កសិករ​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប​បោះបង់​មុខរបរ​ដាំដំឡូង​មី​ដោយសារ​ធ្លាក់​ថ្លៃ​ខ្លាំង

កសិករ​មួយចំនួន​នៅ​ខេត្តសៀមរាប​បាន​បង្ខំចិត្ត​បោះបង់​មុខរបរ​ដាំដំឡូង​មី​ដោយសារតែ​តម្លៃ​ដំឡូង​ដែល​ទើបតែ​ប្រមូល​ផល ធ្លាក់​ថ្លៃ​ខ្លាំង ធ្វើ​ឱ្យ​ពួកគាត់​ខាតបង់​ច្រើន និង​ប្រឈម​បញ្ហា​បំណុល។ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​ពាក្យ​សន្យា កាលពីមុន​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​០៧ ដែល​គណបក្ស​កាន់អំណាច​ដើរ​ឃោសនា​បោះឆ្នោត ប្រាប់​ប្រជាជន​ថា នឹង​លើក​កម្ពស់​តម្លៃ​កសិផល ក៏ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។

កសិករ​ជាច្រើន​គ្រួសារ​រស់នៅ ស្រុក​ស្រីស្នំ ខេត្តសៀមរាប​កំពុង​បាក់​ទឹកចិត្ត និង​អស់ជំនឿ​លើ​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​លើកកម្ពស់​តម្លៃ​កសិផល​ដោយសារតែ​តម្លៃ​ដំឡូង​មី ដែល​ពួកគាត់​ទើបតែ​ប្រមូល​ផល ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​ធ្វើ​ឱ្យ​ពួកគាត់​ខាតបង់​ច្រើន មិនអាច​ទូទាត់ លើ​ការ​ចំណាយ​ថ្លៃ​ដើម។

កសិករ​រស់នៅ​ភូមិ​ធ្លក​ត្រាំកង់ ឃុំ​ស្លែងស្ពាន ស្រុក​ស្រីស្នំ លោកស្រី វ៉ ស្រួន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២៧ មិថុនា​ថា គ្រួសារ​លោកស្រី​ដាំដំឡូង​មី​ចំនួន ៣​ហិកតារ ពេល​ប្រមូល​ផល​អាច​លក់​បាន​ក្នុង​តម្លៃ​១៥០​រៀល​ប៉ុណ្ណោះ​មួយ​គីឡូក្រាម ខណៈ​តម្លៃ​ដំឡូង​ស្រស់​អាច​ចំណេញ​បាន លុះណាតែ​មាន​តម្លៃ ចាប់ពី​៤០០ រៀល ឡើង​ទៅ​ក្នុង​មួយ​គីឡូក្រាម។

លោកស្រី​បញ្ជាក់​ថា បើ​ទោះបីជា​តម្លៃ​ដំឡូង​មី​ធ្លាក់​ថ្លៃ​ក្តី ក៏​ពួកគាត់​ត្រូវ​បង្ខំចិត្ត​លក់​ដែរ ដោយសារ​ត្រូវការ​លុយ​បន្ទាន់ ដើម្បី​សង់​ម្ចាស់បំណុល សង់​ថ្លៃ​ចំណាយ​កម្លាំង​កម្មករ និង​បង់ថ្លៃ​ចំណាយ​ផ្សេងៗ​។ រីឯ​អ្នកភូមិ​ខ្លះទៀត​បាន​បង្ខំចិត្ត ចាកចោល​ផ្ទះសម្បែង ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ជា​បន្តបន្ទាប់ ដើម្បី​រក​ប្រាក់​សង​បំណុល​គេ។

លោកស្រី វ៉ ស្រួន៖ «ដំឡូង​ធ្វើ​បាន​ផល​ហើយ ជំពាក់​អាត្រាក់​គេ​ហើយ ទៅ​ថៃ គេ​មិន​ចង់​ទិញ​ទៀត គេ​ថា ឱ្យ​យើង​ចេះ​ចុះ​។ អើយ​លំបាក​ណាស់​កសិករ»។

