កសិករមួយចំនួននៅខេត្តបាត់ដំបងត្អូញត្អែរពីតម្លៃស្រូវចុះថោក ប្រឈមនឹងការខាតបង់
2025.01.08
កសិករមួយចំនួននៅខេត្តបាត់ដំបង ត្អូញត្អែរពីតម្លៃស្រូវចុះថោក ដោយមិនដឹងមូលហេតុ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ។ ពួកគាត់ថា បញ្ហានេះកំពុងធ្វើឲ្យពួកគាត់ប្រឈមនឹងការខាតបង់ច្រើន និងពុំមានលទ្ធភាពសងបំណុលធនាគារ ខណៈអាជ្ញាធរហាក់នៅពុំទាន់មានដំណោះស្រាយនៅឡើយ។
ពលរដ្ឋមួយចំនួន នៅខេត្តបាត់ដំបងឲ្យដឹងថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ តម្លៃស្រូវ កំពុងធ្លាក់ថ្លៃជាគំហុក ធ្វើឲ្យពួកគាត់ខាតបង់ប្រាក់ ជាង២០ម៉ឺនរៀលក្នុងស្រូវមួយតោន។
កសិករនៅភូមិដួងមារ ឃុំអូរតាគី ស្រុកថ្មគោល លោក ភាន កុសល់ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ៧ ខែមករាថា តម្លៃស្រូវអូអឹម (OM 54.51) នៅតំបន់របស់លោក មានតម្លៃប្រមាណ៧រយរៀលក្នុងមួយគីឡូក្រាម ។ កសិកររូបនេះ ឲ្យដឹងថា តម្លៃស្រូវទាបបែបនេះ កំពុងប៉ះពាល់ដល់ជីវភាពរបស់កសិករ ជាពិសេសអ្នកជួលដីគេធ្វើស្រែ និងអ្នកជំពាក់បំណុលធនាគារ ។ លោកស្នើដល់អាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ ស្វែងរកទីផ្សារកសិផលរបស់កសិករ ដើម្បីបញ្ចៀសកសិករបោះបង់មុខរបរ និងធ្វើចំណាកស្រុក ទៅក្រៅប្រទេស ដើម្បីរកលុយដោះបំណុល។
លោក ភាន កុសល៖ «សូមសំណូមពរដល់រាជរដ្ឋាភិបាល សូមឲ្យគាត់ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងតែប្រមូលភោគផល ដើម្បីឲ្យគាត់មានទំនុកចិត្តនឹងបន្តធ្វើស្រែចំការ ។ ប្រសិនជា ពួកគាត់មិនរកដំណោះស្រាយឲ្យទេ កសិករប្រហែលជាអាចចំណាកស្រុកទៅប្រទេសគេច្រើនហើយ ព្រោះធ្វើអត់បានចំណេញ មានការលំបាកនឿយហត់ហើយ បានត្រឹមតែជំពាក់បំណុលធនាគារ និងការនឿយហត់»។
ស្រដៀងគ្នានេះ កសិករនៅស្រុកសង្កែ ខេត្តបាត់ដំបង លោក សែម ប៊ុនធី ថ្លែងថា នៅតំបន់របស់លោក ស្រូវប្រភេទអូអឹម (OM 54.54) មានតម្លៃ ៦៥០រៀល ក្នុងមួយគីឡូក្រាម ហើយឃុំខ្លះទៀត មានតម្លៃទាបជាងនេះ។ លោកស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជួយស្វែងរកទីផ្សារស្រូវឲ្យកសិករ។
លោក សែម ប៊ុនធី៖ «មានតែសំណូមពរឲ្យពួកគាត់ជួយខ្នះខ្នែងរកទីផ្សារឲ្យប្រជាពលរដ្ឋផង អ្នកដែលដល់សព្វថ្ងៃនេះ ងាប់ហើយគ្នាមិនរស់ទេ មួយតោន ៦៤ ឬ៦០ (ម៉ឺនរៀល) ឬអាចធ្លាក់ដល់ ៥០ (ម៉ឺនរៀល) យ៉ាប់ហើយបងអើយ អីចឹងមានតែសុំឲ្យអាជ្ញាធររកដំណោះស្រាយឲ្យប្រជាពលរដ្ឋផង បើស្ងាត់ៗទៀតងាប់អស់ហើយ ប្រជាពលរដ្ឋ»។
