អាជីវកតំបន់អង្គរស្នើឱ្យអ្នកនយោបាយសាមគ្គីគ្នាស្ដារប្រជាធិបតេយ្យ ដើម្បីស្រូបទាញភ្ញៀវទេសចរ
2024.09.06
ស្ត្រីមេម៉ាយលក់ដូរខ្នាតតូចចល័ត និងអ្នកផ្តល់សេវាកម្មទេសចរក្នុងតំបន់អង្គរខេត្តសៀមរាបកំពុងមានសម្ពាធផ្លូវចិត្ត និងជួបបញ្ហាជាច្រើនផ្នែកជីវភាព ដោយសារការស្វែងរកប្រាក់ចំណូល របស់ពួកគាត់កាន់តែយ៉ាប់យឺនខ្លាំង។
បញ្ហានេះពួកគាត់បានទម្លាក់កំហុសលើវិបត្តិនយោបាយអូសបន្លាយពេល ប៉ះពាល់ដល់វិស័យទេសចរណ៍រយៈពេលវែង។
ក្រុមអាជីវកទាំងនោះស្នើឱ្យអ្នកនយោបាយសាមគ្គីគ្នាស្តារវិស័យនេះ ដើម្បីសម្រាលជីវភាពពលរដ្ឋឆាប់រហ័ស។
ចាប់ពីព្រឹកព្រលឹមស្រាងៗពេលព្រះអាទិត្យរះរហូតដល់ម៉ោងជាង ១១ព្រឹក ស្ទើរជារៀងរាល់ថ្ងៃ នៅតាមផ្លូវមួយចំនួនក្នុងក្រុងសៀបរាបរួមមាន តំបន់មាត់ស្ទឹងសៀមរាប, ផ្លូវទៅប្រាសាទអង្គរវត្ត និងផ្លូវជាច្រើនទៀត ស្ទើរគ្រប់តំបន់នៅទីប្រជុំជនកំពុងមានភាពស្ងប់ស្ងាត់កាន់តែខ្លាំង ។
កន្លែងផ្តល់សេវាកម្មទេសចរណ៍មួយចំនួន ដែលធ្លាប់មានមនុស្សច្រើនអ៊ូអរ មានអាជីវកលក់ដូរយ៉ាងសប្បាយរីករាយ ទឹកមុខញញឹមរាក់ទាក់ ក៏ប៉ុន្តែបច្ចុប្បន្ននេះហាងលក់ដូរតូចធំៗជាច្រើនកន្លែង បានបិទទ្វារជាបន្តបន្ទាប់ ហាងខ្លះដាក់ស្លាកលក់ ឬ ជួល។ រីឯកន្លែងផ្តល់សេវាកម្មទេសចរណ៍ខ្លះទៀត បានបញ្ឈប់បុគ្គលិកជាបណ្តើរៗ ។
ស្ត្រីមេម៉ាយម្នាក់កំពុងអង្គុយលក់នំប៉័ង អែបមាត់ស្ទឹងសៀមរាបទឹកមុខស្រងូតស្រងាត់ក្នុងស្ថានភាពមិនសូវមានមនុស្សធ្វើដំណើរច្រើន គឺអ្នកស្រី វី រីណា វ័យ ៤៤ឆ្នាំ រៀបរាប់ថា លោកស្រីបានខ្ចីប្រាក់ ពីវិស័យឯកជន ដើម្បីធ្វើដើមទុនរកស៊ីដោយត្រូវបង្វិលសងម្ចាស់បំណុលវិញប្រចាំថ្ងៃ។ ក៏ប៉ុន្តែប្រសិនលក់មិនសូវដាច់ លោកស្រីនឹងប្រឈមបញ្ហាជាមួយម្ចាស់បំណុល។
លោកស្រីបន្ថែមថា ការថយចុះប្រាក់ចំណូលយ៉ាងគំហុកបែបនេះ នឹងធ្វើឱ្យលោកស្រីមានសម្ពាធផ្លូវចិត្តជាច្រើនរួមមាន កាត់បន្ថយរបបអាហារ ចាយវាយត្បិតត្បៀត ហើយម្យ៉ាងទៀត ត្រូវបង់ថ្លៃបន្ទប់ជួល ព្រមទាំងផ្គត់ផ្គង់ការសិក្សារបស់កូនផងដែរ។
លោកស្រី វី រីណា៖ «មានឯណាយើងខ្ចីលុយគេមករកស៊ី ព្រោះយើងវាអត់ ដើម្បីបានដើរមករកស៊ីហើយនេះខ្ចីលុយគេ១លានមក លុយរាប់ឱ្យគេខ្លះទុកទៅផ្សារខ្លះ»។
អ្នកផ្តល់សេវាកម្មទេសចរសង្កេតឃើញថា អ្នកលក់ដូរខ្នាតតូច គឺជាអ្នករងផលប៉ះពាល់ធ្ងន់ជាងគេដោយសារពួកគាត់ បានចង់ការប្រាក់ពីវិស័យឯកជនឬហៅថា លុយរាប់ ដោយត្រូវបង្វិលសងម្ចាស់បំណុលប្រចាំថ្ងៃ ក្នុងកម្រិតការប្រាក់ខ្ពស់។
