កសិករ​មួយ​ចំនួន​ក្នុង​ខេត្ត​ជាប់​បឹង​ទន្លេ​សាប​ជីក​អណ្ដូង ដើម្បី​ស្រោច​ស្រូវ​ប្រាំង

0:00 / 0:00

កសិករ​មួយ​ចំនួន​រស់នៅ​ខេត្ត​ជាប់​បឹង​ទន្លេសាប បាន​ចំណាយ​ប្រាក់​ជីក​អណ្ដូង​ទឹក​កណ្ដាល​វាល​ស្រែ ដើម្បី​ទាញ​ទឹក​ពី​ក្រោម​ដី មក​សង្គ្រោះ​ស្រូវ​ប្រាំង​របស់​ពួក​គាត់ ដែល​ជិត​នឹង​ប្រមូល​ផល។

ពួក​គាត់​សោក​ស្ដាយ​ស្រូវប្រាំង​ជាច្រើន​ពាន់​ហិកតារ​ងាប់​ជា​បន្ត​បន្ទាប់ ដោយសារ​ខ្វះ​ទឹក នៅ​រយៈ​ពេល ៣សប្ដាហ៍​កន្លង​ទៅ​នេះ។

កសិករ​មួយ​ចំនួន​រស់​នៅ​ជាប់​តំបន់​បឹង​ទន្លេសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ កំពុង​រក​មធ្យោបាយ​សង្គ្រោះ​ស្រូវ​ប្រាំង​ជា​ច្រើន​ហិកតារ ដែល​ពួក​គាត់​ជិត​ប្រមូល​ផល​ ហើយ​កំពុង​ប្រឈម​នឹង​ការ​ក្រៀម​ស្វិត ដី​ប្រេះ​ក្រហែង ដោយសារ​ខ្វះ​ទឹក​ស្រោចស្រព។

កសិករ​រស់​នៅ​ក្នុង​ឃុំ​តាលោ ស្រុក​តាលោ​សែនជ័យ ខេត្ត​ពោធិ៍សាត់ លោកស្រី នួន វុធ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៥ កុម្ភៈ​ថា គ្រួសារ​លោកស្រី​ធ្វើ​ស្រែ​ប្រាំង ៦ហិកតារ ងាប់​អស់ ៣ហិកតារ​នៅ​សល់ ៣ហិកតារ​ទៀត ជិត​នឹង​ប្រមូល​ផល កំពុង​ប្រឈម​ខ្វះ​ទឹក។ លោកស្រី​ថា ប្រសិន​បើ​គ្មាន​ទឹក​បូម​បញ្ចូល​ស្រែ​នោះ​ទេ នោះ​ស្រូវ​ប្រាំង​ទាំងនោះ​នឹង​ក្រៀម​ស្វិត​ងាប់​ទាំង​ស្រុង។ ហេតុនេះ​ទើប​បាន​ជា​គ្រួសារ​លោកស្រី បង្ខំចិត្ត​ជីក​អណ្ដូង​ទឹក​មួយ​កណ្ដាល​វាលស្រែ ដើម្បី​បូម​ទឹក​ពី​ក្រោម​ដី មក​ស្រោច​ស្រែ​ប្រាំង ក៏ប៉ុន្តែ​នៅ​ពេល​ជីក​បែរ​ជា​គ្មាន​ទឹក​វិញ។ លោកស្រី​ថា អ្នកភូមិ​ជា​ច្រើន​គ្រួសារ​ទៀត ក៏​ដូច្នេះ​ដែរ អ្នក​ខ្លះ​ជីក​អណ្ដូង​មាន​ទឹក ខ្លះ​ក៏​គ្មាន​ទឹក។

លោកស្រី នួន វុធ៖ដី​ស​ទៅ​ប្រេះ ហើយ​ស្រូវ​ស្រពោន​ងាប់ៗ ទៅ អត់​មាន​ទឹក​ទេ ទឹក​វា​ឆ្ងាយ។ កន្លែង​ណា​គេ​មាន​ប្រឡាយ គេ​ស្ទាក់​បូម​អ៊ីចឹង​ទៅ។ ឥឡូវ​ហ្នឹង​ខូច​អស់ ៣ ទៅ ៤ហិកតារ​ហើយ ប្រេះ​ដី​ មូល​ដើម​ប្រេះ​ដី។ ឥឡូវ​ទៅ​បូម​ទឹក​បូម​អី ឡើង​ខ្យល់​កូន​ខ្ញុំ​អស់​ហើយ មិន​ទាន់​បាន​ទេ ព្រោះ​បូម​ឡើង​ឈឺ​អស់​ហើយ ទាញ​ម៉ាស៊ីន​ទាញ​អី​បូម»។

