ស្ថាប័នជំនាញ និងអ្នកពាក់ព័ន្ធ បន្តព្រមានពីផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរប្រសិនបើសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ហៅកាត់ថា EBA ខណៈមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បរាជ័យក្នុងការចរចាស្វែងរកដំណោះស្រាយជាមួយសហភាពអឺរ៉ុបជុំវិញបញ្ហានេះ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់អឺរ៉ុប។ អ្នកវិភាគថា សេដ្ឋកិច្ចកម្ពុជា នឹងជួបមហន្តរាយធ្ងន់ធ្ងរ ប្រសិនបើគ្មានប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបនេះ។
នេះជាភាគទីពីរ ដែលជាភាគបញ្ចប់ នៃសេចក្តីរាយការណ៍ពិស្តាររបស់លោក មាន ឫទ្ធិ ជុំវិញបញ្ហានេះ ដែលលោកនឹងពិនិត្យមើលលើអំណះអំណាងរបស់របបលោក ហ៊ុន សែន ឆ្លើយតបទៅនឹងដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធនេះ ខណៈអ្នកវិភាគមើលឃើញថា វិបត្តិនេះនឹងរុញច្រានប្រទេសកម្ពុជាឲ្យធ្លាក់ចូលក្នុងដំណើរធ្លាក់ចុះផ្នែកសេដ្ឋកិច្ច ដែលទំនងជាពិបាកនឹងងើបផុតពីស្ថានភាពជាប្រទេសមានការអភិវឌ្ឍន៍តិចតួចបំផុត បានឆាប់រហ័សនោះឡើយ។
របបក្រុងភ្នំពេញ បានចាត់ទុកការសម្រេចរបស់សហភាពអឺរ៉ុប ដំណើរការនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានេះ ថាជាអំពើ «អយុត្តិធម៌បំផុត» ដោយចោទសហភាពអឺរ៉ុបថា ធ្វើសេចក្តីសម្រេចចិត្តដោយលំអៀង និងខ្វះតម្លាភាព។ របបក្រុងភ្នំពេញព្រមានទៅសហភាពអឺរ៉ុបវិញថា ការសម្រេចបែបនេះ អាចនឹងធ្វើឲ្យ «បាត់បង់ទាំងស្រុងនូវលទ្ធផលជាវិជ្ជមានដ៏ច្រើននៃគោលនយោបាយអឺរ៉ុប ដែលកម្ពុជាទទួលបានផលប្រយោជន៍រហូតមកដល់ពេលនេះ» និងថាការជ្រើសរើសយកវិធានការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងរបស់សហភាពអឺរ៉ុបបែបនេះ អាចនឹងផ្ដល់ផល «អវិជ្ជមានបញ្ច្រាស» មកវិញទេ ព្រមទាំងនឹងរឹតធ្វើឲ្យកម្ពុជា តាំងចិត្ត «កាន់តែមុតមាំថែមទៀត» ក្នុងការការពារ និងរក្សាសកម្មភាពរបស់ខ្លួន។
បន្ថែមពីលើនេះ មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ហៅចំណាត់ការរបស់សហភាពអឺរ៉ុប ថាប្រើប្រាស់ប្រព័ន្ធអនុគ្រោះពន្ធនេះ ធ្វើជា «សង្គ្រាមចិត្តសាស្ត្រ» ដើម្បីវាយប្រហារលើរបបរបស់លោក។ យ៉ាងណាក៏ដោយ លោក ហ៊ុន សែន អះអាងថា មិនយូរមិនឆាប់កម្ពុជា នឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ នៅពេលដែលសេដ្ឋកិច្ចរបស់កម្ពុជា កើនឡើងដល់កម្រិតខ្ពស់ ដែលមានន័យថា រួចផុតពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួច(LDC)៖ «នៅក្នុងប្រទេសអាស៊ានទាំង ១០ អ្នកដែលទទួលភាពអនុគ្រោះអ្វីៗទាំងអស់លើកលែងតែអាវុធ មានតែប្រទេស ៣ ទេ គឺមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ា ក៏ស្ថិតក្នុងស្ថានភាពដូចកម្ពុជា តែមីយ៉ាន់ម៉ា ក៏នៅតែនាំចេញ។ .. សួរថាហេតុអីប្រទេសផ្សេងទៀត មិនទទួលបានប្រព័ន្ធអនុគ្រោះពន្ធ អ៊ីប៊ីអេ គឺដោយសារតែការកើនឡើងនៃរបស់ប្រទេស ៧ នោះ។ អីចឹង កម្ពុជាយើងមុននិងក្រោយ អាហ្នឹង វាគង់នឹងបាត់ទេ។ សូម្បីអត្រាការប្រាក់អនុគ្រោះ តែដល់ម៉ោងបាត់ វាបាត់ហើយ នៅពេលយើងលើកសេដ្ឋកិច្ចរបស់យើងដល់កម្រិតមួយ ទៅខ្ចីលុយគេ គេមិនឲ្យខ្ចីក្នុងអត្រាការប្រាក់ទាបនោះទេ គឺត្រូវខ្ចីតាមអត្រាការប្រាក់ពាណិជ្ជកម្ម ប៉ុន្តែខ្ញុំបានធ្វើការមុនមួយជំហាន ជាមួយជប៉ុន ជាមួយកូរ៉េខាងត្បូង ជាមួយចិន ជាមួយធនាគារអភិវឌ្ឍន៍អាស៊ីថា នៅពេលដែលសេដ្ឋកិច្ចរបស់ខ្ញុំកើនឡើង សូមមេត្តាឲ្យខ្ញុំបានខ្ចីប្រាក់ដែលមានអត្រាការប្រាក់សម្បទាន»។
លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យរបបក្រុងភ្នំពេញ ឲ្យដឹងថា របបក្រុងភ្នំពេញ មានផែនការរួចជាស្រេចហើយ ប្រសិនបើសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះពីកម្ពុជា។ បើតាមលោក ផៃ ស៊ីផាន ផែនការនេះ គឺការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាជាបន្តបន្ទាប់ ដោយលោកសម្អាងហេតុថា កម្ពុជាមិនអាចពឹងផ្អែកទាំងស្រុងតែលើចំណូលបានមកពីវិស័យវាយនភណ្ឌនេះ ជារៀងរហូតនោះទេ៖ «ប្រសិនបើដក EBA នេះ រដ្ឋាភិបាលមានផែនការរួចជាស្រេច៖ យើងមានដូចជាយើងធ្វើពិពិធកម្ម សេដ្ឋកិច្ចហ្នឹង គឺយើងមិនអាចពឹងផ្អែកទាំងស្រុងនឹងចំណូល ៤០ ភាគរយមកពីកម្មន្តសាលវាយនភណ្ឌ និងកាត់ដេរស្បែកជើង។ យើងមាន ពិពិធកម្មផ្សេង ដូចជាការលើកតម្កើងកសិផល រកទីផ្សារដទៃទៀត ពីព្រោះយើងជាសមាជិកនៃ អង្គការពាណិជ្ជកម្មពិភពលោក ហើយនឹងដៃគូសេដ្ឋកិច្ចដទៃទៀត។ យើងត្រៀមលក្ខណៈតាំងពីយើងចូលឆ្នាំនេះមក នៅពេលដែលវាយតម្លៃថាប្រជាពលរដ្ឋលោករកបាន ១ . ៥០០ ពីធនាគារពិភពលោក និងរូបិយប័ណ្ណអន្តរជាតិ ដែលគេវាយតម្លៃ។ យើងដឹងថា តែកាលណាយើងចំណូលបានប៉ុណ្ណឹងហើយ យើងមិនទទួលបានភាពអនុគ្រោះពន្ធគ្រប់បែបយ៉ាងនោះទេ ក៏ប៉ុន្តែនៅមានវិស័យដទៃទៀតយើងនឹងទទួលបានបន្តទៀត។ ប៉ុន្តែក្នុងវិស័យកម្មន្តសាល វាត្រូវមានលក្ខខណ្ឌដទៃទៀត»។
