ពលរដ្ឋ​មួយ​ចំនួន​នៅ​តំបន់​កោះតូច ក្នុង​ខេត្តព្រះសីហនុ យក​ជីវិត​ទៅ​ប្ដូរ​លើ​មុខ​របរ​នេសាទ ទោះ​ជួប​បញ្ហា​ជា​ច្រើន​ក្ដី

ដោយ ហ៊ុំ ចំរើន
2024.05.15
ពលរដ្ឋ​មួយ​ចំនួន​នៅ​តំបន់​កោះតូច ក្នុង​ខេត្តព្រះសីហនុ យក​ជីវិត​ទៅ​ប្ដូរ​លើ​មុខ​របរ​នេសាទ ទោះ​ជួប​បញ្ហា​ជា​ច្រើន​ក្ដី ពលរដ្ឋ​រស់នៅ​តំបន់​កោះតូច សង្កាត់កោះរ៉ុង ក្នុង​ខេត្តព្រះសីហនុ កំពុង​ដោះ​ក្ដាម និង​ត្រី ចេញ​ពី​មង ក្រោយ​ពី​ពួក​គាត់​ទៅ​ប្រមូល​មង​ពី​ផ្ទៃ​សមុទ្រ ថ្ងៃ​ទី១២ ខែឧសភាព ឆ្នាំ២០២៤។
រូប៖ ពីពលរដ្ឋ

ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​តំបន់​កោះតូច ក្នុង​ខេត្តព្រះសីហនុ បាន​នាំ​គ្នា​ចុះ​ទូក​នេសាទ​លើ​ផ្ទៃ​សមុទ្រ ដើម្បី​បាន​ចំណូល​ដោះស្រាយ​ជីវភាព បើ​ទោះ​បី​ពួក​គាត់​ជួប​បញ្ហា​ជា​ច្រើន​ក្ដី។ ប្រជា​នេសាទ​ទាំង​នោះ​ ត្អូញត្អែរ​ថា បញ្ហា​ចម្បង​គឺ នៅ​ពេល​ភ្លៀង​ធ្លាក់ ដែល​តែង​បណ្ដាល​ឱ្យ​មាន​ខ្យល់​ខ្លាំង​បង្កើត​ជា​ទឹក​រលក​ធំៗ បក​មក​លើ​ទូក​បណ្ដាល​ឱ្យ​ទូក​ខ្លះ​លិច​ស្ទើរ​តែ​បាត់បង់​ជីវិត​ម្ដងៗ។ តែ​យ៉ាង​ណា​ក្ដី ពួក​គាត់​គ្មាន​ជម្រើស​ក្រៅពី​របរ​នេះ​ឡើយ។

នៅ​វេលា​ជិត​ភ្លឺ ម៉ោង ៤ ទៅ ៥ព្រឹក គេ​ឃើញ​មាន​អ្នក​ភូមិ​ប្រមាណ ៤ ទៅ ១០នាក់ នាំ​គ្នា​ដើរ​សំដៅ​ទៅ​កាន់​ទូក​នេសាទ​នៅ​មាត់​សមុទ្រ ដើម្បី​ទៅ​ដោះ​មង ដែល​បាន​ដាក់​កាល​ពី​ពេល​ថ្ងៃ នៅ​លើ​ផ្ទៃ​សមុទ្រ។ ប្រជា​នេសាទ​ទាំង​នោះ អ្នក​ខ្លះ​ដាក់​ មង​យក​ត្រី និង​ខ្លះ​ទៀត ដាក់មង យក​ក្ដាម ដើម្បី​លក់​ដោះស្រាយ​ជីវភាព។ តែ​យ៉ាង​ណា របរ​នេះ ពុំ​សូវ​រក​ចំណូល​បាន​ច្រើន​នោះ​ទេ​ គឺ​បាន​តិច​តូច។

កំពុង​អង្គុយ​ដោះ​ក្ដាម​ចេញ​ពី​មង​នៅ​លើ​ទូក នៅ​តំបន់​កោះតូច សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ លោក ភី សុភ័ក្រ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក ចាប់​អាជីព​ជា​អ្នក​នេសាទ​ក្ដាម​សមុទ្រ​ជាង ១០ឆ្នាំ​ ហើយ។ អាជីព​នេះ លោក​អាច​រក​ចំណូល​បាន ១ថ្ងៃ ៥ម៉ឺន​រៀល ទៅ ១០ម៉ឺន​រៀល តាម​ទិដ្ឋភាព​ជាក់ស្ដែង។

