ពលរដ្ឋមួយចំនួនរស់នៅតំបន់កោះតូច ក្នុងខេត្តព្រះសីហនុ បាននាំគ្នាចុះទូកនេសាទលើផ្ទៃសមុទ្រ ដើម្បីបានចំណូលដោះស្រាយជីវភាព បើទោះបីពួកគាត់ជួបបញ្ហាជាច្រើនក្ដី។ ប្រជានេសាទទាំងនោះ ត្អូញត្អែរថា បញ្ហាចម្បងគឺ នៅពេលភ្លៀងធ្លាក់ ដែលតែងបណ្ដាលឱ្យមានខ្យល់ខ្លាំងបង្កើតជាទឹករលកធំៗ បកមកលើទូកបណ្ដាលឱ្យទូកខ្លះលិចស្ទើរតែបាត់បង់ជីវិតម្ដងៗ។ តែយ៉ាងណាក្ដី ពួកគាត់គ្មានជម្រើសក្រៅពីរបរនេះឡើយ។
នៅវេលាជិតភ្លឺ ម៉ោង ៤ ទៅ ៥ព្រឹក គេឃើញមានអ្នកភូមិប្រមាណ ៤ ទៅ ១០នាក់ នាំគ្នាដើរសំដៅទៅកាន់ទូកនេសាទនៅមាត់សមុទ្រ ដើម្បីទៅដោះមង ដែលបានដាក់កាលពីពេលថ្ងៃ នៅលើផ្ទៃសមុទ្រ។ ប្រជានេសាទទាំងនោះ អ្នកខ្លះដាក់ មងយកត្រី និងខ្លះទៀត ដាក់មង យកក្ដាម ដើម្បីលក់ដោះស្រាយជីវភាព។ តែយ៉ាងណា របរនេះ ពុំសូវរកចំណូលបានច្រើននោះទេ គឺបានតិចតូច។
កំពុងអង្គុយដោះក្ដាមចេញពីមងនៅលើទូក នៅតំបន់កោះតូច សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ លោក ភី សុភ័ក្រ ប្រាប់វិទ្យុអាស៊ីសេរីថា លោក ចាប់អាជីពជាអ្នកនេសាទក្ដាមសមុទ្រជាង ១០ឆ្នាំ ហើយ។ អាជីពនេះ លោកអាចរកចំណូលបាន ១ថ្ងៃ ៥ម៉ឺនរៀល ទៅ ១០ម៉ឺនរៀល តាមទិដ្ឋភាពជាក់ស្ដែង។
ប្រជានេសាទរូបនេះ ឱ្យដឹងថា លោកស្ទើរតែបាត់បង់ជីវិតជាច្រើនដង នៅពេលចុះទៅនេសាទ តែម្នាក់ឯង អំឡុងពេលមេឃភ្លៀង និងទឹកសមុទ្ររលកខ្លាំងធ្វើឱ្យប្រឈមនឹងលិចទូកម្ដងៗ។ ទោះបែបនេះក្ដី លោកពុំដែលគិតថា ចង់បោះបង់អាជីពនេះឡើយ ព្រោះលោកមិនមានរបរអ្វី ដែលអាចរកចំណូលចិញ្ចឹមគ្រួសារបាននោះទេ។
លោក ភី សុភ័ក្រ៖«សុំគុណម៉ែ គុណឪហើយបងអើយ។ ទូកខ្ញុំនេះជិតលិចបីដងហើយ ចេះតែបាចទឹកចេញទាន់រហូតហ្នឹង។ ដោយសារតែទូកយើងតូច ហើយទៅនេសាទឆ្ងាយៗ ទម្រាំរត់មកដល់ផ្ទះជួបផលលំបាកដែរ បាចទឹកទូកទម្រាំតែរីងហ្នឹង ចង់លិចម្ដង ព្រលឹងចុងសក់ហើយ ដើររកពោង រកកូដុងត្រៀមឱ្យហើយ ខ្លាចលិច»។
ប្រជានេសាទនៅតំបន់កោះតូច សង្កាត់កោះរ៉ុង មានប្រមាណប្រមាណ ២០នាក់ ពួកគាត់ប្រាប់វិទ្យុអាស៊ីសេរីថា កន្លងទៅមានប្រជានេសាទលិចទូកបាត់បង់ជីវិត និងខ្លះទៀតធ្លាប់លិចទូកដែរ ប៉ុន្តែ ត្រូវបានសង្គ្រោះទាន់។ ដូច្នេះ នៅពេលមានភ្លៀង ឬខ្យល់ធ្លាក់ខ្លាំង មន្ត្រីអាជ្ញាធរបានចេញបម្រាមពុំឱ្យពលរដ្ឋចេញនេសាទនោះទេ។ ទោះជាមានបម្រាមក្ដី ក៏មានអ្នកនេសាទខ្លះ ក៏ប្រថុយចុះទូកដែរ ដោយសារបញ្ហាជីវភាពខ្វះខាត។ ម៉្យាងទៀត ក៏ពីព្រោះតែពួកគាត់គិតថា នៅពេលភ្លៀងធ្លាក់ និងខ្យល់ខ្លាំង ការនេសាទត្រី ឬក្ដាមត្រូវច្រើន ជាងថ្ងៃធម្មតា ដើម្បីបានលក់ដោះស្រាយបំណុល និងជីវភាព។
