អ្នកឧកញ៉ា គួច ម៉េងលី សង្ឃឹម​ថា ក្រុមហ៊ុន CIC និង​អាជ្ញាធរ​ដោះ​ស្រាយ​បញ្ហា ប្រាក់​វិនិយោគ​ឱ្យ​ជន​រងគ្រោះ

ដោយ ខាន់ លក្ខិណា
2024.04.02
អ្នកឧកញ៉ា គួច ម៉េងលី សង្ឃឹម​ថា ក្រុមហ៊ុន CIC និង​អាជ្ញាធរ​ដោះ​ស្រាយ​បញ្ហា ប្រាក់​វិនិយោគ​ឱ្យ​ជន​រងគ្រោះ អ្នក​ឧកញ៉ា គួច ម៉េងលី អតីត​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ស៊ីអាយស៊ី (CIC) ពេល​លោក​ចូលរួម​​សន្និបាទ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន ស៊ីអាយស៊ី លើក​ទី៦ កាល​ពី​ថ្ងៃ​ទី១ ខែកុម្ភៈ ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុកក្រុមហ៊ុន ស៊ីអាយស៊ី (CIC)

អតីត​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ស៊ីអាយស៊ី អ្នក​ឧកញ៉ា គួច ម៉េងលី សង្ឃឹម​ថា ក្រុមហ៊ុន ស៊ីអាយស៊ី នឹង​ដោះស្រាយ​បញ្ហា​ជាមួយ​អាជ្ញាធរ ដើម្បី​រក​យុត្តិធម៌​ឱ្យ​ជន​រង​គ្រោះ ដែល​បាន​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​មួយ​នេះ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​រដ្ឋាភិបាល កាល​ពី​ពេល​ថ្មីៗ បាន​ចេញ​មុខ​បំភ្លឺ និង​ប្ដេជ្ញា​យក​ចិត្ត​ទុក​ដាក់​ស្វែងរក​ដំណោះស្រាយ ករណី​បាត់​លុយ​ក្នុង​ក្រុមហ៊ុន ស៊ីអាយស៊ី។

អ្នកឧកញ៉ា គួច ម៉េងលី ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២ មេសា ថា ចាប់​តាំង​ពី​ថ្ងៃ ដែល​លោក​បង្ហោះ​សារ​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អ្វី​ទេ ប៉ុន្តែ​លោក​សង្ឃឹម​ថា ក្រុមហ៊ុន នឹង​ដោះស្រាយ​បញ្ហា​នេះ ជាមួយ​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ ពី​តំណាង​ក្រុមហ៊ុន ស៊ីអាយស៊ី (CIC) និង​ស្ថាបនិក​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន ស៊ីអាយស៊ី និង​ជា​គ្រូ​ជោគជ័យ លោក ឃីម សុខហេង បាន​ទេ នៅ​ថ្ងៃ​ទី២ មេសា ដោយ​ទូរស័ព្ទ ចូល​គ្មាន​អ្នក​ទទួល។

ទាក់ទង​នឹង​បញ្ហា​នៅ​ក្រុមហ៊ុន ស៊ីអាយស៊ី នេះ​ដែរ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី លោក ព្រាប កុល បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី២ មេសា ថា លោក​បាន​ទទួល​ការ​អនុញ្ញាត​ពី​ថ្នាក់​ដឹកនាំ​របស់​លោក ឱ្យ​ផ្សព្វផ្សាយ​លិខិត​ឆ្លើយឆ្លង​រវាង​លោក​ជាមួយ និង​ប្រធាន​គណៈកម្មការ​គ្រប់គ្រង និង​ស្ដារ​នៃ​ក្រុមហ៊ុន ស៊ីអាយស៊ី (CIC) ដែល​លោក​បាន​ចម្លង​ជូន​ថ្នាក់​ដឹកនាំ​កំពូល គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត។

លោក ព្រាប កុល បាន​លើក​ហេតុផល នៃ​ការ​ផ្សាយ​លិខិត​ពីរ​ច្បាប់ ថា ដោយ​សារ​ថ្មីៗ នេះ មាន​ក្រុម​អ្នក​វិភាគ និង​សារព័ត៌មាន​នៅ​ក្រៅ​ប្រទេស មួយ​ចំនួន បាន​ព្យាយាម​ទាញ​ភ្ជាប់​លោក​ទៅ​នឹង​បញ្ហា​របស់ CIC ដែល​មាន​ការ​ផ្សព្វផ្សាយ ជា​ហូរហែ ដោយ​លើក​យក​អំណះអំណាង​ប្រតិដ្ឋ មួល​បង្កាច់​ចោទ លោក ដោយ​គ្មាន​ភស្តុតាង​របស់​ជន​ជាប់​ចោទ គឺ​លោក យ៉ង ប៉ាក់។