ផ្ទុយពីការអះអាងរបស់លោក ហ៊ុន សែន និងមន្ត្រីរបស់លោក អ្នកវិភាគគោលនយោបាយសាស្ត្រាចារ្យបណ្ឌិត អៀ សុផល មើលឃើញថា សេដ្ឋកិច្ចរបស់កម្ពុជា ពិបាកនឹងសម្រេចបានកំណើនខ្លាំង ដើម្បីរួចផុតពីចំណាត់ថ្នាក់ជាស្ថានភាពប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះណាស់។ លោកថា ចំណូលជាតិសរុប (GNI) ក្នុងមនុស្សម្នាក់ៗរបស់កម្ពុជា ត្រូវការកំណើនយ៉ាងហោចណាស់ ១៥ % ទៀត ទើបប្រទេសកម្ពុជាអាចរួចផុតពីចំណាត់ថ្នាក់ជាប្រទេសមានការអភិវឌ្ឍន៍តិចតួចបំផុត ដែលជាលក្ខខណ្ឌសំខាន់មួយក្នុងការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបនេះ។
កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោម ៤៨ ប្រទេសផ្សេងទៀតនៅលើពិភពលោក ដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបនេះ ដែលគឺជាការលើកទឹកចិត្តដល់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចបំផុត។ នៅអាស៊ីអាគ្នេយ៍ ក្រៅពីកម្ពុជា មានប្រទេសឡាវ មីយ៉ាន់ម៉ា ឬភូមា និងប្រទេសទីម័រខាងកើត ដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ។ សហភាពអឺរ៉ុប បានបង្កើតប្រព័ន្ធអនុគ្រោះពន្ធនេះឡើងក្នុងឆ្នាំ ២០០១ ដើម្បីផ្ដល់ការលើកទឹកចិត្តដល់ប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុតនៅលើពិភពលោក នូវការមិនគិតពន្ធ ឬទទួលបានប្រព័ន្ធកូតាសេរី ក្នុងការនាំទំនិញទាំងអស់ ចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប លើកលែងតែអាវុធ និងគ្រាប់រំសេវ។ ក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាចំណេញពីការមិនចាំបាច់បង់ពន្ធ ក្នុងតម្លៃដល់ទៅជិត ៧០០ លានដុល្លារក្នុងមួយឆ្នាំៗ។ នៅរៀងរាល់ ៣ ឆ្នាំម្ដង គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍ ឬ Committee for Development Policy (CDP) របស់អង្គការសហប្រជាជាតិ តែងធ្វើការវាយតម្លៃពីស្ថានភាពប្រាក់ចំណូលរបស់ប្រទេសនានានៅលើពិភពលោក ដើម្បីកំណត់ពីចំណាត់ថ្នាក់នៃក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួចបំផុត។ ការវាយតម្លៃចុងក្រោយរបស់គណៈកម្មាធិការនេះ ដែលធ្វើឡើងកាលពីដើមឆ្នាំ ២០១៨ នេះ កម្ពុជានៅតែស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេសមានការអភិវឌ្ឍន៍តិចតួចបំផុត គិតចាប់តាំងពីឆ្នាំ ១៩៩១ មក។
