ស្ថាប័ន​ជំនាញ​បន្ត​ព្រមាន​ពី​ផល​អវិជ្ជមាន​ធ្ងន់ធ្ងរ​បើ​​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (ភាគ១)

0:00 / 0:00

ស្ថាប័ន​ជំនាញ និង​អ្នក​ពាក់ព័ន្ធ បន្ត​ព្រមាន​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ​ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ» ហៅ​កាត់​ថា EBA ខណៈ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បរាជ័យ​ក្នុង​ការចរចា​ស្វែងរក​ដំណោះស្រាយ​ជាមួយ​សហភាព​អឺរ៉ុប​ជុំវិញ​បញ្ហា​នេះ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​អឺរ៉ុប។ អ្នកវិភាគ​ថា សេដ្ឋកិច្ច​កម្ពុជា នឹង​ជួប​មហន្តរាយ​ធ្ងន់ធ្ងរ ប្រសិនបើ​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​​អឺរ៉ុប​នេះ។

សូម​តាមដាន​ភាគ​ទី​មួយ នៃ​សេចក្ដីរាយការណ៍​ពិស្ដារ​របស់​លោក មាន ឫទ្ធិ ជុំវិញ​បញ្ហា​នេះ​ដូចតទៅ ការព្រមាន​បន្ត​ធ្លាក់​មក​ជា​ហូរហែ ក្រោយ​សហភាព​អឺរ៉ុប ប្រកាស​ជា​ផ្លូវការ​អំពី​ចំណាត់ការ​នីតិវិធី​ក្នុង​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» EBA ពី​កម្ពុជា កាលពីដើម​ខែ​តុលា​នេះ ដោយសារតែ​របប​លោក ហ៊ុន សែន នៅតែ​រឹងទទឹង​មិន​ព្រម​ដោះស្រាយ​វិបត្តិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។

ក្នុង​របាយការណ៍​វិភាគ​មួយ ចេញផ្សាយ​កាលពី​ថ្ងៃទី២០ តុលា ទីភ្នាក់ងារ​វាយតម្លៃ​ចំណាត់ថ្នាក់​ឥណទាន​ពិភពលោក Moody’s Investors Services របស់​សហរដ្ឋអាមេរិក ព្រមាន​ថា ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​នេះ នឹង​បណ្ដាល​ឲ្យ​កម្ពុជា​ប្រឈម​នឹង​ការ​ថមថយ​កំណើន​សេដ្ឋកិច្ច និង​មាន​ចំណាត់ថ្នាក់​អវិជ្ជមាន​ផ្នែក​ឥណទាន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​នេះ ពិបាក​នឹង​ទទួល​បាន​កម្ចី​ពី​បរទេស ឬ​ទទួល​បាន​កម្ចី​ពី​បរទេស​ក្នុង​អត្រា​ការប្រាក់​កម្រិត​ខ្ពស់។ ទីភ្នាក់ងារ​ដដែល​នេះ វិភាគ​ថា ប្រសិនបើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ត្រូវ​បាន​ដកចេញ​ពី​កម្ពុជា​មែន​នោះ នោះ​ការ​កំណត់​អត្រាពន្ធ​ថ្មី ពី​សំណាក់​សហភាព​អឺរ៉ុប នឹង​បណ្ដាល​ឲ្យ​មានការ​បង្កើន​ថ្លៃដើម លើ​មុខទំនិញ​ផលិត​នៅ​កម្ពុជា ដែល​ត្រូវ​នាំចូល​ទៅកាន់​ទីផ្សារ​សហ​ភាព​អឺរ៉ុប ការ​ធ្លាក់​ចុះ​សមត្ថភាព​ប្រកួតប្រជែង​ខាង​តម្លៃ សមត្ថភាព​ទាក់ទាញ​របស់​កម្ពុជា​ធ្វើជា​មូលដ្ឋាន​ផលិតកម្ម និង​ការ​ធ្លាក់​ចុះ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស FDI ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។ ទន្ទឹម​នឹង​នេះ ទីភ្នាក់ងារ Moody’s លើកឡើង​ថា ប្រសិនបើ​សហភាព​អឺរ៉ុប សម្រេចចិត្ត​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែន នោះ​ប្រទេស​លោក​សេរី​ដទៃ​ទៀត រួមមាន​ប្រទេស​អូស្ត្រាលី និង​កាណាដា​ជាដើម អាច​នឹង​ពិចារណា​ធ្វើតាម​សហភាព​អឺរ៉ុប ក្នុង​ការ​ពិនិត្យ​សើរើ​មើល​ឡើងវិញ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែល​ខ្លួន​មាន​ជាមួយ​កម្ពុជា ដែល​ការណ៍​នេះ​នឹង​រឹតតែ​បង្កើន​ផល​ប៉ះពាល់​ទៅលើ​ការនាំចេញ​របស់​កម្ពុជា។

កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ខាង​សមត្ថភាព​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​ទី​១១០ ស្ទើរ​តែ​នៅ​បាត​តារាង ក្នុង​ចំណោម ១៤០​ប្រទេស នៅ​លើ​សកលលោក គឺ​ទាប​ជាង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ រួមមាន​ហ្វីលីពីន ប្រ៊ុយណេ វៀតណាម ស្រីលង្កា បង់ក្លាដេស និង​ប្រទេស​នេប៉ាល់ ដែល​សុទ្ធតែ​ប្រទេស​មាន​សក្ដានុពល​ខាង​ផលិតកម្ម​វាយនភណ្ឌ។ នេះ​បើ​យោង​តាម​របាយការណ៍​ភាព​ប្រកួតប្រជែង​សាកល​ឆ្នាំ​២០១៨ របស់​អង្គការ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) ទើប​ចេញផ្សាយ​កាលពី​ថ្ងៃទី១៦ តុលា ឆ្នាំ​២០១៨។

បន្ថែម​ពីលើ​ការព្រមាន និង​ការ​រកឃើញ​នេះ ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទស្សនាវដ្តី Southeast Asia Globe លោក ម៉ាកូ កាលីនណា (Marco Kalinna) សមាជិក​គណៈកម្មការ​នាយក​នៃ​ក្រុម​ធុរកិច្ច​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា (German Business Group in Cambodia) ថ្លែង​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ នឹង​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ជា​អវិជ្ជមាន​ទៅលើ​ឧស្សាហកម្ម​នេះ​ស្ទើរ​តែ​ទាំងស្រុង។ លោក​ថា មិន​ត្រឹមតែ​អ្នក​ផលិត​ទេ ដែល​នឹង​ត្រូវ​រង​ការ​ប៉ះពាល់ ភាគី​ទី​បី ដូចជា ក្រុមហ៊ុន សេវាកម្ម​ដឹកជញ្ជូន​ក្នុងស្រុក និង​អន្តរជាតិ អាជីវកម្ម​ផ្គត់ផ្គង់​ម្ហូបអាហារ និង​ប្រតិបត្តិ​ករ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ ជាដើម ក៏​នឹង​ទទួលរង​នូវ​ការ​ប៉ះពាល់​ពី​វិស័យ​វាយនភណ្ឌ ដែល​នឹង​ត្រូវ​កាត់បន្ថយ​នេះ​ដែរ។ លោក​បន្ត​ថា ការពិនិត្យ​សើរើ​មើល​ឡើងវិញ​របស់​សហភាព​អឺរ៉ុប លើ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ អាច​នឹង​រារាំង​ក្រុម​អ្នកបញ្ជា​ទិញ ពី​ការសម្រេចចិត្ត​បន្ត​បញ្ជា​ទិញ​ផលិតផល​នៅ​កម្ពុជា ព្រោះ​ក្រុម​អ្នកបញ្ជា​ទិញ​ទាំងនេះ ត្រូវ​ការ​ធ្វើ​ផែនការ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ៦​ខែ នៅមុន​រដូវ​កាល​សង្វាក់​ផលិតកម្ម​ថ្មី​ចូល​មក​ដល់។

ដោយឡែក សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC បាន​ហៅ​គម្រោង​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» ឬ EBA របស់​សហភាព​អឺរ៉ុប ជា​បណ្ដោះអាសន្ន​នេះ ថា​គឺជា «​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​» មួយ សម្រាប់​វិស័យ​ឯកជន រួម​ទាំង​វិនិយោគិន កម្មករ​និយោជិត និង​អ្នកបញ្ជា​ទិញ។ សមាគម​នេះ ទទួលស្គាល់​ថា ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជា​បណ្ដោះអាសន្ន ឬ​ការសម្រេច​ដាក់ទណ្ឌកម្ម​រយៈពេល​ខ្លី​ណាមួយ​ជា​ឯកតោ​ភាគី​​របស់​សហភាព​អឺរ៉ុប មក​លើ​កម្ពុជា នឹង​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​រយៈពេល​យូរអង្វែង ដល់​ជីវភាព​របស់​កម្មករ​និយោជិក និង​ក្រុម​គ្រួសារ​របស់​ពួកគាត់ និង​ថា រាល់​ការវិវត្តន៍​ទាំងអស់​ដែល​កម្ពុជា សម្រេច​បាន​ក្នុង​រយៈពេល ២​ទស្សវត្សរ៍​​ចុងក្រោយ​នេះ តាមរយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​ដៃគូ​អភិវឌ្ឍន៍ ដូចជា សហភាព​អឺរ៉ុប​ផង អាច​នឹង​ត្រូវ​បាន​បំផ្លាញ​ចោល​យ៉ាង​ឆាប់រហ័ស ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។