កសិករ​បន្ថែម​ថា ពួកគាត់​ជួប​បញ្ហា​ច្រើន ទម្រាំ​បាន​ផល​ដំឡូង​មី ត្រូវ​ចំណាយ​កម្លាំង​ពលកម្ម ចំណាយ​ថ្លៃ​ភ្ជួរ​រាស់ ចំណាយ​ថ្លៃ​ពូជ ជី ថ្នាំ​សម្លាប់​សត្វល្អិត និង ថ្នាំ​បាញ់​ស្មៅ ជាដើម​។ រីឯ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ក៏​ជា​ឧបសគ្គ ធ្វើ​ឱ្យ​ដំឡូង របស់​កសិករ​មួយចំនួន​រលួយ​មើម​ដោយសារតែ​រលក​កម្តៅ​កើនឡើង​ខ្លាំង។

របាយការណ៍​ក្រសួងកសិកម្ម​បង្ហាញ​ថា រយៈពេល​៥​ខែ​នៅក្នុង​ឆ្នាំ​២០២៤ កម្ពុជា​នាំចេញ​ដំឡូង​មី​ជាង ១​លាន ៥​សែន​តោន​(១.៥៩៩.១៦០ តោន​) កើនឡើង​ជាង ២​សែន​តោន (២៥៦.១១០) បើ​ធៀប​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន។ រីឯ​ទីផ្សារ​នាំចេញ​ដំឡូង​មី មាន ៣​ប្រទេស រួមមាន ថៃ វៀតណាម និង​ចិន​។ ជាមួយ​គ្នា​នេះ កម្ពុជា​មាន​ផ្ទៃដី​អំណោយផល​អាច​ដាំដំឡូង​មី​បាន​ជាង ១​លាន​ហិកតារ នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​១៧

ទោះជា​យ៉ាងណា​កសិករ​ម្នាក់ទៀត​រស់នៅ​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប លោក ពួក ខៀន សង្កេត​ឃើញ​ថា ពេល​ដំឡូង​មី​ធ្លាក់​ថ្លៃ ធ្វើ​ឱ្យ​កសិករ​លែង​ចង់​ពង្រីក​ផ្ទៃដី​កសិកម្ម​បន្ថែម​ទៀត ដែល​ជា​ហេតុ​បណ្តាល​ឱ្យ​ផ្ទៃដី​កសិកម្ម ក្នុងស្រុក​ស្រីស្នំ ជាច្រើន​ពាន់​ហិកតារ ត្រូវ​ទុក​ទំនេរ​ចោល។

លោក​ថា គណបក្ស​កាន់អំណាច​តែងតែ​សន្យា​នៅមុន​ពេល​បោះឆ្នោត ជាច្រើន​អាណត្តិ​មក​ហើយ​ថា នឹង​លើកកម្ពស់​កសិកម្ម ក៏ប៉ុន្តែ​ការពិត​ជាក់ស្តែង​ពុំ​ដូច្នេះ​ទេ បញ្ហា​តម្លៃ​កសិផល​ធ្លាក់​ថ្លៃ បន្ត​កើតមាន​ជាច្រើន​ឆ្នាំ​មក​ហើយ គ្មាន​ច្រក​ចេញ​នៅ​ឡើយ​ទេ។

លោក ពួន ខៀន៖ «ដំឡូង​ចុះថោក វា​ជួប​លំបាក​នឹង​ថ្លៃ​ជី សង​គេ​មិន​រួច​។ អ្នកភូមិ​ទៅ​ថៃ​ច្រើន​ហើយ ទៅ​ឡើង​ស្ងាត់​ពី​ផ្ទះ ខ្លះទៅ​បានការ​ងារ​ធ្វើ និង​ខ្លះ​ក៏​អត់​ការងារ​ធ្វើ»។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​សៀមរាប លោក​ទា គឹមសុទ្ធ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី២៧ មិថុនា។ រីឯ​អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប លោក លី វណ្ណៈ ក៏​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ​ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

