ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ ប្រកប​របរ​លក់ដូរ​បន្តិចបន្តួច​រក​ប្រាក់​ចិញ្ចឹម​ជីវភាព

ពលករ​ខ្មែរ​មួយ​ចំនួន ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ ងាក​មក​ប្រកប​របរ​លក់ដូរ ម្ហូប​អាហារ​ខ្មែរ នំចំណី និង​ភេសជ្ជៈ ទឹក​អំពៅ បាន​ប្រាក់​ចំណូល​បង្គួរ សម្រាប់​ដោះ​ស្រាយ​ជីវភាព ចិញ្ចឹម​បាន​កូន​រៀន​សូត្រ។ ពួក​គាត់​លើកឡើង​ថា ពី​មុន​ធ្វើ​កម្មករ​គេ រក​ប្រាក់​ចាយ​ស្ទើរតែ​មិន​គ្រប់ តែ​ឥឡូវ​មក​លក់ដូរ​ដោយ​ខ្លួន​ឯង ជីវភាព​ធូរធារ​ជាង​មុន។

ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ ដែល​ពី​មុន​ធ្លាប់​ធ្វើ​ជា​កម្មករ​សំណង់ កម្មករ​រោងចក្រ រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​មិន​បាន ក៏​ងាក​មក​លក់​ដូរ​ម្ហូប​អាហារ​ខ្មែរ ទឹក​ក្រឡុក និង​បុក​ល្ហុង​ជាដើម បាន​ប្រាក់​ចំណូល​សមរម្យ ហើយ​ផ្ញើ​ប្រាក់​ទៅ​ឲ្យ​កូន​នៅ​កម្ពុជា​បាន​ចូល​សាលា​រៀន​គ្រប់​គ្នា។ ពលរដ្ឋ​ខ្មែរ​ទាំង​នេះ​និយាយ​ថា ពួកគាត់​មិន​ចង់​ត្រឡប់​ទៅ​កម្ពុជា​វិញ​ទេ ព្រោះ​នៅ​ប្រទេស​ថៃ ងាយ​ស្រួល​រក​ស៊ី ទោះជា​បង់​ថ្លៃ​ធ្វើ​ឯកសារ និង​បង់​ថ្លៃ​ប្រាក់​ប្រចាំ​ខែ​ឱ្យ​ប៉ូលិស​មួយ​ចំនួន​ក៏​ដោយ តែ​ពួក​គាត់​ក៏​អាច​រក​ប្រាក់​បាន​គ្រាន់បើ ដើម្បី​សន្សំ​ផ្ញើ​ឲ្យ​ក្រុម​គ្រួសារ ឪពុកម្ដាយ នៅ​ស្រុក​កំណើត​បាន​ខ្លះ​ដែរ។