អ្នកវិភាគ​នយោបាយ​បណ្ឌិត មាស នី យល់ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ក្រោម​កម្មវិធី «​គ្រប់​មុខទំនិញ​លើកលែងតែ​អាវុធ​» ឬ EBA មិនមែន​ជា​ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​មក​លើ​កម្ពុជា​នោះ​ទេ។ ក៏ប៉ុន្តែ លោក​ថា បញ្ហា​សំខាន់ គឺ​សហភាព​អឺរ៉ុប មិន​ចង់​ឲ្យ​ការ​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​កម្ពុជា មានការ​ប្រឡាក់ប្រឡូស ឬ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នៃ​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ការ​រម្លាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​ថា ការ​ធ្វើ​ឲ្យ​មានការ​រអាក់រអួល​ណាមួយ ទៅលើ​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ នឹង​មាន​ផល​ប៉ះពាល់​ធំធេង​ដល់​សេដ្ឋកិច្ច​ទាំង​ថ្នាក់​ជាតិ និង​ទាំង​ថ្នាក់​មូលដ្ឋាន៖ «បើសិនជា​យើង​គ្រាន់តែ​និយាយ​ត្រឹមតែ​ការ​ប៉ះពាល់​ទៅដល់​កម្មករ​ម្នាក់ៗ​បាត់បង់​ប្រាក់ខែ​នោះ នោះ​វា​ឃើញ​តិចតួច​ទេ។ ក៏ប៉ុន្តែ​សំខាន់​យើង​ត្រូវ​ទទួល​ស្គាល់​ថា នៅ​ក្នុង​កម្មករ​ម្នាក់​ត្រូវ​ចិញ្ចឹម​មនុស្ស ២ ឬ ៣ នាក់​ទៀត​។ ទោះបីជា​ប្រាក់ខែ​នោះ​មានតែ ១៦៨ ដុល្លារ ឬក៏ ២០០ ដុល្លារ នៅ​ក្នុង​មួយ​ខែ​មែន ក៏ប៉ុន្តែ​គាត់​ម្នាក់ៗ​ត្រូវ​ទទួល​ក្នុង​ការ​ចិញ្ចឹម​ដល់​គ្រួសារ​បងប្អូន​នៅ​ខាងក្រោយ​ដល់​ទៅ ២ ឬ ៣ នាក់​យ៉ាងតិច។ ហើយ​បើ​យើង​មើល​ទៅ​ក្នុង​គ្រួសារ​នៅ​តាម​ជនបទ​ទៀត ចំនួន​ប្រាក់​ដែល​ខ្ចី​ពី​ធនាគារ ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ មាន​រហូត​ទៅដល់ ៣ ពាន់​ទៅ ៤ ពាន់​លាន​ដុល្លារ។ នេះ​នៅ​ជំពាក់​ប្រាក់។ មាន​ភូមិ​ខ្លះ​រហូតដល់ ៨០ ទៅ ៩០ ភាគរយ គឺ​ពាន់​ព័ន្ធ​នឹង​ការ​ខ្ចី​ប្រាក់​នេះឯង។ ការ​ខ្ចី​ប្រាក់​នេះ គឺ​សង្ឃឹម​ទៅលើ​បាន​ប្រាក់​សំណង ដែល​បាន​ពី​ប្រាក់ខែ​មក​ហ្នឹង យក​ទៅ​សង​បណ្ដោះ​គេ ហើយ​យក​លុយ​នេះ អាច​ទៅ​សង់ផ្ទះ ឬ​ទិញ​ម៉ូតូ​ថ្មី ដើម្បី​ជិះ ដែល​យើង​ឃើញ​ជាក់ស្ដែង​សម្រាប់​ជីវិត​កម្មករ»។