លោក ព្រាប កុល អះអាង​ថា សំណុំរឿង​លោក យ៉ង ប៉ាក់ ដែល​លោក​បាន​ប្ដឹង ហើយ​តុលាការ​ចាប់​លោក យ៉ង ប៉ាក់ ដាក់​គុក​នោះ កំពុង​ស្ថិត​ក្នុង​នីតិវិធី​របស់ តុលាការ ដូច្នេះ លោក​មិន​ទាន់​អាច​អត្ថាធិប្បាយ ឬ​បង្ហាញ​ភស្តុតាង និង កំណត់ ហេតុ​សារភាព​របស់​លោក យ៉ង ប៉ាក់ បាន​នៅ​ឡើយ​ទេ។

លោក យ៉ង ប៉ាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​គុក តាម​បណ្ដឹង​របស់​លោក ព្រាប កុល ដោយ​គ្រាន់​តែ​សំអាង​លើ​លិខិត​បំភ្លឺ​ពីរ​ទំព័រ​ពី​ក្រុមហ៊ុន ស៊ីអាយស៊ី ដែល​ថា លោក ព្រាប កុល មិន​ពាក់ព័ន្ធ។ ប៉ុន្តែ​មិន​បង្ហាញ ការ​ស៊ើបអង្កេត ហ្មត់ចត់​ឡើយ។

លោក យ៉ង ប៉ាក់ ធ្លាប់​បាន​អះអាង​នៅ​មុន​ការ​ចាប់​ខ្លួន​ថា លោក​មាន ភស្តុតាង ដែល​បញ្ជាក់​អំពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​លោក ព្រាប កុល ក្នុង​ការ​កិបកេង​លុយ​ជាង ៨០លាន​ដុល្លារ ដែល​ជា​ប្រាក់​វិនិយោគ​របស់​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន ស៊ីអាយស៊ី។

អ្នក​សិក្សា​ផ្នែក​ច្បាប់​លោក វ៉ន ចាន់ឡូត ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២ មេសា ថា ករណី​លោក យ៉ង់ ប៉ាក់ ចោទ​ប្រកាន់​លើ​លោក ព្រាប កុល មាន​តែ​សមត្ថកិច្ច និង​តុលាការ​ទេ ដែល​អាច​បញ្ជាក់​បាន។ លោក​ថា សមត្ថកិច្ច​គួរ​ស៊ើប​អង្កេត​ឱ្យ​ច្បាស់លាស់ ហើយ​តុលាការ​ត្រូវ​បើក​លទ្ធភាព​ឱ្យ​លោក យ៉ង់ ប៉ាក់ បង្ហាញ​ភស្តុតាង និង​តតាំង​ក្ដី​ជាមួយ​លោក ព្រាប កុល។

ចំណែក​អ្នក​ប្រឹក្សាយោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​សិក្សា​ស្រាវជ្រាវ លោក សេក សុជាតិ លើក​ឡើង​ថា ប្រសិនបើ​សមត្ថកិច្ច​យឺតយ៉ាវ ក្នុង​ការ​ស៊ើបអង្កេត​នេះ គឺ​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ដូចជា ការ​ខ្លាច​ឥទ្ធិពល​អ្នក​នៅ​ពី​ក្រោយ​ខ្នង នៃ​ក្រុមហ៊ុន ស៊ីអាយស៊ី។ លោក​ថា សាធារណជន​ចង់​ឃើញ​ការ​ស៊ើបអង្កេត​មួយ ប្រកប​ដោយ​តម្លាភាព គណនេយ្យភាព និង​យុត្តិធម៌ ។

កាល​ពី​ថ្ងៃ​ទី២៣ ខែមីនា អតីត​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ស៊ីអាយស៊ី អ្នកឧកញ៉ា គួច ម៉េងលី ស្នើ​ឱ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត ករណី​បាត់​លុយ​មូលនិធិ CIC ដើម្បី​ផ្ដល់ យុត្តិធម៌​ជូន​ជន​រង​គ្រោះ។ ប៉ុន្តែ រយៈ​ពេល​ជាង ១សប្ដាហ៍​មក​នេះ សមត្ថកិច្ច មិន​ទាន់​បង្ហាញ​ពី​លទ្ធផល​ស៊ើបអង្កេត​នៅ​ឡើយ។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​រង នៃ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២ មេសា ថា ការ​ស៊ើប​អង្កេត ជា​ជំនាញ​សម្ងាត់​របស់​សមត្ថកិច្ច មិន​អាច​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ​ទេ។

អ្នកឧកញ៉ា គួច ម៉េងលី លើក​ឡើង​ថា បើ​មិន​រក​យុត្តិធម៌ និង​បណ្ដោយ​ឱ្យ​រឿង​បែប​នេះ បន្ត​កើត​ឡើង​ទៀត ប្រជាជន​នឹង​បាត់បង់​ជំនឿ​លើ​រដ្ឋាភិបាល និង​ប្រព័ន្ធ​យុត្តិធម៌ ហើយ​រដ្ឋាភិបាល នឹង​បាត់បង់​ជំនឿ​ពី​សហគមន៍​អន្តរជាតិ ហើយ​នឹង​ឈាន​ទៅ​ដល់​ការ​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។