ពលរដ្ឋ​និង​អ្នក​បរិស្ថាន​សង្ស័យ​ថា​ការ​ដាច់​ភ្លើង​ជា​លេស​ដើម្បី​សង់​វារីអគ្គិសនី​បន្ថែម

ដោយ យន់ សាមៀន
2019.03.30
កែវ រតនៈ ៦២០ លោក កែវ រតនៈ ប្រតិភូ​រាជ​រដ្ឋាភិបាល ទទួល​បន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​សម្ព័ន្ធ​មេត្រីភាព​រវាង​អង្គភាព​កងទ័ព-​ នគរបាល​ជាតិ ជាមួយ​អង្គភាព​សង្គម​ស៊ីវិល​នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA

អ្នក​ធ្វើ​ការងារ​ទាក់ទង​បរិស្ថាន និង​ពលរដ្ឋ​រស់នៅ​រាជធានី ភ្នំពេញ​យល់ថា ការទិញ​នាវា​អគ្គិសនី​ពី​ប្រទេស​តួកគី (Turkey) មិនមែន​ជា​ដំណោះស្រាយ​ល្អ​ចំពោះ​វិបត្តិ​ដាច់​ភ្លើង​នោះ​ទេ​។ ពួកគេ​សង្ស័យ​ថា នេះ​ជា​ល្បិច​របស់​របប​ក្រុងភ្នំពេញ​យក​លេស​ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី​បន្ថែម​ទៀត។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ម្នាក់ លោក ស សុភា និយាយ​ថា បញ្ហា​ដាច់​ភ្លើង​សព្វថ្ងៃ​នេះ​គឺ​ប៉ះពាល់​ដល់​ការ​ប្រកប​របរ​ទូទៅ និង​រំខាន​ដល់​ការរស់នៅ​របស់​ពលរដ្ឋ។ លោក​យល់ថា រដ្ឋាភិបាល​គួរ​ជ្រើស​រើស​យក​ប្រភព​អគ្គិសនី​ដែល​បម្លែង​ពី​ពន្លឺ​ព្រះអាទិត្យ​មក​ផ្គត់ផ្គង់​និង លើកលែង​ពន្ធ​លើ​ការ​នាំចូល​បន្ទះ​សូឡា​ដើម្បី​លើក​ចិត្ត​ដល់​អ្នកប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះអាទិត្យ៖ «សុំ​ឱ្យ​រដ្ឋាភិបាល​កាត់បន្ថយ​ឬ​មិន​យកពន្ធ​លើ​ការ​នាំចូល​ផ្នែក​សូឡា ដើម្បី​ឱ្យ​អ្នកទទួល​និង​អ្នកប្រើប្រាស់​គាត់​ទទួល​យក​ប្រយោជន៍​លើ​ផ្នែក​ហ្នឹង​បាន​ច្រើន​ព្រោះ​អី បើ​យកពន្ធ​ទៅ​ធ្វើ​ឱ្យ​តម្លៃ​កាន់តែ​ថ្លៃ​ជិះ​ឥទ្ធិពល​ដល់​អ្នក​ប្រើប្រាស់»

ចំណែក​ពលរដ្ឋ​រស់នៅ​ភ្នំពេញ​ម្នាក់ លោក លី តារា យល់ថា ទោះ​ភ្នំពេញ​សព្វថ្ងៃ​ជួប​បញ្ហា​ខ្វះ​ភ្លើង​ក្តី ប៉ុន្តែ​បើ​ផ្អែកលើ​កម្លាំង​អគ្គិសនី​ដែល​មាន​ប្រភព​ពី​វារីអគ្គិសនី និង​ការទិញ​ភ្លើង​ពី​ប្រទេសជិតខាង​កម្ពុជា​អាច​នឹង​មាន​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់​។ លោក​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​នឹង​យក​លេស ខ្វះ​ភ្លើង​ប្រើប្រាស់​លើក​ជា​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​បន្ថែម​ទៀត​ជាក់​ជាមិនខាន​ឡើយ​។ ជាងនេះទៅទៀត​លោក​សង្ស័យ​ថា រដ្ឋាភិបាល​កម្ពុជា​អាច​មាន​ការព្រមព្រៀង​សម្ងាត់​អ្វីមួយ​ជាមួយ​ប្រទេស​តួកគី​ទើប​ហ៊ាន ទិញ​ភ្លើង​ពី​ប្រទេស​នេះ៖ «គ្រាន់តែ​តែ​ទស្សនៈ​ការយល់​ឃើញ​របស់ខ្ញុំ​ទេ មួយទៀត​ទំនាក់ទំនង​ថ្មីៗ​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​តួកគី​យើង​អត់​ដឹង​ថា មិន​កិច្ចព្រមព្រៀង​អី​ទេ​បានជា​នាំចូល​កប៉ាល់​មាន​ភ្លើង​មានអី​ម៉ា​ឈុត​អ៊ីចឹង»

ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ ធ្វើឡើង​ដោយសារតែ កាលពី​ថ្ងៃ​ទី​២៩ មីនា មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ឱ្យ​ដឹង​ថា កម្ពុជា​និង​តួកគី​ចរចា និង​ត្រូវរ៉ូវ​គ្នា​ពី​ការទិញ​នាវា​ផ្ទុក​អគ្គិសនី ។ លោក​បន្ត​ថា កម្ពុជា​ត្រូវការ​កម្លាំង​ភ្លើង ២០០​មេហ្កាវ៉ាត់​របស់​តួកគី​មក​ផ្គត់ផ្គង់​កម្ពុជា​រយៈពេល​បី​ឆ្នាំ៖ «ឥឡូវ​ពួកគេ​បាន​ចចារ​ត្រូវ​គ្នា​ហើយ ខ្ញុំ​បាន​ឱ្យ​ក្រសួង​ការបរទេស និង​ក្រសួង​ឧស្សាហកម្ម​ព្រាង​លិខិត​ឱ្យ​ខ្ញុំ​ដើម្បី​ខ្ញុំ​ចុះហត្ថលេខា​ផ្ញើ​ជូន​ទៅ​ប្រធានាធិបតី​តួកគី»

លោក ហ៊ុន សែន ក៏​ថា លោក​នឹង​ទិញ​អគ្គិសនី​ពី​ប្រទេសជិតខាង​បន្ថែម​ទៀត។

តាម​គម្រោង​នាវា តួកគី​នឹង​មកដល់​កម្ពុជា​រយៈ​៥​សប្ដាហ៍​ទៀត​។ អគ្គិសនី កម្ពុជា​ជូនដំណឹង​កាលពី​ថ្ងៃទី​១៨ ខែមីនា​ថា ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង និង​ខ្វះខាត​ទឹក ខុស​ប្រក្រតី​បាន​ធ្វើ​ឱ្យ​សមត្ថភាព​ផ្គត់ផ្គង់​ចេញពី​វារីអគ្គិសនី​ថយ​ចុះ​មិន​អាច​ធានា​ការ​ផ្គត់ផ្គង់ ថាមពល​អគ្គិសនី​ពេញលេញ​ទូទាំង​ប្រទេស​ដល់​ចុង​រដូវ​ប្រាំង។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសុន (Alejandro Gonzalez – Davidson) (ឬ​ហៅ​អាឡិច) ថា លោក​គ្រោង​នឹង​ចុះ​ស្រាវជ្រាវ​រក​ការពិត​នៃ​ការ​ដាច់​ភ្លើង​នៅ​កម្ពុជា​។ លោក​យល់ថា របប​ក្រុង ភ្នំពេញ​ត្រូវ​មាន​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​បញ្ហា​ដាច់​ភ្លើង​នេះ​ព្រោះ​លោក​សង្កេត​ឃើញ​ថា ចាប់​តាំង​ពី​មាន​បញ្ហា​ដាច់​ភ្លើង​ជិត​មួយ​ខែ​មកនេះ របប​ក្រុងភ្នំពេញ​មិន​បាន​សុំទោស​ពលរដ្ឋ​នោះ​ទេ៖ «ជិត​បី​អាទិត្យ​អាច​ដាច់​ភ្លើង​រហូតដល់​ពីរ​ខែ​អត់​មាន​អ្នកណា​លាលែង​ពី​តំណែង អ្នក​មាន​អ្នកណា​សូមទោស​ជា​សាធារណៈ​ទេ មានតែ​សូម​ឱ្យ​ប្រជាពលរដ្ឋ​យោគយល់ បាទ​នេះ​ជា​រឿង​ដែល​អស្ចារ្យ​មែនទែន​សូម្បី​ប្រទេស​ចិន ប្រទេស​វៀតណាម ដែល​ផ្ដាច់ការ​កុម្មុយនិស្ត​ក៏​មិន​ហ៊ាន​ធ្វើ​អ៊ីចឹង​ទេ ក៏​គេ​ហ៊ាន​លាលែង​ពី​តំណែង​ដែរ មានតែ​របប​លោក ហ៊ុន សែន ដែល​ប្លែក​ចំណុច​ហ្នឹង»

អគ្គិសនី​កម្ពុជា​ឱ្យ​ដឹង​ថា កម្ពុជា​ខ្វះខាត​អគ្គិសនី​ប្រមាណ ៤០០​មេហ្កាវ៉ាត់ ដែល​នឹង​អូស​បន្លាយ​រហូតដល់​ចុងខែ​ឧ​សភា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។