បើ​តាម​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ឬ GMAC វិស័យ​វាយនភណ្ឌ និង​ស្បែកជើង​នៅ​កម្ពុជា ផ្ដល់​ការងារ​ដោយ​ផ្ទាល់​ដល់​កម្មករ​និយោជិក​សរុប​ប្រមាណ ៧ សែន​នាក់ ក្នុង​នោះ ៨៥% ជា​ស្ត្រី​មកពី​តាម​បណ្ដា​ខេត្ត​ជនបទ។ ក្នុង​មួយ​ខែៗ ទឹក​ប្រាក់​សរុប​ប្រមាណ​ជាង ១៥០ លាន​ដុល្លារ​អាមេរិក ត្រូវ​ចំណាយ​ទៅលើ​កម្មករ​និយោជិក​ទាំងនេះ​។ បន្ថែម​ពីលើ​នេះ ប្រជាពលរដ្ឋ​ប្រមាណ ២ លាន​នាក់​ផ្សេងទៀត​ក៏​កំពុង​ពឹង​ផ្អែកលើ​វិស័យ​នេះ ដោយ​ប្រយោល។ ទិន្នន័យ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទិន្នន័យ CEIC របស់​អាមេរិក ឲ្យ​ដឹង​ថា បំណុល​ពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស​កើន​ឡើង​រហូតដល់​ទៅ ៣ ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០១៨ ដែល​ជា​ចំនួន​ដ៏​ខ្ពស់​បំផុត​មួយ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា យល់​ឃើញ​ថា ក្រៅពី​កម្មករ​និយោជិក និង​អ្នក​នៅ​ក្នុង​បន្ទុក​កម្មករ​និយោជិក ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ក៏​អាច​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​​ផង​ដែរ នៅ​ពេល​ដែល​កម្មករ​និយោជិក​មិន​អាច​រក​ប្រាក់​ដោះ​បំណុល​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ​វិញ​បាន ដោយសារ​បាត់​បង់​ការងារ​ធ្វើ នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ៖ «ខ្ញុំ​ជឿ​ថា បើសិនជា​ដំណាក់​កាល​ទៅ​ដល់​នោះ​មែន ពិបាក​នឹង​ធ្វើ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទៅ​រឹបអូស​យក​ទ្រព្យសម្បត្តិ ដីធ្លី​ផ្ទះសម្បែង​របស់​ពួកគាត់​ណាស់ អាច​រឹបអូស​បាន​មួយ ឬ​ពីរ ប៉ុន្តែ​ប្រសិនជា​ច្រើនពេក គឺ​អាច​នឹង​មាន​ភាព​ចលាចល​នៅ​ក្នុង​សង្គម។ ចង់​មិន​ចង់ ក៏​​រដ្ឋ​​ត្រូវតែ​ចេញ​អន្តរាគមន៍ កុំ​ឲ្យ​មានការ​រឹបអូស​យក​ដីធ្លី ផ្ទះសម្បែង​អីចឹង​ដែរ»។

