អតីតក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ស៊ីអាយស៊ី អ្នកឧកញ៉ា គួច ម៉េងលី សង្ឃឹមថា ក្រុមហ៊ុន ស៊ីអាយស៊ី នឹងដោះស្រាយបញ្ហាជាមួយអាជ្ញាធរ ដើម្បីរកយុត្តិធម៌ឱ្យជនរងគ្រោះ ដែលបានដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុនមួយនេះ។ ការលើកឡើងនេះ បន្ទាប់ពីរដ្ឋាភិបាល កាលពីពេលថ្មីៗ បានចេញមុខបំភ្លឺ និងប្ដេជ្ញាយកចិត្តទុកដាក់ស្វែងរកដំណោះស្រាយ ករណីបាត់លុយក្នុងក្រុមហ៊ុន ស៊ីអាយស៊ី។
អ្នកឧកញ៉ា គួច ម៉េងលី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ មេសា ថា ចាប់តាំងពីថ្ងៃ ដែលលោកបង្ហោះសារមកដល់ពេលនេះ លោកមិនទាន់ទទួលបានព័ត៌មានអ្វីទេ ប៉ុន្តែលោកសង្ឃឹមថា ក្រុមហ៊ុន នឹងដោះស្រាយបញ្ហានេះ ជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺបញ្ហានេះ ពីតំណាងក្រុមហ៊ុន ស៊ីអាយស៊ី (CIC) និងស្ថាបនិកជាន់ខ្ពស់នៃក្រុមហ៊ុន ស៊ីអាយស៊ី និងជាគ្រូជោគជ័យ លោក ឃីម សុខហេង បានទេ នៅថ្ងៃទី២ មេសា ដោយទូរស័ព្ទ ចូលគ្មានអ្នកទទួល។
ទាក់ទងនឹងបញ្ហានៅក្រុមហ៊ុន ស៊ីអាយស៊ី នេះដែរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ព្រាប កុល បានសរសេរនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២ មេសា ថា លោកបានទទួលការអនុញ្ញាតពីថ្នាក់ដឹកនាំរបស់លោក ឱ្យផ្សព្វផ្សាយលិខិតឆ្លើយឆ្លងរវាងលោកជាមួយ និងប្រធានគណៈកម្មការគ្រប់គ្រង និងស្ដារនៃក្រុមហ៊ុន ស៊ីអាយស៊ី (CIC) ដែលលោកបានចម្លងជូនថ្នាក់ដឹកនាំកំពូល គឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។
លោក ព្រាប កុល បានលើកហេតុផល នៃការផ្សាយលិខិតពីរច្បាប់ ថា ដោយសារថ្មីៗ នេះ មានក្រុមអ្នកវិភាគ និងសារព័ត៌មាននៅក្រៅប្រទេស មួយចំនួន បានព្យាយាមទាញភ្ជាប់លោកទៅនឹងបញ្ហារបស់ CIC ដែលមានការផ្សព្វផ្សាយ ជាហូរហែ ដោយលើកយកអំណះអំណាងប្រតិដ្ឋ មួលបង្កាច់ចោទ លោក ដោយគ្មានភស្តុតាងរបស់ជនជាប់ចោទ គឺលោក យ៉ង ប៉ាក់។
លោក ព្រាប កុល អះអាងថា សំណុំរឿងលោក យ៉ង ប៉ាក់ ដែលលោកបានប្ដឹង ហើយតុលាការចាប់លោក យ៉ង ប៉ាក់ ដាក់គុកនោះ កំពុងស្ថិតក្នុងនីតិវិធីរបស់ តុលាការ ដូច្នេះ លោកមិនទាន់អាចអត្ថាធិប្បាយ ឬបង្ហាញភស្តុតាង និង កំណត់ ហេតុសារភាពរបស់លោក យ៉ង ប៉ាក់ បាននៅឡើយទេ។