គិត​មក​ទល់​ពេល​នេះ ស្រូវ​ប្រាំង​របស់​កសិករ​ក្នុង​ឃុំ​តាលោ យ៉ាង​ហោច​ណាស់​ជាង ១ម៉ឺន​ហិកតារ ងាប់​ស្ទើរ​ទាំង​ស្រុង។ រីឯ​ដី​ស្រែ​ខ្លះ​ប្រេះក្រហែង ស្រែ​ខ្លះ​ទៀត កសិករ​លែង​គោ​ឱ្យ​ស៊ី​ស្រូវ និង​ស្រែ​ខ្លះ​ទៀត កសិករ​ច្រូត​ស្រូវ​ឱ្យ​ចំណី​សត្វ។

ចំណែក​ឯ​ក្នុង​ឃុំ​អញ្ចាញរូង ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ឯ​នោះ​វិញ ទំនប់​អាង​ទឹក​អាចាង ដែល​ជា​កន្លែង​ស្តុក​ទឹក​ធំ​​មួយ សម្រាប់​ឱ្យ​កសិករ​ធ្វើ​ស្រែ​ប្រាំង អាជ្ញាធរ​បាន​ដាក់​វេន​គ្នា​ឱ្យ​កសិករ​បូម​ទឹក​បញ្ចូល​ស្រែ។ ក៏ប៉ុន្តែ​អាច​សង្គ្រោះ​ស្រែ​ប្រាំង​របស់​កសិករ​បាន​តិច​តូច​ប៉ុណ្ណោះ សម្រាប់​តែ​ស្រែ​នៅ​កៀក​នឹង​ប្រឡាយ​មេ។ អ្នកភូមិ​ថា កសិករ ដែល​ធ្វើ​ស្រែ​នៅ​ឆ្ងាយ​ពី​ប្រឡាយ​មេ​ភាគ​ច្រើន ស្រូវ​ប្រាំង​របស់​ពួក​គាត់​ងាប់​ទាំង​ស្រុង ហើយ​កសិករ​ខ្លះ​ទៀត​ឈ្លោះ​ប្រកែក​គ្នា ដណ្ដើម​ទឹក​បូម​បញ្ចូល​ស្រែ។

កសិករ​រស់​នៅ​ឃុំ​អញ្ចាញរូង ស្រុក​បរិបូរណ៍​ឱ្យ​ដឹង​ថា គ្រាន់តែ​ឃុំ​អញ្ចាញរូង ស្រូវ​ប្រាំង​របស់​កសិករ​យ៉ាង​ហោច​ណាស់ ៥០០ហិកតារ ងាប់​ទាំង​ស្រុង។ ចំណែក​ឯ​ស្រូវ​ប្រាំង​នៅ​កៀក​នឹង​ប្រឡាយ កំពុង​ប្រមូល​ផល​បណ្ដើរៗ និង​ស្រូវខ្លះ​ទៀត កំពុង​មូល​ដើម ឬ​ហៅថា ស្រូវ​ផើម។

កសិករ​រស់​នៅ​ភូមិ​អញ្ចាញរូង​ឃុំ​អញ្ចាញរូង លោក មាស ឡាង វ័យ ៥៤ឆ្នាំ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា អ្នក​គ្រប់គ្រង​ទឹក នៅ​ទំនប់​អាចាង ខ្វះ​បច្ចេកទេស​បង្ហូរ​ទឹក អាច​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​កសិករ​ខ្វះ​ទឹក​បូម​ដាក់​ស្រែ។ លោក​ថា ស្រូវ​ប្រាំង​រាប់​រយ​ហិកតារ នៅ​ឆ្ងាយ​ពី​ប្រឡាយ​មេ​ ភាគ​ច្រើន​ស្វិត​ងាប់ ព្រោះ​កសិករ​គ្មាន​លទ្ធភាព​ជួល​ម៉ាស៊ីន​ធំៗ ដើម្បី​ទាញ​ទឹក​ពី​ប្រឡាយ​បូម​ដាក់​ស្រែ។ លោក​ថា គ្រួសារ​លោក​ធ្វើ​ស្រូវប្រាំង​ជាង ៤ហិកតារ នៅ​កៀក​នឹង​ប្រឡាយ​មេ ហើយ​គ្រោង​នឹង​ប្រមូល​ផល ៣សប្តាហ៍​ទៀត ហើយ​ប្រសិន​បើ​គ្មាន​ទឹក ស្រូវប្រាំង​ទាំងនោះ​ក៏​នឹង​ងាប់​អស់​ដែរ។

លោក មាស ឡាង៖ «ខាង​ធនធាន​ទឹក​អ្នក​កាន់​ទ្វារ បើ​គ្រប់គ្រង​ទឹក​ច្បាស់​លាស់​ដូច​ដែរ​ពលរដ្ឋ​សំណូមពរ​វិញ អត់​ខ្វះ​ទេ​ទឹក។ ប៉ុន្ទេ ​អ្នក​ដែល​កាន់​ចង្កូត​ទឹក​ហ្នឹង គាត់​អត់​មាន​សន្សំ​ទឹក​ទេ គាត់​បើក​អស់​រលីងៗ តែ​ម្ដង។ ដល់​ពេល(នេះ)ប្រឈម​ហានិភ័យ​ខ្លាំង។ អ៊ីចឹង គេ​អ្នក​ដែល​ស្រែ​ជាប់ៗ ប្រឡាយ បូម​បាន​តិច​តូច។ ដល់​ពេល​អ្នក​នៅ​ឆ្ងាយៗ ចង់​រក​កាប់​គ្នា ដោយ​សារ​រឿង​ទឹក​ហ្នឹង»។