ប្រជា​នេសាទ​រូប​នេះ ឱ្យ​ដឹង​ថា លោក​ស្ទើរ​តែ​បាត់បង់​ជីវិត​ជា​ច្រើន​ដង នៅ​ពេល​ចុះ​ទៅ​នេសាទ តែ​ម្នាក់​ឯង អំឡុង​ពេល​មេឃ​ភ្លៀង និង​ទឹក​សមុទ្រ​រលក​ខ្លាំង​ធ្វើ​ឱ្យ​ប្រឈម​នឹង​លិច​ទូក​ម្ដងៗ។ ទោះ​បែប​នេះ​ក្ដី លោក​ពុំ​ដែល​គិត​ថា ចង់​បោះបង់​អាជីព​នេះ​ឡើយ ព្រោះ​លោក​មិន​មាន​របរ​អ្វី ដែល​អាច​រក​ចំណូល​ចិញ្ចឹម​គ្រួសារ​បាន​នោះ​ទេ។

លោក ភី សុភ័ក្រ៖ «សុំ​គុណ​ម៉ែ គុណ​ឪ​ហើយ​បង​អើយ។ ទូក​ខ្ញុំ​នេះ​ជិត​លិច​បី​ដង​ហើយ ចេះតែ​បាច​ទឹក​ចេញ​ទាន់​រហូត​ហ្នឹង។ ដោយ​សារ​តែ​ទូក​យើង​តូច ហើយ​ទៅ​នេសាទ​ឆ្ងាយៗ ទម្រាំ​រត់​មក​ដល់​ផ្ទះ​ជួប​ផល​លំបាក​ដែរ បាច​ទឹក​ទូក​ទម្រាំ​តែ​រីង​ហ្នឹង ​ចង់​លិច​ម្ដង ព្រលឹង​ចុង​សក់​ហើយ ដើរ​រក​ពោង រក​កូដុង​ត្រៀម​ឱ្យ​ហើយ ខ្លាច​លិច»

ប្រជា​នេសាទ​នៅ​តំបន់​កោះតូច សង្កាត់​កោះរ៉ុង មាន​ប្រមាណ​ប្រមាណ ២០នាក់ ពួក​គាត់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា កន្លង​ទៅ​មាន​ប្រជា​នេសាទ​លិច​ទូក​បាត់បង់​ជីវិត និង​ខ្លះ​ទៀត​ធ្លាប់​លិច​ទូក​ដែរ ប៉ុន្តែ​ ត្រូវ​បាន​សង្គ្រោះ​ទាន់។ ដូច្នេះ នៅ​ពេល​មាន​ភ្លៀង​ ឬ​ខ្យល់​ធ្លាក់​ខ្លាំង ​មន្ត្រី​អាជ្ញាធរ​បាន​ចេញ​បម្រាម​ពុំ​ឱ្យ​ពលរដ្ឋ​ចេញ​នេសាទ​នោះ​ទេ។ ទោះ​ជា​មាន​បម្រាម​ក្ដី ក៏​មាន​អ្នក​នេសាទ​ខ្លះ ក៏​ប្រថុយ​ចុះ​ទូក​ដែរ ដោយ​សារ​បញ្ហា​ជីវភាព​ខ្វះខាត។ ម៉្យាង​ទៀត ក៏​ពី​ព្រោះ​តែ​ពួក​គាត់​គិត​ថា នៅ​ពេល​ភ្លៀង​ធ្លាក់ និង​ខ្យល់​ខ្លាំង ការ​នេសាទ​ត្រី ឬ​ក្ដាម​ត្រូវ​ច្រើន ជាង​ថ្ងៃ​ធម្មតា ដើម្បី​បាន​លក់​ដោះស្រាយ​បំណុល និង​ជីវភាព។

រីឯ​ពលរដ្ឋ​ម្នាក់​ទៀត លោកស្រី លី សុផា ឱ្យ​ដឹង​ថា អស់​រយៈ​ពេល​ជាង ៥ឆ្នាំ​ចុង​ក្រោយ​នេះ ជីវភាព​ ប្រជា​នេសាទ​នៅ​តំបន់​កោះតូច និង​តំបន់​កោះរ៉ុង​ទាំង​មូល​ជួប​ការ​ខ្វះខាត​ ដោយ​សារ​តែ​ការ​នេសាទ​ពុំ​សូវ​បាន។ បញ្ហា​នេះ លោក​ស្រី​ថា បណ្ដាល​មក​ពី​បទល្មើស​នេសាទ ​ទ្រុង​ទ្រាយ​ធំ នៅ​តែ​កើត​ជា​ហូរហែ ដែល​ធ្វើ​ឱ្យ​ធនធាន​ជលផល​បន្ត​ហិន​ហោច។

