ក្រសួងទេសចរណ៍ និងអ្នកប្រកបរបរសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាបអះអាងស្របគ្នាថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិកើនឡើងច្រើននៅរយៈពេល ៦ខែកន្លងទៅនេះ ធ្វើឱ្យពលរដ្ឋអាចរកប្រាក់ចំណូលបានសមរម្យ។ ពលរដ្ឋមួយចំនួនថា ពួកគាត់អាចមានលទ្ធភាព រកប្រាក់ចំណូលសងម្ចាស់បំណុល និងផ្គត់ផ្គង់ជីវភាពគ្រាន់បើជាងមុន។
ក្រសួងទេសចរណ៍ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យដឹងថា វិស័យទេសចរណ៍ក្នុងខេត្តប្រវត្តិសាស្ត្រដ៏ល្បីមួយនេះ កំពុងកម្រើកឡើងវិញបណ្តើរៗ ក្រោយពីស្ងប់ស្ងាត់ខ្លាំង បន្ទាប់ពីរីករាលដាលជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០។
ក្រសួងទេសចរណ៍ចាត់ទុកបញ្ហានេះ ជាសញ្ញារស់ឡើងវិញ នូវសេវាកម្មទេសចរជាច្រើន ដែលផ្អាកដំណើរការជាង ៣ ឆ្នាំកន្លងទៅនេះ ធ្វើឱ្យជីវភាពពលរដ្ឋខេត្តសៀមរាបកាន់តែប្រសើរ។
អ្នកនាំភ្ញៀវទេសចរដើរកម្សាន្តតាមប្រាសាទបុរាណ លោក ម៉ាលី សានី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី ១៥ កុម្ភៈថា អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍អាចរកប្រាក់ចំណូលសមរម្យ ហើយពួកគាត់មិនសូវត្អូញត្អែរក្នុងការស្វែងរកប្រាក់ចំណូលបង់ធនាគារ ដូចមុននោះទេ។ លោកថា ពេលនេះសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួនដែលផ្អាកដំណើរការ តាំងពីរីករាលដាលជំងឺកូវីដ១៩ បានដំណើរការឡើងវិញបណ្តើរៗ ផ្តល់លទ្ធភាពឱ្យពលរដ្ឋជាច្រើនពាន់នាក់មានការងារធ្វើក្នុងស្រុក។
លោក ម៉ាលី សានី៖ «ភ្ញៀវជាតិ និងអន្តរជាតិក៏មកលេងប្រាសាទអង្គរវត្តច្រើនគ្រាន់ដែរ។ យើងឃើញប្រជាជនយើងមានការស្រួលបួលច្រើន ជាងសម័យកូវីដ១៩ និងឆ្នាំ២០២២ លំបាកសេដ្ឋកិច្ចសម្រាប់ប្រជាជននៅខេត្តសៀមរាប ហើយសណ្ឋាគារ និងផ្ទះសំណាក់មានបើកច្រើនឡើងវិញហើយ»។
ចំណែកឯពលរដ្ឋមួយចំនួនដែលធ្លាប់ស៊ីឈ្នួលធ្វើការឱ្យគេ បែរជាងាកមកលក់ដូរ ផ្តល់សេវាកម្មជូនភ្ញៀវទេសចរ នៅតំបន់ប្រាសាទបុរាណមួយចំនួន។
អាជីវករលក់កាហ្វេ និងអាហារ ក្នុងតំបន់ប្រាសាទបាគង កញ្ញា លឿម ដាឡែន ឱ្យដឹងថា កំណើនភ្ញៀវទេសចរបច្ចុប្បន្ននេះ ធ្វើឱ្យកញ្ញាអាចរកប្រាក់ចំណូលបានយ៉ាងហោចណាស់ ៨ ម៉ឺនរៀល (៨០.០០០) ក្នុងមួយថ្ងៃ។ កញ្ញាអះអាងថា កំណើនភ្ញៀវទេសចរពេលនេះ ធ្វើឱ្យជីវភាពពលរដ្ឋខេត្តសៀមរាបល្អប្រសើរជាងមុន៖