ក្រៅពីនេះ មានពលរដ្ឋនៅតាមខេត្តផ្សេងៗទៀត បានបង្ហោះវីដេអូត្អូញត្អែរពីតម្លៃស្រូវចុះថោកតាមបណ្ដាញសង្គមនានា ដូចជា ហ្វេសប៊ុក (Facebook) និងតិកតុក (Tiktok) ជាដើម និងស្នើដល់ស្ថាប័ន ពាក់ព័ន្ធឲ្យជួយស្វែងរកទីផ្សារជូនកសិករ។
ការត្អូញត្អែររបស់កសិករនេះ ធ្វើឡើងបន្ទាប់ពីតម្លៃស្រូវនៅខេត្តបាត់ដំបង បានធ្លាក់ថ្លៃជាបន្តបន្ទាប់។
សហព័ន្ធស្រូវអង្ករកម្ពុជា ឲ្យដឹងថា កាលពីថ្ងៃទី៣ ខែមករា តម្លៃស្រូវប្រភេទ អូអឹម (OM 54.51) នៅតាមបណ្ដាខេត្តមួយចំនួនដូចជាបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ជាដើម មានតម្លៃចន្លោះពី ៩៣០ ដល់ ៩៧០ រៀលក្នុងមួយគីឡូក្រាម តែតម្លៃនេះ បានធ្លាក់ចុះនៅសល់ចន្លោះពី ៧៩០ ដល់ ៨១០រៀល កាលពីថ្ងៃទី៦ ខែមករា។ ចំណែកពលរដ្ឋមួយចំនួន នៅខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែមករា ឲ្យដឹងថា តម្លៃស្រូវប្រភេទដូចគ្នានេះ មានតម្លៃចាប់ពី៦០០ ដល់៧៣០រៀលក្នុងមួយគីឡូក្រាម អាស្រ័យលើទីតាំងរោងម៉ាស៊ីន និងឈ្មួញកណ្ដាល។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កញ្ញា អឹម រចនា ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី៧ ខែមករា។
ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម មន្ទីរកសិកម្ម និងមន្ទីរពាណិជ្ជកម្ម រួមទាំងរដ្ឋបាលខេត្តបាត់ដំបង មិនបានបង្ហាញព័ត៌មានណាមួយឡើយ ពាក់ព័ន្ធនឹងតម្លៃស្រូវរបស់កសិករកំពុងធ្លាក់ថ្លៃនេះ។ ប៉ុន្តែស្ថាប័នរដ្ឋទាំងនេះ បានបង្ហោះពីសារ និងរូបភាព របស់ថ្នាក់ដឹកនាំស្ថាប័ន ចូលរួមរំលឹកខួបលើកទី៤៦ ទិវាជ័យជំនះ ៧ មករា ខណៈកសិករកំពុងត្រដរខ្យល់ព្រោះស្រូវលក់បានតម្លៃថោក។
ទាក់ទិននឹងបញ្ហានេះ ក្រុមប្រឹក្សាភិបាលរបស់អង្គការសាមគ្គីភាពកសិករកម្ពុជា លោក ឌី គន្ធា មានប្រសាសន៍ថា បញ្ហាតម្លៃស្រូវធ្លាក់ថ្លៃនេះ គឺមិនមែនកើតតែ នៅក្នុងខេត្តបាត់ដំបងប៉ុណ្ណោះទេ តែវាក៏បានកើតឡើង នៅខេត្តផ្សេងទៀតផងដែរ ហើយបញ្ហានេះ អាចបណ្ដាលមកពីឈ្មួញកណ្ដាលជាអ្នកកំណត់តម្លៃស្រូវ។ លោកសង្កេតឃើញថា បញ្ហាតម្លៃនេះ ក៏អាចពាក់ព័ន្ធនឹងកសិករ បង្កបង្កើនផលស្រូវ គ្មានកិច្ចសន្យា ឬចរចាតម្លៃស្រូវ ជាមួយនឹងអ្នកទិញនៅមុនការដាំដុះ ដែលជាហេតុ ធ្វើឲ្យអ្នកទិញអាចតំឡើង ឬបញ្ចុះតម្លៃបានដោយខ្លួនឯង។
