កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​នៅ​ឆ្នាំ​២០១៩ បាន​ជាង ៦​សែន​តោន

0:00 / 0:00

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បង្ហាញ​ទិន្នន័យ​ថា បរិមាណ​អង្ករ​នាំចេញ ទៅកាន់​ទីផ្សារ​អន្តរជាតិ នៅ​ឆ្នាំ ២០១៩ បាន​ចំនួន​ជាង ៦​សែន (៦២០.១០៦) តោន។ ចំនួន​នេះ ធ្លាក់​ចុះ​ជិត ១ (០,៩៧) ភាគរយ បើ​ធៀប​នឹង​ការនាំចេញ​នៅ​ឆ្នាំ​២០១៨។ ចំណែក​តម្លៃ​សរុប​នៃ​ការ​នាំ​ទំនិញ​ចេញ ក៏បាន​ធ្លាក់​ចុះ​ដែរ គឺ​ធ្លាក់​ចុះ ៤,៣​ភាគរយ​ដែរ ដោយ​ការនាំចេញ​នៅ​ឆ្នាំ​២០១៩ មាន​ទំហំ​ទឹកប្រាក់ ចំនួន​ប្រាំ​រយ​មួយ (៥០១) លាន​ដុល្លារ​អាមេរិក ឯ​កាល​ឆ្នាំ​២០១៨ ការនាំចេញ មាន​ទំហំ​ទឹកប្រាក់ ប្រាំ​រយ​ម្ភៃ​បួន (៥២៤) លាន​ដុល្លារ​អាមេរិក។

ការ​នាំចេញ​អង្ករ​នៅ​ឆ្នាំ​២០១៩ ទៅ​ចិន​មាន​ចំនួន​ច្រើន​ជាងគេ (​គឺ ២៤៨.១០៥​តោន ស្មើនឹង ៤០,៧៣%) បន្ទាប់មក គឺ​ទីផ្សារ​អឺរ៉ុប (២០២.៩៩០​តោន ស្មើនឹង ៣២,០១%) ទីផ្សារ​ធំ​ទី​៣ គឺ​ក្នុង​តំបន់​អាស៊ាន (៨៣.១៦៤​តោន​) និង​ទិសដៅ​ផ្សេងទៀត ជាង ៨​ម៉ឺន (៨៥.៨៤៧) តោន។

បើ​ទោះ​ជា​ការនាំចេញ​សរុប បាន​ធ្លាក់ចុះ​ជិត ១​ភាគរយ​ក្ដី ក៏​ការ​នាំ​ចេញទៅ​ប្រទេស​ចិន កើន​ឡើង ជាង ៣០ (៣៣,៣) ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៨​។ ប៉ុន្តែ​ការ​នាំ​ចេញទៅ​អឺរ៉ុប​វិញ ​បាន​ធ្លាក់​ចុះ​ជាង​ឆ្នាំ​២០១៨ ចំនួន​ជាង ២៤ (២៤,៥)​ភាគរយ។

បើ​ទោះ​ជា​ការនាំចេញ​អង្ករ ទៅ​ទីផ្សារ​អឺរ៉ុប ធ្លាក់​ចុះ​យ៉ាង​គំហុក នៅ​រយៈពេល ២​ឆ្នាំ​ចុងក្រោយ នៃ​ការ​យក​ពន្ធ​អង្ករ​នេះ ក៏​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា អ្នកជំនួញ​នៅតែ​អាច​ធ្វើ​បាន និង​ទទួល​បាន​ផល​ចំណេញ​។ លោក​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​បញ្ញវន្ត នៃ​រាជបណ្ឌិត្យសភា​កម្ពុជា កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ថា ការនាំចេញ​អង្ករ​ទៅ​អឺរ៉ុប នៅតែ​ចំណេញ បើ​ទោះ​ត្រូវ​បង់ពន្ធ ខណៈ​កសិករ​ត្អូញត្អែរ​ទូទាំង​ប្រទេស​ថា ទិន្នផល​ស្រូវ​លក់​មិន​ចេញ ឬ​លក់​ក្នុង​តម្លៃ​ថោក​បំផុត​មិន​ធ្លាប់​មាន ហើយ​លក់​មិន​គ្រប់​លុយ​សង​ថ្លៃ​ជី និង​សង​ថ្លៃ​ប្រេង​បូម​ទឹក​ដាក់​ស្រែ​ផង។ តែ​ទោះជា​យ៉ាង​នេះ​ក្ដី លោក ហ៊ុន សែន និង​អាជ្ញាធរ​កសិកម្ម​បន្ទោស​ថា មក​ពី​ស្រូវ​មិនល្អ ទើប​លក់​បាន​តម្លៃ​ថោក។

បើ​ប្រៀបធៀប​ឆ្នាំ​២០១៧ គឺ​នៅ​មុន​ពេល​បង់ពន្ធ​អង្ករ​ឱ្យ​អឺរ៉ុប ការ​នាំ​ចេញ​សម្រាប់​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ធ្លាក់​ចុះ​រហូត​ដល់​ទៅ​ជាង ១ (១,៤៣) ភាគរយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។