តាមការប៉ាន់ស្មាន យ៉ាងហោចណាស់ទាល់តែដល់ក្រោយឆ្នាំ ២០២៥ ទើបកម្ពុជាអាចរួចផុតពីចំណាត់ថ្នាក់ជាប្រទេសមានការអភិវឌ្ឍន៍តិចតួចបំផុត ដែលការប៉ាន់ស្មាននេះ នៅមិនទាន់គិតពីការធ្លាក់ចុះសេដ្ឋកិច្ចដោយសារតែការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះនៅឡើយផង។ បណ្ឌិត អៀ សុផល គូសបញ្ជាក់ថា បើទោះជាសន្មតថា ការប៉ាន់ស្មានរយៈពេល ៧ ឆ្នាំខាងមុខនេះជាការត្រឹមត្រូវ បូករួមនឹងការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចនោះផង តាមការជាក់ស្ដែង កម្ពុជាអាចត្រូវការរយៈពេលដល់ទៅ ១ ទសវត្សរ៍ទៀតឯណោះ ទើបអាចរួចផុតពីចំណាត់ថ្នាក់ជាប្រទេសមានការអភិវឌ្ឍន៍តិចតួចបំផុតបាន។ បណ្ឌិត អៀ សុផល ដាក់ជាចម្ងល់ថា គេអាចស្រមៃមើលបានថា សម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខនេះ ដែលកម្ពុជាពុំមានប្រព័ន្ធអនុគ្រោះពន្ធ EBA ហើយត្រូវប្រឈមនឹងស្ថានភាពនៃការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចមួយកម្រិតទៀត ពេលនោះ ហេតុការណ៍នេះ នឹងបំផ្លាញការព្យាយាមដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលចង់ធ្វើអ្វីៗបានស្រេចតែអំពើចិត្តពាក់ព័ន្ធនឹងរឿងនយោបាយ។
បើទោះជាលោក ហ៊ុន សែន និងមន្ត្រីរបបរបស់លោកអះអាងពីការមិនព្រួយបារម្ភ ឬ ពេលខ្លះធ្វើជាឌឺដងដល់សហគមន៍អន្តរជាតិឲ្យដាក់ទណ្ឌកម្មកម្ពុជាកាន់តែឆាប់ ឬថាមិនខ្ចីឱនក្បាល ឬយកអធិបតេយ្យកម្ពុជា ទៅដោះដូរនឹងជំនួយបរទេស ឬការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនេះក៏ដោយ ក្រោយរៀបចំព្រឹត្តិការណ៍បោះឆ្នោតដែលត្រូវគេចាត់ទុកថា «ក្លែងក្លាយ» រួចមក របបថ្មីរបស់លោក ហ៊ុន សែន បានដោះលែងសកម្មជនសិទ្ធិមនុស្ស និងអ្នកទោសនយោបាយបក្សប្រឆាំងមួយចំនួនជាបន្តបន្ទាប់ ព្រមទាំងបើកឲ្យមានការបន្តប្រតិបត្តិការរុករកអដ្ឋិធាតុទាហ៊ានអាមេរិកបាត់ខ្លួនកាលពីសម័យសង្គ្រាមឡើងវិញ ដែលទំនងជាការបន្ទន់ឥរិយាបថរួចទៅហើយ ដើម្បីទទួលបានការទទួលស្គាល់ពីក្រុមប្រទេសលោកខាងលិច និងបញ្ចៀសទណ្ឌកម្មអន្តរជាតិណាមួយដែលកំពុងតែថ្កោលទោសរបបនេះស្រាប់។
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ហៅការបន្ទន់ឥរិយាបថរបស់លោក ហ៊ុន សែន នេះ ថាជា «ល្បិចទុច្ចរិត» របស់លោក ហ៊ុន សែន ក្នុងការលួងលោមសហគមន៍អន្តរជាតិ ឲ្យទទួលស្គាល់របបរបស់លោក និងព្យាយាមបញ្ចៀសហានិភ័យនានាតាមដែលអាចទៅធ្វើបាន៖ «លោក ហ៊ុន សែន នឹងលេងដើម្បីលួងសហគមន៍អឺរ៉ុបតទៅទៀត ដើម្បីស៊ីពេលក្នុង ៦ ខែហ្នឹង កែខ្លួន។ ហើយហ៊ុន សែន ប្រើល្បិចហ្នឹង កាលណាយើងចាញ់ល្បិច ហ៊ុន សែន កែឲ្យទាល់តែរួចហ្នឹង