លោកស្រី លី សុផា៖ «ចេះ​តែ​រក​រហូត​ទៅ នឿយៗ រហូត​ទៅ បើ​យើង​មិន​ដឹង​រក​អី។ បើ​ចង់​ចេញ​ពី​អាជីព​នេសាទ ហើយ​មាន​មុខ​របរ​អី​ស្រួល​ចេះ​រត់​ ប៉ុន្តែ​ស្ងាត់​ទាំង​បារាំង ទាំង​អី​ទៀត។ អ៊ីចឹង មិន​ដឹង​រក​អ្វី​ចេះ​តែ​រក​សិន​ទៅ»

លោកស្រី លី សុផា ឱ្យ​ដឹង​ថា កាល​ពី ៤ ទៅ ៥ឆ្នាំ​មុន ពលរដ្ឋ​នៅ​តំបន់​កោះតូច និង​កោះរ៉ុង អាច​រក​ចំណូល​បាន​ពី​ការ​នេសាទ​ ចន្លោះ២០ម៉ឺនរៀលម៉ឺន​រៀល ទៅ ១លាន​រៀល ក្នុង ១ថ្ងៃ។ ប៉ុន្តែ សព្វថ្ងៃ​រក​បាន ៥ម៉ឺន​រៀល ទៅ ១០ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ។

បទល្មើស​នេសាទ​នៅ​តំបន់​សមុទ្រ​ភាគ​ច្រើន ជនល្មើស​ប្រើ​ឧបករណ៍​ឆក់​ត្រជាក់ ឬ​អ្នក​ភូមិ​និយម​ហៅ​ថា មង​អូស។ ឧបករណ៍​នេះ តម្រូវ​ឱ្យ​មាន​ទូក​ចំនួន២ ដោយ​រាយមង ពី​ម្ខាង​ទៅ​ម្ខាង​ប្រវែង ១០ ទៅ ១២ម៉ែត្រ ដើម្បី​ទាក់​យក​ក្ដាម មឹក និង​ត្រី​ជា​ដើម។ ពលរដ្ឋ​ឱ្យ​ដឹង​ថា ឧបករណ៍​នេះ គឺ​អាច​ទាក់​ក្ដាម មឹក និង​ត្រី​ទាំង​តូច​ទាំង​ធំ ដែល​ធ្វើ​ឱ្យ​ធនធាន​ជលផល​ឆាប់​បាត់បង់​អស់។ ពលរដ្ឋ​អះអាង​ថា ឧបករណ៍​ឆក់​ត្រជាក់​ ភាគ​ច្រើន ឃើញ​មាន​ពលរដ្ឋ​វៀតណាម​ប្រើ ចំណែក​ពលរដ្ឋ​ខ្មែរ​ពុំ​មាន​នោះ​ទេ។

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ទាក់ទង​អភិបាល​ខេត្ត ព្រះសីហនុ លោក គួច ចំរើន និង​អគ្គនាយក​រដ្ឋបាល​ជលផល លោក ពុំ សុថា និង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម អ្នកនាង អ៊ឹម រចនា ដើម្បី​ឆ្លើយ​តប​ជុំ​វិញ​រឿង​នេះ​បាន​ទេ​គិត​ថ្ងៃ​ទី១៥ ខែឧសភា។

ទោះ​យ៉ាង​ណា​ក្ដី កាល​ពី ខែសីហា ឆ្នាំ២០២៣ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បាន​រៀបចំ​ការ​ចុះ​បញ្ជី​ទូក​នេសាទ​ខុស​ច្បាប់​ឡើង​វិញ ដើម្បី​បញ្ចៀស​ឧបទ្ទវហេតុ​ និង​ទប់ស្កាត់​បទល្មើស​នេសាទ​ខុស​ច្បាប់​ នៅ​លើ​ផ្ទៃ​សមុទ្រ ជាពិសេស ដើម្បី​ចេញពី​កាត​ក្រហម​របស់​សហភាព​អឺរ៉ុប។

កាល​ពី ​ឆ្នាំ២០២៣ របាយការណ៍​របស់​ក្រុម​ស្រាវជ្រាវ​សភា​អឺរ៉ុប (European Parliamentary Research Service, EPRS) ចេញផ្សាយ​ថា កម្ពុជា​នៅ​តែ​ជាប់​ក្នុង​បញ្ជីឈ្មោះ នៃ​ក្រុម​ប្រទេស​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ ឬ ចំណាត់​ថ្នាក់ «កាត​ក្រហម» របស់​គណៈកម្មការ​អឺរ៉ុប ដោយសារ​តែ​មិន​សហការ​ជា​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ការ​នេសាទ​ខុសច្បាប់ គ្មាន​ការអនុញ្ញាត និង​គ្មាន​របាយការណ៍ (Illegal, Unreported or Unregulated Fishing, IUU)