រីឯពលរដ្ឋម្នាក់ទៀត លោកស្រី លី សុផា ឱ្យដឹងថា អស់រយៈពេលជាង ៥ឆ្នាំចុងក្រោយនេះ ជីវភាព ប្រជានេសាទនៅតំបន់កោះតូច និងតំបន់កោះរ៉ុងទាំងមូលជួបការខ្វះខាត ដោយសារតែការនេសាទពុំសូវបាន។ បញ្ហានេះ លោកស្រីថា បណ្ដាលមកពីបទល្មើសនេសាទ ទ្រុងទ្រាយធំ នៅតែកើតជាហូរហែ ដែលធ្វើឱ្យធនធានជលផលបន្តហិនហោច។
លោកស្រី លី សុផា៖«ចេះតែរករហូតទៅ នឿយៗ រហូតទៅ បើយើងមិនដឹងរកអី។ បើចង់ចេញពីអាជីពនេសាទ ហើយមានមុខរបរអីស្រួលចេះរត់ ប៉ុន្តែស្ងាត់ទាំងបារាំង ទាំងអីទៀត។ អ៊ីចឹង មិនដឹងរកអ្វីចេះតែរកសិនទៅ»។
លោកស្រី លី សុផា ឱ្យដឹងថា កាលពី ៤ ទៅ ៥ឆ្នាំមុន ពលរដ្ឋនៅតំបន់កោះតូច និងកោះរ៉ុង អាចរកចំណូលបានពីការនេសាទ ចន្លោះ២០ម៉ឺនរៀលម៉ឺនរៀល ទៅ ១លានរៀល ក្នុង ១ថ្ងៃ។ ប៉ុន្តែ សព្វថ្ងៃរកបាន ៥ម៉ឺនរៀល ទៅ ១០ម៉ឺនរៀលតែប៉ុណ្ណោះ។
បទល្មើសនេសាទនៅតំបន់សមុទ្រភាគច្រើន ជនល្មើសប្រើឧបករណ៍ឆក់ត្រជាក់ ឬអ្នកភូមិនិយមហៅថា មងអូស។ ឧបករណ៍នេះ តម្រូវឱ្យមានទូកចំនួន២ ដោយរាយមង ពីម្ខាងទៅម្ខាងប្រវែង ១០ ទៅ ១២ម៉ែត្រ ដើម្បីទាក់យកក្ដាម មឹក និងត្រីជាដើម។ ពលរដ្ឋឱ្យដឹងថា ឧបករណ៍នេះ គឺអាចទាក់ក្ដាម មឹក និងត្រីទាំងតូចទាំងធំ ដែលធ្វើឱ្យធនធានជលផលឆាប់បាត់បង់អស់។ ពលរដ្ឋអះអាងថា ឧបករណ៍ឆក់ត្រជាក់ ភាគច្រើន ឃើញមានពលរដ្ឋវៀតណាមប្រើ ចំណែកពលរដ្ឋខ្មែរពុំមាននោះទេ។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងអភិបាលខេត្ត ព្រះសីហនុ លោក គួច ចំរើន និងអគ្គនាយករដ្ឋបាលជលផល លោក ពុំ សុថា និងអ្នកនាំពាក្យក្រសួងកសិកម្ម អ្នកនាង អ៊ឹម រចនា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេគិតថ្ងៃទី១៥ ខែឧសភា។
ទោះយ៉ាងណាក្ដី កាលពី ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំការចុះបញ្ជីទូកនេសាទខុសច្បាប់ឡើងវិញ ដើម្បីបញ្ចៀសឧបទ្ទវហេតុ និងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ នៅលើផ្ទៃសមុទ្រ ជាពិសេស ដើម្បីចេញពីកាតក្រហមរបស់សហភាពអឺរ៉ុប។
កាលពី ឆ្នាំ២០២៣ របាយការណ៍របស់ក្រុមស្រាវជ្រាវសភាអឺរ៉ុប(European Parliamentary Research Service, EPRS) ចេញផ្សាយថា កម្ពុជានៅតែជាប់ក្នុងបញ្ជីឈ្មោះ នៃក្រុមប្រទេសស្ថិតក្នុងបញ្ជីខ្មៅ ឬ ចំណាត់ថ្នាក់ «កាតក្រហម» របស់គណៈកម្មការអឺរ៉ុប ដោយសារតែមិនសហការជាអន្តរជាតិពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ គ្មានការអនុញ្ញាត និងគ្មានរបាយការណ៍ (Illegal, Unreported or Unregulated Fishing, IUU)។