ពល​ការិនី​ខ្មែរ ប្រកប​របរ​លក់​បាយ​ម្ហូប និង​បង្អែម​ខ្មែរ នៅ​ផ្សារ​មួយ​ជាយ​ក្រុង​បាងកក ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ លោកស្រី ម៉ក់ ហ៊ីង និយាយ​ទាំង​ដៃ​កំពុង​ហាន់​ទំពាំង​សម្រាប់​ស្ល​លក់​ពេល​យប់ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​រសៀល​ថ្ងៃ​ទី១០ ខែតុលា​ថា តាំង​ពី​លោកស្រី និង​ប្ដី ឈប់​ធ្វើ​ជា​កម្មករ​លើក​ដាក់​បន្លែ​ឲ្យ​ជនជាតិ​ថៃ​មក ក៏​ងាក​មក​ធ្វើ​បាយ​ម្ហូប និង​បង្អែម​ខ្មែរ​លក់​ឱ្យ​ពលករ​ខ្មែរ ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​លោកស្រី​មាន​ប្រាក់​ចំណូល​សមរម្យ ហើយ​អាច​ផ្ញើ​លុយ​ឲ្យ​កូន​ទាំង​បី​នាក់​រៀន​សូត្រ​គ្រប់គ្រាន់។ លោកស្រី​បន្ត​ថា បាយ​ម្ហូប​របស់​លោកស្រី​ភាគច្រើន​មាន​តែ​កម្មករ​ខ្មែរ ដែល​ធ្វើការ​ក្នុង​ផ្សារ​មក​ទិញ ព្រោះ​ក្នុង​ផ្សារ​នេះ​មាន​កម្មករ​ខ្មែរ​ធ្វើការ​ប្រមាណ​មួយ​ម៉ឺន​នាក់។ លោកស្រី​បន្ថែម​ថា ទោះជា​រក​លុយ​បាន​ក្នុង​មួយថ្ងៃ​ប្រមាណ​ពីរ​ពាន់ (២.០០០) បាត ដែល​ស្មើនឹង​ជាង ៥០ដុល្លារ​ក៏​ដោយ ក៏​លោកស្រី​ត្រូវ​ចំណាយ​លើ​ថ្លៃ​បន្ត​សុពលភាព​ទិដ្ឋាការ​ក្នុង​មួយ​ឆ្នាំ​ទាំង​ប្ដី​ទាំង​ប្រពន្ធ​ប្រមាណ​បី​ម៉ឺន (៣០.០០០) បាត ស្មើ​ប្រមាណ ៨៨០ដុល្លារ ហើយ​ត្រូវ​បង់​ថ្លៃ​ឲ្យ​ប៉ូលិស​មួយ​ចំណែក​ទៀត៖ « វា​គ្រាន់​ជាង​មុន​អូន ពី​ដើម​មិញ​យើង​មក​ធ្វើការ​ឲ្យ​គេ​វា​លំបាក​ដែរ មក​យូរ​ទៅ​យើង​រាង​គ្រាន់​ជាង​មុន​ណា​អូន បាន​ចិញ្ចឹម​កូន កូន​រៀន​ទាំង​បី​នាក់​អូន បាន​ចិញ្ចឹម​កូន​រស់​មិន​ពិបាក​ជំពាក់​គេ យើង​បាន​រស់​ធម្មតា​មិន​បាច់​ជំពាក់​គេ​មិន​បាច់​អី​មក​ស្រុក​គេ។ គ្រាន់តែ​ថា​យើង​វា​បែក​កូន​បែក​ម៉ែ​អ៊ីចឹង​ណា។ ចាស​គ្រាន់​ជាង​មុន​តិច​អូន យើង​វា​បាន​ចិញ្ចឹម​កូន​បរិបូរ​យើង​វា​មិន​អត់​មិន​ឃ្លាន »

ស្រដៀង​គ្នា​នេះ​ដែរ ពលករ​ខ្មែរ​ម្នាក់​ទៀត ជា​អ្នក​លក់​បុក​ល្ហុង និង​ទឹកអំពៅ នៅ​ផ្សារ​មួយ​ជាយក្រុង​បាងកក មាន​ស្រុក​កំណើត​នៅ​ក្រុង​ប៉ោយប៉ែត លោក ដាន ពិសី និយាយ​បណ្ដើរ​ដៃ​បុក​ល្ហុង​ឲ្យ​ភ្ញៀវ​បណ្ដើរ​ថា លោក​រក​ប្រាក់​ចំណូល​បាន​មួយ​ថ្ងៃ​ប្រមាណ​បួន​ពាន់​បាត ស្មើនឹង ១១០ដុល្លារ ដែល​ធ្វើ​ឲ្យ​លោក​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ផ្ញើ​ទៅ​ផ្គត់ផ្គង់​ឪពុកម្ដាយ​នៅ​កម្ពុជា។ លោក​បន្ត​ថា លោក​ធ្លាប់​ធ្វើ​ជា​កម្មករ​សំណង់ កម្មករ​រោងចក្រ និង​ស៊ីឈ្នួល​ធ្វើ​ការងារ​ផ្សេងៗ ទៀត​ជា​ច្រើន តែ​បាន​ប្រាក់​មិន​គ្រប់​សម្រាប់​ដោះ​ស្រាយ​ជីវភាព​ឡើយ ទើប​លោក​ងាក​មក​លក់ដូរ​តិចតួច ហើយ​អាច​រក​បាន​ប្រាក់​ចំណូល​ប្រសើរ​ជាង​មុន។ លោក​បន្ថែម​ថា ការ​លក់ដូរ​បាន ដោយសារ​លោក​បង់​ប្រាក់​ឲ្យ​ប៉ូលិស​ថៃ​ក្នុង​មួយ​ខែ​បី​ពាន់​បាត ឬ​ស្មើ​នឹង​ប្រមាណ ៨៨ដុល្លារ៖ « បើ​នៅ​ខ្មែរ​មិន​ដឹង​ធ្វើ​អី​ផង​ចេះតែ​មក​លក់​ទៅ បើ​នៅ​ខ្មែរ​ដាច់​បាយ យើង​នៅ​ហ្នឹង​គ្រាន់នឹង​រក​បាន​តិចតួចៗ អ៊ីចឹង​ទៅ​ណា។ បើ​យើង​នៅ​ខ្មែរ​យើង​មេឃ​ភ្លៀង​ផង​អី​ផង ខែ​នេះ​វា​រក​អត់​បាន​អ៊ីចឹង​ណា អ៊ីចឹង​យើង​មក​លក់​ឯនេះ​ទៅ​យើង​រក​បាន​គ្រាន់បើ​ជាង​យើង​នៅ​ខ្មែរ នៅ​ខ្មែរ​យើង​គ្មាន​ទីផ្សារ នៅ​នេះ​ផ្សារ​គេ​ចេញ​ចូល​យើង​អាច​លក់​បាន​អ៊ីចឹង​ណា »