របាយការណ៍​ដដែល​បញ្ជាក់​ថា ការ​នេសាទ​ខុសច្បាប់ គ្មាន​ការ​អនុញ្ញាត និង​គ្មាន​របាយការណ៍ (IUU) ត្រូវ​បាន​ទទួល​ស្គាល់​ជាទូទៅ​ថា បង្ក​ឱ្យ​មាន​បញ្ហា​បរិស្ថាន សេដ្ឋកិច្ច និង​សង្គម​គួរ​ឱ្យ​កត់​សម្គាល់។ ទង្វើ​ទាំងនេះ គឺ​ជា​ហានិភ័យ​ចម្បង​មួយ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ បង្អាក់​ទីផ្សារ​លក់ដូរ​គ្រឿង​សមុទ្រ និង​បង្ក​ភាព​អយុត្តិធម៌​សម្រាប់​អ្នកនេសាទ​ដែល​មាន​ការ​ទទួល​ខុសត្រូវ។

ទាក់ទិន​រឿង​នេះ អ្នក​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន លោក ម៉ា ចិត្រា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ជា​រឿង​ដែល​គួរ​ឱ្យ​សោក​ស្រាយ ដែល​ធនធាន​ជលផល​ជាច្រើន​នៅ​ក្នុង​សមុទ្រ ត្រូវ​បាន​ហិនហោច ដោយ​សារ​បទល្មើស។ លោក​បន្ត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ពិចារណា និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ។

លោក ម៉ា ចិត្រា៖ «អ៊ីចឹង​ដើម្បី​រក្សា និរន្តរភាព នៃ​គ្រឿង​សមុទ្រ ដែល​ពួក​គាត់​ធ្លាប់​រក​ហ្នឹង ទល់​តែ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ក៏​ដោយ និង​អាជ្ញាធរ​ក៏​ដោយ ត្រូវតែ​សហការ​គ្នា ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​នេសាទ​ខុសច្បាប់​ឱ្យ​បាន។ បើសិនជា​មន្ត្រី​ណា ដែល​ឃុបឃិត​ជា​មួយ​នឹង​ឈ្មួញ​ខិលខូច​ហ្នឹង​ត្រូវតែ​បញ្ឈប់​សកម្ម​ផង​ខ្លួន​ទៅ ហើយ​ត្រូវ​ហ៊ាន​ដាក់​ទោស​ទណ្ឌ​ដែល​មន្ត្រី​ណា ដែល​ហ៊ាន​ពាក់ព័ន្ធ​អំពើ​ពុករលួយ»

ប្រជា​នេសាទ និង​មន្ត្រី​សង្គម​ស៊ីវិល ចង់​ឃើញ​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ទប់ស្កាត់ បទល្មើស​នេសាទ​ខុស​ច្បាប់​ឱ្យ​បាន​រឹត​រឹង ដើម្បី​បង្កើន​ធនធាន​ជល​ផល​សមុទ្រ​កម្ពុជា​ឡើង​វិញ។ ពួក​គាត់​បន្ត​ថា ប្រសិន​បើ ធនធាន​ជល​ផល​សម្បូរ ប្រជា​នេសាទ លែង​ទៅ​នេសាទ នៅ​កន្លែង​ឆ្ងាយៗ ដែល​ប្រឈម​បញ្ហា​ខ្យល់ និង​ទឹក​រលក​ខ្លាំង​ដូច​បច្ចុប្បន្ន។

ពលរដ្ឋ​អះអាង​ថា បទល្មើស​នេសាទ​ខុស​ច្បាប់​នៅ​បន្ត​កើត​មាន​តាម​តំបន់​សមុទ្រ តាម​ភូមិសាស្ត្រ​ក្នុង​ខេត្តព្រះសីហនុ។ ពួក​គាត់​ថា បើ​ទោះ​បី​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​បង្ក្រាប​បទល្មើស​ជា​ហូរហែ​ក្ដី ក៏​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ។ នោះ​ក៏​ដោយ​សារ​តែ​ការ​បង្ក្រាប​ទាំង​នោះ ធ្វើ​ឡើង​តែ​លើ​ពលរដ្ឋ​តូច​តាច​ប៉ុណ្ណោះ ចំណែក​បទល្មើស​ទ្រង់ទ្រាយ ពួកគេ​បង់លុយ​ឱ្យ​មន្ត្រី​អាជ្ញាធរ ដូច្នេះ​សកម្មភាព​នេសាទ​ខុស​ច្បាប់​នៅ​តែ​បន្ត​កើត​មាន​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។