ហើយឲ្យទទួលស្គាល់ល្បិចដែលគាត់ធ្វើហ្នឹង។ ក្នុងល្បិចទុច្ចរិតហ្នឹង គឺចាប់ផ្ដើមបញ្ចប់នីតិវិធី តាមផ្លូវតុលាការដោះលែងលោក កឹម សុខា ហើយពន្យារពេលមួយរយៈ បើមានការគំរាមកំហែងពីអាមេរិកមួយជំហានទៀត ឬពីប្រទេសណាមួយទៀត។ ... គាត់លើកលែង ១១៨ នាក់បន្ថែម អ៊ីចឹង លោក កឹម សុខា ក៏មានសេរីភាព ១១៨ នាក់ក៏បានមានសេរីភាពមកវិញវិលមកធ្វើនយោបាយ គេអាចបន្ធូរ គេអាចបន្ទន់ អញ្ចឹង ហ៊ុន សែន នឹងបន្តរឿងនេះតទៅទៀត»។
ព្រះអង្គ ប៊ុត ប៊ុនតិញ ឈ្វេងយល់ឃើញថា ល្បិចទុច្ចរិតចុងក្រោយដែលលោក ហ៊ុន សែន នឹងយកមកប្រើនៅពេលទទួលរងសម្ពាធកាន់តែខ្លាំងពីសហគមន៍អន្តរជាតិ នោះគឺការធ្វើជាយល់ព្រមចរចាជាមួយគណបក្សសង្គ្រោះជាតិ ធ្វើយ៉ាងណាព្យាយាមអូសបន្លាយពេលវេលារហូតដល់ជិតចប់អាណត្តិទី ៦ នៃរបប «ខុសច្បាប់» របស់លោក។
ក្នុងដំណើរទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ASEM លើកទី ១២ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ក្នុងជំនួបទ្វេភាគីមួយជាមួយមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបកាលពីថ្ងៃទី១៩ តុលា មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានបរាជ័យចរចាជាមួយសហភាពអឺរ៉ុប ក្នុងការស្វែងរកដំណោះស្រាយដើម្បីបញ្ចៀស កុំឲ្យសហភាពអឺរ៉ុបបន្តនីតិវិធីឈានទៅរកការដកប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជា។ តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី ហ្វេដេរីកា មូហ្គឺរីនី (Federica Mogherini) នៅតែគូសបញ្ជាក់អំពីភាពចាំបាច់ដែលរបបក្រុងភ្នំពេញ ត្រូវតែស្តារស្ថានភាពនយោបាយជាអវិជ្ជមាននៅកម្ពុជា និងធ្វើការស្វែងរកដំណោះស្រាយនយោបាយ ដែលមានលក្ខណៈចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ប្រសិនបើកម្ពុជាចង់បន្តទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA នេះពីអឺរ៉ុប។ ការស្តារស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា ដែលជាជំហរចង់បានរបស់សហភាពអឺរ៉ុប រួមមាន ការទម្លាក់ចោលរាល់បទចោទប្រឆាំងនឹងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា តាមរយៈការដោះលែងរូបលោកឲ្យមានសេរីភាពឡើងវិញជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ការលើកលែងទោសដល់លោក សម រង្ស៊ី ដែលជាសហស្ថាបនិកគណបក្សសង្គ្រោះជាតិ ការទម្លាក់ចោលរាល់បទចោទទាំងអស់ប្រឆាំងអ្នកនយោបាយបក្សប្រឆាំង