ក្រុមអាជីវកអះអាងថា ការបែកបាក់រវាងអ្នកនយោបាយ មិនចុះសម្រុងគ្នាបម្រើសង្គមជាតិ ជាកត្តាសំខាន់មួយ ធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជាដាំក្បាលចុះ ពិបាកនឹងងើបរួច។
រីឯអាជីវកលក់ដូរចល័តម្នាក់ទៀតគឺអ្នកស្រី ជា មិនា បានទម្លាក់កំហុសលើអ្នកនយោបាយមិនចេះរួបរួមគ្នា ស្តារជីវភាពពលរដ្ឋឡើងវិញ ធ្វើឱ្យពលរដ្ឋកាន់តែវេទនា។
លោកស្រីបន្តទៀតថា អ្នកនយោបាយគួរតែរិះរកដំណោះស្រាយរក្សាសុខសន្តិភាពពិតប្រាកដ ដើម្បីឱ្យភ្ញៀវទេសចរជឿទុកចិត្ត ពុំមែនចេះតែនិយាយដោះសានោះទេ ៖
អ្នកស្រី ជា មិនា៖ «អ្នកនយោបាយកុំឈ្លោះគ្នាប្រកែកគ្នាដោយសារផលប្រយោជន៍ប្រទេសជាតិហ្នឹងទៅ ដូចថាមើលបំណាំគ្នាអញ្ចឹង បែរមករួបរួមគ្នាសាមគ្គីគ្នាឡើងវិញ»។
ចំណែកឯនៅតាមផ្សារមួយចំនួន ក្នុងក្រុងសៀមរាបឯណោះវិញ រួមមាន ផ្សារសាមគ្គី , ផ្សារក្រឡាញ់ , ផ្សារលើ, និងផ្សារចាស់ជាដើម ក៏មានភាពស្ងប់ស្ងាត់ដែរ អ្នកលក់ដូរភាគច្រើន អង្គុយស្រងោចស្រងាត់ និងមានតូបលក់ដូរខ្លះទៀត ចាក់សោរបិទទ្វារ និងដាក់ស្លាកលក់បន្ទាន់ក៏មាន។
ពលរដ្ឋអះអាងថា អាជីវកខ្លះលក់មិនសូវដាច់ គ្មានប្រាក់បង់ថ្លៃតូប និងខ្លះទៀត ប្តូរមុខរបរ ទៅធ្វើការនៅតំបន់ខេត្តឆ្ងាយៗ និងខ្លះទៀត ចំណាកស្រុកទៅប្រទេសថៃ។
អាជីវកលក់ដូរនៅផ្សារចាស់ កញ្ញា កាយ សុភី រំលឹកថា មុនឆ្នាំ ២០១៧ ក្នុងពេលមានវត្តមានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំ ភ្ញៀវទេសចរនៅខេត្តសៀមរាបច្រើនស្អេកស្កះ ពលរដ្ឋមានជីវភាពធូរធារ មិនដូចបច្ចុប្បន្ននោះឡើយ។ រីឯមន្ត្រីរដ្ឋាភិបាលតែងតែផ្សព្វផ្សាយព័ត៌មានមិនពិត ពន្លើសតួលេខភ្ញៀវទេសចរ ៖
កញ្ញា កាយ សុភី៖ «និយាយរួមគាត់គិតថាចាប់ពីពេលឡើងទៅគឺច្រើនរបស់គាត់ហើយ តាមការពិតអត់មានមនុស្សទេហើយអ្នកលក់ក៏មិនសូវដាច់ដែរ ហើយអ្នកលក់ខ្លះទៀតរកលុយមួយរស់ក៏ពិបាក។ តែអ្នកខ្លះវិញយកលុយបង់តូបពិបាក ព្រោះវាស្ងាត់ភ្ញៀវ អត់មានចំណូល ប៉ុន្តែត្រូវតែធ្វើ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័គ បាននៅឡើយទេនៅថ្ងៃទី ០៦ កញ្ញា ដោយទូរសព្ទហៅចូលតែគ្មានអ្នកលើក។
ក៏ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានច្រាលចោលចំពោះការលើកឡើងរបស់ក្រុមអាជីវក ដោយលោកអះអាងថា កម្ពុជាគ្មានវិបត្តិនយោបាយនោះទេ ហើយការចរចានយោបាយក៏គ្មានដែរ ៖
លោក សុខ ឥសាន៖ «វិបត្តិនយោបាយនៅកម្ពុជាអត់មានទាល់តែសោះ ហើយបើចង់តស៊ូក្នុងនយោបាយត្រូវត្រៀមលក្ខណៈសម្បត្តិខិតខំធ្វើការដើម្បីប្រជាជននិងផលប្រយោជន៍ប្រទេសជាតិទៅ អញ្ចឹងអ្នកចង់ធ្វើត្រូវត្រៀមលក្ខណៈដែលត្រូវកសាងគុណសម្បត្តិត្រូវតែរង់ចាំប្រកួតប្រជែងនៅបោះឆ្នោតអាណត្តិកាលទី៨នេះទៅអត់មានបញ្ហាទេ»។