កញ្ញា លឿម ដាឡែន៖ «ពីមុនខ្ញុំធ្លាប់ធ្វើការឱ្យគេ បានខ្ញុំមកលក់នៅនេះ។ លក់បានធម្មតា មានទាំងភ្ញៀវជាតិ និងអន្តរជាតិ ភ្ញៀវច្រើនដែរ យើងអាចរកចំណូលបានរាល់ថ្ងៃ»។
របាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាបបង្ហាញថា នៅឆ្នាំ២០២៣ ភ្ញៀវទេសចរជាង ២,៥ លាននាក់ បានមកទស្សនាប្រាសាទនានាក្នុងខេត្តសៀមរាបកើនឡើង ៣២,៣៥% បើធៀបនឹងឆ្នាំ២០២២ ។ រីឯភ្ញៀវបរទេសទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរង្វង់ ៤ ពាន់ ៥រយនាក់ (៤៥០០) ក្នុងមួយថ្ងៃ បើធៀបមុនកូវីដ១៩ ស្ថានភាពទេសចរនៅសៀមរាប ងើបឡើងក្នុងរង្វង់៤៥ភាគរយ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក ប្រាប់វិទ្យុអាស៊ីសេរីថា ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាប កំពុងងើបឡើងវិញគួរឱ្យកត់សម្គាល់ គិតចាប់ពីខែមករា មកទល់ពេលនេះ មានភ្ញៀវគិតជាមធ្យមច្រើន ជាង ៥ ពាន់នាក់ (៥.០០០)ក្នុងមួយថ្ងៃ។ លោកថា ដើម្បីជំរុញឱ្យមានកំណើនទេសចរ រដ្ឋាភិបាលនឹងរៀបចំព្រឹត្តិការណ៍ជាច្រើនក្នុងខេត្តសៀមរាប ដើម្បីទាក់ទាញ និងបង្កើនប្រាក់ចំណូលពលរដ្ឋ។
លោក តុប សុភ័ក៖ «ខេត្តសៀមរាបជាគោលដៅទេសចរណ៍ធំ ក៏រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ មកដល់ពេលនេះ ស្ថានភាពងើបឡើងវិញ ក្នុងរង្វង់ ៣៥ ភាគរយទេ។ ទោះជាយ៉ាងណាក្តី ក្នុងឆ្នាំ ២០២៤ តាមការរំពឹងទុក យើងអាចសម្រេចបាននូវចំនួនភ្ញៀវទេសចរជាតិ អាចសម្រេចបានដូចដើម មុនកាលពីកូវីដ១៩»។
ជុំវិញរឿងនេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ សង្កេតឃើញថា ភ្ញៀវទេសចរកើនឡើងច្រើន ក៏ប៉ុន្តែមិនទាន់ឆ្លើយតបតម្រូវការរបស់ពលរដ្ឋពេញលេញនៅឡើយទេ។ លោកយល់ថា រដ្ឋាភិបាលគួរតែរៀបចំរមណីយដ្ឋានតំបន់អង្គរឱ្យមានសណ្ដាប់ធ្នាប់ល្អ របៀបរៀបរយ សន្តិសុខល្អ និងធានានូវសេវាលក់ដូរ រួមទាំងសេវាដឹកជញ្ជូនឱ្យមានលក្ខណៈល្អ។
លោក វន់ ពៅ៖ «ត្រូវមានយន្តការផ្សេងៗទៀត ឧទាហរណ៍រដ្ឋត្រូវលើកទឹកចិត្តយ៉ាងណា បញ្ចុះតម្លៃសំបុត្រចូលទស្សនាអង្គរ និងតម្លៃវីហ្សា(Visa)សំបុត្រចូលទស្សនា ដែលភ្ញៀវទេសចរមកលេងកម្ពុជា រដ្ឋត្រូវគិតចំណុចហ្នឹងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរអឺរ៉ុប»។
របាយការណ៍ក្រសួងទេសចរណ៍ឱ្យដឹងថា កម្ពុជាទទួលភ្ញៀវទេសចរបរទេសចំនួន ៥,៥លាននាក់ កាលពីឆ្នាំ ២០២៣ ជួយឱ្យវិស័យទេសចរណ៍កម្ពុជារកចំណូលបានជាង ៣ពាន់លានដុល្លារ កើនលើសឆ្នាំ២០២២ ជាង ១១០ភាគរយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