ការលុបចោលការហាមប្រាមលើមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទាំង ១១៨ រូប និងផ្តល់នីតិសម្បទារឡើងវិញដល់មន្ត្រីមូលដ្ឋានគណបក្សសង្គ្រោះជាតិជាប់ឆ្នោតចំនួន ៥០០៧រូប។ ក្រៅពីនេះ សហភាពអឺរ៉ុប ក៏ចង់ឃើញរបបក្រុងភ្នំពេញ ត្រូវតែធានានូវការវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាពរបស់មន្ត្រីនយោបាយគណបក្សប្រឆាំង សកម្មជនអង្គការសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស ដែលបាននិរទេសខ្លួនទៅក្រៅប្រទេស ដើម្បីបញ្ចៀសពីការចាប់ខ្លួនណាមួយនោះ ព្រមទាំងការធានាថា ច្បាប់ និងបទបញ្ញត្តិនានា ដែលរបបនេះបានតាក់តែង និងបង្កើតឡើង ក្នុងគោលដៅរឹតត្បិតគណបក្សប្រឆាំង និងសង្គមស៊ីវិល ត្រូវតែធ្វើការសើរើឡើងវិញ និងធ្វើការកែសម្រួលផងដែរ។
លោកបណ្ឌិត អៀ សុផល យល់ថា ដំណោះស្រាយឈ្នះៗតែមួយគត់សម្រាប់គ្រប់ភាគី គឺរបបក្រុងភ្នំពេញត្រូវតែបោះបង់ចោលនូវមហិច្ឆតានយោបាយរបស់ខ្លួន ដោយបញ្ឈប់ការបង្ក្រាបមកលើប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា ហើយស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្ស សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនានា នោះទើបប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប នឹងមិនត្រូវបានព្យួរ ហើយអ្នកដែលឈ្នះពិតប្រាកដគឺជាប្រជាពលរដ្ឋកម្ពុជាទូទៅ។ ផ្ទុយទៅវិញ លោកព្រមានថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបនេះ នឹងរុញច្រានប្រទេសកម្ពុជាឲ្យធ្លាក់ចូលក្នុងដំណើរធ្លាក់ចុះផ្នែកសេដ្ឋកិច្ច ហើយប្រទេសកម្ពុជា នឹងនៅតែមិនអាចងើបផុតពីស្ថានភាពជាប្រទេសមានការអភិវឌ្ឍន៍តិចតួចបំផុតបានឡើយ។ បណ្ឌិត អៀ សុផល ហៅហេតុការណ៍នេះថា ជាគ្រោះមហន្តរាយសេដ្ឋកិច្ចធ្ងន់ធ្ងរមួយនៅកម្ពុជា ដោយសារតែសេដ្ឋកិច្ចប្រទេសនេះ មិនអាចរស់រានបានដោយគ្មានប្រព័ន្ធអនុគ្រោះពន្ធនេះណាស់។ លោកដាក់ជាសំណួរទៅវិញថា ប្រសិនបើមន្ត្រីរបបលោក ហ៊ុន សែន ពិតជាមានទំនុកចិត្តមែន ហើយមិនព្រួយបារម្ភពីបញ្ហានេះ ហេតុអ្វីបានជាពួកគេមិនប្រាប់ទៅសហភាពអឺរ៉ុប ឲ្យកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនេះតែម្តងទៅ? ជាការពិត លោកថា របបក្រុងភ្នំពេញ ត្រូវការប្រព័ន្ធអនុគ្រោះពន្ធនេះជាចាំបាច់ ព្រោះថាបើទោះជានៅមានប្រព័ន្ធនេះក៏ដោយ ក៏នៅមានរោងចក្រមួយចំនួនបានបិទទ្វារ ហើយរបបក្រុងភ្នំពេញ បានចំណាយលុយរាប់លានដុល្លារចេញប្រាក់ឈ្នួលសងដល់កម្មករនិយោជិក។