វិទ្យុ​អាស៊ី​សេរី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី១០ ខែតុលា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ​ដែរ មន្ត្រី​គម្រោង​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស អង្គការ​សង់ត្រាល់ លោក លឹង សុផុន លើក​ឡើង​ថា ពលករ​ខ្មែរ ប្ដូរ​មុខ​របរ​មក​លក់ដូរ​ចំណី​អាហារ​បន្តិចបន្តួច ធ្វើ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួក​គាត់​កាន់​តែ​ប្រសើរ នោះ​ជា​រឿង​ល្អ។ លោក​បន្ត​ថា ពលករ​ខ្មែរ ដែល​លក់ដូរ​ទាំង​នោះ ក៏​ត្រូវ​ដំណើរ​ការ​ឯកសារ​ឲ្យ​ស្របច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​ដែរ ព្រោះ​ច្បាប់​ការងារ​ក្នុង​ប្រទេស​ថៃ ជន​បរទេស​ដែល​មក​រក​ស៊ី​ត្រូវ​ធ្វើ​ទិដ្ឋាការ​អស់​លុយ​ច្រើន ទើប​ពួកគាត់​អាច​លក់ដូរ​បាន៖ « ប្រសិនបើ​គាត់​លក់ លក្ខណៈ​ថា យើង​ធ្វើ​ដោយ​មិន​មាន​ថៅកែ​ត្រឹមត្រូវ​ច្បាស់លាស់ បើសិនជា​ថ្ងៃ​ណា​មួយ តម្រួត ឬ​ក៏​ប៉ូលិស តាម​តំបន់​តាម​កន្លែង​គាត់​ចាប់ ឬ​ក៏​ដើរ​ទៅ​ជួប​ប្រទះ ឬក៏​សួរ​នាំ​អី​អត់​មាន​ឯកសារ​ត្រឹមត្រូវ​អី​អា​ហ្នឹង​គេ​ផាក​តាម​ច្បាប់​ការងារ​ណា​បាទ។ គេ​អាច​ចាប់​យើង​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ ឬក៏​គេ​បញ្ឈប់​មិន​ឲ្យ​ធ្វើ​ការងារ​ត​អ៊ីចឹង​ណា ឬក៏​គេ​ផាក​ពិន័យ​តាម​ច្បាប់​ការងារ​ហ្នឹង​ឯង »

ពលករ​ខ្មែរ ដែល​ប្រកប​របរ​លក់ដូរ នៅ​ផ្សារ​មួយ​ជាយក្រុង​បាងកក ឲ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ ធ្វើ​ការ​ជា​កម្មករ​លើក​ដាក់​បន្លែ​ផ្លែ​ឈើ និង​លក់ដូរ​ឲ្យ​ថៅកែ​ថៃ ប្រមាណ​មួយ​ម៉ឺន​នាក់​នៅ​តំបន់​ពួក​គាត់​រស់​នៅ ក្នុង​នោះ​មាន​ពលករ​ខ្មែរ​លក់ដូរ ដោយ​ខ្លួនឯង​ប្រមាណ​ពីរ​រយ​នាក់។ ពលករ​ខ្មែរ​ដែល​លក់ដូរ​ដោយ​ខ្លួន​ឯង ភាគ​ច្រើន​ពួក​គាត់​មាន​ជីវភាព​ធូរធារ ជាង​ពលករ​ខ្មែរ ដែល​ធ្វើ​ជា​កម្មករ​ឱ្យ​ថៅកែ​ជនជាតិ​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។