កាលពីដើមឆ្នាំ ២០២៤នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានបង្កើតគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីជំរុញវិស័យទេសចរាចរណ៍នៅកម្ពុជា។
គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ដឹកនាំដោយអតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន ព្រមទាំងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ជាដើម។
គណៈកម្មាធិការនេះមានបេសកកម្មសម្របសម្រួល អភិវឌ្ឍវិស័យទេសចរណ៍ រៀបចំគោលនយោបាយ សិក្សាស្រាវជ្រាវពីប៉ះពាល់ផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថានជាដើម។
ក៏ប៉ុន្តែមន្ត្រីសង្គមស៊ីវិលមើលឃើញថា ជាច្រើនខែកន្លងទៅនេះ ការងាររបស់គណៈកម្មាធិការនេះ គ្មានប្រសិទ្ធភាពនោះទេ ថែមទាំងខ្ជះខ្ជាយថវិការដ្ឋ។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង យល់ថា បញ្ហានយោបាយ គឺជាកត្តាសំខាន់ ប៉ះពាល់ដល់សន្តិសុខ សម្រាប់អ្នកទេសចរណ៍ ដែលទាមទារឱ្យភាគីពាក់ព័ន្ធដោះស្រាយឱ្យចំទិសដៅ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ។
លោក យង់ គិមអេង៖ «កន្លងមកមិនថានៅប្រទេសណាប្រទេសណាទេស្ថានភាពនយោបាយមានការព្រួយបារម្ភគឺគេតែងតែមានចេញការព្រមានទៅដល់ប្រជាពលរដ្ឋរបស់គេ ឬក៏សន្តិសុខសន្តិសុខនៅក្នុងសហគមន៍ឱ្យតែមានការព្រួយបារម្ភគឺគេចេញការព្រមានទៅដល់ប្រជាពលរដ្ឋរបស់គេក្នុងការធ្វើដំណើរជាតិដើមដែលរឿងនេះគឺជារឿងសំខាន់សំខាន់»។
របាយការណ៍គ្រឹះស្ថានអង្គរឱ្យដឹងថារយៈពេល ៨ខែ ដើមឆ្នាំ ២០២៤នេះ មានភ្ញៀវទេសចរទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរជាង ៦សែននាក់ (៦៥១.៨៥៧) កើនឡើង ៣១ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ហើយរកចំណូលបានជាង ៣០ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ។
រីឯកាលពីឆ្នាំ២០១៧ ក្នុងពេលកម្ពុជាមិនទាន់មានវិបត្តិនយោបាយធ្ងន់ធ្ងរ គ្រឹះស្ថានអង្គរឱ្យដឹងថា
រយៈពេល ១១ខែក្នុងឆ្នាំ២០១៧ មានភ្ញៀវទេសចរអន្តរជាតិជាង ២លាននាក់បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូលជាង ៩៥លានដុល្លារអាមេរិក។
ក្រុមអាជីវកបន្ថែមថា ក្នុងពេលដែលកម្ពុជាមានជម្លោះនយោបាយជិត ១០ឆ្នាំកន្លងមកនេះ តាំងពីរដ្ឋាភិបាលរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ ភ្ញៀវទេសចរធ្លាក់ចុះជាបន្តបន្ទាប់ ក៏ប៉ុន្តែកើនឡើងក្នុងប្រទេសថៃ វៀតណាម និង ម៉ាឡេស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។