របាយការណ៍ ស្ដីពីប្រព័ន្ធអនុគ្រោះពន្ធ សម្រាប់ឆ្នាំ ២០១៦ - ២០១៧ របស់គណៈកម្មការអឺរ៉ុប ដាក់ជូនសភាអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប ឲ្យដឹងថា កម្ពុជាគឺជាប្រទេសនាំចេញធំទីពីរដែលទទួលបានការអនុគ្រោះពន្ធ EBA មានចំណែកទីផ្សារ ១៨% ពោលគឺនៅក្រោមប្រទេសបង់ក្លាដេស ដែលមានចំណែកទីផ្សារដល់ទៅ ៦៦%។ កន្លងទៅសហភាពអឺរ៉ុប ធ្លាប់បានជំរុញឲ្យកម្ពុជា បង្កើតយន្តការប្រកបដោយតម្លាភាព ដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនានាពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លី ដោយសារការផ្តល់សម្បទានសេដ្ឋកិច្ចដាំដំណាំស្ករអំពៅ ដែលត្រូវក្រុមអង្គការសិទ្ធិមនុស្ស ចាត់ទុកថាជា «ស្ករឈាម» រួមទាំងបញ្ហារំលោភសិទ្ធិការងារផ្សេងៗទៀត។
បើតាមស្ថិតិចុងក្រោយរបស់សហភាពអឺរ៉ុប ក្នុងឆ្នាំ២០១៧ សហភាពអឺរ៉ុបនាំចូលទំនិញពីកម្ពុជា ក្នុងតម្លៃជាទឹកប្រាក់សរុបជាង ៥,៦ ពាន់លានដុល្លារអាមេរិក ក្នុងនោះទំនិញនាំចូលវិស័យកសិកម្មមានតម្លៃជាង ២០៥ លានដុល្លារអាមេរិក ខណៈវិស័យវាយនភណ្ឌ និងសំលៀកបំពាក់ មានតម្លៃជាង ៤ពាន់២រយ លានដុល្លារអាមេរិក ដែលវិស័យនេះ មានកំណើនជាមធ្យមប្រមាណ ២០,៧% ក្នុងមួយឆ្នាំៗ។ កម្ពុជាគឺជាដៃគូពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ជាប់ចំណាត់ថ្នាក់លេខ ៥៦ នៃទំហំពាណិជ្ជកម្មទាំងមូល និងជាប់លេខ ៤៦ នៃការនាំទំនិញចេញទៅកាន់សហភាពអឺរ៉ុប។ សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញសំលៀកបំពាក់ និងស្បែកជើងធំបំផុតទី១ របស់កម្ពុជា ដែលបានស្រូបយក ៤៦ ភាគរយ នៃផលិតផលនាំចេញពីវិស័យនេះ ក្នុងឆ្នាំ ២០១៧ របស់កម្ពុជា ខណៈសហរដ្ឋអាមេរិក ឈរនៅលំដាប់ទីពីរ ដោយបានស្រូបយក ២៤ ភាគរយ ក្នុងរយៈពេលដដែល។ គិតត្រឹមដំណាច់ឆ្នាំ ២០១៧ កម្ពុជាមានរោងចក្រសរុបចំនួន ជាង ១ពាន់ ៥រយ (១.៥២២) រោងចក្រ ក្នុងនោះផ្នែកឧស្សាហកម្មតម្បាញ កាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូប មានចំនួនជាង ១ពាន់ ( ១.០៣១) រោងចក្រ។ ប្រសិនបើសហភាពអឺរ៉ុប សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះពីកម្ពុជា នោះកម្ពុជានឹងក្លាយជាប្រទេសទី ៤ ហើយដែលរងការដកប្រព័ន្ធអនុគ្រោះពន្ធនេះពីសហភាពអឺរ៉ុប ក្រៅពីប្រទេសមីយ៉ាន់ម៉ា ឬភូមា បេឡារូស និងប្រទេសស្រីលង្កា ដោយសារតែហេតុផលនៃការមិនគោរពសិទ្ធិមនុស្សនេះឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។