លោក ឌី គន្ធា៖ «ចង់មិនចង់រាជរដ្ឋាភិបាល ត្រូវតែពិនិត្យមើលគោលនយោបាយផ្សេងៗនៅក្នុងទៅដល់ការលើកទឹកចិត្តដល់កសិករនៅក្នុងចង្វាក់ផលិតកម្មស្រូវ និងធានានូវនិរន្តរភាព ទីផ្សារតម្លៃស្រូវនៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ឲ្យមានតម្លៃអាចទទួលយកបាន តម្លៃគាប់ចិត្ត តម្លៃ ដែលកសិករអាចទទួលបានផលចំណេញក្រោយពីប្រមូលផល និងមិនមែនជាតម្លៃ ដែលទទួលបានមកមិនរួចថ្លៃដើម មិនរួចថ្លៃសងការប្រាក់ ប្រាក់ដើម និងបំណុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»។
កសិករមួយចំនួនឲ្យដឹងថា ការដាំដុះស្រូវ អាយុកាលខ្លីដូចជាពូជសែនក្រអូប និងពូជអូអឹម ៥៤.៥១ (OM 54.51) កសិករត្រូវចំណាយថ្លៃដើមជាច្រើន ដូចជា ថ្លៃពូជស្រូវ ថ្លៃភ្ជួរ និងរាស់ដី ថ្លៃជី ថ្លៃថ្នាំកំចាត់សត្វល្អិត ថ្នាំប៉ូវកសិកម្ម និងថ្លៃជួលដីស្រែជាដើម ដែលមានតម្លៃជាង ៣លាន (៣.៣០០.០០០) រៀលក្នុងមួយហិកតារ ។
កន្លងមកកសិករខ្លះ នៅខេត្តបាត់ដំបង តែងត្អូញត្អែរពីតម្លៃស្រូវចុះថោកស្ទើរតែជារៀងរាល់ឆ្នាំ ខណៈដំណាំស្រូវរបស់ពួកគាត់ ជួបគ្រោះរាំងស្ងួត និងគ្មានប្រព័ន្ធទឹកស្រោចស្រពនៅរដូវប្រាំ និងជួបគ្រោះទឹកជំនន់ នៅរដូវវស្សា។ ប្រការនេះ ធ្វើឲ្យកសិករជាច្រើន ខាតបង់ប្រាក់ចំណូល និងប្រឈមនឹងបញ្ហាជំពាក់បំណុលវ័ណ្ឌក ហើយពួកគាត់ បានស្នើដល់អាជ្ញាធរពាក់ព័ន្ធឲ្យជួយស្វែងរកទីផ្សារស្រូវអង្ករជូនពួកគាត់។ ជានិច្ចកាល អាជ្ញាធរតែងចោលពលរដ្ឋថា ធ្វើស្រែលើសផែនការ ឬសម្រុកច្រូតក្នុងពេលតែមួយ ឬប្រទេសជិតខាងកំពុងប្រមូលផលស្រូវដូចគ្នានឹងកម្ពុជា ដែលកត្តាទាំងនេះ ធ្វើឲ្យស្រូវចុះថោក ។ បញ្ហាស្រូវចុះថោកនេះ ជាដើមចម ធ្វើឲ្យប្រជាកសិករប្រមាណ ១ពាន់នាក់ បានយកគោយន្តដឹកស្រូវ និងស្រូវទៅចាក់បិទផ្លូវជាតិលេខ៥ នៅចំណុចមុខសាលាឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ទាមទារឲ្យអាជ្ញាធរដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ចុះ និងរកទីផ្សារលក់ផលិតផលកសិផលរបស់ពួកគាត់ កាលពីខែកញ្ញា ឆ្នាំ២០១៦ ។ កសិករបានបើកផ្លូវចរាចរណ៍វិញ ក្រោយពីអាជ្ញាធរខេត្តបាត់ដំបងចុះដោះស្រាយបញ្ហានេះ។
កសិករទទូចដល់រដ្ឋាភិបាល និងស្ថាប័នរដ្ឋនានា ឲ្យជួយស្វែងរក ទីផ្សារស្រូវអង្ករសម្រាប់ពួកគាត់ ដើម្បីឲ្យពួកគាត់មានជីវភាពសមរម្យ និងដោះស្រាយជីវភាពប្រចាំថ្ងៃរួមទាំងបំណុលធនាគារជាដើម។ កសិករខ្លះទៀត លើកឡើងថា បើតម្លៃស្រូវនៅតែចុះថោកបែបនេះ ពួកគាត់អាចនឹងបោះបង់មុខរបរមួយនេះចោល ហើយជម្រើសចុងក្រោយ ពួកគាត់មានតែចំណាកស្រុកទៅក្រៅប្រទេស ដើម្បីរកលុយដោះបំណុលធនាគារ ដែលបានខ្ចីមកធ្វើដើមទុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។