ក្រៅពី​ការ​លើក​ឡើង​នេះ អ្នកវិភាគ​នយោបាយ​ម្នាក់ទៀត គឺ​លោក គឹម សុខ យល់ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​ប៉ុណ្ណោះ​ទេ តែ​លោក ហ៊ុន សែន ខ្លួនឯង ក៏​នឹង​ត្រូវ​ប្រឈមមុខ​ធ្ងន់ធ្ងរ​ចំពោះ​ការ​រក្សា​ស្ថិរភាព​នៃ​អំណាច​របស់​លោក​ផង​ដែរ ដោយសារតែ​ប្រទេស​ចិន​ដែល​ជា​អ្នក​ជួយ​រក្សា​អំណាច​របស់​លោក ហ៊ុន សែន ជា​អ្នក​ខាតបង់​ប្រយោជន៍​ច្រើន​ជាងគេ​ពី​រឿង​នេះ។ បើ​តាម​លោក គឹម សុខ ប្រទេស​ចិន​បាន​កេង​ចំណេញ​ផល​ប្រយោជន៍​យ៉ាង​ច្រើន​លើសលប់​ពី​ប្រព័ន្ធ EBA របស់​សហភាព​អឺរ៉ុប​នេះ តាមរយៈ​ការ​នាំ​ចូល​វត្ថុធាតុដើម​មក​កម្ពុជា និង​ប្រើ​ទំនិញ​ដែល​ផលិត​នៅ​ចិន តែ​យក​មក​ដាក់​ស្លាក​នៅ​កម្ពុជា ដោយ​ប្រើ​ប្រទេស​កម្ពុជា ធ្វើជា​ឈ្នាន់​ដើម្បី​នាំចេញ​ទៅ​អឺរ៉ុប ដើម្បី​ទទួល​​បាន​ការ​អនុគ្រោះ​ពន្ធ​ពិសេស​នេះ៖ «ថៅកែ​ភាគច្រើន​គឺជា​ចិន ប្រមាណ ៥០ ភាគរយ។ ចិន​បាន​ចំណេញ​លើសលប់​ពី​អ៊ីប៊ីអេ ចំណេញ​ជាមួយ​នឹង​អ្នកដឹកនាំ​កម្ពុជា។ លុយ​ទាំង​អស់ហ្នឹង​គឺ​បាន​ទៅ​ចិន​ភាគច្រើន មេដឹកនាំ​កម្ពុជា ភាគច្រើន ដែល​​យក​ទៅ​ទុក​អំណាច​របស់​ខ្លួន។ ហើយ​បើ​ក្នុង​ស្ថានភាព​នេះ នៅសល់ EBA មួយ​ដែល​ជា​កម្លាំង​ធំ​ដើម្បី​ទាញ​ប្រយោជន៍​របស់​គេ ត្រូវ​អឺរ៉ុប​ដក​ទៀត ដូច្នេះ​ផលប្រយោជន៍​របស់​ចិន​នៅ​ស្រុក​ខ្មែរ គឺ​កាន់តែ​ខើច អ្នកណា​ដែល​អាច​ជួយ​ទប់​អំណាច​លុយ​កាក់​​បាន ? ...​ ទំហំ​សេដ្ឋកិច្ច​កម្ពុជា​ហ្នឹង ផលប្រយោជន៍​ដែល​បាន​ទៅ​ធំ មិនមែន​បាន​ទៅ​ពលរដ្ឋ​ទេ ផលប្រយោជន៍​ដែល​បាន​ទៅ​ធំ​គឺ​ចិន បាន​ទៅ​អ្នកដឹកនាំ​កម្ពុជា។ នៅ​ពេល​ដែល​ពួកគេ​បាត់​ផលប្រយោជន៍​អស់ហ្នឹង គឺ​ពួកគេ​បាត់​នូវ​ចំណូល​ហិរញ្ញវត្ថុ​​មួយ​​ធំ ​ដើម្បី​ទប់​អំណាច​របស់​គេ​ហើយ។ កាលណា​គេ​បាត់​ប្រមូល​ចំណូល​ហិរញ្ញវត្ថុ​ពី​ចិន តើ​ចិន​អាច​ជួយ​ហុច​លុយ​តាម​ហោរ​ប៉ៅ​ឲ្យ​លោក ហ៊ុន សែន បាន​ទៀត​ទេ ? អាច​ផ្តល់​ជំនួយ​ដែល​របប​លោក ហ៊ុន សែន ចង់បាន​ទៀត​ទេ​ ? ដូច្នេះ​នៅ​ពេល​គេ​បាត់​អំណាច​ធំ ចិន​នឹង​ដក​ដៃ​បន្តិច​ម្តងៗ​ហើយ»។

ក្រៅពី​ប្រទេស​ចិន ដែល​រង​ការ​រិះគន់​ថា បាន​នាំ​យក​ទំនិញ​ផលិត​ក្នុង​ប្រទេស​របស់​ខ្លួន ចូល​មក​កម្ពុជា រួច​ដាក់​ផ្លាក​ថា​ជា​ផលិតផល​កម្ពុជា ជាពិសេស​រួមមាន កង់ និង​អាស៊ីត​ស៊ី​ទ្រិច​ជាដើម ដើម្បី​កេង​ចំណេញ​លើ​ការ​មិន​បង់ពន្ធ​នាំ​ចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​នេះ កន្លងទៅ​ប្រទេស​វៀតណាម ក៏​ធ្លាប់​រង​ការ​រិះគន់​ថា​កេង​ចំណេញ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា តាមរយៈ​ការ​នាំ​អង្ករ​វៀតណាម ចូល​មក​កម្ពុជា ដាក់​ផ្លាក​ជា​ផលិតផល​កម្ពុជា មុននឹង​នាំចូល​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប។ ឆ្លើយតប​នឹង​បញ្ហា​នេះ សហភាព​អឺរ៉ុប​ធ្លាប់​បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់​នូវ​ចំណាត់​ការ​ស៊ើបអង្កេត និង​វិធានការ​ប្រឆាំង​នឹង​ការ​លក់​បង្ខូច​ថ្លៃ (anti-dumping measures) តាមរយៈ​ការ​យកពន្ធ​លើ​មុខទំនិញ​ដែល​ខ្លួន​រក​ឃើញថា​មាន​បញ្ហា​នេះ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។