធនេះហើយ សភាពអឺរ៉ុបនឹងចាប់ផ្តើមយកពន្ធលើទំនិញនាំចេញពីកម្ពុជាទៅទីផ្សារអឺរ៉ុប នៅខែសីហា ឆ្នាំ២០២០។
បើបាត់បង់ការអនុគ្រោះពន្ធនេះ កម្ពុជានឹងខាតបង់ទឹកប្រាក់ដែលចំណេញពីការអនុគ្រោះពន្ធនេះប្រមាណ ៧០០លានដុល្លារ ក្នុងមួយឆ្នាំ។ ការបាត់ការអនុគ្រោះពន្ធនេះ ក៏នឹងប៉ះពាល់ដល់ការនាំចេញទៅទីផ្សារអឺរ៉ុប ដែលកាលពីឆ្នាំ ២០១៨ កន្លងទៅ កម្ពុជានាំទំនិញចេញទៅផ្សារអឺរ៉ុប គិតជាទឹកប្រាក់ ៥,៣ លានអឺរ៉ូ (ឬជិត ៦ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ។ វិស័យវាយនភណ្ឌ ឬ រោងចក្រកាត់ដេរ នឹងរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែ ៧៥% នៃទំនិញនាំចេញទៅទីផ្សារអឺរ៉ុប គឺជាផលិតផលវាយនភណ្ឌ មានសំលៀកបំពាក់ និងស្បែកជើង ដែលមានទំហំទឹកប្រាក់ ៤ពាន់លានអឺរ៉ូ (ឬជិត ៤,៤២ ពាន់លានដុល្លារ)។
អ្នកវិភាគនយោបាយ និងសង្គម រួមទាំងតំណាងសហជីពកម្មករមួយចំនួនផង សុទ្ធតែធ្លាប់លើកឡើងថា ជម្រើសសម្រាប់របបក្រុងភ្នំពេញ គឺមានតែមួយគត់ នោះគឺស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ ជាថ្នូរនឹងការបន្តទទួលបានការអនុគ្រោះពន្ធនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។