ក៏ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក សុខ ឥសាន បាន​ចាត់ទុក​បញ្ហា​នេះ​ជា​រឿង​ធម្មតា និង​ជា​ក្រឹត្យក្រម​ធម្មជាតិ​នៃ​សេដ្ឋកិច្ច​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស មិន​ជាប់​ទាក់ទង​រឿង​នយោបាយ​ទេ។

លោក សុខ ឥសាន៖ «ទំនិញ​កសិផល​ឡើងថ្លៃ ឬ​មិន​ឡើងថ្លៃ វា​មិន​អាស្រ័យ​លើ​ការសន្យា​រឿង​នយោបាយ​ទេ។ វា​អាស្រ័យ​លើ​តុល្យភាព​នៅ​លើ​ទីផ្សារ ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស»។

ជុំវិញ​រឿង​នេះ ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​សាមគ្គីភាព​កសិករ​កម្ពុជា លោក ឌី គន្ធា ផ្តល់​ទស្សនៈ​ថា រដ្ឋាភិបាល​គួរតែ​បង្កើត​យន្តការ​សម្របសម្រួល​ធ្វើ​កិច្ចសន្យា​រវាង​កសិករ​ដាំដំឡូង​មី​ជា​ក្រុមហ៊ុន​ឯកជន និង​ក្រុម​ឈ្មួញ ដើម្បី​កំណត់​តម្លៃ​ឱ្យ​ជាក់លាក់​មួយ ក្នុង​ការ​លើកកម្ពស់​តម្លៃ​កសិផល។

លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​មាន​កញ្ចប់​ថវិកាជាតិ​គ្រប់គ្រាន់ ដើម្បី​គាំទ្រ​លើ​គោលនយោបាយ​ជាតិ​ស្ដីពី​ការ​លើក​កម្ពស់​កសិកម្ម​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព។

លោក ឌី គន្ធា៖ «មាន​ន័យ​ថា គោលនយោបាយ​ជាតិ ត្រូវ​ឆ្លុះបញ្ចាំង​ថា ពិតជា​បាន​ឆ្លើយតប ទៅ​នឹង​អ្វី​ដែល​ជា​កង្វល់​ជំងឺ​របស់​កសិករ​ហើយ​នៅ​?អ៊ីចឹង​គោលនយោបាយ​អាច​ឈាន​ដល់​រក​កាត់បន្ថយ បំណុល​វ័ណ្ឌក​ទេ ជួយ​ឱ្យ​កសិករ​មាន​សន្តិសុខ​ស្បៀង​ទេ?ជួយ​ឱ្យ​សមាជិកគ្រួសារ​កសិករ​ឈប់​ចំណាកស្រុក​ទេ?តើ​គោលនយោបាយ​បង្កើត​មក ជា​ក្រដាស​ស្នាម ឬក៏​ចង់​បង្កើត​ចង់​បង្ហាញ​ពី​ចក្ខុវិស័យ​វែងឆ្ងាយ​មួយ ចង់​ឃើញ​ផលិតផល​កសិកម្ម​កម្ពុ​ជា មាន​សមត្ថភាព​ពិត​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​បាន»។

មិន​ត្រឹមតែ​នៅ​ខេត្តសៀមរាប​ប៉ុណ្ណោះ​ទេ កសិករ​នៅ​ខេត្ត​បន្ទាយមានជ័យ ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន ជាដើម ក៏​កំពុង​ជួប​ការ​លំបាក​ផ្នែក​ជីវភាព និង​បញ្ហា​បំណុល ដោយសារ​តម្លៃ​ដំឡូង​ធ្លាក់​ថ្លៃ​ដែរ។

កសិករ​បន្ថែម​ថា តម្លៃ​ដំឡូង​មី​របស់​ពួកគេ ឋិត​លើ​ការកំណត់​របស់​ឈ្មួញ​កណ្តាល​ដែល​ទិញ​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ហើយ​ក្រុម​ឈ្មួញ​ទាំងនោះ​តែង​បន្ទោស​បង្អាប់ កសិផល​របស់​កសិករ​ដើម្បី​បន្ទាប​តម្លៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។