លោក យ៉ង ប៉ាក់ ត្រូវបានអាជ្ញាធរចាប់ដាក់គុក តាមបណ្ដឹងរបស់លោក ព្រាប កុល ដោយគ្រាន់តែសំអាងលើលិខិតបំភ្លឺពីរទំព័រពីក្រុមហ៊ុន ស៊ីអាយស៊ី ដែលថា លោក ព្រាប កុល មិនពាក់ព័ន្ធ។ ប៉ុន្តែមិនបង្ហាញ ការស៊ើបអង្កេត ហ្មត់ចត់ឡើយ។
លោក យ៉ង ប៉ាក់ ធ្លាប់បានអះអាងនៅមុនការចាប់ខ្លួនថា លោកមាន ភស្តុតាង ដែលបញ្ជាក់អំពីការជាប់ពាក់ព័ន្ធរបស់លោក ព្រាប កុល ក្នុងការកិបកេងលុយជាង ៨០លានដុល្លារ ដែលជាប្រាក់វិនិយោគរបស់ពលរដ្ឋជាមួយក្រុមហ៊ុន ស៊ីអាយស៊ី។
អ្នកសិក្សាផ្នែកច្បាប់លោក វ៉ន ចាន់ឡូត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ មេសា ថា ករណីលោក យ៉ង់ ប៉ាក់ ចោទប្រកាន់លើលោក ព្រាប កុល មានតែសមត្ថកិច្ច និងតុលាការទេ ដែលអាចបញ្ជាក់បាន។ លោកថា សមត្ថកិច្ចគួរស៊ើបអង្កេតឱ្យច្បាស់លាស់ ហើយតុលាការត្រូវបើកលទ្ធភាពឱ្យលោក យ៉ង់ ប៉ាក់ បង្ហាញភស្តុតាង និងតតាំងក្ដីជាមួយលោក ព្រាប កុល។
ចំណែកអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការសិក្សាស្រាវជ្រាវ លោក សេក សុជាតិ លើកឡើងថា ប្រសិនបើសមត្ថកិច្ចយឺតយ៉ាវ ក្នុងការស៊ើបអង្កេតនេះ គឺបង្ហាញពីភាពមិនប្រក្រតីមួយចំនួន ដូចជា ការខ្លាចឥទ្ធិពលអ្នកនៅពីក្រោយខ្នង នៃក្រុមហ៊ុន ស៊ីអាយស៊ី។ លោកថា សាធារណជនចង់ឃើញការស៊ើបអង្កេតមួយ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ។
កាលពីថ្ងៃទី២៣ ខែមីនា អតីតក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ស៊ីអាយស៊ី អ្នកឧកញ៉ា គួច ម៉េងលី ស្នើឱ្យរដ្ឋាភិបាលស៊ើបអង្កេត ករណីបាត់លុយមូលនិធិ CIC ដើម្បីផ្ដល់ យុត្តិធម៌ជូនជនរងគ្រោះ។ ប៉ុន្តែ រយៈពេលជាង ១សប្ដាហ៍មកនេះ សមត្ថកិច្ច មិនទាន់បង្ហាញពីលទ្ធផលស៊ើបអង្កេតនៅឡើយ។
ជុំវិញរឿងនេះ អ្នកនាំពាក្យរង នៃក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ មេសា ថា ការស៊ើបអង្កេត ជាជំនាញសម្ងាត់របស់សមត្ថកិច្ច មិនអាចផ្សព្វផ្សាយជាសាធារណៈនោះទេ។
អ្នកឧកញ៉ា គួច ម៉េងលី លើកឡើងថា បើមិនរកយុត្តិធម៌ និងបណ្ដោយឱ្យរឿងបែបនេះ បន្តកើតឡើងទៀត ប្រជាជននឹងបាត់បង់ជំនឿលើរដ្ឋាភិបាល និងប្រព័ន្ធយុត្តិធម៌ ហើយរដ្ឋាភិបាល នឹងបាត់បង់ជំនឿពីសហគមន៍អន្តរជាតិ ហើយនឹងឈានទៅដល់ការបំផ្លិចបំផ្លាញសេដ្ឋកិច្ចកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