របាយការណ៍ដដែលបញ្ជាក់ថា ការនេសាទខុសច្បាប់ គ្មានការអនុញ្ញាត និងគ្មានរបាយការណ៍ (IUU) ត្រូវបានទទួលស្គាល់ជាទូទៅថា បង្កឱ្យមានបញ្ហាបរិស្ថាន សេដ្ឋកិច្ច និងសង្គមគួរឱ្យកត់សម្គាល់។ ទង្វើទាំងនេះ គឺជាហានិភ័យចម្បងមួយដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ បង្អាក់ទីផ្សារលក់ដូរគ្រឿងសមុទ្រ និងបង្កភាពអយុត្តិធម៌សម្រាប់អ្នកនេសាទដែលមានការទទួលខុសត្រូវ។
ទាក់ទិនរឿងនេះ អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន លោក ម៉ា ចិត្រា ប្រាប់វិទ្យុអាស៊ីសេរីថា ជារឿងដែលគួរឱ្យសោកស្រាយ ដែលធនធានជលផលជាច្រើននៅក្នុងសមុទ្រ ត្រូវបានហិនហោច ដោយសារបទល្មើស។ លោកបន្តថា អាជ្ញាធរពាក់ព័ន្ធគួរតែពិចារណា និងពង្រឹងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវឡើងវិញ។
លោក ម៉ា ចិត្រា៖ «អ៊ីចឹងដើម្បីរក្សា និរន្តរភាព នៃគ្រឿងសមុទ្រ ដែលពួកគាត់ធ្លាប់រកហ្នឹង ទល់តែប្រជាពលរដ្ឋនៅតាមមូលដ្ឋានក៏ដោយ និងអាជ្ញាធរក៏ដោយ ត្រូវតែសហការគ្នា ក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ឱ្យបាន។ បើសិនជាមន្ត្រីណា ដែលឃុបឃិតជាមួយនឹងឈ្មួញខិលខូចហ្នឹងត្រូវតែបញ្ឈប់សកម្មផងខ្លួនទៅ ហើយត្រូវហ៊ានដាក់ទោសទណ្ឌដែលមន្ត្រីណា ដែលហ៊ានពាក់ព័ន្ធអំពើពុករលួយ»។
ប្រជានេសាទ និងមន្ត្រីសង្គមស៊ីវិល ចង់ឃើញមន្ត្រីអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ បទល្មើសនេសាទខុសច្បាប់ឱ្យបានរឹតរឹង ដើម្បីបង្កើនធនធានជលផលសមុទ្រកម្ពុជាឡើងវិញ។ ពួកគាត់បន្តថា ប្រសិនបើ ធនធានជលផលសម្បូរ ប្រជានេសាទ លែងទៅនេសាទ នៅកន្លែងឆ្ងាយៗ ដែលប្រឈមបញ្ហាខ្យល់ និងទឹករលកខ្លាំងដូចបច្ចុប្បន្ន។
ពលរដ្ឋអះអាងថា បទល្មើសនេសាទខុសច្បាប់នៅបន្តកើតមានតាមតំបន់សមុទ្រ តាមភូមិសាស្ត្រក្នុងខេត្តព្រះសីហនុ។ ពួកគាត់ថា បើទោះបីអាជ្ញាធរពាក់ព័ន្ធចុះបង្ក្រាបបទល្មើសជាហូរហែក្ដី ក៏ពុំមានប្រសិទ្ធភាពនោះទេ។ នោះក៏ដោយសារតែការបង្ក្រាបទាំងនោះ ធ្វើឡើងតែលើពលរដ្ឋតូចតាចប៉ុណ្ណោះ ចំណែកបទល្មើសទ្រង់ទ្រាយ ពួកគេបង់លុយឱ្យមន្ត្រីអាជ្ញាធរ ដូច្នេះសកម្មភាពនេសាទខុសច្បាប់នៅតែបន្តកើតមានដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