កសិករ​រូប​នេះ អំពាវនាវ​ដល់​រដ្ឋាភិបាល ឱ្យ​ផ្តល់​ម៉ាស៊ីន​បូម​ទឹក​ខ្នាត​ធំ​សម្រាប់​ទាញ​ទឹក​តាម​ប្រឡាយ​មេ បូម​បញ្ចូល​ស្រែ​ទៅ​តាម​ប្រឡាយ​តូចៗ គ្រប់​ច្រកល្ហក ដើម្បី​ឱ្យ​ស្រែ​ប្រាំង​របស់​កសិករ​នៅ​ឆ្ងាយៗ ទទួល​បាន​ទឹក​​គ្រប់​គ្រាន់ ធ្វើ​កសិកម្ម នៅ​ឆ្នាំ​ក្រោយៗ ទៀត។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះពី​អភិបាល​ខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ និង​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ រីដា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៥ កុម្ភៈ។

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ឱ្យ​ដឹង​ថា ការ​បង្ក​បង្កើន​ផល​របស់​កសិករ កើន​ឡើង រហូត​ដល់​ជិត ៥ម៉ឺន​ហិកតារ (៤៦.៣៤១) បណ្ដាល​ឱ្យ​ខ្វះ​ទឹក​ស្រោចស្រព ស្រប​ពេល​ដែល​ផែនការ​ទឹក​ស្រោចស្រព​ស្រូវ​ប្រាំង​បាន​ត្រឹម​តែ ២ម៉ឺន​ហិកតារ (២០.០០០) ប៉ុណ្ណោះ។ រីឯ​មន្ទីរ​ធនធាន​ទឹក​ខេត្ត​កំពង់ឆ្នាំង បាន​ជូន​ដំណឹង​ដល់​កសិករ​ទាំង​អស់​ឱ្យ​ផ្អាក​ការ​ធ្វើ​ស្រែ​ស្រូវ​ប្រាំង ព្រោះ​កសិករ​ធ្វើ​ស្រូវ​ប្រាំង​លើស​ផែនការ​កំណត់ ដែល​ផែនការ​ប្រើប្រាស់​ទឹក​សម្រាប់​ឱ្យ​កសិករ​ដាំដុះ​បាន​ជិត ៤ម៉ឺន​ហិកតារ (៣៧.៧០០) ក៏​ប៉ុន្តែ កសិករ​ដាំដុះ​រហូត​ដល់​ជាង ៤ម៉ឺន​ហិកតារ ដែល​ធ្វើ​ឱ្យ​ខ្វះខាត​ទឹក​ស្រោច​ស្រព។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង សង្កេត​ឃើញ​ថា បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​ស្រូវ​ប្រាំង បាន​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លោក​ថា អាជ្ញាធរ​គួរតែ​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​ធារាសាស្ត្រ​ ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​ពលរដ្ឋ​មាន​ទឹក​ធ្វើ​ស្រែ​ប្រាំង​គ្រប់គ្រាន់។

លោក យង់ គិមអេង៖ «ដោយសារ​តែ​ក្នុង​អាណត្តិ​ហ្នឹង​មាន​មន្ត្រី​ច្រើន​ណាស់ ឱ្យ​តែ​មន្ត្រី​ទាំង​អស់ ហ្នឹង​អ្នក​នយោបាយ ដែល​ជា​រដ្ឋលេខាធិការ និង​ជា​អនុ​រដ្ឋ​លេខាធិការ និង​ទីប្រឹក្សា​ច្រើន តើ​ជួយ​កសិករ​របៀប​ណា ហើយ​បង្កើត​វេទិកា​មួយ ជួយ​កសិករ​ល្អិតល្អន់ តើ​ដំណោះស្រាយ ដើម្បី​ជួយ​កសិករ​របៀប​ម៉េច?

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​បញ្ជូន​មន្ត្រី​ជំនាញ ចុះ​មូលដ្ឋាន​ជួប​កសិករ និង​ទទួល​យក​ទុក្ខ​កង្វល់​របស់​កសិករ​មក​ដោះស្រាយ ដើម្បី​កុំ​ឱ្យ​វិបត្តិ​ខ្វះ​ទឹក​នេះ​ កើត​មាន​ឡើង​នៅ​ឆ្នាំ​ក្រោយៗ ទៀត។ លោក​ថា អាជ្ញាធរ​គួរ​តែ​កែ​លម្អ​ចំណុច​ខ្វះខាត​ដោយ​ត្រូវ​រៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ ធ្វើ​យ៉ាង​ណា​ឱ្យ​កសិករ​មាន​សុវត្ថិភាព​ស្បៀង និង​ធានា​នូវ​និរន្តរភាព​ធ្វើ​កសិកម្ម​ទាំង​រដូវ​ប្រាំង និង​រដូវ​វស្សា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។